ដោយ សុជីវី
2020-08-16
ឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយកម្ពុជា (Cambodia Broadcasting Service) ដែលហៅកាត់ថា ស៊ី.ប៊ី.អេស (CBS)។
Screenshot
ការដែលរដ្ឋាភិបាលសម្រេចកាត់ឆ្វៀលដីព្រៃអភិរក្សជាង ១៦៨ ហិកតារ (១៦៨.៨០) ក្នុងឧទ្យានជាតិបុទុមសាគរ ក្នុងខេត្តកោះកុង ដែលជាប្រភពសក្ដានុពល ធនធានធម្មជាតិ ឆ្នេរសមុទ្រ ព្រៃកោងកាង និងប្រភពចំណូលនេសាទរបស់សហគមន៍ជួលឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) បង្កើតរោងចក្រផលិតថាមពលអគ្គិសនីធ្យូងថ្មនោះ បានក្លាយជាក្តីកង្វល់រួមអំពីផលប៉ះពាល់បរិស្ថាន និងសង្គមធ្ងន់ធ្ងរ។ ពលរដ្ឋរស់នៅឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង និងអ្នកឃ្លាំមើលបរិស្ថាន នៅមិនទាន់ស្ងប់អារម្មណ៍នៅឡើយទេ បន្ទាប់ពីរដ្ឋាភិបាល អនុប្រយោគដីព្រៃអភិរក្ស ក្នុងឧទ្យានជាតិបុទុមសាគរទំហំជាង ១៦៨ ហិកតារ ជួលឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់លោកឧកញ៉ា គិត ម៉េង ដើម្បីសាងសង់រោងចក្រផលិតថាមពលអគ្គិសនី។
ពលរដ្ឋដែលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍នេះ គឺលោក ស៊ុំ សោហាន់ ឱ្យដឹងនៅថ្ងៃទី១២ សីហា ថា គម្រោងវិនិយោគនេះ ប៉ះពាល់ពលរដ្ឋ ២ភូមិ ក្នុងនោះមានពលរដ្ឋចំនួន ៥៨គ្រួសារ ប្រឈមការជម្លៀសចេញពីលំនៅឋាន។ លោកថា កន្លងទៅ ក្រុមពលរដ្ឋរាប់រយគ្រួសារ បានផ្ដិតមេដៃស្នើឱ្យរដ្ឋាភិបាល លុបគម្រោងអភិវឌ្ឍន៍នេះ ព្រោះពួកគេ ភ័យខ្លាចប៉ះពាល់ជម្រកសត្វព្រៃ ឆ្នេរសមុទ្រ ព្រៃកោងកាង និងទីកន្លែងនេសាទសមុទ្ររបស់អ្នកភូមិជាច្រើនឆ្នាំមកហើយ។ ក៏ប៉ុន្តែសំណើនេះ អាជ្ញាធរមិនបានយកចិត្តទុកដាក់ ដោះស្រាយនោះទេ។ លោកថា គ្រួសាររបស់លោកបង្ខំចិត្តទទួលសំណងទាំងទឹកភ្នែក ដោយសារគ្មានជម្រើស ៖ «ខ្ញុំអត់មានចង់ចេញពីដីដំណាំ ដែលខ្ញុំរស់នៅ ហើយខ្ញុំរស់តាំងពី ១៩៨៣ មកជិត៤០ឆ្នាំហើយ ប៉ុន្តែមើលទៅពិបាកពេក ខ្ញុំទទួលទាំងទឹកភ្នែក។ ពលរដ្ឋរកស៊ីនៅសមុទ្រ មានការបាត់បង់ហើយ គ្មានពឹងអីទៀត»។
កាលពីថ្ងៃទី៦ សីហា រដ្ឋាភិបាលចេញអនុក្រឹត្យ អនុប្បយោគដី ទំហំ ១៦៨.៨០ហិកតារ ក្នុងឧទ្យានជាតិបុទុមសាគរ ស្ថិតក្នុងភូមិថ្មស និងភូមិចម្លងគោ ឃុំថ្មស ស្រុកបុទុមសាគរ ខេត្តកោះកុង ដើម្បីជួលឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ខូ អិលធូឌី វិនិយោគរោងចក្រអគ្គិសនីដុតធ្យូងថ្មដែលមានអានុភាព ៧០០មេហ្គាវ៉ាត់ ក្នុងរយៈពេល ៣៨ ឆ្នាំ។
ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម លោក ជុំ ហួត យល់ថា ព្រៃអភិរក្សនេះជាជង្រុកនៃសក្ដានុពលធនធានធម្មជាតិសំបូរបែប ជីវចម្រុះ និងឆ្នេរសមុទ្រផ្ដល់អំណោយផលគាប់ប្រសើរទាក់ទាញភ្ញៀវទេសចរ ពុំគួរជាកម្មវត្ថុ ជួលឱ្យក្រុមហ៊ុនឯកជនវិនិយោគនោះទេ។ លោកអំពាវនាវឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ នឹងត្រូវរកថាមពលផ្សេង ផលិតថាមពលអគ្គិសនី ដើម្បីកាត់បន្ថយបរិស្ថាន និងសង្គម ៖ «ប្រសិនជារដ្ឋាភិបាលនៅតែសម្រេចចិត្ត ឬមួយនៅតែងប់ងុល សង់ថាមពលធ្យូងថ្មទៀត នឹងធ្វើឱ្យបាត់បង់ដោយស្វ័យប្រវត្តិ។ យើងរំពឹងថា រដ្ឋាភិបាលនឹងគិតគូរឡើងវិញបញ្ហាហ្នឹង»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិបាលកិច្ចធនធានធម្មជាតិ និងបរិស្ថាន លោក ហែម ឧត្តម ថ្លែងថា ព័ត៌មានដែលលោកទទួលបាន ពីគម្រោងវិនិយោគនេះនៅតិចតួចនៅឡើយទេ ព្រោះស្ថាប័នជំនាញមិនបានបង្ហាញពីរបាយការណ៍សិក្សាផលប៉ះពាល់សង្គម និងបរិស្ថានឱ្យបានទូលំទូលាយនោះទេ។ លោកឆ្ងល់ថា អ្វីជាផែនការមេ នៃការអភិវឌ្ឍក្នុងតំបន់នោះ ព្រោះបណ្ដុំនៃផលប៉ះពាល់ជុំវិញគម្រោងនេះ មិនបានបង្ហាញជាសាធារណៈ៖ «មានរឿងច្រើនទៀត ត្រូវសួរថា តើ អ្វីជាផែនការមេ នៃការអភិវឌ្ឍន៍ក្នុងតំបន់នោះ? វាមិនមែនរោងចក្រថាមពល វាអាចមានអីផ្សេងៗទៀត អ៊ីចឹងបណ្ដុំនៃផលប៉ះពាល់ពី ក្រុមហ៊ុន និងរោងចក្រធ្យូងថ្ម។ មានស្អីទៀត យើងអត់ដឹង»។
ឆ្លើយតបការលើកឡើងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងពាក់ព័ន្ធ រួមទាំងតំណាងក្រុមហ៊ុន វាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន ដើម្បីកំណត់ឱ្យបានច្បាស់ ពីផលប៉ះពាល់បរិស្ថាន និងចាត់វិធានការផ្សេងៗ ក្នុងបំណងកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងសង្គម។ លោកថា គម្រោងនេះ ចូលរួមសំខាន់ ផ្ដល់សន្តិសុខថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់ក្នុងប្រទេស និងចូលរួមកំណើនសេដ្ឋកិច្ចជាតិផងដែរ៖ «បងប្អូនពលរដ្ឋចំនួន ៥៨ គ្រួសារដែលមានផលប៉ះពាល់នេះគឺ ភាគច្រើនលើសលប់ គឺគាត់ទទួលយកសំណងរបស់គាត់ហើយ ជាមួយនូវការពេញចិត្ត ហើយកំពុងដោះស្រាយប្រហែលនៅ ៥ គ្រួសារទៀតទេ ក្នុងចំណោម ៥៨ គ្រួសារនេះ មុននឹងបិទបញ្ចប់ទៅផលប៉ះពាល់ផ្សេងៗ ស្របតាមការកំណត់របស់រដ្ឋាភិបាល»។
ចំពោះសំណួរថា តើក្រសួងបរិស្ថាន និងបង្ហាញរបាយការណ៍ សិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមនៅពេលណា ? អ្នកនាំពាក្យរូបនេះ នៅមិនទាន់ឆ្លើយសំណួរនេះនៅឡើយទេ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តកោះកុង លោក ថោង ច័ន្ទតារា និយាយថា ពលរដ្ឋរងផលប៉ះពាល់គម្រោងអភិវឌ្ឍន៍នេះមានចំនួន ៥៨គ្រួសារ ក្នុងនោះមានពលរដ្ឋ ២៨គ្រួសារ បានឯកភាពទទួលយកសំណង ដើម្បីផ្លាស់ប្ដូរទីលំនៅ។ លោកបារម្ភថា ប្រសិនបើគម្រោងនេះលេចជារូបរាង នឹងអាចប៉ះពាល់គុណភាពទឹកសមុទ្រ និងបាត់បង់ កន្លែងនេសាទត្រីរបស់អ្នកភូមិរាប់រយគ្រួសារ៖ «ការប្រើប្រាស់ថាមពល ជាការបំពុលបរិស្ថានធ្ងន់ធ្ងរ ព្រោះអី សម័យឥលូវថាមពលហ្នឹងគេលែងសូវប្រើ យើងទើបចាប់ផ្ដើមប្រើ។ ថាមពលផ្សេងទៀត យើងនៅមានជម្រើស ហើយគួរបញ្ឈប់ដំណើរការគម្រោងនេះ»។
ទោះជាយ៉ាងនេះក្តី ស្ថាបនិកចលនាមាតាធម្មជាតិ និងជាសកម្មជនបរិស្ថានជនជាតិអេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាលេស ដេវិតសុន (Alejandro Gonzalez Davidson) រិះគន់ធ្ងន់ៗថា រដ្ឋាភិបាលរបស់លោកហ៊ុន សែន វិនិយោគថាមពលអគ្គិសនីធ្បូងថ្ម គឺជាកំហុសដ៏ធំមួយ ប៉ះពាល់បរិស្ថាន និងការប្រែប្រួលអាកាសធាតុជាដើម។ លោកថា ការផ្តល់សិទ្ធិឱ្យក្រុមហ៊ុន គិត ម៉េង ដែលធ្លាប់មានរឿងអាស្រូវច្រើនស្រាប់ អាចនឹងប្រព្រឹត្តអំពើពុករលួយ និងរំលោភសិទ្ធិពលរដ្ឋ ទាក់ទិនដំណើរគម្រោងអភិវឌ្ឍន៍នេះ៖ «ឆ្ងល់ថា មូលហេតុអ្វីបានជាប្រទេសកម្ពុជា មិនអាចធ្វើដូចប្រទេសវៀតណាម ជប៉ុន ឬប្រទេសចិនបាន ដែលចាត់ទុកចេញពីធ្យូងថ្មជា ថាមពលកង្វក់ ជាថាមពលហួសសម័យហើយ។ ហេតុអីមិនពឹងទៅលើថាមពលទំនើប ថាមពលដែលមានអនាគតល្អ ដូចជាថាមពលចេញពីផ្ទាំងសូឡា និងចេញពីខ្យល់»។
ឧទ្យានជាតិបុទុមសាគរ ក្នុងខេត្តកោះកុង មានផ្ទៃដីជិត ២សែនហិកតារ ( ១៨៣.៤០៨ ហិកតារ) ត្រូវបានព្រះករុណាព្រះបាទ នរោត្តម សីហនុ ចេញព្រះរាជក្រឹត្យកំណត់ជាព្រៃអភិរក្ស នៅឆ្នាំ ១៩៩៣។ ឧទ្យានជាតិនេះជាតំបន់ធម្មជាតិ ជម្រកសត្វព្រៃ និងមច្ឆាជាតិ ជាប់សមុទ្រមានឆ្នេរខ្សាច់ម៉ដ្ឋលាតសន្ធឹងធំល្វឹងល្វើយ។ អ្នកភូមិអះអាងថា ពលរដ្ឋភាគច្រើន ដែលរងគ្រោះដោយសារគម្រោងអភិវឌ្ឍន៍នេះ មិនហ៊ានងើបតវ៉ា និងប្រឆាំងនោះទេ ហើយពួកគេខ្លះ បានបង្ខំចិត្តទទួលសំណងទាំងទឹកភ្នែក៕
1 comment:
Ah Norouk Hun Sen and his cronies have destroyed a large part of Khmer natural resource.
Post a Comment