ដោយ ហេង រស្មី និង ខែ សុណង
2020-08-13
សមាជិកយុវជនខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ (ឆ្វេង) និងកញ្ញា ឈឿន ដារ៉ាវី។
photo courtesy
អាជ្ញាធរក្រុងភ្នំពេញ ចាប់ខ្លួនអ្នកតវ៉ា ទាមទារដោះលែង លោក រ៉ុង ឈុន ជាបន្តបន្ទាប់ នៅថ្ងៃព្រហស្បតិ៍នេះ។ នៅមុនការចាប់ខ្លួន អាជ្ញាធរខណ្ឌ ៧ មករា បានប្រើអំពើហិង្សាចាស់ដៃ ទៅលើក្រុមយុវជនតវ៉ានៅម្ដុំសាលាដំបូងរាជធានីភ្នំពេញ បណ្ដាលឲ្យយុវតីម្នាក់រងរបួស សម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជាង ១០នាក់ផ្សេងទៀត របួសដៃជើង និងដងខ្លួន ក្នុងខណៈដែល ចៅក្រមបន្តនីតិវិធីសួរនាំ លោក រ៉ុង ឈុន ពីបទញុះញង់បញ្ហាព្រំដែន។
ក្រុមអ្នកតវ៉ារងរបួសភាគច្រើនជាស្ត្រី និង អះអាងថា កងសន្តិសុខខណ្ឌ ៧ មករា គឺជាអ្នករករឿង ឈ្លោះប្រកែក និងរុញច្រាន ក្នុងគោលបំណងបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។ អ្នកតវ៉ាម្នាក់ កញ្ញា ឈឿន ដារ៉ាវី ជាសមាជិកក្រុមខ្មែរថាវរៈ ដ៏សកម្មមួយរូប ឲ្យដឹងនៅមុនពេលត្រូវចាប់ខ្លួនយកទៅបាត់ថា ក្រុមសន្តិសុខខណ្ឌ បានព្យាយាមកញ្ឆក់ទូរស័ព្ទ ពីក្រុមយុវជនផ្សាយផ្ទាល់ (live) តាមហ្វេសប៊ុក (facebook) ច្រើនលើកច្រើនសារ តែមិនសម្រេច ហើយក៏បានឆក់យកកាបូបរបស់កញ្ញា។ កញ្ញាឈឿន ដារ៉ាវី ហៅសកម្មភាពនេះថា ជាការឆក់ប្លន់ទ្រព្យសម្បត្តិពលរដ្ឋ។
កញ្ញា ឈឿន ដារ៉ាវី ព្យាយាម តាមទាមទារកាបូប នោះមកវិញ ប៉ុន្តែសន្តិសុខខណ្ឌ មិនទទួលខុសត្រូវចំពោះអំពើឆក់នោះទេ។ យ៉ាងណា កញ្ញា ថា ក្នុងកាបូបនោះ មានឯកសារ និងលុយចំនួនច្រើន។ យុវតីរូបនេះ អះអាងទៀតថា ក្រោយធ្វើសកម្មភាពឆក់កាបូបរួច ក្រុមសន្តិសុខនៅតែបន្តប្រើហិង្សាលើក្រុមអ្នកតវ៉ា ដោយនាំគ្នារុញច្រាន ក្រុមអ្នកតវ៉ាឲ្យដួល ហើយឆ្លៀតឱកាស ទាត់ ធាក់ ជាន់បណ្ដាលឲ្យក្រុមអ្នកតវ៉ា របួសជាង ១០នាក់ ឯម្នាក់ គឺកញ្ញា ជា គន្ធីន អាយុ ១៨ឆ្នាំ រងរបួសធ្ងន់ ត្រូវនាំទៅព្យាបាលនៅមន្ទីរពេទ្យ។ កញ្ញា ឈឿន ដារ៉ាវី បន្តថា ក្រៅពីរុញច្រាន ជាន់ ទាត់ ធាក់ ក្រុមសន្តិសុខក៏បាន ទះកំផ្លៀងកញ្ញាមួយដៃដែរ៖ «ហួសចិត្តមែនទែន ដែលកម្លាំងខណ្ឌ ៧ មករាហ្នឹង ធ្វើទង្វើថោកទាបបែបនេះ ហើយខ្ញុំនឹងដកពាក្យ បើសិនជាគាត់ យកកាបូបមកឲ្យខ្ញុំវិញ។ បើមិនឲ្យទេ គឺខ្ញុំ នឹងបង្ហាញសាធារណៈជនថា រដ្ឋាភិបាល ក៏ដូចជា ក្រសួងទាំងមូល ដែលចរិតចោរបែបហ្នឹងមកធ្វើការ ហើយខ្លួនជាសន្តិសុខ (មន្ត្រីរាជការ) ប៉ុន្តែចរិតចោរបែបនេះ គឺមិនអាចទទួលយកបានទេ»។
តំណាងក្រុមខ្មែរថាវរៈ លោក ហ៊ុន វណ្ណៈ នៅមុនពេលចាប់ខ្លួន អះអាងថា នៅថ្ងៃទី១៣ សីហា ក្រុមយុវជនមានគ្នាសរុបប្រមាណ ៣០នាក់ នាំគ្នាធ្វើសកម្មភាពអហិង្សាតាមច្បាប់ ដើម្បីសម្ដែងមតិ និងឃ្លាំមើលការបន្តនីតិវិធីលើ លោក រ៉ុង ឈុន នៅសវនាការ និងអះអាងថា គ្មានបំណងផ្សេងទេ។ ប៉ុន្តែ លោកថា ក្រុមសន្តិសុខខណ្ឌ នៅតែបង្ខំឲ្យក្រុមយុវជន រំសាយការសម្ដែងមតិ និងបានដាក់បារ៉ាស់បិទគ្រប់ទីតាំងសាធារណៈ និងឯកជន នៅម្ដុំតុលាការក្រុងភ្នំពេញ ហើយបើទោះជា ក្រុមអ្នកតវ៉ា បានព្យាយាមនិយាយផ្លូវច្បាប់អំពីសិទ្ធិពលរដ្ឋ និងបញ្ចៀស ការប៉ះទង្គិចជាមួយអាជ្ញាធរច្រើនដង តែក្រុមសន្តិសុខ នៅតែតាមយាយីក្រុមអ្នកតវ៉ា៖ «មានការរុញច្រាន មានការជាន់មកពួកយើង ហើយយើងជជែកអត់ស្ដាប់ទេ ដឹងតែពីរុញមក ហើយមានសមាជិកយើងម្នាក់របួស។ ឥឡូវដឹកទៅពេទ្យបាត់ហើយ»។
ក្រោយពេលកងសន្តិសុខប្រើហិង្សារួច ក្រុមយុវជនមិនបានរំសាយការជួបជុំគ្នាទេ ដោយនាំគ្នាអង្គុយមួយកន្លែងនៅក្រោមដើមឈើ ម្ដុំតុលាការក្រុងភ្នំពេញ ដើម្បីទាមទារឲ្យអាជ្ញាធរខណ្ឌ ៧ មករាប្រគល់កាបូបលុយឲ្យកញ្ញា ឈឿន ដារ៉ាវី វិញ។ នៅម៉ោងជិត ៤ល្ងាច ក្រុមបុរសស្លៀកពាក់ស៊ីវិលមួយក្រុម បាននាំគ្នា មកប្រើហិង្សាម្ដងទៀត ដោយចាប់បោចសក់កញ្ញា ឈឿន ដារ៉ាវី បញ្ចូលក្នុងឡានទំនើប (Luxus 470) មួយ និងដឹកយកចេញទៅបាត់។
សមាជិកក្រុមខ្មែរថាវរៈ ដែលឃើញសកម្មភាពនោះ កញ្ញា សូរ មេត្តា ប្រាប់ថា ជនស៊ីវិលម្នាក់ បានឆក់ទូរស័ព្ទរបស់ កញ្ញា ឈឿន ដារ៉ាវី នៅពេលកំពុងផ្សាយផ្ទាល់ពេលរសៀល នៅម្ដុំផ្សារទំនើបស៊ីធីម៉ល (City mall) ហើយក្រុមស្លៀកពាក់ស៊ីវិល ច្រើននាក់ទៀតធ្វើសកម្មភាពចាប់បោចសក់ កន្ត្រាក់ កញ្ញា ឈឿន ដារ៉ាវី បញ្ចូលឡានភ្លាមៗ៖ «ចុះពីឡាន ៥នាក់ មកអូសក្របួចសក់ ហើយគ្រប់គ្នាវាយគាត់។ តែយើងមិនដឹងថា វាយត្រូវប៉ុន្មានដៃទេ ហើយក៏រុញចូលឡានតែម្ដង។ ដល់ពេលពួកខ្ញុំទៅជួយហ្នឹង ពួកហ្នឹងក៏រុញ ពួកខ្ញុំមកក្រៅ ឡើងប៉ឺងទាំងអស់គ្នាដែរ។ នៅក្នុងឡានហ្នឹង ក៏មានអាជ្ញាធរ ហើយនៅពេលដែលអាជ្ញាធរចុះមកទាញហ្នឹង ក៏មានអាជ្ញាធរស្លៀកពាក់ស៊ីវិលបួន ដប់នាក់ទៀត មករោមពួកយើង ដើម្បីឃាំងកុំឲ្យពួកយើងចូលទៅជួយ ហើយពួកគាត់ សុទ្ធតែមាឌកម្លាំងៗ ពួកខ្ញុំស្រីៗ បួន ដប់ នាក់ ជួយគាត់ (ឈឿន ដារ៉ាវី) អត់ទាន់»។
ស្នងការនគរបាលក្រុងភ្នំពេញលោក ស ថេត ប្រាប់អាស៊ីសេរីថា សមត្ថកិច្ចពិតជាបានចាប់ឃាត់ខ្លួនយុវជន ៦នាក់នោះពិតប្រាកដមែន តែគ្រោងនឹងដោះលែងមកវិញក្រោយពីបានធ្វើកិច្ចសន្យាលើកលែងតែកញ្ញា ឈឿន ដារ៉ាវី នឹងត្រូវបញ្ជូនទៅតុលាការ៖ «ក្រៅពីនោះគាត់គ្រាន់តែទៅស្រែកបន្តផ្ទាល់យើង ហោះគាត់មកសួរនាំដើម្បីអប់រំទេ មិនមែនចាប់ទេ។ប៉ុន្មាននាក់ទៀតហ្នឹងនោះ»។
ចំណែកអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន ថាការចាប់ខ្លួននេះសមត្ថកិច្ចចោទប្រកាន់ ពីបទ បង្កភាពវឹកវរ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់ដល់សង្គម តាមមាត្រា ៤៩៥ និង ៤៩៥ នែក្រមនីតិវិធីព្រហ្មទណ្ឌ ហើយកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅស្នងការប៉ូលិសក្រុងភ្នំពេញរយៈពេល ៤៨ម៉ោង។ លោកនិយាយថា សំណុំរឿងនេះនឹងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ក្រោយពីសមត្ថកិច្ចបញ្ចប់នីតិវិធីស៊ើបសួរ៖ «ទី១ ការចាប់ខ្លួនកញ្ញា ឈឿន ដារ៉ាវី គឺសមត្ថកិច្ចអនុវត្តតាមដីការបស់តុលាការដោយចោទប្រកាន់ពីបទ ញុះញង់បង្កឲ្យមានផលប៉ះពាល់ដល់សន្តិសុខសង្គម ហើយបច្ចុប្បន្នកំពុងអនុវត្តតាមនីតិវិធី ឃុំខ្លួនគាត់នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំពោះសង្គមស៊ីវិលចោទប្រកាន់ថា រំលោភរដ្ឋធម្មនុញ្ញឲ្យគាត់ទៅមើលរដ្ឋធម្មនុញ្ញឡើងវិញ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា សកម្មភាពរុញច្រាន និងហិង្សារបស់កងកម្លាំងសន្តិសុខខណ្ឌ ៧ មករា ជាទង្វើបំបិទសិទ្ធិសេរីភាពពលរដ្ឋ ហើយការចាប់ខ្លួន អ្នកតវ៉ា ដោយកម្រោល មិនបានបង្ហាញសមាសភាពមកពីស្ថាប័នណា និងគ្មានការបង្ហាញដីកាចាប់ខ្លួន ត្រឹមត្រូវ ជាការប្រព្រឹត្តិខុសច្បាប់៖ «បើអត់ព្រមទៅតាមការចាប់ខ្លួនហ្នឹង អាហ្នឹង បានយើងប្រើប្រាស់រូបភាពបែបហ្នឹង ហើយបើតាមសាក្សីឃើញផ្ទាល់ភ្នែកគឺ មានការប្រើហិង្សាចាប់ទាញសក់គាត់រុញចូលឡាន ហើយមិនប្រាប់ពីសមាសភាពច្បាស់លាស់អ៊ីចឹង តើវាជាការអនុវត្តច្បាប់អ្វី? បើក្នុងនាមជាអាជ្ញាធរអនុវត្តច្បាប់បានត្រឹមត្រូវ ហើយទៅចាំបាច់លាក់បាំងអត្តសញ្ញាណ គួរតែប្រាប់គេឲ្យបានដឹង ព្រោះអានេះ ខ្ញុំគិតថា វាមានភាពមិនប្រក្រតីច្រើន។ នេះហើយ ដែលធ្វើឲ្យសង្គមមួយ វាមានការឈឺចាប់ឡើងៗ ដោយសារតែអំពើនៃការអនុវត្តច្បាប់ទាំងអស់ហ្នឹង វាអត់បានត្រឹមត្រូវណា»។
ចំណែកសំណុំរឿងក្ដី របស់ លោក រ៉ុង ឈុន ក្នុងតុលាការវិញ លោកមេធាវី សំ សុគង់ ឲ្យដឹងថា ចៅក្រមស៊ើបសួរបានបន្តនីតិវិធីសួរដេញដោល លោក រ៉ុង ឈុន នៅព្រឹកថ្ងៃទី ១៣ សីហា។ ក្នុងតុលាការ លោក រ៉ុង ឈុន អះអាងជំហរដដែលថា លោកមិនបានញុះញង់រឿងព្រំដែរទេ ហើយលោកលើកឡើងតាមការឲ្យដឹងរបស់ពលរដ្ឋ រស់នៅក្បែរព្រំដែន ពីបញ្ហាព្រំដែន។ លោកមេធាវី បន្តថា លោក រ៉ុង ឈុន ក៏បានបដិសេធមិនឆ្លើយសំណួរមួយចំនួនរបស់ចៅក្រមដែរ ដោយសារមិនពាក់ព័ន្ធនឹងបទចោទ។ លោកមេធាវី ជំរុញឲ្យចៅក្រម ទម្លាក់បទចោទប្រឆាំង លោក រ៉ុង ឈុន ក្នុងសំណុំរឿងនេះ៖ «អត់មានជាភស្តុតាងអ្វី (ដាក់បន្ទុក)ធ្ងន់ធ្ងរ ហើយអ្វីដែលលោកគ្រូ គាត់បានធ្វើគ្រាន់តែជាការ ហៅថា ការចេញនូវទស្សនៈ ឬក៏សម្ដែងនូវមតិ ដែលធានាដោយរដ្ឋធម្មនុញ្ញ ហើយ និងកតិកាសញ្ញាស្ដីពីសិទ្ធិពលរដ្ឋ សិទ្ធិនយោបាយទាក់ទងនឹងការសម្ដែងមតិ ហើយការសម្ដែងមតិហ្នឹង មិនមែនជារឿងខុសច្បាប់ទេ។ តាមខ្ញុំយល់គួរតែតុលាការហ្នឹង គឺមិនជាខុសច្បាប់ទេ ហើយបើតាមខ្ញុំយល់គួរតែតុលាការហ្នឹង សម្រេចឲ្យគាត់ លើកលែងការចោទប្រកាន់»។
នៅមុនចាប់ខ្លួន លោក រ៉ុង ឈុន បានចេញសេចក្ដីថ្លែងការណ៍ស្ដីពីបញ្ហាព្រំដែន ស្ថិតនៅភូមិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ កក្កដា ដោយអះអាង ថា ការបោះបង្គោលលេខ ១១៤ ដល់ ១១៩ មានភាពមិនប្រក្រតី និងទាមទារឲ្យរដ្ឋាភិបាលប្រគល់ដីស្រែក្បែរព្រំដែន ទំហំប្រមាណ ៦០ហិកតារឲ្យអ្នកភូមិ ធ្វើស្រែវិញ។ ១០ថ្ងៃក្រោយមក គឺនៅយប់ថ្ងៃទី៣១ កក្កដា សមត្ថកិច្ចបានសម្រុកចាប់ខ្លួនលោក រ៉ុង ឈុន ដោយចោទពីបទញុះញង់បញ្ហាព្រំដែន។ ក្រុមអ្នកគាំទ្រលោក រ៉ុង ឈុន មានដូចជា កម្មករ គ្រូបង្រៀន យុវជន និងព្រះសង្ឃ ក៏បាននាំគ្នាចេញតវ៉ាជាបន្តបន្ទាប់ ឲ្យដោះលែង លោក រ៉ុង ឈុន វិញ ប៉ុន្តែអ្នកតវ៉ា ភាគច្រើន បានរងការអំពើហិង្សា ដោយផ្ទាល់ និងប្រយោល រងការព្រមាន ការគំរាមកំហែង និងចាប់ដាក់ពន្ធនាគារ ជាបន្តបន្ទាប់ ដូចជា ការគំរាមអ្នកភូមិត្រពាំងផ្លុង តំណាងកម្មកររោងចក្រ វ៉ាយអូលែត (Violet apparel Cambodia Co.ltd) លោកស្រី អ៊ុង ចាន់ធឿន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី ក្រុមគ្រូបង្រៀននៅខេត្តតាកែវ រងការព្រមានលុបឈ្មោះពីក្របខ័ណ្ឌ ក្រុមព្រះសង្ឃនៅខេត្តបាត់ដំបង រងការព្រមានបណ្ដេញចេញពីវត្ត ការចាប់ខ្លួនក្រុមអ្នកតវ៉ា ៣នាក់ ដាក់ពន្ធនាគារ និងការប្រើហិង្សាលើក្រុមយុវជនខ្មែរថាវរៈ និងចាប់ខ្លួនយុវជន ជាសមាជិកក្រុមនេះជាដើម៕
2 comments:
Thank You so much Khmer Youth Thavarak for showing your courage and determination to fight for social justice, and best of all to save Cambodia from the evil Yuon.
Ah Yuon's slave Hun SEn did not want to lose the 2018 election to the CNRP. So, he dissolved the CNRP. As a result of his crime, the EU cut the EBA.
The ill effect of NO EBA will take about at least one year before the people's discontent explode. explode.
Thank You Khmer youth Thavarak for displaying your courage for Khmer people to follow.
Post a Comment