ដោយ ខែ សុណង
2021-01-31
![]() |
អ្នកឃ្លាំមើលថា លោក ហ៊ុន សែន មិនពឹងផ្អែកប្រាក់ខែត្រឹម១០លានរៀលទេ តែពឹងផ្អែកលើអំពើពុករលួយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបពីហ្វេសប៊ុក |
អ្នកឃ្លាំមើលមួយចំនួន សំដែងមន្ទិលសង្ស័យថា តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានទ្រព្យសម្បត្តិមកពីណា ព្រោះប្រាក់ខែលោកទទួលបានតិចជាង បីពាន់ដុល្លារក្នុងមួយខែ? ពួកគេ បង្ហាញចម្ងល់បែបនេះ ដោយសារតែ លោក ហ៊ុន សែន ប្រកាសថា លោកមានប្រាក់ខែផ្លូវការចំនួន១០លានរៀល ឬប្រមាណ២ពាន់៥រយ (២.៥០០)ដុល្លារ ហើយលោកសម្រេចកាត់ប្រាក់ខែទាំងស្រុងសរុបរយៈពេល១៤ខែជូនក្រសួងសុខាភិបាល ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លោក ហ៊ុន សែន មានប្រភពចេញពីត្រកូលអ្នកមានជីវភាពសាមញ្ញធម្មតាមួយហើយបានបម្រើការងារជាយោធា ឬមានអាជីពជាមន្ត្រីបម្រើសេវាធាណៈពេញមួយជីវិតដែលបច្ចុប្បន្ននេះលោក មានប្រាក់ខែបាន ១០លានរៀល ប៉ុន្តែបើពិនិត្យទៅលើទ្រព្យសម្បត្តិ និងជីវភាពរបស់នៅរបស់លោកសព្វថ្ងៃនេះវិញ ខុសគ្នាសឹងមិនគួរឱ្យជឿ។ សព្វថ្ងៃនេះ លោក ហ៊ុន សែន មានរហស្សនាមថា ជាបុរសខ្លាំង ជានាយឧត្តមសេនីយ៍ផុតលេខពាក់ផ្កាយមាសប្រាំងនៅលើស្មា និងនៅលើដៃពាក់នាឡិកាប្រភេទល្បីៗ មានតម្លៃរាប់លានដុល្លារ។
ករណីនេះ បានបង្កើតសំណួរជាច្រើនថា តើលោក ហ៊ុន សែន បានលុយពីប្រភពណា ទើបធ្វើឱ្យមានទ្រព្យសម្បត្តិដ៏មហាសាលក្នុងពេលសព្វថ្ងៃនេះ រហូតលោកមិនត្រូវការប្រាក់បៀវត្ស ១០លានរៀលនោះរយៈពេលជាង១ឆ្នាំ ដោយសុខចិត្តកាត់ឱ្យក្រសួងសុខាភិបាល ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ វិញ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងថា ការណ៍ដែលលោក ហ៊ុន សែន រួមទាំងមន្ត្រីគ្រាក់ៗក្នុងរបបរបស់លោក មានទ្រព្យសម្បត្តិចាយវាយខ្ជះខ្ជាយ និងនាំគ្នាបរិច្ចាគប្រាក់ខែឱ្យក្រសួងសុខាភិបាលនេះ ព្រោះពួកគេ មិនដែលពឹងផ្អែកលើប្រាក់ខែដើម្បីចិញ្ចឹមជីវិតនោះទេ គឺពួកគេពឹងផ្អែកលើចំណូលបានមកពីអំពើពុករលួយជាច្រើនប្រភពដូចជាលួចទ្រព្យសម្បត្តិធនធានរបស់ជាតិជាដើម៖ «អ្នកធ្វើការរាជការនៃរបបលោក ហ៊ុន សែននេះ គាត់ធ្វើការមិនមែន ដើម្បីយកប្រាក់ខែមកចិញ្ចឹមជីវិតទេ គឺធ្វើការដើម្បីប្រព្រឹត្តអំពើពុករលួយយកមកធ្វើមានបាន ព្រោះយើងដឹងហើយថា ប្រទេសប្រជាធិបតេយ្យ ប្រទេសស្អាតស្អំ អ្នករាជការធ្វើការបម្រើជាតិ គេធ្វើការនេះ ដើម្បីបានប្រាក់ខែចិញ្ចឹមជីវិតហើយបើកាលណាកាត់ប្រាក់ខែ គេនឹងដាច់របបអាហារហើយ ព្រោះគេរស់ដោយសារប្រាក់ខែ»។
កាលពីថ្ងៃទី២៦ មករា លោក ហ៊ុន សែន បានប្រកាសថា លោកមានបៀវត្សចំនួន១០លានរៀល ក្នុងមួយខែ ប៉ុន្តែបង់ពន្ធអស់ចំនួន ៩១ម៉ឺន (៩១០.០០០)រៀល នៅសល់ជាង៩លាន(៩.០៩០.០០០) រៀល ឬប្រមាណជាង ២ពាន់២រយ(២.២០០)ដុល្លារ ។ លោកបញ្ជាក់ថា បៀរវត្សទាំងអស់ដែលនៅសល់ក្រោយបង់ពន្ធនេះ លោកសម្រេចកាត់ជូនក្រសួងសុខាភិបាល៧ខែទៀត ចាប់ពីខែកុម្ភៈដល់ខែសីហា។ ក្រោយការប្រកាសរបស់លោក ហ៊ុន សែន មិនបានប៉ុន្មានម៉ោងផង ក្រុមមន្ត្រីគ្រប់ក្រសួង ស្ថាប័ន មន្ត្រីរាជការធំៗ តាមរាជធានី-ខេត្តព្រមទាំងមន្ត្រីតុលាការ មេប៉ូលិស និងមន្ត្រីយោធាជាន់ខ្ពស់ជាដើម ដែលជាប់ឈ្មោះក្នុងបញ្ជីអំពើពុករលួយ និងរំលោភសិទ្ធិមនុស្ស ចាប់ផ្ដើមបណ្ដាក់ដូចខ្យងដើម្បីកាត់ប្រាក់ខែដូចលោក ហ៊ុន សែន ដែរ។
លោក អេង ឆៃអ៊ាង លើកឡើងថា ប្រាក់ខែបន្តិចបន្តូចរបស់លោក ហ៊ុន សែន និងមន្ត្រីក្រោមឱវាទរបស់លោកនេះ ស្ទើរតែផ្គត់ផ្គង់ជីវភាពគ្រួសារមិនចង់គ្រប់ផង ដូច្នេះ ប្រសិនបើពួកគេពិតជា ពឹងផ្អែកប្រាក់ខែនេះតែមួយមុខនោះ គឺប្រាកដជាគ្មានលទ្ធភាពបរិច្ចាគប្រាក់ខែជាបន្តបន្ទាប់ និងមិនអាចឱ្យពួកគេម្នាក់ៗមានទ្រព្យសម្បត្តិច្រើនរាប់មិនអស់ដូចជាភូមិគ្រឹះច្រើនកន្លែង មានឡាន និងសម្ភារៈទំនើបៗសូម្បីតែខ្សែក្រវាត់ និងនាឡិកាដៃតម្លៃរាប់លានដុល្លារនោះទេ។ លោក បន្តថា ការបរិច្ចាគប្រាក់ខែនេះ គឺជានយោបាយប្រជាភិថុតិរបស់របបលោក ហ៊ុន សែន ដើម្បីបោកពលរដ្ឋថា ពួកគេគិតគូរដល់អាយុជីវិតប្រជាពលរដ្ឋ ប៉ុន្តែរឿងរ៉ាវនៅពីក្រោយ គឺពួកគេឃុបឃិតគ្នាប្រព្រឹត្តអំពើរលួយដល់ឆ្អឹង រហូតធ្វើឱ្យប្រទេសជាតិខ្សោះគ្មានថវិកា សម្រាប់ដោះស្រាយវិបត្តិផ្សេងៗរួមទាំងវិបត្តិជំងឺកូវីដជាដើម៖ «បើយើងមើលសម្ភារៈទ្រព្យធនរបស់មន្ត្រីរាជការលោក ហ៊ុន សែន វាអត់សមាមាត្រជាមួយនឹងប្រាក់ខែទេ ដូច្នេះវាជាសញ្ញាសួរថា តើពួកគេមានដោយសារអីគាត់មានរបរអីផ្សេងដើម្បីមានបាន។ ដូច្នេះនេះបង្ហាញពីអំពើពុករលួយបាត់ហើយ។ នៅប្រទេសគេផ្សេងដូចសិង្ហបុរីអីនេះ កាលណាអ្នកណាមានអីលើសពីចំណូលរបស់ខ្លួន ខាងគណៈកម្មការប្រឆាំងអំពើពុករលួយ នឹងស៊ើបអង្កេតភ្លាម មិនបណ្ដោយដូចស្រុកយើងទេ»។
លោក ហ៊ុន សែន កាលពីឆ្នាំ២០១១ បានប្រកាសទ្រព្យសម្បត្តិជាសម្ងាត់ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដោយមិនបង្ហាញជាសាធារណៈនោះទេ។ លោកបានបញ្ជាក់នៅពេលនោះថា លោក មិនមានប្រភពចំណូលអ្វីផ្សេងទៀតនោះទេ ក្រៅពីប្រាក់បៀវត្សរ៍ចំនួន ៤លាន ៦សែនរៀល ឬស្មើប្រមាណ១ពាន់៥រយ(១.៥០០)ដុល្លារក្នុងមួយខែ។ ក្រោយមក នៅចុងឆ្នាំ២០១៦ លោក ហ៊ុន សែន ប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០១៧ ប្រាក់ខែរបស់លោក ឡើងដល់១០លានរៀល ហើយប្រាក់ខែរដ្ឋមន្ត្រី ឬទេសរដ្ឋមន្ត្រីឡើងដល់៤លាន ៥សែនរៀល ប្រាក់ខែរដ្ឋលេខាធិការឡើង ៣លាន ៥សែនរៀល និងប្រាក់ខែអនុរដ្ឋលេខាធិការឡើដល់ ២លាន ៨សែនរៀល។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន់ ចាន់ឡូត មើលឃើញថា ទោះបីជាលោកនាយករដ្ឋមន្ត្រីប្រកាសខ្លួនឯងថា លោកគ្មានប្រភពចំណូលផ្សេងក្រៅពីប្រាក់ខែក្តី ក៏អ្នកនៅជុំវិញលោក រួមមានកូនចៅរបស់លោក សុទ្ធតែបានក្លាយជាមហាសេដ្ឋី មានជំនួញក្នុងដៃធំៗ ដូច្នេះប្រសិនបើលោកប្រកាសមិនយកប្រាក់ខែជារៀងរហូត ក៏មិនប៉ះពាល់ដល់ជីវភាពរបស់គាត់ដែរ៖ «ប្រជាពលរដ្ឋស្ថិតក្នុងស្ថានភាពក្រីក្រ ប៉ុន្តែអ្នកនយោបាយ បែរជាសំញែងសម្ភារៈនិយមដែលមានតម្លៃរាប់លានដុល្លារនេះ វាមិនបានឆ្លុះបញ្ចាំងអំពីភាពជាអ្នកដឹកនាំ ដែលផ្សាភ្ជាប់ខ្លួនដូចដែលអ្នកនយោបាយធ្លាប់លើកឡើងថា យើងកើតមកពីបាតដៃទទេ យើងរួមរស់ជាមួយគ្នា តែយើងមើលអំពីជីវភាពវិញ អ្នកនយោបាយមិនទាន់ដឹងអីផង មានទ្រព្យធនហូរហៀរសំបូរបែបអ៊ីចឹងទៅ។ សម្រាប់ពលរដ្ឋនៅតែមានបញ្ហាជីវភាពជំពាក់បំណុលជាដើម។
របាយការណ៍អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) ឆ្នាំ២០១៨ បង្ហាញថា គ្មានអ្វីចម្លែកទេចំពោះទ្រព្យសម្បត្តិដ៏មហាសាលរបស់ក្រុមគ្រួសារ លោក ហ៊ុន សែន ព្រោះលោក បានទទួលផលប្រយោជន៍ជាច្រើនពីប្រព័ន្ធនៃអំពើពុករលួយដ៏ធំមួយដែលបានបង្កើតឡើងក្នុងសម័យកាលក្រោមការដឹកនាំរបស់លោក ដូចជាផ្ដល់អភ័យឯកសិទ្ធិដល់ក្រុមឧកញ៉ាដែលរកស៊ីជំនួញមិនស្របច្បាប់ជាច្រើននៅកម្ពុជា។
សកម្មជនបរិស្ថានមួយរូបទៀតគឺ លោក វឿន វាសនា និយាយថា លោកភ្ញាក់ផ្អើលនៅពេលដឹងថា លោក ហ៊ុន សែន មានប្រាក់ខែត្រឹម១០លានរៀល តែមានទ្រព្យ សម្បត្តិសឹងមិនគួរឱ្យជឿ។ លោក រិះគន់ថា របបសព្វថ្ងៃនេះ ជារបបលួចជាតិសុទ្ធសាធ៖ «មូលហេតុដែលខ្ញុំថា លោក ហ៊ុន សែន មិនខ្វះលុយ ព្រោះលោក ហ៊ុន សែន បឹងក៏លក់ ហើយទន្លេ ក៏គាត់លក់ ឱ្យក្រុមហ៊ុន។ ព្រៃឈើ និងព្រៃភ្នំ ក៏លោក ហ៊ុន សែន លក់ខ្ទេចខ្ទីអស់ហើយ ប៉ុន្តែពលរដ្ឋនៅតែមានភាពក្រីក្រ»។
ថ្វីដ្បិតលោក ហ៊ុន សែន មិនកើតមកជាមួយទ្រព្យសម្បត្តិ និងជានាយករដ្ឋមន្ត្រីមានប្រាក់ខែទាបក្តី ប៉ុន្តែក្នុងអំឡុងពេលនៃការកាន់អំណាចនេះ លោក បានប្រែក្លាយពូជអម្បូររបស់លោកឱ្យក្លាយជាអភិជនមានទ្រព្យសម្បត្តិហូរហៀរ សូម្បីតែក្មួយៗរបស់លោកមួយចំនួនដែលមានប្រវត្តិជាបងធំ ក៏បានក្លាយជាមន្ត្រីរាជការ ជាឧកញ៉ា មហាសេដ្ឋីស្ទើរគ្រប់ៗគ្នាដែរ។ លោកមានភូមិគ្រឹះដ៏ធំស្កឹមស្កៃនៅជិតវិមានឯករាជ្យ និងមានភូមិគ្រឹះដ៏ធំមួយទៀតស្ថិតក្នុងក្រុងតាខ្មៅ ហើយក៏មានផ្ទះតាមបណ្ដាខេត្តផ្សេងៗដែរ។ គ្រាន់តែនាឡិកាដៃដែល លោក ហ៊ុន សែន ពាក់ក៏មានតម្លៃកប់ពពកដែរ ក្នុងនោះមានប្រភេទនាឡិកាដៃដ៏ប្រណិតម៉ាក ផាថេក ហ្វីលីប (Patek Philip) ផលិតនៅប្រទេសស្វីសផលិតតម្លៃ១លាន ២សែនដុល្លារ។ ជាមួយគ្នានេះគេក៏ប្រទះឃើញថា លោក ហ៊ុន សែន ធ្លាប់ពាក់នាឡិកាជាច្រើនគ្រឿងទៀតដែលមានតម្លៃសរុបដល់ទៅ ៩លានដុល្លារ។
ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិកហាន់ដ្រូ ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) មានប្រសាសន៍ថា ទំហំប្រាក់ខែរបស់លោក ហ៊ុន សែន នេះ បើទោះបីគាត់ខំសន្សំរយៈពេល៣០ឆ្នាំដោយមិនចាយមួយរយរៀលសោះ ក៏មិនគ្រប់សម្រាប់ទិញនាឡិកាដៃមួយគ្រឿងផង។ លោកបន្តថា មេដឹកនាំដូចលោក ហ៊ុន សែន នេះ គ្មានភាពអៀនខ្មាស ក្នុងការសំញែងទ្រព្យសម្បត្តិនិងពាក់នាឡិកាដៃថ្លៃៗនោះទេ ទោះបីជាប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់លោក នៅតែជាប់ឈ្មោះជាប្រទេសក្រីក្រក៏ដោយ៖ «គាត់អួត គាត់ចង់បង្ហាញអំពីទ្រព្យសម្បត្តិរបស់គាត់ដោយអត់មានអៀនខ្មាសអីទាំងអស់ ផ្ទុយទៅវិញ គាត់ចង់ឱ្យប្រជាជនខ្មែរ បានដឹងថា គាត់មានជាងគេ គាត់មានអំណាច មានលុយច្រើនជាងគេ ទើបគាត់ជាបុរសខ្លាំងជាងគេ ទើបប្រជាពលរដ្ឋខ្មែរមិនហ៊ានប្រឆាំងគាត់»។
លោក អាឡិច លើកឡើងថា ក្នុងពេលលោក ហ៊ុន សែន កំពុងមានអំណាចពេញដៃបែបនេះ ប្រាកដជារកឃើញបទល្មើសឬអំពើពុករលួយរបស់លោកនោះទេ ប៉ុន្តែប្រសិនបើលោកអស់អំណាចនោះ ប្រាកដនឹងត្រូវបានគេរកឃើញអំពើពុករលួយជាច្រើនដូចករណីអតីតនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីដែរ៖ «នៅពេលដែលលោក ហ៊ុន សែន អស់អំណាច គឺប្រជាជនខ្មែរ មិនត្រឹមសង្ស័យជាខ្លាំងទេ ពួកគេនឹងដឹងច្បាស់១០០ភាគរយដោយមានឯកសារ និងមានភស្តុតាងដែលនឹងបង្ហាញថា គាត់ (លោក ហ៊ុន សែន) ជាមនុស្សមហាពុករលួយខ្លាំង»។
ជុំវិញការចោទសួររឿងលោក ហ៊ុន សែន មានទ្រព្យសម្បត្តិច្រើនជាងប្រាក់ខែនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បញ្ជាក់ថា មនុស្សមិនគួរមានចម្ងល់ចង់ដឹងពីប្រភពលុយរបស់លោក ហ៊ុន សែន មកពីណាបាននាឡិកាមកពីណា និងទ្រព្យសម្បត្តិមកពីណានោះទេ។ លោក សុខ ឥសាន អះអាងថា ប្រាក់លោក ហ៊ុន សែន ជាប្រាក់ស្របច្បាប់ មិនមែនបានមកដោយសារជួញដូរថ្នាំញៀនទេ៖ «គេប្រមុខរដ្ឋ គេនាយករដ្ឋមន្ត្រី គេមានការទទួលខុសត្រូវ ហើយបើកាលណាយើងដេញដោល តាំងពីរឿងបុគ្គល តាំងពីរឿងខោស្លីប តាំងពីរឿងក្រម៉ា គេស្លៀកមក អាហ្នឹង វាអត់ត្រូវរឿងទេ វាជាការរំលោភសិទ្ធិបុគ្គលរបស់គេ ហើយ។ អា ហ្នឹងខ្ញុំចង់ជម្រាបប្អូនអីចឹង»។
របាយការណ៍ អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) ផ្សាយកាលពីឆ្នាំ២០១៦ បង្ហាញថា ត្រកូល "ហ៊ុន" កំពុងក្ដោបក្ដាប់សេដ្ឋកិច្ចធំៗរបស់កម្ពុជា ដោយអំពើពុករលួយ រំលោភអំណាច និងរំលោភសិទ្ធិមនុស្សដើម្បីការពារអំណាចរបស់លោក ហ៊ុន សែន ។ គ្រួសារត្រកូល "ហ៊ុន" បានកាន់កាប់ផ្ទាល់ ឬកាន់កាប់ដោយផ្នែកក្នុងក្រុមហ៊ុនជាច្រើនដែលមានដើមទុនចុះបញ្ជីជាង២០០លានដុល្លារសហរដ្ឋអាមេរិក ហើយបានដាក់ភាគហ៊ុនជាមួយក្រុមហ៊ុនបរទេសដែលមានយីហោល្បីៗ។ ចំនួនទឹកប្រាក់ជាង ២០០លានដុល្លារនេះ ជាចំនួនទឹកប្រាក់ដែលដាក់ចេញឱ្យឃើញក្នុងក្រុមហ៊ុនរបស់ត្រកូល "ហ៊ុន" ដែលបានចុះបញ្ជីក្នុងក្រសួងពាណិជ្ជកម្ម ប៉ុន្តែអង្គការ គ្លបល វីនេស អះអាងថា ពួកគេមានភាគហ៊ុនច្រើនជាងនេះ ប៉ុន្តែលាក់ព័ត៌មាន។ ប្រទេសកម្ពុជា នៅតែបន្តជាប់ចំណាត់ថ្នាក់អាក្រក់ជាងប្រទេសនានាក្នុងតំបន់ និងនៅលើពិភពលោកខាងប្រព្រឹត្តិអំពើពុករលួយ។ អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានបង្ហាញសន្ទស្សន៍នៃការវាយតម្លៃពីអំពើពុករលួយឆ្នាំ២០២០ ថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៦០ ក្នុងចំណោមប្រទេស និងដែនដីសរុបចំនួន ១៨០ ដែលចំណាត់ថ្នាក់នេះ អន់ជាងប្រទេសមីយ៉ាន់ម៉ា ឬភូមា(Myanmar)វៀតណាម (Vietnam) និងឡាវ (Laos) ទៅទៀត៕
3 comments:
Cambodia is now owned by the evil Yuon Vietnam and its slave Hun Sen.
It's sad to have a khmer as a Viet's slave.
If he's not a Viet slave, he'd be a Chinese slave.
If he's not a Chinese slave, he'd be a Thai's slave.
If he's not a Thai's slave, he'd be a West's slave.
He has to be a slave to survive and his master can be anybody except a khmer.
Hun Sen and his gang has sold everything. Rivers, lakes, trees, forest, land and the blood of Khmers. Pretty soon He will run of things to sell. Khmers will have nothing. All is lost. The evil Yuon will then dispose of him and his gang when he is no longer useful.
Post a Comment