ដោយ ម៉ៅ សុធានី
2020-08-30
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន (ឆ្វេង) និងប្រធានក្រុមការងារគណៈកម្មការចំពោះកិច្ចពីខាងគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែតក្រោយបញ្ចប់កិច្ចពិភាក្សាលើសំណូមពររបស់សហជីពទាក់ទងនឹងសេចក្ដីព្រាងច្បាប់សហជីព នៅថ្ងៃទី១៩ មករា ឆ្នាំ២០១៦។
Photo: RFA
ប្រជាពលរដ្ឋ និងសកម្មជនគណបក្សប្រឆាំងយល់ឃើញថា ការចាកចេញ ដើម្បីស្នើសុំសិទ្ធធ្វើនយោបាយឡើងវិញរបស់មន្ត្រីគណបក្សសង្គ្រោះជាតិ ជាសិទ្ធសេរីភាពរបស់ពួកគេ ប៉ុន្តែទង្វើនេះ មិនអាចបញ្ចប់បញ្ហាជាប់គាំងនយោបាយបាននោះទេ។ ពួកគេចាត់ទុកថា ការសុំសិទ្ធិធ្វើនយោបាយរបស់មន្ត្រីគណបក្សសង្គ្រោះជាតិមួយចំនួនតូច ជាការបញ្ចប់ជីវិតនយោបាយរបស់ពួកគេទៅវិញទេ។
ពលរដ្ឋខេត្តតាកែវ លោក ញិល ភាព លើកឡើងថា ការចាកចេញរបស់មន្ត្រីគណបក្សសង្គ្រោះជាតិទាំង ៣រូបចុងក្រោយនេះ បណ្ដាលឲ្យពួកគេបរាជ័យក្នុងអាជីពនយោបាយ ដែលចង់បានអំណាច ដើម្បីមហិច្ឆតារបស់ខ្លួន។ លោកបន្តថា ប្រជាពលរដ្ឋគ្មានជំនឿលើគណបក្សណាក្រៅពីគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជានោះទេ៖ «ក្នុងនាមប្រជាពលរដ្ឋ ទោះបីសម័យនេះ យើងដឹងហើយនៅក្នុងសង្គមយើងមានការរឹតត្បិតសិទ្ធិសេរីភាព មិនឲ្យជួបប្រជុំ មិនឲ្យសម្ដែងមតិនិយាយអំពីបញ្ហាព្រំដែនផ្សេងៗហ្នឹង មានការប្រើប្រាស់ប្រព័ន្ធតុលាការ ប្រើប្រាស់អីគ្រប់រូបភាពហ្នឹង ទោះបីប្រជាពលរដ្ឋមានការភ័យខ្លាចមែន ប៉ុន្តែនៅក្នុងបេះដូងរបស់គេ គេគិតថា អ្នកដែលចាកចេញពីគណបក្សសង្គ្រោះជាតិហ្នឹងមិនមែនជាមនុស្សដែលល្អទេ។ ហើយបើមកបើកធ្វើគណបក្សនយោបាយថ្មីហ្នឹង ក៏គ្មានសំឡេងអីដែលគាំទ្រទៅលើបុគ្គលទាំងអស់ហ្នឹងទេ»។
ប្រតិកម្មរបស់ពលរដ្ឋនេះ ដោយសារតែអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ៣នាក់ដែលរួមមាន លោក សុន ឆ័យ លោក វ៉ា សាម៉ុន និងលោក តាវ គឹមឈន ដែលមានឈ្មោះក្នុងបញ្ជីហាមឃាត់ធ្វើនយោបាយក្នុងចំណោម មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង១១៨នាក់ បានសម្រេចចិត្តដាក់លិខិតទៅក្រសួងមហាផ្ទៃ ស្នើសុំលើកបម្រាមសិទ្ធិធ្វើនយោបាយ ដើម្បីផ្ដល់នីតិសម្បទាឡើងវិញ។ មន្ត្រីក្រសួងមហាផ្ទៃ ទទួលស្គាល់ថា ពួកគេពិតជាដាក់ពាក្យស្នើសុំមែន ហើយក្រសួងកំពុងពិនិត្យមើល។
ចំណែក តំណាងសហគមន៍ ខេត្តព្រះសីហនុ លោក ទុន សុផាត ឲ្យដឹងថា លោកគ្មានជំនឿថា គណបក្សនយោបាយផ្សេងទៀត អាចដោះស្រាយបញ្ហាជាប់គាំងនយោបាយ ដែលចាក់ស្រេះជាយូរមកហើយនេះបានទេ និងស្ដារសេដ្ឋកិច្ចជូនប្រជាពលរដ្ឋឡើងវិញបានទេ ទោះបីអ្នកទាំងបីនាក់នេះ ចេញទៅបង្កើតគណបក្សថ្មីក៏ដោយ៖ «ខ្ញុំយល់ថា បើទោះបីជាមានបក្សប៉ុន្មានក៏ដោយ តែបើបក្សទាំងអស់នោះមិនធ្វើនយោបាយមួយ ដើម្បីកំណើនឲ្យចំណេញសេដ្ឋកិច្ចដល់ពលរដ្ឋទេ ទោះបីជាសុំជ្រកកោនប៉ុន្មានបក្សទៀត ក៏នៅតែវាអត់មានលទ្ធផលអីដែលល្អសម្រាប់ពលរដ្ឋ»។
បន្ថែមលើនេះ អនុប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិខេត្តកំពង់ចាម លោក ស៊ុម សីហា បញ្ជាក់ថា ប្រសិនបើអ្នកទាំងបីនាក់ ទៅបង្កើតគណបក្សនយោបាយថ្មីមួយដែលរណបទៅនឹងគណបក្សកាន់អំណាច ឬដើម្បីអំណាច និងផលប្រយោជន៍និយម ដោយមិនគិតពីប្រជាពលរដ្ឋ នោះមិនអាចឈ្នះ និងទទួលបានការផ្លាស់ប្ដូរនោះទេ។ លោកបន្តថា ការចាកចេញរបស់មន្ត្រីគណបក្សណាម្នាក់ ដើម្បីចូលរួមនយោបាយ ជាមួយគណបក្សកាន់អំណាច គឺជាការក្បត់ឆន្ទៈរាស្ត្រ៖ «ពួកយើងមិនព្រមចុះញ៉មនឹងរបបផ្ដាច់ការទេ ហើយក៏មិនដើរចូលក្នុងអន្ទាក់នយោបាយរបស់ជនផ្ដាច់ការដែរ។ ដូច្នេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋ ហើយនឹងសកម្មជន ក្រុមប្រឹក្សាឃុំទាំង ប្រាំពាន់ប្រាំពីរនាក់ (៥០០៧) ហ្នឹង ឲ្យគាត់ហ្នឹង ត្រូវតែមិនចុះចូល មិនចុះញមជាដាច់ខាតរាល់ការអូសទាញរបស់គណបក្សកុម្មុយនិស្តសព្វថ្ងៃដែលយើងហៅថា គណបក្សផ្ដាច់ការកាន់អំណាចនេះ»។
ដោយឡែក យុវជន គង់ រ៉ៃយ៉ា ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស ដោយបារម្ភពីសុវត្ថិភាព មើលឃើញថា ការចាកចេញរបស់អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិទាំង ៣រូបនេះ គឺជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរមួយដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពនយោបាយរបស់ពួកគេ បើទោះបីជាពួកគេសុំសិទ្ធិធ្វើនយោបាយឡើងវិញក៏ដោយ ប៉ុន្តែគ្មានការគាំទ្រពីប្រជាពលរដ្ឋនោះទេ។ លោកចាត់ទុកការចាកចេញនេះ ជាការបញ្ចប់ជីវភាពនយោបាយរបស់ពួកគេទៅវិញទេ។ លោកចោទថា នេះជាយុទ្ធសាស្ត្របំបែកសំឡេង និងធ្វើឲ្យគណបក្សប្រឆាំងចុះខ្សោយ ដែលជាយុទ្ធសាស្ត្រដដែលៗរបស់គណបក្សកាន់អំណាច៖ «បើសិនជាសមាជិកគណបក្សសង្គ្រោះជាតិទាំងអស់ គាត់មានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការវិលចូលមាតុភូមិវិញ នោះហើយជាវិធីសាស្ត្រ យុទ្ធសាស្ត្រដ៏ល្អបំផុតក្នុងការយកឈ្នះនូវយុទ្ធសាស្ត្របំបែកសំឡេង បំបែកកម្លាំងរបស់គណបក្សប្រជាជន។ នៅពេលដែលរដ្ឋាភិបាលកែប្រែការដឹកនាំប្រទេសពីការដឹកនាំបែបប្រជាធិបតេយ្យទៅជាដឹកនាំបែបផ្ដាច់ការ នោះហើយគឺជាការនាំនូវប្រទេសជាតិធ្លាក់ទៅក្នុងជ្រោះដែលពោរពេញទៅដោយបញ្ហាប្រទេស ហើយធ្វើឲ្យប្រទេសជាតិហ្នឹងទុនខ្សោយខ្លាំងមែនទែន។ ដូច្នេះហើយ សូមរដ្ឋាភិបាលគិតពិចារណាឡើងវិញចំពោះការស្តារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
ទោះបីជាយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការស្នើសុំសិទ្ធធ្វើនយោបាយឡើងវិញ របស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិទាំង ៣រូប ជារឿងត្រឹមត្រូវ ស្របតាមច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ ដែលបើកទូលាយជូនឥស្សរជន នយោបាយរបស់អតីតគណបក្សប្រឆាំងដែលត្រូវ ហាមឃាត់ដោយតុលាការកំពូល។ លោកបន្តថា គណបក្សប្រជាជន គឺស្វាគមន៍ចំពោះការវិលត្រលប់មកសុំសិទ្ធធ្វើនយោបាយឡើងវិញរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិដទៃទៀត ដែលនៅសល់នោះ ប្រសិនបើពួកគេចង់បង្កើតគណបក្សថ្មីមួយ ប៉ុន្តែទណ្ឌិត សម រង្ស៊ី មិនអាចចូលមកវិញ ឬសុំសិទ្ធធ្វើនយោបាយឡើងវិញបាននោះទេ លុះត្រាតែលោកអនុវត្តទោសជាមុនសិន៖ «មិនមែនត្រឹមតែបីបួននាក់មកទេអាហ្នឹង មកទាំងអស់គ្នាហ្នឹង មួយរយប្រាំបី ប្រាំបួននាក់ដែលនៅសល់មកទាំងអស់ក៏បានដែរ។ មកបង្កើតគណបក្សទៅ ឬរួមគ្នាទាំងអស់គ្នាមកបង្កើតគណបក្សមួយ ថាគណបក្សធំមួយចុះ អាហ្នឹងជាសិទ្ធរបស់គាត់ ជាសិទ្ធនយោបាយរបស់គាត់ អត់មាននរណាហាមឃាត់ទេ។ ទណ្ឌិត សម រង្ស៊ី នេះវាមានសាលដីកាជាស្ថាពររបស់តុលាការសាលាដំបូងរាជធានីភ្នំពេញឲ្យចាប់ដាក់គុក២ឆ្នាំ អាហ្នឹងបើគាត់ចង់មក អាហ្នឹងអត់មានទាន់ធ្វើនយោបាយទេ ចូលគុកសិនអាហ្នឹងបានៗ ព្រោះសាលក្រមរបស់តុលាការដំបូងគឺថា វានៅជាធរមាននៅឡើយ»។
តុលាការកំពូលបានសម្រេចរំលាយគណបក្សប្រឆាំង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ និងបានសម្រេចហាមឃាត់សិទ្ធិធ្វើនយោបាយមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងចំនួន ១១៨រូប ដែលរួមមានលោក សម រង្ស៊ី និងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។
រហូតមកដល់ពេលនេះ មានអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន ១២រូប ហើយដែលបានសុំសិទ្ធធ្វើនយោបាយឡើងវិញ៕
2 comments:
The evil Vietnam was able to take Khmer land because some Khmer intellectuals are dumb such as Son Chhay in this case.
Son Chhay should stand on principal and not crawl under Ah Kbot Cheat Hun Sen's legs for personal gain. He should keep his good reputation before he goes to hell.
These Khmer Rouge Hun Sen, Germ Sok or James Sok, Ah Kantorb MinSok Ey San, etc... can cope with any problems.
During Pol Pot era, they could cope with everything too, just 3 million Khmer deaths.
This time would be much better, maybe just 1 million Khmer deaths and Cambodia is just a part of the evil Yuon. That's all.
So don't worry chicken Khmer people. You Som Teh Sok, Barn Sok Heuy.
Post a Comment