ដោយ មួង ណារ៉េត
2020-09-08
រូបត្លុករបស់អាស៊ីសេរី (រូបឆ្វេង) និងរូបលោក ហ៊ុន សែន ប្រធានាធិបតីចិន ស៊ី ជីនពីង និងលោក ហ៊ុន ម៉ាណែត (រូបស្ដាំ)
RFA និងហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
អ្នកវិភាគគោលនយោបាយ និងមន្រ្តីសិទ្ធិមនុស្សអន្តរជាតិ សុទ្ធតែយល់ស្របគ្នាថា របបក្រុងភ្នំពេញ ធ្វើនយោបាយចាក់អង្ករយកអង្កាម រឿងធ្វើឲ្យបាត់ EBA ពីប្រទេសប្រជាធិបតេយ្យសេរី រួចហើយបែរជាទៅពឹងចិនកុម្មុនីស្ត ឲ្យជួយផ្នែកពាណិជ្ជកម្ម បើទោះបីជាប្រទេសចិន មានប្រវត្តិកេងប្រវ័ញ្ចពីកម្ពុជាក្តី។
អ្នកវិភាគគោលនយោបាយ និងជាសាស្ត្រាចារ្យផ្នែកកិច្ចការពិភពលោក នៃមហាវិទ្យាល័យ Occidental នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកបណ្ឌិត អៀ សុផល យល់ថា វាជារឿងផ្តេសផ្តាសមួយ ដែលកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា សុខៗធ្វើឲ្យបាត់បង់ប្រភពនៃប្រាក់ចំណូល ដ៏ធំមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ គ្មាន EBA គឺគ្មានលុយហូរចូលដូចមុនទៀតទេ។ លោកថា ការបាត់បង់ដ៏ធំធេងនេះ គ្មានអ្វីអាចមកប៉ះប៉ូវជំនួសបាននោះឡើយ។ លោកចោទជាសំណួរថា តើកម្ពុជាអាងអ្វី ឬអាងលក់ ឬជួលដីខ្មែរ ឲ្យបរទេស ៩៩ ឆ្នាំ?
ប្រតិកម្មរបស់អ្នកវិភាគគោលនយោបាយរូបនេះ ធ្វើឡើងក្រោយរបបក្រុងភ្នំពេញ រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យធ្ងន់ធ្ងរ និងមានះមិនព្រមស្តារស្ថានភាពអាក្រក់នេះឡើងវិញ រហូតដល់សហភាពអឺរ៉ុបសម្រេច ដកការអនុគ្រោះពន្ធ EBA ២០% ដែលមានទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារពីកម្ពុជា កាលពីថ្ងៃទី ១២ ខែ សីហា។
ប៉ុន្តែក្នុងពេលជាមួយគ្នានោះ របបក្រុងភ្នំពេញ នៅចុងខែ កក្កដា បានប្រញាប់ប្រញាល់បង្ហើយការចរចាជាមួយរដ្ឋាភិបាលចិនកុម្មុនីស្តដើម្បីឈានទៅចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន (FTA)។
មន្រ្តីរបបក្រុងភ្នំពេញ ហាក់ដូចជាមានភាពត្រេកអរ នឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិននេះណាស់ ដោយម្នាក់ៗ ឡើងថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អួតអាងអំពីផលចំណេញពីកិច្ចព្រមព្រៀងនេះ ស្របពេលដែលរបបនេះ ធ្វើឲ្យបាត់ផលប្រយោជន៍ ដ៏ធំធេងពីការអនុគ្រោះពន្ធ EBA ដែលមិនសមនឹងបាត់សោះយ៉ាងណាក៏ដោយ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មលោក សុខ សុភ័ក្រ្ដ ថ្លែងអួតថាទំនិញខ្មែរប្រមាណជាង ១ម៉ឺនមុខ (១០,៨៥០) នឹងរួចពន្ធនាំទៅចិន ស្របពេលដែលទំនិញរួចពន្ធរបស់ចិននាំមកកម្ពុជាមានប្រមាណ ៩,៥៣០ មុខប៉ុណ្ណោះ។ ទោះជាយ៉ាងណា លោក សុខ សុភ័ក្រ្ត បញ្ជាក់ថា ក្នុងទំនិញរបស់ខ្មែរទាំងជាង ១ម៉ឺនមុខនេះ គឺមានទំនិញធំៗជាច្រើនមុខ មិនរួចពន្ធទេ <<ជាប់ពន្ធមួយចំនួន ដូចជាអង្ករ ដូចជាកៅស៊ូ ដូចជាថ្នាំជក់ ដូចជាស្ករស មួយទៀតទាក់ទងទៅនឹងម្សៅធ្វើពីពោតសាលី នៅជាប់ពន្ធខ្លះ>>។
កម្ពុជារងការរិះគន់ ថាមិនទាន់បានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីប្រកួតប្រជែងលើទីផ្សារ ផ្នែកពាណិជ្ជកម្មសេរីជាមួយប្រទេសជិតខាងបានផង កុំថាឡើយទៅប្រកួតប្រជែងជាមួយប្រទេសចិននោះ ព្រោះកម្លាំងផលិតក្នុងស្រុក នៅមានកម្រិត។
មន្រ្តីរបបក្រុងភ្នំពេញមួយរូបទៀត ដែលជាអគ្គនាយករងនៃអគ្គនាយកដ្ឋានគោលនយោបាយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺលោក ចាន់ សុភាព ទទួលស្គាល់ថា ចិនគឺជាភាគីផលិតដ៏ធំបំផុតមួយនៅលើពិភពលោកដែរ <<ទោះជាអត់មាន FTA នេះយើងដឹងហើយ ប្រទេសចិនគឺជាប្រទេសអ្នកផលិតធំ power house មួយ និងជា production house មួយធំ។ ទោះជាអត់មាន FTA នេះក៏យើងនៅតែត្រូវការនាំទំនិញមកពីចិនដដែលហ្នឹង>>។
ក្នុងស្ថានភាព ដែលកម្ពុជាតូច កម្រិតផលិតបានដោយខ្លួនឯងនៅទាប ដែលមិនអាចធៀបនឹងប្រទេសធំដូចប្រទេសចិនបែបនេះ ទើបធ្វើឲ្យលោក បណ្ឌិត អៀ សុផល យល់ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិននេះ គឺជាការគេចយករួចខ្លួនពីការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ និងសង្ឃឹមថាយកពាណិជ្ជកម្មសេរីចិន មកជួយប៉ះប៉ូវជំនួស។ ប៉ុន្តែលោក អៀ សុផល ថារឿងនេះ ទៅមិនរួចទេ ព្រោះចិនទិញ ១ដុល្លារពីខ្មែរ ប៉ុន្តែខ្មែរទិញ ៧ដុល្លារពីចិន គឺបានន័យ ខុសគ្នាដល់ទៅ ៧ ដងឯណោះ។
ជាងនេះទៅទៀត លោកអះអាងថាការងាកខ្លាំងទៅរកចិន រហូតអនុញ្ញាតឲ្យចិនសង់មូលដ្ឋានទ័ពនៅកម្ពុជា និងជួលដីកម្ពុជាឲ្យចិន ៩៩ ឆ្នាំជាដើម គឺមិនមែនជាដំណោះស្រាយនោះឡើយ។ ប៉ុន្តែ វានឹងនាំទៅរកបញ្ហាកាន់តែខ្លាំងជាងនេះ។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ឯណោះថា ការប្រញាប់ប្រញាល់ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ជាវាយវិការផ្គើន និងឌឺដាក់សហភាពអឺរ៉ុប។ លោកថា កម្ពុជាកំពុងតែចាក់អង្ករយកអង្កាម៖ << តើដែលមានប្រទេសណាមួយក្នុងលោកនេះ ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ហើយបានចំណេញអ្វីខ្លះដល់ប្រទេសខ្លួនឯង ក្រៅតែពីចិនឬទេ? គឺអត់ដែលមានទេ! ដូច្នេះអ្នកដែលបានប្រយោជន៍គឺចិនឯណោះទេ មិនមែនខ្មែរទេ។ ខ្ញុំថាព័ត៌មានអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិននេះ វាល្អតែមើលទេ មិនល្អហូបទេ។ វាគ្រាន់តែជាព័ត៌មានលម្អ តាមកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ប៉ុណ្ណោះ ថាកម្ពុជាចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ជាក់ស្ដែងរឿងចិននេះ ទៅដល់ទីណា គឺកេងប្រវ័ញ្ចប្រយោជន៍ម្ចាស់ផ្ទះនៅទីនោះ។ ពាណិជ្ជកម្មសេរីទូទៅ គ្មានអ្វីអាក្រក់ទេ តែបើជាមួយចិន គឺកម្ពុជាជាអ្នកខាតបង់! អត់មានចំណេញអ្វីទេ!>>។
ឲ្យជាអនុសាសន៍ទៅរបបក្រុងភ្នំពេញថា ដើម្បីធ្វើយ៉ាងណាកុំឲ្យពឹងចិន និងធ្វើឲ្យខ្មែរចំណេញយូរអង្វែង គឺគ្មានអ្វីលំបាកទេ តែលោក ហ៊ុន សែន ត្រូវកែចរិត និងរបៀបដឹកនាំសព្វថ្ងៃ <<គោរពរដ្ឋធម្មនុញ្ញកម្ពុជា អនុវត្តតាមសន្ធិសញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ធ្វើខ្លួនឲ្យជារដ្ឋាភិបាលល្អ កុំធ្វើខ្លួនជារដ្ឋាភិបាលពុករលួយ និងផ្តាច់ការដូចសព្វថ្ងៃ។ បើលោក ហ៊ុន សែន កែចរិត និងរបៀបដឹកនាំ ធ្វើខ្លួនជាអ្នកប្រជាធិបតេយ្យនឹងគេ។ ចាបផ្តើមដោះលែងអ្នកទោសនយោបាយទាំងអស់។ អនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានសេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មាន ដោយគ្មានការធ្វើទុក្ខបុកម្នេញ។ ប្រកាសថាការបោះឆ្នោតខាងមុខ នឹងធ្វើឲ្យមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ជាដើម។ តាមពិតបើលោក ហ៊ុន សែន ធ្វើតែតាមអ្វីដែលសហភាពអឺរ៉ុប ស្នើឲ្យធ្វើ ក៏កម្ពុជាមិនវេទនានោះទេ។ បើគាត់កែខ្លួន សហគមន៍អន្តរជាតិ គេចាំតែជួយកម្ពុជាហ្នឹង! និយាយរួម បើលោក ហ៊ុន សែន គ្រាន់តែស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ប្រាកដណាស់សហគមន៍អន្តរជាតិ មានអាមេរិក អឺរ៉ុប អូស្រ្តាលី និងជប៉ុនជាដើម គេចាំតែជួយទេ។ បើធ្វើបែបនេះបាន មិនខ្វះគេជួយទេ មិនចាំបាច់ពឹងចិន នាំតែឲ្យចិនកេងប្រវ័ញ្ចខ្មែរបែបនេះនោះទេ>>។
តើលោក ហ៊ុន សែន អាចកែចរិត ដើម្បីឲ្យចំណេញខ្មែរនេះបានដែរឬយ៉ាងណា គឺមានតែពេលវេលាប៉ុណ្ណោះទើបអាចបញ្ជាក់បាន។
ទោះជាយ៉ាងនេះក្តី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិននេះ ឥឡូវមិនដឹងថានឹងត្រូវចុះហត្ថលេខាពេលណានៅឡើយទេ ព្រោះវិបត្តិនៃជំងឺកូវីដ-១៩ ក៏មិនទាន់ធូរស្បើយនោះដែរ។ ប៉ុន្តែ មន្រ្តីរដ្ឋាភិបាល ថាអ្វីៗរួចរាល់អស់ហើយ នៅចាំតែថ្ងៃចុះហត្ថលេខាតែប៉ុណ្ណោះ៕
1 comment:
The Khmer traitor Hun Sen kept killing or imprisoning people because he had never suffered any consequences from his criminal acts. He has done whatever it took to please his master Yuon in exchange for his stay in power.
It is so sick when the evil Yuon built many posts inside Cambodia's territory and Ah Chker Chkuot Hun Sen did not say anything, but he has the gut to arrest and imprison people who complained about Yuon's encroachment of Khmer land.
Post a Comment