Friday, 14 August 2020

អាជ្ញាធរ​ចាប់​ខ្លួន​យុវជន ៦​នាក់ ដែល​ចូលរួម​តវ៉ា​ឱ្យ​ដោះលែង​លោក រ៉ុង ឈុន


ដោយ ហេង រស្មី និង​ ខែ សុណង
2020-08-13
សមាជិក​យុវជន​ខ្មែរ​ថាវរៈ​ លោក ហ៊ុន វណ្ណៈ (ឆ្វេង) និង​​កញ្ញា ឈឿន ដារ៉ាវី។
សមាជិក​យុវជន​ខ្មែរ​ថាវរៈ​ លោក ហ៊ុន វណ្ណៈ (ឆ្វេង) និង​​កញ្ញា ឈឿន ដារ៉ាវី។
photo courtesy



អាជ្ញាធរ​ក្រុងភ្នំពេញ ចាប់ខ្លួន​អ្នក​តវ៉ា ទាមទារ​ដោះលែង លោក រ៉ុង ឈុន ជាបន្តបន្ទាប់ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នៅមុន​ការ​ចាប់ខ្លួន អាជ្ញាធរ​ខណ្ឌ ៧ មករា បាន​ប្រើ​អំពើ​ហិង្សា​ចាស់ដៃ ទៅលើ​ក្រុម​យុវជន​តវ៉ា​នៅ​ម្ដុំ​សាលាដំបូង​រាជធានី​ភ្នំពេញ បណ្ដាលឲ្យ​យុវតី​ម្នាក់​រង​របួស សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ជាង​ ១០​នាក់​ផ្សេងទៀត របួស​ដៃជើង និង​ដងខ្លួន ក្នុង​ខណៈ​ដែល ចៅក្រម​បន្ត​នីតិវិធី​សួរនាំ លោក រ៉ុង ឈុន ពី​បទ​ញុះញង់​បញ្ហា​ព្រំដែន។

ក្រុម​អ្នក​តវ៉ា​រង​របួស​ភាគ​ច្រើន​ជា​ស្ត្រី និង អះអាង​ថា កង​សន្តិសុខ​ខណ្ឌ ៧ មករា គឺជា​អ្នក​រក​រឿង ឈ្លោះ​ប្រកែក និង​រុញ​ច្រាន ក្នុង​គោល​បំណង​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។ អ្នក​តវ៉ា​ម្នាក់ កញ្ញា ឈឿន ដារ៉ាវី ជា​សមាជិក​ក្រុម​ខ្មែរ​ថាវរៈ ដ៏​សកម្ម​មួយ​រូប ឲ្យ​ដឹង​នៅ​មុន​ពេល​ត្រូវ​ចាប់ខ្លួន​យក​ទៅ​បាត់​ថា ក្រុម​សន្តិសុខ​ខណ្ឌ បាន​ព្យាយាម​កញ្ឆក់​ទូរស័ព្ទ ពី​ក្រុម​យុវជន​ផ្សាយ​ផ្ទាល់ (live) តាម​ហ្វេសប៊ុក (facebook) ច្រើន​លើក​ច្រើន​សារ តែ​មិន​សម្រេច ហើយក៏​បាន​ឆក់​យក​កាបូប​របស់​កញ្ញា។ កញ្ញា​ឈឿន ដារ៉ាវី ហៅ​សកម្មភាព​នេះ​ថា ជា​ការ​ឆក់ប្លន់​ទ្រព្យសម្បត្តិ​ពលរដ្ឋ។

 

កញ្ញា ឈឿន ដារ៉ា​វី ព្យាយាម តាម​ទាមទារ​កាបូប នោះ​មកវិញ ប៉ុន្តែ​សន្តិសុខ​ខណ្ឌ មិន​ទទួលខុសត្រូវ​ចំពោះ​អំពើ​ឆក់​នោះ​ទេ។ យ៉ាងណា កញ្ញា ថា ក្នុង​កាបូប​នោះ មាន​ឯកសារ និង​លុយ​ចំនួន​ច្រើន។ យុវតី​រូប​នេះ អះអាង​ទៀត​ថា ក្រោយ​ធ្វើសកម្មភាព​ឆក់​កាបូប​រួច ក្រុម​សន្តិសុខ​នៅតែ​បន្ត​ប្រើ​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា ដោយ​នាំគ្នា​រុញច្រាន ក្រុម​អ្នក​តវ៉ា​ឲ្យ​ដួល ហើយ​ឆ្លៀតឱកាស ទាត់ ធាក់ ជាន់​បណ្ដាលឲ្យ​ក្រុម​អ្នក​តវ៉ា របួស​ជាង ១០នាក់ ឯ​ម្នាក់ គឺ​កញ្ញា ជា គន្ធីន អាយុ ១៨ឆ្នាំ រង​របួស​ធ្ងន់ ត្រូវ​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ។ កញ្ញា ឈឿន ដារ៉ាវី បន្ត​ថា ក្រៅ​ពី​រុញ​ច្រាន ជាន់ ទាត់ ធាក់ ក្រុម​សន្តិសុខ​ក៏​បាន ទះ​កំផ្លៀង​កញ្ញា​មួយ​ដៃ​ដែរ៖ «ហួស​ចិត្ត​មែនទែន ដែល​កម្លាំង​ខណ្ឌ ៧ មករា​ហ្នឹង ធ្វើ​ទង្វើ​ថោកទាប​បែប​នេះ ហើយ​ខ្ញុំ​នឹង​ដក​ពាក្យ បើសិន​ជា​គាត់ យក​កាបូប​មក​ឲ្យ​ខ្ញុំ​វិញ។ បើ​មិន​ឲ្យ​ទេ គឺ​ខ្ញុំ នឹង​បង្ហាញ​សាធារណៈ​ជន​ថា រដ្ឋាភិបាល ក៏​ដូច​ជា ក្រសួង​ទាំង​មូល ដែល​ចរិត​ចោរ​បែប​ហ្នឹង​មក​ធ្វើ​ការ ហើយ​ខ្លួន​ជា​សន្តិសុខ (មន្ត្រី​រាជការ) ប៉ុន្តែ​ចរិត​ចោរ​បែប​នេះ គឺ​មិន​អាច​ទទួល​យក​បាន​ទេ»។

តំណាង​ក្រុម​ខ្មែរ​ថាវរៈ លោក ហ៊ុន វណ្ណៈ នៅមុន​ពេល​ចាប់​ខ្លួន អះអាង​ថា នៅ​ថ្ងៃ​ទី១៣ សីហា ក្រុម​យុវជន​មាន​គ្នា​សរុប​ប្រមាណ ៣០នាក់ នាំ​គ្នា​ធ្វើ​សកម្មភាព​អហិង្សា​តាម​ច្បាប់ ដើម្បី​សម្ដែង​មតិ និង​ឃ្លាំមើល​ការ​បន្ត​នីតិវិធី​លើ លោក រ៉ុង ឈុន នៅ​សវនាការ និង​អះអាង​ថា គ្មាន​បំណង​ផ្សេង​ទេ។ ប៉ុន្តែ លោក​ថា ក្រុម​សន្តិសុខ​ខណ្ឌ នៅ​តែ​បង្ខំ​ឲ្យ​ក្រុម​យុវជន រំសាយ​ការ​សម្ដែង​មតិ និង​បាន​ដាក់​បារ៉ាស់​បិទ​គ្រប់​ទីតាំង​សាធារណៈ និង​ឯកជន នៅ​ម្ដុំ​តុលាការ​ក្រុង​ភ្នំពេញ ហើយ​បើ​ទោះ​ជា ក្រុម​អ្នក​តវ៉ា បាន​ព្យាយាម​និយាយ​ផ្លូវ​ច្បាប់​អំពី​សិទ្ធិ​ពលរដ្ឋ និង​បញ្ចៀស ការ​ប៉ះ​ទង្គិច​ជាមួយ​អាជ្ញាធរ​ច្រើន​ដង តែ​ក្រុម​សន្តិសុខ នៅ​តែ​តាម​យាយី​ក្រុម​អ្នក​តវ៉ា៖ «មាន​ការ​រុញ​ច្រាន មាន​ការ​ជាន់​មក​ពួក​យើង ហើយ​យើង​ជជែក​អត់​ស្ដាប់​ទេ ដឹង​តែ​ពី​រុញ​មក ហើយ​មាន​សមាជិក​យើង​ម្នាក់​របួស។ ឥឡូវ​ដឹក​ទៅ​ពេទ្យ​បាត់​ហើយ»។

ក្រោយ​ពេល​កង​សន្តិសុខ​ប្រើ​ហិង្សា​រួច ក្រុម​យុវជន​មិន​បាន​រំសាយ​ការ​ជួបជុំ​គ្នា​ទេ ដោយ​នាំ​គ្នា​អង្គុយ​មួយ​កន្លែង​នៅ​ក្រោម​ដើម​ឈើ ម្ដុំ​តុលាការ​ក្រុង​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ខណ្ឌ ៧ មករា​ប្រគល់​កាបូប​លុយ​ឲ្យ​កញ្ញា ឈឿន ដារ៉ាវី វិញ។ នៅ​ម៉ោង​ជិត ៤ល្ងាច ក្រុម​បុរស​ស្លៀកពាក់​ស៊ីវិល​មួយ​ក្រុម បាន​នាំគ្នា មក​ប្រើ​ហិង្សា​ម្ដងទៀត ដោយ​ចាប់​បោច​សក់​កញ្ញា ឈឿន ដារ៉ាវី បញ្ចូល​ក្នុង​ឡាន​ទំនើប (Luxus 470) មួយ និង​ដឹក​យក​ចេញ​ទៅ​បាត់។

សមាជិក​ក្រុម​ខ្មែរ​ថាវរៈ ដែល​ឃើញ​សកម្មភាព​នោះ កញ្ញា សូរ មេត្តា ប្រាប់​ថា ជនស៊ីវិល​ម្នាក់ បាន​ឆក់​ទូរស័ព្ទ​របស់ កញ្ញា ឈឿន ដារ៉ាវី នៅ​ពេល​កំពុង​ផ្សាយ​ផ្ទាល់​ពេល​រសៀល នៅ​ម្ដុំ​ផ្សារ​ទំនើប​ស៊ី​ធី​ម៉ល (City mall) ហើយ​ក្រុម​ស្លៀក​ពាក់​ស៊ីវិល ច្រើន​នាក់​ទៀត​ធ្វើ​សកម្មភាព​ចាប់​បោច​សក់ កន្ត្រាក់ កញ្ញា ឈឿន ដារ៉ាវី បញ្ចូល​ឡាន​ភ្លាមៗ៖ «ចុះ​ពី​ឡាន ៥នាក់ មក​អូស​ក្របួច​សក់ ហើយ​គ្រប់​គ្នា​វាយ​គាត់។ តែ​យើង​មិន​ដឹង​ថា វាយ​ត្រូវ​ប៉ុន្មាន​ដៃ​ទេ ហើយក៏​រុញ​ចូល​ឡាន​តែម្ដង។ ដល់ពេល​ពួក​ខ្ញុំ​ទៅ​ជួយ​ហ្នឹង ពួក​ហ្នឹង​ក៏​រុញ ពួក​ខ្ញុំ​មក​ក្រៅ ឡើង​ប៉ឺង​ទាំង​អស់​គ្នា​ដែរ។ នៅ​ក្នុង​ឡាន​ហ្នឹង ក៏​មាន​អាជ្ញាធរ ហើយ​នៅ​ពេល​ដែល​អាជ្ញាធរ​ចុះ​មក​ទាញ​ហ្នឹង ក៏​មាន​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​បួន ដប់​នាក់​ទៀត មក​រោម​ពួក​យើង ដើម្បី​ឃាំង​កុំ​ឲ្យ​ពួក​យើង​ចូល​ទៅ​ជួយ ហើយ​ពួក​គាត់ សុទ្ធតែ​មាឌ​កម្លាំងៗ ពួក​ខ្ញុំ​ស្រីៗ បួន ដប់ នាក់ ជួយ​គាត់ (ឈឿន ដារ៉ាវី) អត់​ទាន់»។

ស្នងការ​នគរបាល​ក្រុងភ្នំពេញ​លោក ស ថេត ប្រាប់​អាស៊ី​សេរី​ថា សមត្ថកិច្ច​ពិតជា​បាន​ចាប់​ឃាត់ខ្លួន​យុវជន ៦នាក់​នោះ​ពិតប្រាកដ​មែន តែ​គ្រោង​នឹង​ដោះលែង​មកវិញ​ក្រោយពី​បាន​ធ្វើ​កិច្ចសន្យា​លើកលែងតែ​កញ្ញា ឈឿន ដារ៉ាវី នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ៖ «ក្រៅពីនោះ​គាត់​គ្រាន់តែ​ទៅ​ស្រែក​បន្ត​ផ្ទាល់​យើង ហោះ​គាត់​មក​សួរនាំ​ដើម្បី​អប់រំ​ទេ មិនមែន​ចាប់​ទេ។ប៉ុន្មាន​នាក់​ទៀត​ហ្នឹង​នោះ»។

ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹមឃឿន ថា​ការ​ចាប់ខ្លួន​នេះ​សមត្ថកិច្ច​ចោទ​ប្រកាន់ ពី​បទ បង្ក​ភាព​វឹកវរ និង​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​ដល់​សង្គម តាម​មាត្រា ៤៩៥ និង ៤៩៥ នែ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ហើយ​កំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ​រយៈ​ពេល ៤៨ម៉ោង។ លោក​និយាយ​ថា សំណុំរឿង​នេះ​នឹង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផ្លូវ​ច្បាប់ ក្រោយពី​សមត្ថកិច្ច​បញ្ចប់​នីតិវិធី​ស៊ើបសួរ៖ «ទី១ ការ​ចាប់ខ្លួន​កញ្ញា ឈឿន ដារ៉ាវី គឺ​សមត្ថកិច្ច​អនុវត្ត​តាម​ដីកា​របស់​តុលាការ​ដោយ​ចោទ​ប្រកាន់​ពី​បទ ញុះញង់​បង្ក​ឲ្យ​មានផល​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម ហើយ​បច្ចុប្បន្ន​កំពុង​អនុវត្ត​តាម​នីតិវិធី ឃុំខ្លួន​គាត់​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ ចំពោះ​សង្គម​ស៊ីវិល​ចោទ​ប្រកាន់​ថា រំលោភ​រដ្ឋធម្មនុញ្ញ​ឲ្យ​គាត់​ទៅ​មើល​រដ្ឋធម្មនុញ្ញ​ឡើងវិញ»។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ស៊ឹង សែន​ករុណា សង្កេតឃើញ​ថា សកម្មភាព​រុញច្រាន និង​ហិង្សា​របស់​កងកម្លាំង​សន្តិសុខ​ខណ្ឌ ៧ មករា ជា​ទង្វើ​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ ហើយ​ការ​ចាប់ខ្លួន អ្នក​តវ៉ា ដោយ​កម្រោល មិនបាន​បង្ហាញ​សមាសភាព​មក​ពី​ស្ថាប័ន​ណា និង​គ្មាន​ការ​បង្ហាញ​ដីកា​ចាប់ខ្លួន ត្រឹមត្រូវ ជា​ការប្រព្រឹត្តិ​ខុសច្បាប់៖ «បើ​អត់​ព្រម​ទៅ​តាម​ការ​ចាប់ខ្លួន​ហ្នឹង អា​ហ្នឹង បាន​យើង​ប្រើប្រាស់​រូបភាព​បែប​ហ្នឹង ហើយ​បើ​តាម​សាក្សី​ឃើញ​ផ្ទាល់​ភ្នែក​គឺ មានការ​ប្រើ​ហិង្សា​ចាប់​ទាញ​សក់​គាត់​រុញ​ចូល​ឡាន ហើយ​មិន​ប្រាប់​ពី​សមាសភាព​ច្បាស់លាស់​អ៊ីចឹង តើ​វា​ជា​ការអនុវត្ត​ច្បាប់​អ្វី? បើ​ក្នុងនាម​ជា​អាជ្ញាធរ​អនុវត្ត​ច្បាប់​បាន​ត្រឹមត្រូវ ហើយ​ទៅ​ចាំបាច់​លាក់បាំង​អត្តសញ្ញាណ គួរតែ​ប្រាប់​គេ​ឲ្យបាន​ដឹង ព្រោះ​អានេះ ខ្ញុំ​គិត​ថា វា​មាន​ភាព​មិន​ប្រក្រតី​ច្រើន។ នេះ​ហើយ ដែល​ធ្វើឲ្យ​សង្គម​មួយ វា​មានការ​ឈឺ​ចាប់​ឡើង​ៗ ដោយសារតែ​អំពើ​នៃ​ការអនុវត្ត​ច្បាប់​ទាំងអស់​ហ្នឹង វា​អត់​បាន​ត្រឹមត្រូវ​ណា»។

ចំណែក​សំណុំរឿង​ក្ដី របស់ លោក រ៉ុង ឈុន ក្នុង​តុលាការ​វិញ លោក​មេធាវី សំ សុ​គង់ ឲ្យដឹង​ថា ចៅក្រម​ស៊ើបសួរ​បាន​បន្ត​នីតិវិធី​សួរដេញដោល លោក រ៉ុង ឈុន នៅ​ព្រឹក​ថ្ងៃទី ១៣ សីហា។ ក្នុង​តុលាការ លោក រ៉ុង ឈុន អះអាង​ជំហរ​ដដែល​ថា លោក​មិនបាន​ញុះញង់​រឿង​ព្រំ​ដែរ​ទេ ហើយ​លោក​លើកឡើង​តាម​ការ​ឲ្យដឹង​របស់​ពលរដ្ឋ រស់នៅ​ក្បែរ​ព្រំដែន ពី​បញ្ហា​ព្រំដែន។ លោក​មេធាវី បន្ត​ថា លោក រ៉ុង ឈុន ក៏បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​មួយចំនួន​របស់​ចៅក្រម​ដែរ ដោយសារ​មិន​ពាក់ព័ន្ធ​នឹង​បទ​ចោទ។ លោក​មេធាវី ជំរុញ​ឲ្យ​ចៅក្រម ទម្លាក់​បទ​ចោទ​ប្រឆាំង លោក រ៉ុង ឈុន ក្នុង​សំណុំរឿង​នេះ៖ «អត់មាន​ជា​ភស្តុតាង​អ្វី (ដាក់បន្ទុក​)ធ្ងន់ធ្ងរ ហើយ​អ្វី​ដែល​លោកគ្រូ គាត់​បាន​ធ្វើ​គ្រាន់តែ​ជា​ការ ហៅថា ការ​ចេញ​នូវ​ទស្សនៈ ឬក៏​សម្ដែង​នូវ​មតិ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ ហើយ និង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិពល​រដ្ឋ សិទ្ធិ​នយោបាយ​ទាក់ទង​នឹង​ការសម្ដែង​មតិ ហើយ​ការសម្ដែង​មតិ​ហ្នឹង មិនមែន​ជា​រឿង​ខុសច្បាប់​ទេ។ តាមខ្ញុំ​យល់​គួរតែ​តុលាការ​ហ្នឹង គឺ​មិនជា​ខុសច្បាប់​ទេ ហើយ​បើ​តាមខ្ញុំ​យល់​គួរតែ​តុលាការ​ហ្នឹង សម្រេច​ឲ្យ​គាត់ លើកលែង​ការចោទប្រកាន់»។

នៅមុន​ចាប់ខ្លួន លោក រ៉ុង ឈុន បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​ស្ដីពី​បញ្ហា​ព្រំដែន ស្ថិតនៅ​ភូមិ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី២១ កក្កដា ដោយ​អះអាង ថា ការ​បោះ​បង្គោល​លេខ ១១៤ ដល់ ១១៩ មាន​ភាព​មិន​ប្រក្រតី និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ប្រគល់​ដីស្រែ​ក្បែរ​ព្រំដែន ទំហំ​ប្រមាណ ៦០ហិកតារ​ឲ្យ​អ្នកភូមិ ធ្វើស្រែ​វិញ។ ១០ថ្ងៃ​ក្រោយ​មក គឺ​នៅ​យប់​ថ្ងៃ​ទី៣១ កក្កដា សមត្ថកិច្ច​បាន​សម្រុក​ចាប់ខ្លួន​លោក រ៉ុង ឈុន ដោយ​ចោទ​ពី​បទ​ញុះញង់​បញ្ហា​ព្រំដែន។ ក្រុម​អ្នកគាំទ្រ​លោក រ៉ុង ឈុន មាន​ដូចជា កម្មករ គ្រូបង្រៀន យុវជន និង​ព្រះសង្ឃ ក៏បាន​នាំគ្នា​ចេញ​តវ៉ា​ជាបន្តបន្ទាប់ ឲ្យ​ដោះលែង លោក រ៉ុង ឈុន វិញ ប៉ុន្តែ​អ្នក​តវ៉ា ភាគច្រើន បាន​រង​ការ​អំពើ​ហិង្សា ដោយ​ផ្ទាល់ និង​ប្រយោល រង​ការ​ព្រមាន ការ​គំរាមកំហែង និង​ចាប់​ដាក់​ពន្ធនាគារ ជា​បន្ត​បន្ទាប់ ដូច​ជា ការ​គំរាម​អ្នក​ភូមិ​ត្រពាំង​ផ្លុង តំណាង​កម្មករ​រោង​ចក្រ វ៉ាយអូលែត (Violet apparel Cambodia Co.ltd​) លោកស្រី អ៊ុង ចាន់​ធឿន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុ​ក ឆាយា​វី ក្រុម​គ្រូបង្រៀន​នៅ​ខេត្ត​តាកែវ រង​ការ​ព្រមាន​លុប​ឈ្មោះ​ពី​ក្របខ័ណ្ឌ ក្រុម​ព្រះសង្ឃ​នៅ​ខេត្ត​បាត់ដំបង រង​ការ​ព្រមាន​បណ្ដេញ​ចេញ​ពី​វត្ត ការ​ចាប់ខ្លួន​ក្រុម​អ្នក​តវ៉ា ៣នាក់ ដាក់​ពន្ធនាគារ និង​ការ​ប្រើ​ហិង្សា​លើ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង​ចាប់​ខ្លួន​យុវជន ជា​សមាជិក​ក្រុម​នេះ​ជា​ដើម៕

2 comments:

Anonymous said...

Thank You so much Khmer Youth Thavarak for showing your courage and determination to fight for social justice, and best of all to save Cambodia from the evil Yuon.

Anonymous said...

Ah Yuon's slave Hun SEn did not want to lose the 2018 election to the CNRP. So, he dissolved the CNRP. As a result of his crime, the EU cut the EBA.

The ill effect of NO EBA will take about at least one year before the people's discontent explode. explode.

Thank You Khmer youth Thavarak for displaying your courage for Khmer people to follow.