ដោយ ជាតិ ចំណាន
2020-09-05
(ពីឆ្វេង) កញ្ញា ភួន កែវរស្មី កញ្ញា ឡុង គន្ធា និងលោក ថុន រដ្ឋា យុវជនមាតាធម្មជាតិ ដែលអាជ្ញាធរឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក
តំណាងគណបក្សនយោបាយមួយចំនួន បញ្ចេញប្រតិកម្មផ្សេងៗ គ្នាជុំវិញទង្វើរបស់អាជ្ញាធរ របបក្រុងភ្នំពេញ ដែលបង្ក្រាបដោយហិង្សា និងបង្កើនការចាប់ខ្លួនអ្នកតស៊ូមតិដោយអហិង្សា ដែលភាគ ច្រើនជាយុវជន និងស្ត្រីជាបន្តបន្ទាប់។ ពួកគេភាគច្រើន ចាត់ទុកទង្វើរបស់អាជ្ញាធររបបក្រុងភ្នំពេញ ថា កាន់តែបំពានច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
គណបក្សមួយចំនួន ព្រួយបារម្ភកាន់តែខ្លាំងនៅពេលអាជ្ញាធររបបក្រុងភ្នំពេញ បន្តសកម្មភាពយាយី និងបង្ក្រាបដោយហិង្សាទៅលើអ្នកតវ៉ាដោយសន្តិវិធី ព្រមទាំងបង្កើនការចាប់ខ្លួនប្រជាពលរដ្ឋ សកម្មជនសង្គម និងនយោបាយ ហើយបកស្រាយច្បាប់តាមទំនើងចិត្ត។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ លើកឡើងថា ជារឿងអាក្រក់ហួសថ្លែងដែលរបបលោក ហ៊ុន សែន បំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋគ្រប់បែបយ៉ាង និងថែមទាំងបង្កើតលេសដោយឥតអៀនខ្មាស ដើម្បីចាប់អ្នកតស៊ូមតិដោយអហិង្សាដាក់ពន្ធនាគារ និងប្រើហិង្សាទៅ លើប្រពន្ធកូនៗ របស់សមាជិកគណបក្សសង្គ្រោះជាតិ ខណៈពួកគេគ្រាន់តវ៉ាដោយសន្តិវិធីរកយុត្តិធម៌ឲ្យប្តីដែលត្រូវបានចាប់ឃុំខ្លួនទាំងបំពាន។ លើសពីនេះ អ្នកស្រី ថ្កោលទោសដាច់អហង្ការចំពោះ ទង្វើដែលកងសន្តិសុខខណ្ឌ ៧មករា ចាប់ទាញបោកស្ត្រីអ្នកតវ៉ាម្នាក់វ័យ ៤៩ឆ្នាំ ផ្ទាប់នឹងថ្នល់ទាំងកម្រោលបណ្ដាលឲ្យរបួសធ្ងន់ ហើយមិនបានជួយលើក និងនាំទៅពេទ្យ តែបែរជាមានមន្ត្រីថ្នាក់លើចេញមុខការពារទាំងងងឹតងងល់ថែមទៀត។ អ្នកស្រី អំពាវនាវឲ្យប្រជាពលរដ្ឋ ងើបឡើងព្រមគ្នា ដើម្បីទាមទារសិទ្ធិសេរីភាព និងផលប្រយោជន៍រួមទាំងអស់គ្នា ដោយមិនត្រូវអនុញ្ញាតឲ្យរបបលោក ហ៊ុន សែន ធ្វើអ្វីតាមអំពើចិត្តនោះទេ។
ទន្ទឹមគ្នានេះ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យេង វីរៈ សោកស្ដាយដែលរដ្ឋាភិបាលអសមត្ថភាពក្នុងការបង្កលក្ខណៈងាយស្រួលឲ្យប្រជាពលរដ្ឋ អាចអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនបានដោយពុំមានការភ័យខ្លាច និងថែមទាំងប្រើប្រាស់កម្លាំងប្រជាការពារ ដែលមិនមែនជាកម្លាំងជំនាញទៅបង្ក្រាបដោយ ហិង្សាលើអ្នកតវ៉ាថែមទៀត។ លោក ចោទសួរថា តើការបង្កើតកងកម្លាំងប្រជាការពារនេះយោងតាមច្បាប់អ្វីហើយ តើពួកគេមានភារកិច្ចអ្វីខ្លះទៀត ព្រោះលោកជឿថា ក្រុមប្រជាការពារនេះ គ្មានសិទ្ធិអំណាចទៅប្រើហិង្សាវាយដំប្រជាពលរដ្ឋនោះទេ។ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋានរូបនេះ ក៏សោកស្ដាយចំពោះការចាប់ និងចោទប្រកាន់សកម្មជនផ្សេងៗ ដាក់ពន្ធនាគារដែរ ដោយលោកមើលឃើញថា សកម្មភាពរបស់ពួកគេ ធានាការពារដោយច្បាប់កំពូលរបស់ជាតិ ដូច្នេះរដ្ឋាភិបាលគួរតែពិចារណាឡើងវិញ ដើម្បីលើកកម្ពស់ការចូលរួមកិច្ចការងារសង្គម និងនយោបាយរបស់ប្រជាពលរដ្ឋគ្រប់រូប៖ «...
រីឯអគ្គលេខាធិការគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ចិន ថុន ថ្លែងថា គណបក្សរបស់ លោកមិនសូវចាប់អារម្មណ៍នឹងព្រឹត្តិការណ៍ចាប់ចង និងការបង្ក្រាបលើអ្នកតវ៉ានោះទេ ដោយសាររវល់ពង្រឹងគណបក្សនៅតាមមូលដ្ឋាន។ លោកបន្តថា សម្រាប់ស្ថានភាពនយោបាយនៅស្រុកខ្មែរ បច្ចុប្បន្ននេះ គ្មានអ្វីខុសប្លែកពីមុននោះទេ គឺនៅតែចាប់ហើយលែង និងលែងហើយចាប់វិញដដែលជាដដែល។ លោក ចិន ថុន យល់ថា អ្នកដែលត្រូវបានគេចាប់ដាក់ពន្ធនាគារកន្លងមក គឺដោយសារតែធ្វើនយោបាយមិនស្គាល់ស្ថានការណ៍ ហើយចេះតែបង្កើតព្រឹត្តិការណ៍នានា ដើម្បីបានកេរ្តិ៍ឈ្មោះល្បី៖ «...
ចំណែកប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញករណីទាំងនេះទេ។
ដោយឡែក អ្នកនាំពាក្យគណបក្សខ្មែរឈ្នះ លោក យិន ឈឿន ទាមទារឲ្យរដ្ឋាភិបាលដោះលែងអ្នកទោស មនសិការ និងងាកទៅគោរពសិទ្ធិមនុស្សឡើងវិញ ដោយបញ្ឈប់ការចាប់ចងទាំងបំពាន និងការបង្ក្រាបដោយហិង្សាលើពលរដ្ឋតទៅទៀត ព្រោះពលរដ្ឋគ្រប់រូបមានសិទ្ធិសេរីភាពពេញលេញក្នុងការចូលរួមបញ្ហាសង្គម និងនយោបាយ៖ «...
ស្រដៀងគ្នានេះ ប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា ថ្កោលទោសចំពោះទង្វើហិង្សារបស់ កងសន្តិសុខ និងអាជ្ញាធរខណ្ឌ ៧មកទៅលើអ្នកតវ៉ាដែលភាគជាស្ត្រី និងយុវជន។ លោកក៏ទាមទារឲ្យរដ្ឋាភិបាល និងតុលាការ ចាត់វិធានការច្បាប់ទៅលើប្រជាការពារខណ្ឌ ៧មក ម្នាក់ឈ្មោះ ឆោម ប្រសិដ្ឋ ឲ្យបានតឹងរ៉ឹង ដើម្បីផ្តល់យុត្តិធម៌ដល់ស្ត្រីរងគ្រោះ។ លោក គង់ មុនីកា បន្តថា ប្រសិនបើរដ្ឋាភិបាល បណ្ដោយឲ្យមានការបង្ក្រាបដោយហិង្សាលើអ្នកតវ៉ា និងបង្កើនការចាប់ខ្លួនជាបន្តទៅទៀត គឺបង្ហាញថា រដ្ឋាភិបាល និងសមត្ថកិច្ច មិនបានគោរពតាមគោលការណ៍ប្រជាធិបតេយ្យ និងគោរព គោលការណ៍សិទ្ធិមនុស្សដូចដែលខ្លួនបានអះអាងនោះទេ៖ «...
ឆ្លើយតបនឹងការរិះគន់ទាំងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថា ការបង្ក្រាបរបស់អាជ្ញាធរ គឺជាការអនុវត្តច្បាប់ ដោយលោកចោទថា អ្នកតវ៉ាទាំងនោះ អាងសិទ្ធិសេរីភាពលើព្រំដែនកំណត់នៃច្បាប់៖ «.....
ទោះជាអ្នកនាំពាក្យបក្សកាន់អំណាចបកស្រាយបែបនេះក្តី ក្រុមសង្កេតការណ៍ និងអ្នកសិទ្ធិមនុស្សវាយតម្លៃថា វិធានការរបស់អាជ្ញាធររបបក្រុងភ្នំពេញមួយរយៈពេលចុងក្រោយនេះ រំលោភបំពានធ្ងន់ធ្ងរលើសិទ្ធិសេរីភាពពលរដ្ឋ ស្របពេលស្ថាប័នតុលាការដែលត្រូវរកយុត្តិធម៌ជូនពលរដ្ឋនោះវិញ រងការរិះគន់ថា ជាឧបករណ៍របស់គណបក្សកាន់អំណាចដើម្បីបង្ក្រាបសំឡេងឯករាជ្យ និងសំឡេងប្រឆាំង។
សហគមន៍ជាតិ និងអន្តរជាតិតែងទទូចឱ្យរបបលោក ហ៊ុន សែន គោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ស្របតាមច្បាប់ និងរដ្ឋធម្មនុញ្ញឱ្យបានខ្ជាប់ខ្ជួន។ រដ្ឋធម្មនុញ្ញចែងថា ពលរដ្ឋមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងមានសិទ្ធិធ្វើកូដកម្ម និងធ្វើបាតុកម្មដោយសន្តិវិធី។ ច្បាប់រ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គលណាមួយឡើយ ហើយច្បាប់ការពារជីវិត កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ៕
No comments:
Post a Comment