ដោយ rfa
2020-08-01
លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពេលទៅពិនិត្យបង្គោលព្រំដែន និងជួបភូមិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ក្រៅពីកិច្ចការព្រំដែន លោកមានភាពស្វិតស្វាញក្នុងការតស៊ូមតិ រកប្រយោជន៍ជូនកម្មករ មន្ត្រីរាជការគ្រូបង្រៀន ធ្វើការលើកកម្ពស់សិទ្ធិមនុស្ស ការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យ ជាដើម។ តើលោក រ៉ុង ឈុន មានប្រវត្តិការងារ និងការតស៊ូយ៉ាងដូចម្ដេចខ្លះ?
លោក រ៉ុង ឈុន បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ក្នុងវ័យកំលោះចាស់អាយុ ៥០ឆ្នាំប្លាយ លោកពុំធ្លាប់មានចំណងគ្រួសារឡើយ។
លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពេលទៅពិនិត្យបង្គោលព្រំដែន លេខ ១១៤ នៅភូមិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ក្មួយប្រុសលោក រ៉ុង ឈុន យុវជន រ៉ុង វិជ្ជា ថ្លែងថា លោក រ៉ុង ឈុន ចិញ្ចឹមក្មួយៗចាត់ទុកដូចជាកូនបង្កើត និងនាំក្មួយៗមកភ្នំពេញ បង់លុយឲ្យរៀនដល់ចប់ចុងចប់ដើមគ្រប់ៗគ្នា រហូតមានការងារធ្វើរៀងៗខ្លួន។ យុវជនរូបនេះ ថ្លែងថា លោករ៉ុង ឈុន គឺជាបុគ្គលគំរូដល់ក្មួយៗ ដែលពួកគេមើលឃើញថា គាត់បានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន និងតែងគិតគូរពីបញ្ហាសង្គម និងបញ្ហាទឹកដីជាដើម។ លោកថា លោក រ៉ុង ឈុន តែងដាស់តឿនឲ្យក្មួយឲ្យខំរៀន ត្រូវរស់នៅចេះឈឺឆ្អាលចំពោះអ្នកជិតខាង ពលរដ្ឋខ្លួនឯង និងចេះចាប់អារម្មណ៍ពីភាពអយុត្តិធម៌ក្នុងសង្គម៖ «ពួកខ្ញុំអាចយកគាត់សិក្សាស្វែងយល់យកគាត់ធ្វើជាគំរូបាន និយាយរួមគាត់លះបង់ទាំងអស់ទាំងផលប្រយោជន៍ផ្ទាល់ខ្លួនធ្វើកិច្ចការសង្គមអត់ខ្លាចលំបាកអីទេ សំខាន់ឲ្យប្រជាពលរដ្ឋខ្មែរទទួលបានយុត្តិធម៌»។
លោក រ៉ុង ឈុន កើតនៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ក្នុងគ្រួសារកសិករដែលមានជីវភាពមិនសូវធូរធារទេ ។ លោកមានបងប្អូនបង្កើត៤នាក់ ស្រី៣នាក់ ហើយលោកជាកូនទី៣។ លោកបានរៀនចប់មហាវិទ្យាល័យ និងធ្លាប់ជាមន្ត្រីក្របខ័ណ្ឌក្រសួងអប់រំ ជាគ្រូបង្រៀនបង្ហាត់មុខវិជ្ជាគណិតវិទ្យា នៅវិទ្យាល័យ ហ៊ុន សែន ស្អាង។
លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជួបពលរដ្ឋនៅតំបន់ព្រំដែនកម្ពុជាវៀតណាម ចំណុចភូមិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។ រូប៖ ពលរដ្ឋ
ពេលនោះហើយ លោកបានចាប់ដៃធ្វើការជាមួយលោក ជា វិជ្ជា ជាអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវខ្មាញ់កាំភ្លើងបាញ់សម្លាប់នៅមុខតូបកាសែត ក្បែរវត្តលង្កា កាលពីឆ្នាំ២០០៤ នោះ។
លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងក្រុមការងារលោក កំពុងធ្វើដំណើរលើផ្លូវក្រវាត់ព្រំដែនខាងក្នុងកម្ពុជា នៅចំណុចភូមិត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ដែលពលរដ្ឋអះអាងថា កងទ័ពវៀតណាមឆ្លងផ្លូវនេះមកដេញកសិករខ្មែរមិនឱ្យធ្វើស្រែចម្ការពួកគាត់។ រូប៖ ពលរដ្ឋ
ដោយមានឈាមញ័រ និងទឹកចិត្តជាគ្រូបង្រៀន លោក រ៉ុង ឈុន ក៏មើលឃើញពីទុក្ខលំបាកនិងជីវភាពរបស់គ្រូបង្រៀនដែរ។ នៅខែមីនា ឆ្នាំ២០០០ លោកក៏បានបង្កើតសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលកាលណោះ ដំបូងមានសមាជិកតែជាង ៣០នាក់ប៉ុណ្ណោះ។ បច្ចុប្បន្នសមាគមនេះ មានសមាជិកជាង១ម៉ឺននាក់ នៅទូទាំងខេត្ត-រាជធានី។ ហើយលោកក៏ផ្ទេរតួនាទីនេះ ឲ្យអ្នកស្រី អ៊ុក ឆាយ៉ាវី នៅឆ្នាំ២០១៦។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ដែលតែងតែដើរជាមួយលោក រ៉ុង ឈុន មានប្រសាសន៍ថា អ្នកស្រីមិនអាចទទួលយកបានឡើយចំពោះការចាប់ខ្លួនលោក រ៉ុង ឈុន ៖ «ខ្ញុំគេងមិនលក់ ព្រោះគាត់ជាមនុស្សម្នាក់ដែលឈឺឆ្អាល ការងារសង្គមជាតិជាពិសេសខាងដីធ្លី ព្រំដែននេះ គឺគាត់ខំប្រឹងប្រែងណាស់គាត់មិនចង់ឲ្យបាត់បង់ដោយអយុត្តិធម៌ ព្រោះគាត់ជាបុរសម្នាក់ដែល ខំលះបង់ជីវិតដើម្បីប្រទេសជាតិអស់មួយជីវិតគាត់ហើយ។ យើងក៏ថ្កោលទោសចំពោះរដ្ឋាភិបាលដែលបានចាប់លោក រ៉ុង ឈុន ដែលគាត់ជាវីរភាពដ៏អង់អាចដែលកាត់ថ្លៃមិនបាននោះ»។
ក្នុងជីវិតប្រឡូកការងារសង្គមមានតែម្ដងគត់ដែលលោក រ៉ុង ឈុន មើលទៅមានមុខមាត់ មានកិត្តិយស មានងារជាឯកឧត្ដម ធ្វើការក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ មានប្រាក់ខែរាប់ពាន់ដុល្លារ មានជំនួយការ មានឡានទំនើបជិះ និងមានរបបផ្សេងៗទៀត។
លោកទទួលបានការតែងតាំងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិចរចាត្រូវរ៉ូវគ្នា បង្កើតបានជាក្បាលម៉ាស៊ីនដឹកនាំគ.ជ.បថ្មីក្នុងឆ្នាំ២០១៤ ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៥ ឆ្នាំ២០១៣។
តែក្រោយមករបបក្រុងភ្នំពេញបានធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ រំលាយគណបក្សសង្គ្រោះជាតិចោលវិញ។ ពេលនោះហើយ ដែលលោក រ៉ុង ឈុន សុខចិត្តលាឈប់ និងលះបង់សេចក្ដីសុខផ្ទាល់ខ្លួន មិនលោភលន់ មិនចង់បាន ដើរចេញពីតួនាទី ដោយមិនស្ដាយស្រណោះ ព្រោះលោកយល់ថា ជាការរំលាយឆន្ទៈរាស្ត្រជាងកន្លះនគរ។
លោកបែរជាសុខចិត្តវិលទៅទ្រនំចាស់ បន្តកិច្ចការដែលលោកធ្លាប់ធ្វើ ពេលខ្លះលោកសុខចិត្តជិះម៉ូតូឌុប ទៅតាមឃ្លាំមើលការតវ៉ានានា នៅក្រោមកម្ដៅថ្ងៃទៅវិញ។
ក្នុងនាមប្រធានសហភាពសហជីពកម្ពុជា លោកបានចូលរួមជាមួយក្រុមកម្មកររោងចក្រវ៉ាយអូលែត អាប់ភែរៀល (VIOLET APPAREL CAMBODIA CO,.LTD.) ជាច្រើនរយនាក់ ដែលដាក់ញត្តិនៅខុទ្ទកាល័យ លោក ហ៊ុន សែន ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ដោះស្រាយវិវាទការងាររវាងកម្មករ និងថៅកែ រួមទាំងទាមទារផលប្រយោជន៍ ២ចំណុចទៀត គឺប្រាក់សោហ៊ុយជំងឺចិត្ត និងប្រាក់ជូនដំណឹង ពីការបិទរោងចក្រ សម្រាប់កម្មករទូទៅ។ គ្រានោះ លោកបានប្តេជ្ញាចិត្ត ថានឹងធ្វើសកម្មភាពផ្សេងទៀត ដើម្បីទាមទារអត្ថប្រយោជន៍តាមផ្លូវច្បាប់ឲ្យទាល់តែបាន ព្រោះលោកមើលឃើញថា ផលប៉ះពាល់បណ្ដាលមកពីវិបត្តិជំងឺកូវីដ-១៩ (Covid-19) នាំឲ្យថៅកែរោងចក្រក្ស័យធន បិទទ្វាររោងចក្រ ហើយសហភាពអឺរ៉ុបនឹងចាប់គិតពន្ធពីកម្ពុជានៅថ្ងៃទី១២ ខែសីហា នេះ ដែលជាវិបត្តិធ្ងន់ធ្ងន់ក្នុងវិស័យកាត់ដេរ។
ថ្មីៗនេះ លោក រ៉ុង ឈុន ត្រូវបានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចោទប្រកាន់ធ្ងន់ៗ ថា លោកនិងគូកននៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានចេតនាបង្កើត ប្រឌិតរឿងនិងផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយដោយចេតនាទុច្ចរិត ក្នុងបំណងបំភ័ន្តមតិជាតិ និងអន្តរជាតិ ដោយចោទប្រកាន់គ្មានមូលដ្ឋានលើការងារព្រំដែនរបស់រដ្ឋាភិបាល នាំឲ្យបាត់បង់ដី និងបណ្ដោយឲ្យមានការរំលោភបំពានទឹកដីពីប្រទេសជិតខាង។
ក្រោយចេញសេចក្ដីថ្លែងការណ៍នេះតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅថ្ងៃទី៣១ កក្កដា ដដែល តុលាការចាត់វិធានភ្លាមៗមិនបង្អង់ដៃ ថា លោកបានបំភ្លៃការពិតលើបញ្ហាព្រំដែនជាបទល្មើសជាក់ស្ដែង ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
លោក រ៉ុង ឈុន បានចុះទៅពិនិត្យមើលបង្គោលព្រំដែន និងជួបអ្នកភូមិនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ កក្កដា ហើយប្រមូលបានព័ត៌មានថា ទាហានវៀតណាម បានចូលមកឈ្លានពានអធិបតេយ្យកម្ពុជា ក្នុងឯកសណ្ឋានយោធាប្រដាប់ដោយកាំភ្លើង ដេញអ្នកភូមិត្រពាំងផ្លុង មិនឲ្យធ្វើស្រែ នៅលើដីខ្មែរ ក្បែរតំបន់ព្រំដែន។ លោកបានចេញសេចក្ដីថ្លែងការណ៍មួយ ជំរុញរដ្ឋាភិបាលឱ្យដាក់យោធាការពារព្រំដែន និងទាមទារឲ្យរដ្ឋាភិបាលប្រគល់ដីក្បែរព្រំដែន នៅចំណុចភូមិត្រពាំងផ្លុង ទំហំ ៦០ហិកតារ ពាក់ព័ន្ធអ្នកភូមិ១០៦គ្រួសារ ទៅឲ្យអ្នកភូមិបានចូលធ្វើស្រែចម្ការវិញ។
ស្ថាបនិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលបច្ចុប្បន្នជាប្រធានគណៈកម្មាធិការព្រំដែនគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ថ្លែងថា លោកធា្លប់ធ្វើការជាមួយ លោក រ៉ុង ឈុន ក្នុងរឿងតស៊ូមតិលើបញ្ហាព្រំដែននេះ តាំងពីឆ្នាំ២០០០ មក។ លោកថា លោក រ៉ុង ឈុន មានមនសិការស្នេហាជាតិ បើទោះបីជាដឹងមុនថា កិច្ចការនេះនឹងប្រឈមជាប់គុកច្រវ៉ាក់ក៏ដោយ៖ «គាត់មានទស្សនៈស្នេហាជាតិ តាំងពីក្មេងៗ តាំងនៅយុវជនដែលធ្វើការជាមួយខ្ញុំនោះ គាត់ដឹងបញ្ហានេះប្រឈមផ្លូវច្បាប់ តុលាការតេឡេហ្នឹង គាត់ដឹងថា ត្រូវជាប់គុកក៏ដោយក៏គាត់នៅតែធ្វើបញ្ហាព្រំដែន»។
នេះជាលើកទី២ហើយដែលលោក រ៉ុង ឈុន រងការចាប់ខ្លួនពាក់ព័ន្ធនឹងបញ្ហាព្រំដែន។ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០៥ លោកត្រូវបានរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ចាប់ខ្លួននៅខេត្តបន្ទាយមានជ័យ ក្នុងគ្រាដែលលោកព្យាយាមឆ្លងដែនចូលទៅប្រទេសថៃ ដើម្បីស្វែងរកសិទ្ធិជ្រកកោន បន្ទាប់ពីលោកបានចូលរួមចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០០៥ ដែលរួមមានលោក អ៊ុំ សំអាន និងលោក ម៉ែន ណាត ដែលបច្ចុប្បន្នរស់នៅក្រៅប្រទេស ហើយលោក រ៉ុង ឈុន ខ្លួនឯងរងការចាប់ខ្លួន។ ពេលនោះពួកគេ បាន រិះគន់លើការចុះហត្ថលេខារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា វៀតណាម ក្រោមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ និងបទញុះញង់ឲ្យអ្នកដទៃប្រព្រឹត្តបទឧក្រិដ្ឋ។ លោកបានជាប់ពន្ធនាគារជាង ៣ខែ ប៉ុន្តែដោយសារមានប្រតិកម្មពីប្រជាពលរដ្ឋ អង្គការជាតិ និងអន្តរជាតិ ទើបត្រូវបានដោះលែងវិញ។
មុនពេលចាប់ខ្លួននៅថ្ងៃទី៣១ កក្កដា លោក រ៉ុង ឈុន បានផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរីថា តើមានន័យអ្វីដែលលោកត្រូវបំភ្លៃការពិតលើបញ្ហាព្រំដែន? លោកថា អ្វីដែលលោកនិយាយគឺផ្អែកទៅលើផែនដី មិនបានផ្អែកលើផែនទីឡើយ ដោយមានសាក្សីរស់ពីប្រជាពលរដ្ឋ។ លោកថា គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនគួរទទួលស្គាល់ការពិត និងយកបញ្ហាទៅដោះស្រាយ៖ «អានេះយើងចូលរួមការពារដែនដីអធិបតេយ្យដែនដីរបស់យើងទាំងអស់គ្នាទេ ពីព្រោះយើងអ្នកឃ្លាំមើលបើឃើញចំណុចខ្វះខាត យើងត្រូវចង្អុរបង្ហាញជម្រាបជូនទៅអ្នកមានសមត្ថកិច្ច ហើយដល់ថ្លែងការណ៍មកចោទប្រកាន់ថា ព័ត៌មានក្លែងក្លាយ ផ្ទុយពីការពិត មិនឆ្លុះបញ្ចាំងទៅនឹងស្ថានភាពដែលប្រជាពលរដ្ឋកំពុងទទួលរងទុក្ខវេទនា ដោយសារតែមិនបានចូលអាស្រ័យផលនៅលើដីរបស់ពួកគាត់»។
លោក រ៉ុង ឈុន ហាក់ដឹងពីតម្រុយដែលលោកនឹងប្រឈមការចាប់ខ្លួនរួចទៅហើយ ប៉ុន្មាននាទីមុនពេលចាប់ខ្លួន លោកឆ្លងឆ្លើយប្រាប់អ្នកយកព័ត៌មានអាស៊ីសេរីថា វាជារឿងដែលលោកអេះចំកន្លែងរមាស់ ហើយគ្មានរឿងអី្វដែលលោកត្រូវរត់គេចនោះទេ៕
No comments:
Post a Comment