Wednesday, 9 September 2020

"​កម្ពុជា​ចាក់​អង្ករ​យកអង្កាម​ រឿង​​ធ្វើ​​ឲ្យ​​បាត់​​ EBA​ មួយ​ផ្នែក​ រួច​រត់​ទៅ​ពឹង​ចិនកុម្មុនីស្ត​​"


ដោយ មួង ណារ៉េត
2020-09-08
រូប​ត្លុក​របស់អាស៊ីសេរី (រូបឆ្វេង) និង​រូប​លោក ហ៊ុន សែន ប្រធានាធិបតីចិន ស៊ី​ ជីន​ពីង​ និង​លោក ហ៊ុន ម៉ាណែត (រូបស្ដាំ)
រូប​ត្លុក​របស់អាស៊ីសេរី (រូបឆ្វេង) និង​រូប​លោក ហ៊ុន សែន ប្រធានាធិបតីចិន ស៊ី​ ជីន​ពីង​ និង​លោក ហ៊ុន ម៉ាណែត (រូបស្ដាំ)
RFA និង​ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត



អ្នកវិភាគ​គោល​នយោបាយ​ និង​​មន្រ្តីសិទ្ធិមនុស្ស​​អន្តរជាតិ​ សុទ្ធតែ​យល់ស្រប​គ្នា​ថា​ របបក្រុង​ភ្នំពេញ​ ធ្វើ​នយោបាយ​​​ចាក់​អង្ករ​យក​អង្កាម​ រឿង​ធ្វើ​ឲ្យ​បាត់​ EBA​ ពី​ប្រទេស​ប្រជាធិបតេយ្យ​​សេរី​​ រួចហើយ​​បែរជា​ទៅ​​ពឹង​ចិន​កុម្មុនីស្ត​ ឲ្យ​ជួយ​ផ្នែក​ពាណិជ្ជកម្ម​​ បើទោះបីជា​​ប្រទេស​ចិន​ មាន​ប្រវត្តិ​កេង​ប្រវ័ញ្ច​ពី​កម្ពុជា​ក្តី​។

អ្នកវិភាគ​​គោល​នយោបាយ​ និង​​ជា​​សាស្ត្រាចារ្យ​​ផ្នែក​កិច្ចការ​​ពិភពលោក​ នៃ​​មហាវិទ្យាល័យ​ Occidental​ នៃ​រដ្ឋ​​កាលីហ្វ័រញ៉ា ​សហរដ្ឋ​អាមេរិក​ លោកបណ្ឌិត​ អៀ​ សុផល​ យល់​ថា​​ វា​ជា​រឿង​ផ្តេសផ្តាស​មួយ​ ដែល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន​ សែន​ និង​​គណបក្ស​ប្រជាជន​កម្ពុជា​​ ​សុខៗ​ធ្វើឲ្យបាត់បង់​ប្រភព​នៃប្រាក់​ចំណូល​ ដ៏ធំមួយ​​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​​។​ គ្មាន​ EBA​ គឺ​គ្មានលុយ​ហូរចូល​ដូចមុន​ទៀតទេ​។​ លោក​ថា​ ការបាត់បង់​ដ៏​ធំធេងនេះ​ គ្មាន​អ្វី​អាចមកប៉ះប៉ូវ​ជំនួស​បាន​នោះឡើយ​​។​ លោកចោទ​ជា​សំណួរ​ថា​ តើកម្ពុជា​អាងអ្វី​ ឬអាងលក់​ ឬជួលដី​ខ្មែរ​ ​ឲ្យបរទេស​ ៩៩ ឆ្នាំ​​?


ប្រតិកម្ម​​របស់​​អ្នកវិភាគ​គោលនយោបាយ​រូបនេះ​ ធ្វើឡើង​ក្រោយ​របបក្រុងភ្នំពេញ រំលោភ​សិទ្ធិ​មនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ និងមានះ​មិនព្រម​ស្តារស្ថានភាព​អាក្រក់នេះ​ឡើងវិញ រហូត​ដល់​សហភាពអឺរ៉ុប​សម្រេច ដកការអនុគ្រោះពន្ធ​ EBA​ ២០%​ ដែលមាន​ទំហំ​ទឹកប្រាក់​ជាង ១ពាន់​លានដុល្លារ​ពីកម្ពុជា កាលពី​ថ្ងៃទី​ ១២​ ខែ​ សីហា​។​

ប៉ុន្តែ​ក្នុងពេលជាមួយគ្នា​នោះ ​របបក្រុងភ្នំពេញ នៅចុងខែ កក្កដា បាន​ប្រញាប់ប្រញាល់​បង្ហើយ​ការចរចា​ជាមួយ​រដ្ឋាភិបាលចិន​​កុម្មុនីស្ត​ដើម្បី​ឈានទៅ​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន (FTA)​។​

មន្រ្តី​របប​ក្រុងភ្នំពេញ​ ហាក់ដូចជា​មានភាព​ត្រេកអរ​ នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​នេះ​ណាស់ ដោយ​ម្នាក់ៗ​ ឡើង​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ​អួតអាង​អំពីផលចំណេញ​ពី​កិច្ចព្រមព្រៀង​នេះ ស្របពេល​ដែល​របបនេះ ធ្វើឲ្យ​បាត់​ផលប្រយោជន៍​ ដ៏ធំធេង​ពីការអនុគ្រោះពន្ធ​ EBA​ ដែលមិនសមនឹង​បាត់សោះ​យ៉ាងណាក៏ដោយ​។​

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​លោក សុខ​ សុភ័ក្រ្ដ​ ថ្លែង​អួតថា​ទំនិញ​ខ្មែរ​ប្រមាណ​ជាង​ ១ម៉ឺន​មុខ​ (១០,៨៥០) នឹងរួចពន្ធ​នាំទៅចិន​ ស្របពេល​ដែល​ទំនិញ​រួចពន្ធ​របស់​ចិន​នាំមក​កម្ពុជា​មាន​ប្រមាណ​ ៩,៥៣០ មុខ​ប៉ុណ្ណោះ​។ ទោះជាយ៉ាងណា​ លោក​ សុខ​ សុភ័ក្រ្ត​ បញ្ជាក់​ថា​ ក្នុង​ទំនិញ​របស់ខ្មែរ​ទាំង​ជាង​ ១ម៉ឺន​មុខ​នេះ​ គឺមាន​ទំនិញ​ធំៗ​ជាច្រើន​មុខ​ មិន​រួច​ពន្ធ​ទេ <<ជាប់​ពន្ធ​មួយ​ចំនួន ដូចជា​អង្ករ​ ដូចជា​កៅស៊ូ ​ដូចជា​ថ្នាំជក់​ ដូចជា​ស្ករស​ មួយទៀត​ទាក់ទងទៅនឹង​ម្សៅ​ធ្វើពី​ពោត​សាលី​ នៅ​ជាប់​ពន្ធ​ខ្លះ​>>​។​

កម្ពុជា​រង​ការរិះគន់​ ថាមិនទាន់​បានត្រៀម​លក្ខណៈ​គ្រប់គ្រាន់​ ដើម្បី​ប្រកួត​ប្រជែង​លើទីផ្សារ​ ផ្នែក​ពាណិជ្ជកម្ម​សេរី​ជាមួយប្រទេស​ជិតខាង​បានផង​ កុំថាឡើយទៅ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន​នោះ ព្រោះកម្លាំង​ផលិត​ក្នុង​ស្រុក នៅ​មានកម្រិត​។

​មន្រ្តី​របប​ក្រុងភ្នំពេញ​មួយរូប​ទៀត ដែល​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គោលនយោបាយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺ​លោក​ ចាន់​ សុភាព​ ទទួលស្គាល់​ថា ចិន​គឺជាភាគី​ផលិតដ៏​ធំបំផុត​មួយនៅ​លើ​ពិភពលោក​ដែរ <<ទោះជា​អត់មាន FTA នេះ​យើង​ដឹង​ហើយ ប្រទេសចិន​គឺជាប្រទេស​អ្នក​ផលិត​ធំ power house មួយ និង​ជា production house មួយធំ។ ទោះជា​អត់មាន​ FTA នេះក៏យើង​នៅតែត្រូវការ​នាំ​ទំនិញ​មកពីចិន​ដដែល​ហ្នឹង​>>​។​

ក្នុង​ស្ថានភាព​ ដែល​កម្ពុជា​តូច កម្រិត​ផលិត​បានដោយ​ខ្លួនឯង​នៅទាប​ ដែលមិនអាច​ធៀបនឹង​ប្រទេស​ធំ​ដូចប្រទេសចិន​បែបនេះ​ ទើបធ្វើ​ឲ្យ​លោក បណ្ឌិត អៀ សុផល យល់ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយចិន​នេះ គឺជាការ​គេចយករួចខ្លួន​ពីការរំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ និង​សង្ឃឹម​ថា​យកពាណិជ្ជកម្ម​សេរីចិន មកជួយប៉ះប៉ូវ​ជំនួស​។ ប៉ុន្តែ​លោក​ អៀ សុផល​ ថា​រឿងនេះ​ ទៅមិនរួចទេ​ ព្រោះចិន​ទិញ ១ដុល្លារ​ពីខ្មែរ​ ប៉ុន្តែខ្មែរ​ទិញ ៧ដុល្លារ​ពីចិន​ គឺ​បានន័យ​ ខុសគ្នា​ដល់ទៅ​ ៧ ដង​ឯណោះ​។​

ជាងនេះ​ទៅទៀត​ លោកអះអាងថា​ការងាក​ខ្លាំងទៅរកចិន​ រហូត​អនុញ្ញាត​ឲ្យចិន​សង់មូលដ្ឋាន​ទ័ពនៅ​កម្ពុជា និង​ជួលដីកម្ពុជា​ឲ្យចិន ៩៩ ឆ្នាំជាដើម​ គឺមិនមែន​ជាដំណោះស្រាយ​នោះឡើយ​។​ ប៉ុន្តែ​ វានឹង​នាំទៅរក​បញ្ហាកាន់តែខ្លាំង​ជាងនេះ​។​

នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក​ ប្រ៊ែដ​ អាដាម​ (Brad Adams)​ ឯណោះ​ថា ការប្រញាប់​ប្រញាល់​ឲ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយចិន​ ជាវាយវិការផ្គើន​ និង​ឌឺដាក់​សហភាព​អឺរ៉ុប​។​ លោកថា​ កម្ពុជា​កំពុងតែ​ចាក់អង្ករ​យកអង្កាម​៖​ << តើដែល​មានប្រទេសណាមួយ​ក្នុង​លោក​នេះ​ ដែលចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយចិន​ ហើយ​បាន​ចំណេញ​អ្វីខ្លះ​ដល់​ប្រទេស​ខ្លួនឯង ក្រៅតែពី​ចិនឬទេ​?​ គឺអត់​ដែលមានទេ​! ដូច្នេះ​អ្នកដែល​បានប្រយោជន៍​គឺចិន​ឯណោះទេ​ មិនមែនខ្មែរទេ​។ ខ្ញុំថាព័ត៌មាន​អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយចិន​នេះ វាល្អ​តែមើល​ទេ មិនល្អហូបទេ​។ វាគ្រាន់តែ​ជាព័ត៌មានលម្អ ​តាមកញ្ចក់ទូរទស្សន៍ និង​ប្រព័ន្ធ​ឃោសនា​របស់លោក​ ហ៊ុន សែន ​ប៉ុណ្ណោះ​ ថាកម្ពុជា​ចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី។​ ជាក់ស្ដែង​រឿងចិននេះ​ ទៅដល់ទីណា​ គឺកេងប្រវ័ញ្ច​ប្រយោជន៍​ម្ចាស់ផ្ទះ​នៅទីនោះ​។ ពាណិជ្ជកម្មសេរី​ទូទៅ​ គ្មានអ្វីអាក្រក់ទេ​ តែបើជាមួយចិន​ គឺកម្ពុជា​ជាអ្នកខាតបង់​! អត់មាន​ចំណេញ​អ្វីទេ!​>>​។

ឲ្យ​ជាអនុសាសន៍​ទៅរបប​ក្រុងភ្នំពេញ​ថា ដើម្បី​ធ្វើយ៉ាងណា​កុំឲ្យពឹងចិន និង​ធ្វើឲ្យ​ខ្មែរ​ចំណេញ​យូរអង្វែង​ គឺគ្មានអ្វី​លំបាក​ទេ តែ​លោក​ ហ៊ុន សែន ត្រូវ​កែចរិត និង​របៀប​ដឹកនាំ​សព្វថ្ងៃ​ <<គោរពរដ្ឋធម្មនុញ្ញកម្ពុជា អនុវត្តតាម​សន្ធិសញ្ញាអន្តរជាតិ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​ ធ្វើខ្លួន​ឲ្យជា​រដ្ឋាភិបាល​ល្អ កុំធ្វើខ្លួន​ជារដ្ឋាភិបាល​ពុករលួយ និង​ផ្តាច់ការ​ដូចសព្វថ្ងៃ។ បើ​លោក​ ហ៊ុន សែន​ កែចរិត និង​របៀបដឹកនាំ ធ្វើខ្លួនជា​អ្នកប្រជាធិបតេយ្យ​នឹង​គេ។ ចាបផ្តើម​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​។ អនុញ្ញាតឲ្យ​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​ មានសេរីភាព​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ ដោយគ្មានការធ្វើទុក្ខបុកម្នេញ​។ ប្រកាស​ថា​ការបោះឆ្នោត​ខាងមុខ​ នឹង​ធ្វើឲ្យមានភាព​សេរី ត្រឹមត្រូវ​ និងយុត្តិធម៌​ជាដើម។ តាមពិត​បើលោក ហ៊ុន សែន ធ្វើតែតាមអ្វី​ដែល​សហភាព​អឺរ៉ុប ​ស្នើឲ្យធ្វើ ក៏កម្ពុជា​មិនវេទនានោះ​ទេ​។ បើគាត់កែខ្លួន សហគមន៍អន្តរជាតិ គេចាំតែជួយ​កម្ពុជា​ហ្នឹង!​ និយាយរួម បើ​លោក ហ៊ុន សែន គ្រាន់តែ​ស្តារសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើងវិញ ប្រាកដណាស់​សហគមន៍អន្តរជាតិ មានអាមេរិក អឺរ៉ុប អូស្រ្តាលី និ​ង​ជប៉ុន​ជាដើម​ គេចាំតែ​ជួយទេ។ បើធ្វើបែបនេះ​បាន មិនខ្វះគេជួយទេ​ មិនចាំបាច់ពឹងចិន នាំតែឲ្យចិន​កេងប្រវ័ញ្ច​ខ្មែរ​បែបនេះ​នោះទេ​>>។​

តើលោក​ ហ៊ុន សែន​ អាច​កែចរិត ដើម្បីឲ្យចំណេញខ្មែរនេះ​បានដែរ​ឬយ៉ាងណា គឺមាន​តែពេលវេលា​ប៉ុណ្ណោះ​ទើប​អាចបញ្ជាក់​បាន។​

ទោះជាយ៉ាងនេះក្តី​ កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយចិននេះ​ ឥឡូវ​មិនដឹង​ថានឹង​ត្រូវ​ចុះ​ហត្ថលេខា​ពេលណានៅឡើយ​ទេ ព្រោះ​វិបត្តិនៃជំងឺកូវីដ-១៩ ក៏មិនទាន់ធូរស្បើយ​នោះដែរ​។ ប៉ុន្តែ​ មន្រ្តីរដ្ឋាភិបាល​ ថាអ្វីៗរួចរាល់​អស់ហើយ​ នៅចាំតែ​ថ្ងៃចុះហត្ថលេខា​តែប៉ុណ្ណោះ​៕​

1 comment:

Anonymous said...

The Khmer traitor Hun Sen kept killing or imprisoning people because he had never suffered any consequences from his criminal acts. He has done whatever it took to please his master Yuon in exchange for his stay in power.

It is so sick when the evil Yuon built many posts inside Cambodia's territory and Ah Chker Chkuot Hun Sen did not say anything, but he has the gut to arrest and imprison people who complained about Yuon's encroachment of Khmer land.