Sunday, 30 August 2020

យុវជន​ខ្លះ​ជឿ​ថា លោក ហ៊ុន ម៉ាណែត នឹង​ដើរ​តាម​គន្លង​ផ្ដាច់ការ​របស់​ឪពុក


ដោយ មួង ណារ៉េត
2020-08-28
លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ​។ RFA
លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ​។ RFA
RFA



ក្រុម​យុវជន​មួយ​ចំនួន​លើក​ឡើង​ស្រប​គ្នា​ថា កូនប្រុស​ច្បងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ាណែត នឹង​ដើរ​តាម​គន្លង​ផ្ដាច់ការ​របស់​ឪពុក​ ប្រសិន​បើ​លោក​ក្លាយ​ជា​មេដឹកនាំ​កម្ពុជា​នៅ​ថ្ងៃ​អនាគត។ ការ​យល់​ឃើញ​បែប​នេះ គឺ​ដោយ​សារ​លោក ហ៊ុន ម៉ាណែត កំពុង​​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដែល​បង្ហាញ​ពី​ចរិត​រើស​អើង និង​គំរាម​កំហែង​​ពលរដ្ឋ​ណា ដែល​មាន​ទស្សនៈ​មិន​ស្រប​នឹង​គណបក្ស​​កាន់​អំណាច​ ដូច​អ្វី​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​នា​ពេល​កន្លង​ទៅ​នោះ​ដែរ។ ម៉្យាងវិញទៀត ពួក​គេ​បារម្ភ​ថា កម្ពុជា​អាច​នឹង​រអិល​ធ្លាក់​ទៅ​ក្នុង​ប្រទេស​ដឹកនាំ​តាម​បែប​យោធា​ ប្រសិន​បើ​​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត ពិត​ជា​កើត​ឡើង​មែន​នោះ។

យុវជន និង​ជា​សកម្មជន​សង្គម​មួយ​ចំនួន​មើល​ឃើញ​ថា លោក ហ៊ុន ម៉ាណែត ហាក់​គ្មាន​​ជំហរ​ឯករាជ្យ​ និង​មិន​ទាន់​បង្ហា​ញ​​សមត្ថភាព​របស់​ខ្លួន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ជឿទុក​ចិត្ត​នោះ​ឡើយ។ ​

ប្រធាន​ក្រុម​អ្នក​វិភាគវ័យ​ក្មេង កញ្ញា លី ស្រីស្រស់ ទទួល​ស្គាល់​ថា លោក ហ៊ុន ម៉ាណែត ទទួល​បាន​ការ​អប់រំ​នៅ​សាលា​បណ្ឌិត​យោធា​ដ៏​ល្បីល្បាញ និង​ស្ពាយ​​​សញ្ញាបត្រ​កម្រិត​ខ្ពស់​ពី​ប្រទេស​មហាអំណាច ប៉ុន្តែ​នេះ​មិន​មែន​ជា​កត្តា​កំណត់​ថា លោក​មាន​សមត្ថភាព​ដឹកនាំ​ជាតិ ឬ​ជា​មេដឹកនាំ​ល្អ​នោះ​ទេ។ ​​កញ្ញា​ថា មក​ដល់​ពេល​នេះ លោក​ ហ៊ុន ម៉ាណែត មិន​ទាន់​បាន​បង្ហាញ​ស្នាដៃ​សំខាន់​ណាមួយ​ជូន​ជាតិនោះ​ទេ ផ្ទុយ​ទៅវិញ ​​បន្តិចម្តង​ៗ លោក​បែរ​ជា​ថ្លែង​សារ​នយោបាយ​ដែល​មាន​ចរិត​ជា​ការ​រើសអើង និង​លាប​ពណ៌​ពលរដ្ឋ​ខ្លួន​ឯង ដោយ​គ្រាន់តែ​ពួក​គេ​មាន​ទស្សនៈ​នយោបាយ​ផ្ទុយ​។ អ្នក​វិភាគ​វ័យ​ក្មេង​រូប​នេះ បន្ថែម​​ថា រឿង​ដែល​គួរ​ឱ្យ​សោកស្ដាយ​នោះ គឺ​លោក ហ៊ុន ម៉ាណែត មិន​បាន​ជួយ​ស្រោចស្រង់​ស្ថាន​ការណ៍​ស្រុក​ទេស ទាំង​ដែល​លោក​មាន​ឥទ្ធិពល​ក្នុង​ការ​លើក​ឡើង​ពី​បញ្ហា​នេះ៖ «បរិបទ​នៃ​ការ​ដឹកនាំ​សព្វថ្ងៃ​​នេះ គឺ​មិន​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ទេ គឺ​មាន​លាយ​ឡំ​ជាមួយ​នឹង​ការ​រឹតត្បិត​សិទ្ធិសេរីភាព​ខ្លាំង​មែន​ទែន។​ ហើយ​ខ្ញុំ​គិត​ថា បើ​លោក​ ហ៊ុន ម៉ាណែត ជា​ជំនាន់​មួយ​ដែល​ជាតិ​អាច​​ពឹង​ផ្អែក​បាន ខ្ញុំ​គិត​ថា ស្ថានភាព​នេះ ហ៊ុន ម៉ាណែត អាច​នឹង​មាន​ឥទ្ធិពល​ខ្លះ ក៏​គួរ​តែ​ធ្វើ​អ្វី​សម្រាប់​ជាតិ​ដែរ។ ប៉ុន្តែ​ កន្លងមក បញ្ហា​​ជាប់​គាំង​នយោបាយ​ អត់​ទាន់​ឃើញ​មាន​វត្ត​មាន​ ឬ​ក៏​ការ​លៃលក​យ៉ាង​ដូចម្ដេច​ ឱ្យ​មាន​ការ​ដោះស្រាយ​ ឬក៏​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង​ទេ»។


ស្រដៀង​គ្នា​នេះ អ្ន​ក​សិក្សា​ផ្នែក​ច្បាប់​ យុវជន វ៉ន ចាន់ឡូត ថ្លែង​ថា ​មេដឹកនាំ​មួយ​ចំនួន​លើ​ពិភពលោក​ក៏​បាន​ទទួល​ការ​អប់រំ​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ដែរ តែ​ពួក​គេ​ប្រែ​ធាតុ​​ជា​អ្នក​ដឹកនាំ​ផ្តាច់​ការ​ដូច​ឪពុក នៅ​ពេល​ឡើង​កាន់​អំណាច។ ដូច្នេះ​លោក​ថា ការ​សិក្សា​តែមួយ​មុខ​មិន​អាច​កំណត់​អំពី​ភាព​ជា​អ្នក​ដឹកនាំ​របស់​ហ៊ុន ម៉ាណែត ​បាន​ឡើយ។ លោក​កត់​សម្គាល់​ថា លោក ហ៊ុន ម៉ាណែត កំពុង​យក​តម្រាប់​តាម​ឪពុក​ជាច្រើន​ចំណុច តាំងពី​អត្តចរិត រហូត​ដល់​កា​រ​ថ្លែង​សារ​នយោបាយ ដែល​​បង្កប់​នូវ​​ភាព​ផ្តាច់ការ និង​បុរេ​វិនិច្ឆ័យ គ្មាន​មូលដ្ឋាន​លើ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង៖ «ការ​​ដែល​ធ្វើ​សកម្មភាព​កន្លង​មក គឺ​ហាក់​មិន​ទាន់​បង្ហាញ​សញ្ញា​ថា គាត់​ជា​អ្នក​ដែល​អាច​​នឹង​ធ្វើ​ឱ្យ​ខ្មែរ​មាន​នយោបាយ​សុខដុមរមនា​ជាមួយ​គ្នា ធ្វើ​ឱ្យ​ជាតិ​សាសន៍​ខ្មែរ​ទាំង​ក្រៅ ទាំង​ក្នុង​ប្រទេស​ហ្នឹង អាច​មក​រួម​រស់​ជាមួយ​គ្នា​បាន​ទេ។ យើង​ឃើញ​ថា មាន​តែ​ការ​ប្រើប្រាស់​នូវ​នយោបាយ​បំបែក​បំបាក់​​ នយោបាយ​ធ្វើ​ឱ្យ​ខ្មែរ​ស្អប់គ្នា នយោបាយ​លាប​ពណ៌​អ្នក​នេះ លាប​ពណ៌​អ្នក​នោះ។ កន្លែង​ហ្នឹង ជា​សញ្ញាណ​ធំ​ដែល​ខ្ញុំ​មើល​ឃើញ​ថា គាត់​ហាក់​មិន​បាន​ដើរ​ប្រាសចាក​ឆ្ងាយ​ប៉ុន្មាន​ពី​គន្លង​នៃ​អ្នក​នយោបាយ​ចាស់ៗ​នោះ​ទេ»។

អាស៊ីសេរី​បាន​ទាក់ទង​លោក ហ៊ុន ម៉ាណែត តាម​បណ្ដាញ WhatsApp ដើម្បី​សុំ​ការ​ឆ្លើយតប​រឿង​នេះ​ដែរ​ តែ​លោក​មិន​ឆ្លើយ​សំណួរ​ទេ បែរជា​ផ្ញើ​រូប​តុក្កតា​សើច​មក​វិញ។ កន្លងមក លោក ហ៊ុន ម៉ាណែត ធ្លាប់​​ប្រកាស​ថា លោក​មិន​ឆ្លើយតប​សំណួរ​របស់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​នោះ​ទេ៖ ៖ «ទម្លាប់​របស់​ខ្ញុំ​ ខ្ញុំ​អត់​ដែល​ឆ្លើយ​ ធ្វើ​សម្ភាស​តាម​ទូរស័ព្ទ​ទេ អ៊ីចឹង​សូម​ជូន។ ថ្ងៃក្រោយ​មិន​បាច់​ទេ នាំ​តែ​ខាត​ថ្លៃ​ទូរស័ព្ទ»។

ទោះ​ជា​យ៉ាងណា មន្ត្រី​ជាន់ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​​ថា ការ​លើក​ឡើង​របស់​ក្រុម​យុវជន​គ្រាន់​តែ​ជា​មតិ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ មិន​អាច​យក​ជា​ការ​បាន​ទេ។ លោក​ថា ថ្វីបើ​លោក ហ៊ុន ម៉ាណែត គឺ​ជា​ម្នាក់​ក្នុង​ចំណោម​បេក្ខភាព​ជំនាន់​ក្រោយ​របស់​គណបក្ស​ក៏ដោយ ក៏​ការ​សម្រេច​យ៉ាងណា​នោះ គឺ​អាស្រ័យ​ទៅលើ​មហាសន្និបាត​របស់​គណបក្ស។ ជាមួយ​គ្នា​នេះ លោក សុខ ឥសាន ថ្លែង​ថា លោក​មិន​ហ៊ាន​វាយ​តម្លៃ​សមត្ថភាព និង​គុណសម្បត្តិ​របស់​លោក ហ៊ុន ម៉ាណែត នោះ​ទេ ព្រោះ​នេះ​ជា​ការបំពាន​មតិ​សមូហភាព​របស់​បក្ស៖ «ឯកឧត្តម ហ៊ុន ម៉ាណែត ទោះបី​ជា​គាត់​ទៅ​រៀន​នៅ​ West Point សាលា​ជាន់ខ្ពស់​យោធា​នៅ​អាមេរិក ក៏​មិន​មែន​យក​មនោគមវិជ្ជា​អាមេរិក​មក​អនុវត្ត​នៅ​កម្ពុជា​កើត​ដែរ។ អាហ្នឹង​វា​ត្រូវ​តែ​អ៊ីចឹង។ អ្នក​និយាយ​ហ្នឹង ចង់​ឱ្យ​ឯកឧត្តម ហ៊ុន ម៉ាណែត ដែល​មកពី​អាមេរិក​ ចង់​យក​មនោគម​វិជ្ជា​អាមេរិក​មក​អនុវត្ត​ម្តេច​ត្រូវ​គ្នា​ មួយ​ស្រុកខ្មែរ មួយ​ស្រុក​​អាមេរិក​​ហ្នឹង»។

កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលា​បណ្ឌិត​យោធា West Point ដ៏​ល្បីល្បាញ​របស់​សហរដ្ឋ​អាមេរិក។ ក្រៅ​ពី​នេះ លោក​ក៏​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត និង​បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច​ពី​សាកល​វិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក និង​ចក្រភពអង់គ្លេស​ផង​ដែរ។

ទោះ​ជា​មាន​អតីតភាព​ការងារ​​តិច​ឆ្នាំ​ក៏​ដោយ ​សញ្ញាបត្រ​ពី​បរទេស​នេះ បូក​រួម​ទាំង​អំណាច​​របស់​ឪពុក​​លោក​ផង ​លោក​ ហ៊ុន ម៉ាណែត ​ឡើងរាសី​យ៉ាង​ខ្ពស់​ត្រដែត​ ហើយ​ឥទ្ធិពល​របស់​លោក​វិញ ក៏​ត្រូវ​បាន​ពង្រីក​យ៉ាង​សម្បើម​ដែរ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ក្នុង​​វ័យ​៤៣ ឆ្នាំ លោក ហ៊ុន ម៉ាណែត គឺ​ជា​ឧត្តមសេនីយ៍​ផ្កាយ៣ មាន​តួនាទី​ជា​អគ្គ​មេបញ្ជាការ​រង​កង​យោពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កង​ទ័ព​ជើងគោក ជា​មេបញ្ជាការ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន។ ចំណែក នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ លោក​គឺ​ជា​សមាជិក​គណៈ អចិន្ត្រៃយ៍​ ស្ថិត​ក្នុង​ចំណោម​មនុស្ស​៣៤ នាក់ ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​របស់​គណបក្ស​។ ហើយ​ថ្មីៗ​នេះ ឪពុក​របស់​លោក​ទើប​តែ​បាន​តែងតាំង​លោក ឱ្យ​ធ្វើ​ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​ ដែល​ជា​អ្នក​ដឹកនាំ​សមាជិក​ជំនាន់​ក្រោយដែល​ភាគច្រើន​ជាកូន​ចៅ​របស់​មន្ត្រី​ជំនាន់​មុន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រុម​អ្នក​សង្កេត​ការណ៍​ជឿ​ថា ភាព​លេច​ធ្លោ​នេះ​មិន​មែន​បាន​មក​​ដោយសារ​តែ​សមត្ថភាព​ពិត​របស់​លោក ហ៊ុន ម៉ាណែត នោះ​ទេ តែ​គឺ​លោក ហ៊ុន សែន ជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ឱ្យ​​ ដើម្បី​ឱ្យ​លោក​បាន​ស្នង​តំណែង​ជា​​នាយក​រដ្ឋ​មន្ត្រី​ទៅ​ថ្ងៃ​មុខ។

ករណី​នេះ​ស្តែង​កាន់​តែ​ច្បាស់​ នៅ​ពេល​លោក ហ៊ុន សែន ប្រកាស​ជា​សាធារណៈ​កាល​ពី​ចុង​ខែ​មិថុនា​ថា លោក​កំពុង​ជួយ​ជ្រោមជ្រែង​កូន​ប្រុស​ច្បងរូប​នេះ ដើម្បី​ឱ្យ​​ក្លាយ​ជា​មេដឹកនាំ​កម្ពុជា​ ក្នុង​រយៈពេល​តិច​បំផុត ១០ឆ្នាំ​ទៀត៖ «មិន​មែន​មាន​តែ​បេក្ខជន ហ៊ុន ម៉ាណែត មួយ​ទេ​នៅ​ក្នុង​គណបក្ស​ប្រជាជន​ មាន​បេក្ខជន​ច្រើន​ណាស់​ ក៏​ប៉ុន្តែ​ក្នុ​ង​ឋានៈ​ជាឪពុក យ៉ាងណា​ក៏​ខ្ញុំ​គាំទ្រ​កូនខ្ញុំ​ អប់រំ​កូន​ខ្ញុំឱ្យ​វា​មាន​សមត្ថភាព។ បើ​វា​មិន​បាន​ប៉ុន​ឪវា ក៏​បាន ៨០% ឬ ៩០% របស់​ឪវា​ទៅចុះ»។

លោក ហ៊ុន ម៉ាណែត ថ្វីត្បិត​តែ​បាន​រៀន​សូត្រ​ជ្រៅ​ជ្រះ​នៅ​ប្រទេស​ប្រជាធិបតេយ្យ​ក្តី ក៏​សម្ដី​របស់​លោក​ពេល​ខ្លះ ហាក់​បង្ហាញ​ពី​ចរិត​កោង​កាច​ និង​ចាត់​ទុក​អ្នក​មាន​មតិ​ផ្ទុយ​ជា​សត្រូវ ដូច​លោក ហ៊ុន សែន ​ជា​ឪពុក​ដែរ។ ជា​ឧទាហរណ៍​ កន្លងមក​ លោក​ធ្លាប់​ហៅ​ក្រុម​អ្នក​គាំទ្រ​បក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស​ថា ​ជា​ក្រុម​ជន​អគតិ ជន​ក្បត់​ជាតិ​ និង​ជា​ក្រុម​វង្វេង​ជាតិ​បម្រើ​បរទេស ជាដើម។ ជាង​នេះ​ទៅទៀត លោក​តែង​ចេញមុខ​ប្រកាស​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ កងទ័ព​ត្រូវការ​ពារ​សមិទ្ធិផល​ឪពុក​របស់​លោក ក្រោម​ពាក្យ​ថា ការពារ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ។

យុវជន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស កញ្ញា សៅ ឧសភា ថ្លែង​ថា កញ្ញា​គ្មាន​ជំនឿ​បន្តិច​ឡើយ​ថា លោក ហ៊ុន ម៉ាណែត គឺជា​មេដឹកនាំ​ល្អ និង​ហ៊ាន​ចេញមុខ​ការពារ​ផល​ប្រយោជន៍​​ជាតិ។ កញ្ញា​លើក​ឧទាហរណ៍​ថា ក្នុង​តួនាទី​ជា​មេ​បញ្ជាកង​ទ័ព​ជើងគោក លោក ហ៊ុន ម៉ាណែត មាន​សិទ្ធិ​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​​ទង្វើ​បំពាន​បូរណភាព​ទឹក​ដីខ្មែរ​ ប្រព្រឹត្ត​ដោយ​ភាគី​វៀតណាម​នៅ​តាម​បណ្ដោយ​ព្រំដែន ប៉ុន្តែលោក ហ៊ុន ម៉ាណែត និយាយ​មិន​ត្រូវ​រឿង​នេះ​សម្បី​មួយ​ម៉ាត់។ កញ្ញា​បន្ថែម​ថា រឿង​គួរ​ឱ្យ​ខក​ចិត្ត​បំផុត​នោះ គឺ​កូន​ប្រុស​ច្បង​លោក ហ៊ុន សែន ​រូបនេះ បាន​​ទៅ​រស់​នៅ និង​រៀន​សូត្រ​ក្នុង​ប្រទេស​លោក​ខាង​លិច តែ​បែរ​ជា​​មាន​ចរិត​ជា​ជន​ផ្ដាច់ការ​ ដូច​ឪពុក​របស់​លោក​ដែរ៖ «ពេល​ដែល​យុវជន​ ក៏​ដូច​ជា​មន្ត្រី​គណបក្ស​ប្រឆាំង​ផ្សេងៗ​ហ្នឹង គាត់​បាន​បញ្ចេញ​មតិ​យោបល់​ លោក ហ៊ុន ម៉ាណែត ក៏​មាន​ការ​គាប​សង្កត់ រឹតត្បិត​សិទ្ធិ​សេរីភាព​​របស់​ពួក​គាត់​ហ្នឹង​ផងដែរ។ អ៊ីចឹង​ខ្ញុំ​ពិត​ជា​មាន​ការ​សោកស្ដាយ​ធំ​មែន​ទែន​​ដែល​លោក ហ៊ុន ម៉ាណែត គាត់​បាន​ទៅ​សិក្សា​រៀន​សូត្រ​នៅ​​លោក​សេរី​ហើយ តែ​បែរជា​ឈាម​ជ័រ​ផ្តាច់ការ​ពី​កំណើត​ហ្នឹង​នៅ​តែ​មាន​ការ​​អភិវឌ្ឍ​ទៅមុខ​រហូត​ទៀត»។

ក្រុម​យុវជន​លើកឡើង​ថា ប្រសិន​បើ​លោក​ ហ៊ុន ម៉ាណែត​ ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ដែល​ពលរដ្ឋ​គាំទ្រ នោះ​លោក​ត្រូវ​តែ​ងាក​ចេញ​ពី​គន្លង​ផ្ដាច់ការ​របស់​ឪពុក ហើយ​ជួយ​​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​រ៉ាំរ៉ៃ​នៅ​កម្ពុជា។ ពួក​គេ​បន្ថែម​ថា អ្នក​ដឹកនាំ​ដែល​ល្អ គឺ​ជា​អ្នក​ដែល​ចេះ​ដោះស្រាយ​បញ្ហា​ជាតិ​ មិនមែន​ចាំ​ត្រង​យក​​ផល​ប្រយោជន៍​ពេល​ជាតិ​ជួប​វិបត្តិ​​បែប​នេះឡើយ ហើយ​បើ​លោក ហ៊ុន ម៉ាណែត នៅ​បន្ត​សកម្មភាព​ដូច​ពេល​​បច្ចុប្បន្ន​នេះ​ទៀត ពលរដ្ឋ​នឹង​វាយ​តម្លៃ​ថា លោក​ជា​ស្លឹក​ឈើ​ដែល​​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់៕

1 comment:

Anonymous said...

Ah LeuKeu Hun Maneth,

The evil Vietnam is presently violating Khmer territory.
Why don't you move your asshole to expel those Vietnamese aggressors ?

If you are a mentally retarded, you must not accept Khmer commander post.