Sunday, 31 January 2021

អ្នកឃ្លាំមើល​ថា លោក ហ៊ុន សែន មិន​ពឹងផ្អែក​ប្រាក់ខែ​ត្រឹម​១០​លាន​រៀល​ទេ តែ​ពឹង​ផ្អែកលើ​អំពើពុករលួយ


ដោយ ខែ សុណង
2021-01-31
អ្នកឃ្លាំមើល​ថា លោក ហ៊ុន សែន មិន​ពឹងផ្អែក​ប្រាក់ខែ​ត្រឹម​១០​លាន​រៀល​ទេ តែ​ពឹង​ផ្អែកលើ​អំពើពុករលួយ
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
 រូប​ពី​ហ្វេសប៊ុក



អ្នកឃ្លាំមើល​មួយ​ចំនួន សំដែង​មន្ទិល​សង្ស័យ​ថា តើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទទួល​បាន​ទ្រព្យសម្បត្តិ​មក​ពី​ណា ព្រោះ​ប្រាក់ខែ​លោក​ទទួល​បាន​តិច​ជាង បី​ពាន់​ដុល្លារ​ក្នុង​មួយ​ខែ​? ពួកគេ បង្ហាញ​ចម្ងល់​បែបនេះ ដោយសារតែ លោក ហ៊ុន សែន ប្រកាស​ថា លោក​មាន​ប្រាក់ខែ​ផ្លូវការ​ចំនួន​១០​លាន​រៀល ឬ​ប្រមាណ​២​ពាន់​៥​រយ (២.៥០០)​ដុល្លារ ហើយ​លោក​សម្រេច​កាត់​ប្រាក់ខែ​ទាំងស្រុង​សរុប​រយៈពេល​១៤​ខែ​ជូន​ក្រសួងសុខាភិបាល ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​-១៩​។​

លោក ហ៊ុន សែន មាន​ប្រភព​ចេញ​ពី​ត្រកូល​អ្នកមាន​ជីវភាព​សាមញ្ញ​ធម្មតា​មួយ​ហើយ​បាន​បម្រើ​ការងារ​ជា​យោធា ឬ​មាន​អាជីព​ជា​មន្ត្រី​បម្រើ​សេវា​ធាណៈ​ពេញ​មួយ​ជីវិត​ដែល​បច្ចុប្បន្ន​នេះ​លោក មាន​ប្រាក់ខែ​បាន ១០​លាន​រៀល ប៉ុន្តែ​បើ​ពិនិត្យ​ទៅលើ​ទ្រព្យសម្បត្តិ និង​ជីវភាព​របស់​នៅ​របស់​លោក​សព្វថ្ងៃ​នេះ​វិញ ខុសគ្នា​សឹង​មិន​គួរ​ឱ្យ​ជឿ​។ សព្វថ្ងៃ​នេះ លោក ហ៊ុន សែន មាន​រហស្សនាម​ថា ជា​បុរស​ខ្លាំង ជានាយឧត្តមសេនីយ៍​ផុត​លេខ​ពាក់​ផ្កាយ​មាស​ប្រាំង​នៅ​លើ​ស្មា និង​នៅ​លើ​ដៃ​ពាក់​នាឡិកា​ប្រភេទ​ល្បីៗ មានតម្លៃ​រាប់​លាន​ដុល្លារ។

ករណី​នេះ បាន​បង្កើត​សំណួរ​ជាច្រើន​ថា តើ​លោក ហ៊ុន សែន បាន​លុយ​ពី​ប្រភព​ណា ទើប​ធ្វើ​ឱ្យ​មាន​ទ្រព្យ​សម្បត្តិ​ដ៏​មហាសាល​ក្នុង​ពេល​សព្វថ្ងៃ​នេះ រហូត​លោក​មិន​ត្រូវ​ការប្រាក់​បៀវត្ស ១០​លាន​រៀល​នោះ​រយៈពេល​ជាង​១​ឆ្នាំ ដោយ​សុខចិត្ត​កាត់​ឱ្យ​ក្រសួង​សុខាភិបាល ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩ វិញ។


អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ថា ការណ៍​ដែល​លោក ហ៊ុន សែន រួមទាំង​មន្ត្រី​គ្រាក់ៗ​ក្នុង​របប​របស់​លោក មានទ្រព្យ​សម្បត្តិ​ចាយវាយ​ខ្ជះខ្ជាយ និង​នាំគ្នា​បរិច្ចាគ​ប្រាក់ខែ​ឱ្យ​ក្រសួងសុខាភិបាល​នេះ ព្រោះ​ពួកគេ មិនដែល​ពឹង​ផ្អែកលើ​ប្រាក់ខែ​ដើម្បី​ចិញ្ចឹម​ជីវិត​នោះ​ទេ គឺ​ពួកគេ​ពឹង​ផ្អែកលើ​ចំណូល​បាន​មក​ពី​អំពើពុករលួយ​ជាច្រើន​ប្រភព​ដូចជា​លួច​ទ្រព្យសម្បត្តិ​ធនធាន​របស់​ជាតិ​ជាដើម៖ «អ្នក​ធ្វើការ​រាជការ​នៃ​របប​លោក ហ៊ុន សែន​នេះ គាត់​ធ្វើការ​មិនមែន ដើម្បី​យក​ប្រាក់​ខែ​មក​ចិញ្ចឹមជីវិត​ទេ គឺ​ធ្វើការ​ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​យក​មក​ធ្វើ​មានបាន ព្រោះ​យើង​ដឹង​ហើយ​ថា ប្រទេស​ប្រជាធិបតេយ្យ ប្រទេស​ស្អាតស្អំ អ្នករាជការ​ធ្វើការ​បម្រើ​ជាតិ គេ​ធ្វើការ​នេះ ដើម្បី​បាន​ប្រាក់ខែ​ចិញ្ចឹមជីវិត​ហើយ​បើកាលណា​កាត់​ប្រាក់ខែ គេ​នឹង​ដាច់​របប​អាហារ​ហើយ ព្រោះ​គេ​រស់​ដោយសារ​ប្រាក់ខែ»។

កាល​ពី​ថ្ងៃ​ទី​២៦ មករា លោក ហ៊ុន សែន បាន​ប្រកាស​ថា លោក​មាន​បៀវត្ស​ចំនួន​១០​លាន​រៀល ក្នុង​មួយខែ ប៉ុន្តែ​បង់ពន្ធ​អស់​ចំនួន ៩១​ម៉ឺន (៩១០.០០០)​រៀល នៅសល់​ជាង​៩​លាន​(៩.០៩០.០០០) រៀល ឬ​ប្រមាណ​ជាង ២​ពាន់​២​រយ​(២.២០០)​ដុល្លារ ។ លោក​បញ្ជាក់​ថា បៀរវត្ស​ទាំងអស់​ដែល​នៅសល់​ក្រោយ​បង់ពន្ធ​នេះ លោក​សម្រេច​កាត់​ជូន​ក្រសួងសុខាភិបាល​៧​ខែ​ទៀត ចាប់ពី​ខែ​កុម្ភៈ​ដល់​ខែ​សីហា។ ក្រោយ​ការប្រកាស​របស់​លោក ហ៊ុន សែន មិនបាន​ប៉ុន្មាន​ម៉ោង​ផង ក្រុម​មន្ត្រី​គ្រប់​ក្រសួង ស្ថាប័ន មន្ត្រីរាជការ​ធំៗ តាម​រាជធានី​-​ខេត្ត​ព្រមទាំង​មន្ត្រី​តុលាការ មេ​ប៉ូលិស និង​មន្ត្រី​យោធា​ជាន់ខ្ពស់​ជាដើម ដែល​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​អំពើ​ពុករលួយ និង​រំលោភ​សិទ្ធិ​មនុស្ស ចាប់ផ្ដើម​បណ្ដាក់​ដូច​ខ្យង​ដើម្បី​កាត់​ប្រាក់ខែ​ដូច​លោក ហ៊ុន សែន ដែរ។

លោក អេង ឆៃអ៊ាង លើកឡើង​ថា ប្រាក់ខែ​បន្តិច​បន្តូច​របស់​លោក ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​នេះ ស្ទើរតែ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​មិន​ចង់​គ្រប់​ផង ដូច្នេះ ប្រសិនបើ​ពួកគេ​ពិត​ជា ពឹងផ្អែក​ប្រាក់ខែ​នេះ​តែមួយ​មុខ​នោះ គឺ​ប្រាកដជា​គ្មាន​លទ្ធភាព​បរិច្ចាគ​ប្រាក់ខែ​ជា​បន្តបន្ទាប់ និង​មិន​អាច​ឱ្យ​ពួកគេ​ម្នាក់ៗ​មានទ្រព្យ​សម្បត្តិ​ច្រើន​រាប់មិនអស់​ដូចជា​ភូមិគ្រឹះ​ច្រើន​កន្លែង មាន​ឡាន និង​សម្ភារៈ​ទំនើបៗ​សូម្បីតែ​ខ្សែ​ក្រវាត់ និង​នាឡិកាដៃ​តម្លៃ​រាប់​លាន​ដុល្លារ​នោះ​ទេ​។ លោក ​បន្ត​ថា ការ​បរិច្ចាគ​ប្រាក់ខែ​នេះ គឺជា​នយោបាយ​ប្រជាភិថុតិ​របស់​របប​លោក ហ៊ុន សែន ដើម្បី​បោក​ពលរដ្ឋ​ថា ពួកគេ​គិតគូរ​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ ប៉ុន្តែ​រឿងរ៉ាវ​នៅ​ពីក្រោយ គឺ​ពួកគេ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​រលួយ​ដល់​ឆ្អឹង រហូត​ធ្វើ​ឱ្យ​ប្រទេសជាតិ​ខ្សោះ​គ្មាន​ថវិកា សម្រាប់​ដោះស្រាយ​វិបត្តិ​ផ្សេងៗ​រួម​ទាំង​វិបត្តិ​ជំងឺ​កូវីដ​ជាដើម៖ «បើ​យើង​មើល​សម្ភារៈ​ទ្រព្យធន​របស់​មន្ត្រី​រាជកា​រលោក ហ៊ុន សែន វា​អត់​សមាមាត្រ​ជាមួយ​នឹង​ប្រាក់ខែ​ទេ ដូច្នេះ​វា​ជា​សញ្ញា​សួរ​ថា តើ​ពួកគេ​មាន​ដោយសារ​អី​គាត់​មាន​របរ​អី​ផ្សេង​ដើម្បី​មាន​បាន។ ដូច្នេះ​នេះ​បង្ហាញ​ពី​អំពើពុករលួយ​បាត់​ហើយ។ នៅ​ប្រទេស​គេ​ផ្សេង​ដូច​សិង្ហបុរី​អី​នេះ កាលណា​អ្នកណា​មានអី​លើស​ពី​ចំណូល​របស់​ខ្លួន ខាង​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ នឹង​ស៊ើបអង្កេត​ភ្លាម មិន​បណ្ដោយ​ដូច​ស្រុក​យើង​ទេ»។

លោក ហ៊ុន សែន កាល​ពី​ឆ្នាំ​២០១១ បាន​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សម្ងាត់​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​មិន​បង្ហាញ​ជា​សាធារណៈ​នោះ​ទេ។ លោក​បាន​បញ្ជាក់​នៅ​ពេល​នោះ​ថា លោក មិន​មាន​ប្រភព​ចំណូល​អ្វី​ផ្សេងទៀត​នោះ​ទេ ក្រៅពី​ប្រាក់បៀវត្សរ៍​ចំនួន ៤​លាន ៦​សែន​រៀល ឬ​ស្មើ​ប្រមាណ​១​ពាន់​៥​រយ​(១.៥០០)​ដុល្លារ​ក្នុង​មួយ​ខែ។ ក្រោយ​មក នៅ​ចុង​ឆ្នាំ​២០១៦ លោក ហ៊ុន សែន ប្រកាស​ថា ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៧ ប្រាក់ខែ​របស់​លោក ឡើង​ដល់​១០​លាន​រៀល ហើយ​ប្រាក់ខែ​រដ្ឋមន្ត្រី ឬ​ទេសរដ្ឋមន្ត្រី​ឡើង​ដល់​៤​លាន ៥​សែន​រៀល ប្រាក់ខែ​រដ្ឋលេខាធិការ​ឡើង ៣​លាន ៥​សែន​រៀល និង​ប្រាក់ខែ​អនុរដ្ឋលេខាធិការ​ឡើ​ដល់ ២​លាន ៨​សែន​រៀល។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន់ ចាន់ឡូត មើល​ឃើញ​ថា ទោះបីជា​លោកនាយក​រដ្ឋមន្ត្រី​ប្រកាស​ខ្លួនឯង​ថា លោក​គ្មាន​ប្រភព​ចំណូល​ផ្សេង​ក្រៅពី​ប្រាក់ខែ​ក្តី ក៏​អ្នក​នៅ​ជុំវិញ​លោក រួមមាន​កូនចៅ​របស់​លោក សុទ្ធតែ​បាន​ក្លាយ​ជា​មហាសេដ្ឋី មាន​ជំនួញ​ក្នុង​ដៃ​ធំៗ ដូច្នេះ​ប្រសិនបើ​លោក​ប្រកាស​មិន​យក​ប្រាក់​ខែ​ជា​រៀង​រហូត ក៏​មិន​ប៉ះពាល់​ដល់​ជីវភាព​របស់​គាត់​ដែរ៖ «ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ស្ថានភាព​ក្រីក្រ ប៉ុន្តែ​អ្នកនយោបាយ បែរ​ជា​សំញែង​សម្ភារៈ​និយម​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នេះ វា​មិនបាន​ឆ្លុះបញ្ចាំង​អំពី​ភាពជា​អ្នក​ដឹកនាំ ដែល​ផ្សាភ្ជាប់​ខ្លួន​ដូចដែល​អ្នកនយោបាយ​ធ្លាប់​លើក​ឡើង​ថា យើង​កើត​មកពី​បាតដៃ​ទទេ យើង​រួមរស់​ជាមួយគ្នា តែ​យើង​មើល​អំពី​ជីវភាព​វិញ អ្នកនយោបាយ​មិនទាន់​ដឹង​អី​ផង មាន​ទ្រព្យធន​ហូរហៀរ​សំបូរ​បែប​អ៊ីចឹង​ទៅ។ សម្រាប់​ពលរដ្ឋ​នៅ​តែ​មាន​បញ្ហា​ជីវភាព​ជំពាក់​បំណុល​ជាដើម។

របាយការណ៍​អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វីនេស (Global Witness) ឆ្នាំ​២០១៨ បង្ហាញ​ថា គ្មាន​អ្វី​ចម្លែក​ទេ​ចំពោះ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​របស់​ក្រុម​គ្រួសារ លោក ហ៊ុន សែន ព្រោះ​លោក បាន​ទទួល​ផលប្រយោជន៍​ជាច្រើន​ពី​ប្រព័ន្ធ​នៃ​អំពើពុករលួយ​ដ៏​ធំ​មួយ​ដែល​បាន​បង្កើត​ឡើង​ក្នុង​សម័យ​កាល​ក្រោម​ការដឹកនាំ​របស់​លោក ដូចជា​ផ្ដល់​អភ័យឯកសិទ្ធិ​ដល់​ក្រុម​ឧកញ៉ា​ដែល​រកស៊ី​ជំនួញ​មិន​ស្របច្បាប់​ជាច្រើន​នៅ​កម្ពុជា។

សកម្មជន​បរិស្ថាន​មួយ​រូប​​ទៀត​គឺ លោក វឿន វាសនា និយាយ​ថា លោក​ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​ថា លោក ហ៊ុន សែន មាន​ប្រាក់ខែ​ត្រឹម​១០​លាន​រៀល តែ​មាន​ទ្រព្យ សម្បត្តិ​សឹង​មិន​គួរ​ឱ្យ​ជឿ។ លោក រិះគន់​ថា របប​សព្វថ្ងៃ​នេះ ជា​របប​លួច​ជាតិ​សុទ្ធសាធ៖ «មូលហេតុ​ដែល​ខ្ញុំ​ថា លោក ហ៊ុន សែន មិន​ខ្វះ​លុយ ព្រោះ​លោក ហ៊ុន សែន បឹង​ក៏​លក់ ហើយ​ទន្លេ ក៏​គាត់​លក់ ឱ្យ​ក្រុមហ៊ុន។ ព្រៃឈើ និង​ព្រៃភ្នំ ក៏​លោក ហ៊ុន សែន លក់​ខ្ទេចខ្ទី​អស់​ហើយ ប៉ុន្តែ​ពលរដ្ឋ​នៅតែ​មាន​ភាព​ក្រីក្រ»។

ថ្វី​ដ្បិត​លោក ហ៊ុន សែន មិន​កើត​មក​ជាមួយ​ទ្រព្យសម្បត្តិ និង​ជា​នាយករដ្ឋមន្ត្រី​មាន​ប្រាក់ខែ​ទាប​ក្តី ប៉ុន្តែ​ក្នុងអំឡុងពេល​នៃ​ការ​កាន់អំណាច​នេះ លោក បាន​ប្រែ​ក្លាយ​ពូជ​អម្បូរ​របស់​លោក​ឱ្យ​ក្លាយ​ជា​អភិជន​មានទ្រព្យ​សម្បត្តិ​ហូរហៀរ សូម្បីតែ​ក្មួយៗ​របស់​លោក​មួយ​ចំនួន​ដែល​មាន​ប្រវត្តិ​ជា​បងធំ ក៏បាន​ក្លាយ​ជា​មន្ត្រីរាជការ ជា​ឧកញ៉ា មហាសេដ្ឋី​ស្ទើរ​គ្រប់ៗ​គ្នា​ដែរ។ លោក​មាន​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​នៅ​ជិត​វិមាន​ឯករាជ្យ និង​មាន​ភូមិគ្រឹះ​ដ៏​ធំ​មួយទៀត​ស្ថិត​ក្នុង​ក្រុង​តាខ្មៅ ហើយក៏​មាន​ផ្ទះ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ដែរ​។ គ្រាន់តែ​នាឡិកាដៃ​ដែល លោក ហ៊ុន សែន ពាក់​ក៏​មាន​តម្លៃ​កប់​ពពក​ដែរ ក្នុង​នោះ​មាន​ប្រភេទ​នាឡិកាដៃ​ដ៏​ប្រណិត​ម៉ាក ផាថេក ហ្វីលីប (Patek Philip) ផលិត​នៅ​ប្រទេស​ស្វីស​ផលិត​តម្លៃ​១​លាន ២​សែន​ដុល្លារ​។ ជាមួយ​គ្នា​នេះ​គេ​ក៏​ប្រទះ​ឃើញ​ថា លោក ហ៊ុន សែន ធ្លាប់​ពាក់​នាឡិកា​ជា​ច្រើន​គ្រឿង​ទៀត​ដែល​មាន​តម្លៃ​សរុប​ដល់​ទៅ ៩​លាន​ដុល្លារ។

ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវីត​សុន (Alejandro Gonzalez Davidson) មានប្រសាសន៍ថា ទំហំ​ប្រាក់ខែ​របស់​លោក ហ៊ុន សែន នេះ បើ​ទោះ​បី​គាត់​ខំ​សន្សំ​រយៈពេល​៣០​ឆ្នាំ​ដោយ​មិន​ចាយ​មួយ​រយ​រៀល​សោះ ក៏​មិន​គ្រប់​សម្រាប់​ទិញ​នាឡិកាដៃ​មួយ​គ្រឿង​ផង​។ លោក​បន្ត​ថា មេដឹកនាំ​ដូច​លោក ហ៊ុន សែន នេះ គ្មាន​ភាព​អៀនខ្មាស ក្នុង​ការ​សំញែង​ទ្រព្យសម្បត្តិ​និង​ពាក់​នាឡិកាដៃ​ថ្លៃៗ​នោះ​ទេ ទោះបីជា​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក នៅតែ​ជាប់​ឈ្មោះ​ជា​ប្រទេស​ក្រីក្រ​ក៏ដោយ៖ «គាត់​អួត គាត់​ចង់​បង្ហាញ​អំពី​ទ្រព្យសម្បត្តិ​របស់​គាត់​ដោយ​អត់​មាន​អៀនខ្មាស​អី​ទាំងអស់ ផ្ទុយទៅវិញ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ បានដឹង​​ថា គាត់​មាន​ជាងគេ គាត់​មានអំណាច មាន​លុយ​ច្រើន​ជាងគេ ទើប​គាត់​ជា​បុរស​ខ្លាំង​ជាងគេ ទើប​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ហ៊ាន​ប្រឆាំង​គាត់»។

លោក អាឡិច លើកឡើង​ថា ក្នុង​ពេល​លោក ហ៊ុន សែន កំពុង​មាន​អំណាច​ពេញដៃ​បែបនេះ ប្រាកដជា​រក​ឃើញ​បទល្មើស​ឬ​អំពើពុករលួយ​របស់​លោក​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​លោក​អស់អំណាច​នោះ ប្រាកដ​នឹង​ត្រូវ​បាន​គេ​រក​ឃើញ​អំពើពុករលួយ​ជាច្រើន​ដូច​ករណី​អតីត​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី​ដែរ៖ «នៅ​ពេល​ដែល​លោក ហ៊ុន សែន អស់អំណាច គឺ​ប្រជាជន​ខ្មែរ មិន​ត្រឹម​សង្ស័យ​ជា​ខ្លាំង​ទេ ពួកគេ​នឹង​ដឹង​ច្បាស់​១០០​ភាគរយ​ដោយមាន​ឯកសារ និង​មាន​ភស្តុតាង​ដែល​នឹង​បង្ហាញ​ថា គាត់ (លោក ហ៊ុន សែន) ជា​មនុស្ស​មហា​ពុករលួយ​ខ្លាំង»។

ជុំវិញ​ការ​ចោទសួរ​រឿង​លោក ហ៊ុន សែន មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​ប្រាក់ខែ​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បញ្ជាក់​ថា មនុស្ស​មិន​គួរ​មាន​ចម្ងល់​ចង់​ដឹង​ពី​ប្រភព​លុយ​របស់​លោក ហ៊ុន សែន មក​ពី​ណា​បាន​នាឡិកា​មក​ពី​ណា និង​ទ្រព្យសម្បត្តិ​មក​ពី​ណា​នោះ​ទេ​។ លោក សុខ ឥសាន អះអាង​ថា ប្រាក់​លោក ហ៊ុន សែន ជា​ប្រាក់​ស្របច្បាប់ មិនមែន​បាន​មក​ដោយសារ​ជួញដូរ​ថ្នាំញៀន​ទេ៖ «គេ​ប្រមុខរដ្ឋ គេ​នាយករដ្ឋមន្ត្រី គេ​មានការ​ទទួលខុសត្រូវ ហើយ​បើ​កាល​ណា​យើង​ដេញដោល តាំងពី​រឿង​បុគ្គល តាំងពី​រឿង​ខោស្លីប តាំងពី​រឿង​ក្រម៉ា គេ​ស្លៀក​មក អាហ្នឹង វា​អត់​ត្រូវ​រឿង​ទេ វា​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល​របស់​គេ ហើយ​។ អា ហ្នឹង​ខ្ញុំ​ចង់​ជម្រាប​ប្អូន​អីចឹង»។

របាយការណ៍ អង្គការ​ឃ្លាំមើល​ពិភពលោក គ្លបល វី​នេស (Global Witness) ផ្សាយ​កាលពី​ឆ្នាំ​២០១៦ បង្ហាញ​ថា ត្រកូល "​ហ៊ុន​" កំពុង​ក្ដោប​ក្ដាប់​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា ដោយ​អំពើពុករលួយ រំលោភ​អំណាច និង​រំលោភ​សិទ្ធិមនុស្ស​ដើម្បី​ការពារ​អំណាច​របស់​លោក ហ៊ុន សែន ។ គ្រួសារ​ត្រកូល "​ហ៊ុន​" បាន​កាន់កាប់​ផ្ទាល់ ឬ​កាន់កាប់​ដោយ​ផ្នែក​ក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ដើមទុន​ចុះបញ្ជី​ជាង​២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​បាន​ដាក់​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​មាន​យីហោ​ល្បីៗ​។ ចំនួន​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ​នេះ ជា​ចំនួន​ទឹកប្រាក់​ដែល​ដាក់​ចេញ​ឱ្យ​ឃើញ​ក្នុង​ក្រុមហ៊ុន​របស់​ត្រកូល "​ហ៊ុន​" ដែល​បាន​ចុះបញ្ជី​ក្នុង​ក្រសួងពាណិជ្ជកម្ម ប៉ុន្តែ​អង្គការ គ្លបល វីនេស អះអាង​ថា ពួកគេ​មាន​ភាគហ៊ុន​ច្រើនជាង​នេះ ប៉ុន្តែ​លាក់​ព័ត៌មាន​។ ប្រទេស​កម្ពុជា នៅតែ​បន្ត​ជាប់​ចំណាត់ថ្នាក់​អាក្រក់​ជាង​ប្រទេស​នានា​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក​ខាង​ប្រព្រឹត្តិ​អំពើពុករលួយ​។ អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) បាន​បង្ហាញ​សន្ទស្សន៍​នៃ​ការ​វាយតម្លៃ​ពី​អំពើពុករលួយ​ឆ្នាំ​២០២០ ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៦០ ក្នុងចំណោម​ប្រទេស និង​ដែនដី​សរុប​ចំនួន ១៨០ ដែល​ចំណាត់ថ្នាក់​នេះ អន់​ជាង​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា​(Myanmar)​វៀតណាម (Vietnam) និង​ឡាវ (Laos) ទៅទៀត៕

3 comments:

Anonymous said...

Cambodia is now owned by the evil Yuon Vietnam and its slave Hun Sen.

Anonymous said...

It's sad to have a khmer as a Viet's slave.

If he's not a Viet slave, he'd be a Chinese slave.
If he's not a Chinese slave, he'd be a Thai's slave.
If he's not a Thai's slave, he'd be a West's slave.
He has to be a slave to survive and his master can be anybody except a khmer.

Anonymous said...

Hun Sen and his gang has sold everything. Rivers, lakes, trees, forest, land and the blood of Khmers. Pretty soon He will run of things to sell. Khmers will have nothing. All is lost. The evil Yuon will then dispose of him and his gang when he is no longer useful.