Saturday, 29 August 2020

HRWថា សេចក្ដី​ព្រាង​​ច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ​បង្ហាញ​ពី​ចក្ខុវិស័យ​ខ្មៅ​ងងឹត​របស់​រដ្ឋាភិបាល


ដោយ អាស៊ីសេរី
2020-08-28
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ហ៊្វីល រ៉ូប៊ើតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch)។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​ AFP


 

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើង​ថា សេចក្ដី​ព្រាងច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ គឺជា​ការ​រំលោភបំពាន​លើ​សិទ្ធិ​សេរីភាព​របស់​ស្ត្រី និង រំលោភបំពាន​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​កម្ពុជា​ខ្លួនឯង ទាក់ទង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា​។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ចោទសួរ​របប​ក្រុងភ្នំពេញ​ថា តើ​គោលនយោបាយ និង​ផែនការ​លើកកម្ពស់​សិទ្ធិ​របស់​ស្ត្រី​ទាំងនោះ គ្រាន់តែ​បង្កើត​ឡើង​ដើម្បី​យក​ទៅ​បង្ហាញ​នៅ​ក្នុង​វេទិកា​របស់​អង្គការសហប្រជាជាតិ​ទេ ឬក៏​យ៉ាងណា?

នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ប្រាប់​អាស៊ីសេរី​តាម​អ៊ីមែល​នៅ​ថ្ងៃ​ទី​២៨ សីហា​ថា សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សណ្ដាប់ធ្នាប់ សាធារណៈ​នេះ គឺ​បង្ហាញ​ពី​ចក្ខុវិស័យ​ដ៏​ខ្មៅ​ងងឹត​របស់​រដ្ឋាភិបាល​ក្នុង​ការ​រឹតត្បិត និង​រំលោភ​សិទ្ធិ​ដើម្បី​គ្រប់​គ្រង់​សង្គម​ប្រឆាំង​នឹង​ពលរដ្ឋ​កម្ពុជា​។ លោក​បន្ត​ថា សេចក្ដី​ព្រាងច្បាប់​នេះ កំពុង​ស្វែងរក​ការ​ដក​ហូត​សិទ្ធិ​សេរីភាព​របស់​ស្ត្រី និង​កំពុង​បន្ថែម​នូវ​អំពើ​ហិង្សា​ប្រឆាំង​នឹង​ភេទ ព្រមទាំង​ការ​រើស​រើសអើង​ប្រឆាំង​នឹង​ស្ត្រី​នៅ​ក្នុង​ទិដ្ឋភាព​ជីវិត​សេដ្ឋកិច្ច សង្គម និង​នយោបាយ​។ លោក ហ្វីល រ៉ូបឺតសុន បន្ថែម​ថា យូមែន រ៉ៃត៍ វ៉ច្ឆ យល់ស្រប​ជាមួយ​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៣៦​ស្ថាប័ន​ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​ថា សេចក្តី​ព្រាងច្បាប់​នេះ​អាក្រក់​ខ្លាំង​ណាស់ ដែល​មិន​ចាំបាច់​ជជែក​កែ​លម្អ​អ្វី​ទៀត គឺ​ត្រូវតែ​ទម្លាក់​ចោល​ជាបន្ទាន់​តែម្ដង។


ទាក់ទង​នឹង​ករណី​នេះ អនុប្រធាន​នាយកដ្ឋាន​ការពារ​ផ្លូវច្បាប់ និង​ជា​អ្នកនាំពាក្យ​ក្រសួង​កិច្ចការ​នារី អ្នកស្រី ស ស៊ីណែត ថ្លែង​យ៉ាង​ខ្លី​ថា ក្រសួង​កិច្ចការ​នារី មិន​ហ៊ាន​និយាយ​អ្វី​ទេ ក្នុង​ដំណាក់កាល​នេះ ហើយ​អ្នកស្រី តម្រូវ​ឲ្យ​អាស៊ីសេរី ដាក់​លិខិត​ជា​ផ្លូវការ​ទៅ​ក្រសួង ដើម្បី​ឲ្យ​ក្រសួង​ពិនិត្យមើល​សំណួរ​ដើម្បី​ឆ្លើយតប​។ ចំណែក​អនុប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួងមហាផ្ទៃ លោក មុនី វីរៈ ថ្លែង​ថា លោក​ជាប់រវល់​មិន​អាច​ឆ្លើយតប​អ្វី​បានទេ​។ ទោះ​យ៉ាងណា លោក មុនី វីរៈ ប្រាប់​អាស៊ីសេរី​នៅ​មុន​នេះ​មួយថ្ងៃ​ថា សេចក្ដីព្រាងច្បាប់​នេះ​មាន​គោលដៅ​រក្សា​សណ្ដាប់ធ្នាប់ និង​ការពារ​សេចក្ដីថ្លៃថ្នូររបស់​ពលរដ្ឋ ហើយ​សេចក្ដីព្រាងច្បាប់​នេះ​ទើប​ចាប់ផ្ដើម​ជំហ៊ាន​ដំបូង​ដែល​មិនទាន់​បើក​ឲ្យ​មានការ​ពិគ្រោះ​និង​ផ្ដល់​យោបល់​ពី​ភាគី​ផ្សេងៗ​នៅឡើយ​ទេ។

ទោះជា​យ៉ាងណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចំនួន ៣៦​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​នៅ​ថ្ងៃ​ទី​២៧ សីហា ទាមទារ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​សេចក្ដីព្រាងច្បាប់​នេះ ដោយសារ​ពិនិត្យ​ឃើញ​ថា មាន​មាត្រា​ជាច្រើន ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ស្ត្រី ទាំង​ជម្រើស​នៃ​ការ​ស្លៀកពាក់ និង​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​របស់​ស្ត្រី ដែល​ផ្ទុយ​ពី​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​អនុសញ្ញា​ស្ដីពី​ការ​លុបបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​លើ​ស្ត្រី៕

No comments: