Monday, 7 September 2020

អាជ្ញាធរ​ឃាត់ព្រះកាយ​ព្រះសង្ឃ និង​យុវជន ដែលគ្រោង​ដឹកនាំ​ធ្វើបាតុកម្ម​នៅទីលានប្រជាធិបតេយ្យ


លោក វ៉ែន សុមេធ
2020-09-06
 លោក មាន ព្រហ្មមុនី និង​ព្រះតេជព្រះគុណ កើត សារ៉ាយ ដែលអាជ្ញាធរឃាត់ខ្លួន​នៅថ្ងៃទី០៦ ខែ​កញ្ញា។
លោក មាន ព្រហ្មមុនី និង​ព្រះតេជព្រះគុណ កើត សារ៉ាយ ដែលអាជ្ញាធរឃាត់ខ្លួន​នៅថ្ងៃទី០៦ ខែ​កញ្ញា។
រូបថតពីហ្វេសប៊ុក



អាជ្ញាធ​ររបប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​អ្នករៀបចំ​គម្រោង​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចំនួន​២នាក់ រួមមាន ព្រះតេជគុណ កើត សារ៉ាយ និង​លោក មាន ព្រហ្មមុនី ដោយគ្មាន​ដីកា​នៅ​រសៀល​ថ្ងៃទី៦ ខែកញ្ញា។ មន្ត្រី​សិទ្ធិមនុស្ស​រិះគន់​ទង្វើ​របស់​អាជ្ញាធរ​ថា​ជា​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ប្រមាណ​ជិត២០នាក់ និង​មន្ត្រី​សង្ឃ៦អង្គ បាន​ចូលទៅឃាត់​ព្រះកាយ​ព្រះសង្ឃ​ខ្មែរថាវរៈ​មួយ​អង្គព្រះនាម កើត សារ៉ាយ និង យុវជន មាន ព្រហ្មមុនី ខណៈ​ក្រុមយុវជន​សកម្ម​ទាំងនេះ កំពុង​ស្នាក់នៅ​ជុំគ្នា​ក្នុង​ស្នាក់ការ​របស់​សមាគម​និស្សិត​បញ្ញវ័ន្ត​ខ្មែរ នៅជាប់​ផ្សារខេស៊ី (KC Market) ស្ថិត​នៅ​សង្កាត់​ពោធិ៍​សែនជ័យ រាជធានី​ភ្នំពេញ។ នៅមុន​ការចាប់ខ្លួន​ប៉ុន្មាននាទី អនុប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មាន ព្រហ្មមុនី ប្រាប់​អាស៊ីសេរី​ថា អាជ្ញាធរ និង​មន្ត្រីសង្ឃ​បាន​ចាប់​ក្រៀក​ព្រះតេជៈគុណ កើត សារ៉ាយ បញ្ចូល​ឡាន ហើយ​ដឹកចេញ​ទៅ​ដោយ​មិនដឹង​ថា ទៅ​ទីណានោះ​ទេ ហើយ​អាជ្ញាធរ​ក៏​បាន​ហាម​ក្រុមយុវជន​មិនឲ្យ​ទៅតាម​ព្រះតេជគុណ កើត សារ៉ាយ ឡើយ។ ក្រោយ​ដាក់​ទូរស័ព្ទ​ចុះ​អាជ្ញាធរ​ក៏បាន​ចាប់​ខ្លួន​យុវជន មាន ព្រហ្មមុនី ម្នាក់​ទៀត។ បន្ទាប់​មក​អាជ្ញាធរ​នៅតែ​បន្ត​យាមកាម​នៅមុខ​ទីស្នាក់ការ​សមាគម​ដដែល និង​មិន​អនុញ្ញាត​ឲ្យ​យុវជន​៥នាក់​ផ្សេង​ទៀត ចាកចេញ​ពី​ទីនោះ​ឡើយ។ សមាជិក​យុវជន​ខ្មែរថាវរៈ កញ្ញា ជា គន្ធីន ដែល​ស្ថិត​នៅក្នុង​ហេតុការណ៍​ឃាត់ខ្លួន​នេះ​ប្រាប់​អាស៊ីសេរី​ថា​ក្នុងពេល​ចាប់ខ្លួន​នោះ​គឺ​អាជ្ញាធរ​មិន​បាន​បង្ហាញ​ដីកា និង​ពន្យល់​អំពី​ហេតុផល​ច្បាស់លាស់​នោះទេ គឺ​ចូល​ទៅចាប់​គ្រៀក​ក​ទាំង​កម្រោល​តែម្តង ព្រមទាំង​គំរាមកំហែង​មិន​ឲ្យ​យុវជន​ថតរូបភាព​ផងដែរ។ កញ្ញា ចាត់ទុក​ថា​ទង្វើ​របស់​អាជ្ញាធរ គឺ​ជា​ការរំលោភ​បំពាន​ច្បាប់ និង​រំលោភសិទ្ធិ មនុស្ស​ធ្ងន់ធ្ងរ ព្រោះ​ក្រុម​យុវជន​មិនបាន​ប្រព្រឹត្ត​អ្វី​ខុសច្បាប់​នោះទេ៖ «វាគឺជា​អំពើ​មួយដែល​ឃោរឃៅ​បំផុត ហើយ​ខ្ញុំ​ជា​ក្មេងស្រី នៅពេល​ឃើញ​ទង្វើ​អាជ្ញាធរ​បែបហ្នឹង គឺ​ក្តុកក្តួល និង​យល់ថា មិនគួរណា​ដែល​អាជ្ញាធរ​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ គាត់​ធ្វើបែបនេះ​សោះ។ ការចាប់​ពួកខ្ញុំ​នេះ គឺ​ដើម្បី​បំបាក់​ស្មារតី​ប្រជាពលរដ្ឋ និង​យុវជនផ្សេងៗ​ទៀត កុំឲ្យ​ងើបឡើង​ធ្វើ​បាតុកម្ម​អហិង្សា​សកម្ម ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព»។


កញ្ញា ជា គន្ធីន មិនទាន់​ដឹងថា អាជ្ញាធរបាន​នាំ​ព្រះតេជគុណ កើត សារ៉ាយ និង​លោក មាន ព្រហ្មមុនី ទៅ​ទីណា​នោះទេ។

អាស៊ីសេរី​មិនអាច​សុំ​ការឆ្លើយតប​ពី​អធិការនគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ លោក នេត ស៊ីថុន អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ឆាយ គឹមខឿន ព្រមទាំង​អ្នកនាំពាក្យ​សាលារាជនី​ភ្នំពេញ លោក ម៉េត មាសភក្តី បានទេ ដោយ​ទូរស័ព្ទ​ចូល​ពុំមាន​អ្នកទទួល។ចំណែក​អ្នកនាំពាក្យ​ស្នងការរដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា ក៏​មិន​ទទួល​ទូរស័ព្ទ​ដែរ។ ទោះយ៉ាងណា លោក សាន សុខសីហា ប្រាប់វីអូឌី (VOD) ថា សមត្ថកិច្ច​បានចាប់ខ្លួន លោក មាន ព្រហ្ម មុនី តាម​ដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​រឿងព្រំដែន​កម្ពុជា-វៀតណាម ហើយ​សមត្ថកិច្ច​បាន​បញ្ជូន​យុវជនរូប​នេះ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ភ្លាមៗ ដើម្បី​ចាត់ការ​តាម​ច្បាប់។

ការឃាត់ខ្លួន​នេះ​បន្ទាប់​ពី​ក្រុម​យុវជន នៅ​តែ​ប្រកាស​រក្សា​ជំហរ​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​រយៈពេល​មួយ​សប្តាហ៍ ចាប់​ពី​ថ្ងៃទី៧ ខែកញ្ញា ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម​រួមមាន៖ការទាមទារ​ឲ្យ​ដោះលែង​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន និង​អ្នកទោស​មនសិការ​ដទៃ​ទៀត បើទោះបីជា​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត និង​ព្រមាន​បង្ក្រាប​ក្តី។

សាលារាជធានី​ភ្នំពេញ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ជូនដំណឹង​ថា​អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ក្រុមយុវជន​ជួបជុំ​សម្តែង​មតិ​តាម​ការស្នើសុំ​បាន​ទេ ក្រោម​ហេតុផល​ថា ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​សាធារណៈ ព្រមទាំង​ចោទ​ក្រុមយុវជន​ថា​ការអំពាវនាវ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក (Facebook) ឈ្មោះ​ពលរដ្ឋ​សកម្ម គឺ​មាន​ចរឹត​ញុះញង់​ប្រឆាំង​ដំណើការ​នីតិវិធី​របស់​តុលាការ។

នាយករង​ទទួល​បន្ទុក​ផ្នែកឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការលីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ អាជ្ញាធរ​រដ្ឋាភិបាល​កាន់តែ​បំបិទ​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​ក្រុម​យុវជន​ក្នុង​ការប្រមូលផ្តុំ​សម្តែង​មតិ​ដោយ​សន្តិវិធី។ លោក យល់​ថា​ទង្វើ​ទាំងនេះ​នឹង​កាន់តែ​ធ្វើឲ្យ​កម្ពុជា​មាន​កេរ្តិ៍ឈ្មោះ​អាក្រក់​ផ្នែករំលោភ​សិទ្ធិមនុស្ស​នៅ​លើ​ឆាក​អន្តរជាតិ៖​ «ជាពិសេស​ក្រុម​យុវជន ដែល​បាន​ជូនដំណឹង​ក្នុង​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​ទីលាន​ប្រជាធិបតេយ្យ​នេះ ក៏​មិនត្រូវ​បាន​អនុញ្ញាត​ដែរ ដូច្នេះ​ទង្វើ​នេះ យើង​មើល​ឃើញ​ថា​សេរីភាព​ជា​មូលដ្ឋាន​នេះ កាន់តែ​រឹតត្បិត​កាន់តែ​ធ្ងន់ធ្ងរ។ បញ្ហា​ទាំងអស់​នេះ ខ្ញុំ​គិត​ថា​បញ្ហា​ទាំងនេះ​នឹង​នាំ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ គេ​កត់សម្គាល់​បន្ថែម​ទៀត​ពីរឿង​រឹតត្បិត​សិទ្ធិសេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ក៏ដូច​ជារឿង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស ដែល​មាន​ន័យ​ថា​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​យើង​កាន់តែ​ធ្លាក់ចុះ។»

របបក្រុង​ភ្នំពេញ​បាន​បង្ក្រាប​ដោយ​ហិង្សា​លើ​អ្នកតវ៉ា និង​បាន​បង្កើន​ការចាប់ចង​សកម្មជន និង​យុវជន​ដាក់គុក​កាន់តែច្រើន​ឡើង ក្នុង​រយៈពេល​មួយខែ​ចុងក្រោយ​នេះ ដោយសារ​តែ​ពួកគេ​តវ៉ាទាមទារ​ឲ្យ​មាន​ការដោះលែង​អ្នកជាប់ឃុំ​មនសិកា និង​យុត្តិធម៌​សង្គម។

សហគមន៍ជាតិ និង​អន្តរជាតិ​តែង​ទទូច​ឲ្យ​របប លោក ហ៊ុន សែន គោរពសិទ្ធិ និង​សេរីភាព​ជា​មូល ដ្ឋាន​របស់​ពលរដ្ឋ ស្របតាម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​ឲ្យ​បាន​ខ្ជាប់ខ្ជួន។ រដ្ឋធម្មនុញ្ញ​ចែងថា ពលរដ្ឋ​មានសិទ្ធិ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ព្រមទាំង​មាន​សិទ្ធិ​ធ្វើ​កូដកម្ម និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី៕

No comments: