ដោយ ខែ សុណង
2021-01-30
![]() |
លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ៨នាក់ផ្សេងទៀត នៅក្នុងកិច្ចប្រជុំមួយ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។ រូប៖ សន ចាន់រដ្ឋា/RFA |
សាលាដំបូងរាជធានីភ្នំពេញបន្តសវនាការសំណុំរឿងឧបឃាតពាក់ព័ន្ធក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ ៩នាក់ ដោយកំបាំងមុខជនជាប់ចោទ នៅថ្ងៃទី២៩ មករា។ មេធាវី និងមន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលសវនាការលើកឡើងថា អវត្តមានជនជាប់ចោទក្នុងសវនាការបែបនេះ ប៉ះពាល់ដល់ការទទួលបានយុត្តិធម៌របស់មេដឹកនាំបក្សប្រឆាំងទាំងនោះ។
សវនាការលើក្បាលម៉ាស៊ីនបក្សប្រឆាំង ដែលកំពុងស្ថិតនៅក្រៅប្រទេសនេះ តុលាការបានកោះហៅតំណាងមន្រ្តីជាន់ខ្ពស់នគរបាលយុត្តិធម៌មកសាកសួរ និងបង្ហាញភស្តុតាងចោទប្រកាន់។ ភស្តុតាងដាក់បន្ទុកលើមេដឹកនាំបក្សប្រឆាំងនោះ គឺជាវីដេអូដែលបង្ហោះលើហ្វេសប៊ុកលោក សម រង្ស៊ី មានរយៈពេលជាងពីរម៉ោងកាលពីឆ្នាំ២០១៩ នៅទីក្រុងឡូវែល (Lowell) រដ្ឋម៉ាស្សាឈូស៊ែត សហរដ្ឋអាមេរិក។
មេធាវីការពារក្ដីឱ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សំ សុគង់ ឱ្យដឹងថា ក្នុងវីដេអូនោះ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បាននិយាយពីផែនការវិលចូលស្រុកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោកយល់ថា អ្វីដែលកូនក្ដីលោកថ្លែងនោះ មិនមែនជាការប្រព្រឹត្តបទល្មើសឡើយ ប៉ុន្តែគ្រាន់តែជាការជជែកផ្ដល់យោបល់ អំពីផែនការយុទ្ធសាស្ត្រក្នុងនាមជាមេដឹកនាំគណបក្សប្រឆាំង៖ «ធម្មតាក្នុងសង្គមប្រជាធិបតេយ្យសុទ្ធតែមានគណបក្សប្រឆាំង និងគណបក្សស្របហើយការពាក្យពេចន៍សំដីក៏មិនដូចគ្នាដែរតែមានការផ្ទុយគ្នាហើយ ប៉ុន្តែសំខាន់ពាក្យសំដីតើទាក់ទងនឹងបទចោទអត់ បទចោទឧបឃាតនៅក្នុងធាតុផ្សំសំខាន់គឺ ហិង្សា។ ប៉ុន្តែពាក្យសំដីមិនមែនជាអំពើហិង្សាទេ»។
លោកមេធាវីឱ្យដឹងទៀតថា នៅក្នុងវីដេអូនោះ ក្រៅពីការថ្លែងរបស់ លោក សម រង្ស៊ី ក៏មានការថ្លែងរបស់មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងដទៃទៀតដែរ ដូចជាលោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ និងលោក អ៊ូ ច័ន្ទឫទ្ធិ។ ចំណែកសមាជិកសភាគណបក្សនេះ ៥រូប រួមមាន លោក ឡុង រី លោក នុត រំដួល លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ និងអ្នកស្រី ជូឡុង សួមួរ៉ា ថ្វីដ្បិតតែមានវត្តមានក្នុងពិធីនោះ ប៉ុន្តែអ្នកទាំង ៥នាក់នេះមិនបានថ្លែងសារអ្វីនោះទេ។
មេធាវី សំ សុគង់ លើកឡើងថា កូនក្ដីរបស់លោកមានឆន្ទៈក្នុងការចូលបំភ្លឺនៅតុលាការ ប៉ុន្តែសវនាការកំបាំងមុខលើជនជាប់បែបនេះ ជាសវនាការដែលមិនអាចទទួលបាននោះទេ៖ «ឆ្លើយតបនឹងការចោទប្រកាន់ ក៏ដូចជាការបង្ហាញភស្តុតាងផ្សេង ទោះបីគាត់ (មេដឹកនាំបក្សប្រឆាំង) ប៉ុន្តែតួអង្គគាត់សំខាន់មិនអាចអត់បាន។ អ៊ីចឹងសវនាការដែលអត់បានជនជាប់ចោទធ្វើឱ្យសវនាការនោះមិនអាចទទួលយកបាន»។
សវនាការសំណុំរឿងនេះ មានការឃ្លាំមើលពីមន្ត្រីអង្គការសង្គមស៊ីវិលក្នុងស្រុក ព្រមទាំងតំណាងទូតប្រទេសសេរីមួយចំនួន ដូចជា មន្ត្រីទូតអាល្លឺម៉ង់ ស៊ុយអែត និងតំណាងទូតសហភាពអឺរ៉ុបជាដើម។ អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា ដែលតាមដានរឿងនេះ មានប្រសាសន៍ថា តុលាការគួរប្រើគ្រប់មធ្យោបាយឱ្យជនជាប់មានវត្តមានក្នុងតុលាការ ឱ្យជនជាប់ចោទអាចឆ្លើយតប និងការពារខ្លួនពីការចោទប្រកាន់៖«ជាគុណតម្លៃភាគច្រើនតុលាការតែងចង់បានភាគីពាក់ព័ន្ធមកចូលរួម ប៉ុន្តែសវនាការនេះមិនមានជនជាប់ចោទមកចូលរួមទេ ហើយតុលាការនៅតែដំណើរទៅបានដែរដោយសារមានមេធាវីពីររូបអីចឹងណា អំណាចតុលាការលោកមានឆន្ទានុសិទ្ធិក្នុងការបន្តនីតិវិធីក្នុងការចេញដីកាគឺស្ថាប័នពាក់ព័ន្ធជាពិសេសគឺនីតិប្រតិបត្តិសម្របសម្រួលយ៉ាងណាឱ្យភាគីពាក់ព័ន្ធមកចូលរួម»។
រដ្ឋាភិបាលលោក ហ៊ុន សែន និងតុលាការក្រុងភ្នំពេញចោទប្រកាន់ថា ផែនការនៃការវិលចូលប្រទេសកម្ពុជាវិញរបស់លោក សម រង្ស៉ី និងថ្នាក់ដឹកនាំបក្សប្រឆាំងកាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ នោះ គឺជាអំពើវិទ្ធង្សនា និងជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សន្តិសុខរដ្ឋ។ តុលាការបានចោទប្រកាន់ក្រុមមេដឹកនាំបក្សប្រឆាំង ៩នាក់ ពីបទឧបឃាត ដែលមានន័យថា ការប្រព្រឹត្តអំពើហិង្សាមួយ ឬច្រើន ក្នុងគោលបំណងបង្កឱ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃកម្ពុជា ឬនាំឱ្យប៉ះពាល់ដល់បូរណភាពដែនដីជាតិ។ ទន្ទឹមនឹងការចោទប្រកាន់នេះ របបលោក ហ៊ុន សែន បានប្រើវិធីសាស្ត្រគ្រប់បែបយ៉ាងដើម្បីរាំងខ្ទប់ក្រុមមេដឹកនាំបក្សប្រឆាំងទាំងនោះ មិនឱ្យវិលមកកម្ពុជាវិញបានឡើយ ទោះជាពួកគាត់បានបង្ហាញឆន្ទៈវិលទៅកម្ពុជាវិញដើម្បីតតាំងក្តីនេះក៏ដោយ។
តុលាការក្រុងភ្នំពេញលើកពេលជំនុំជម្រះសំណុំរឿងនេះជាច្រើនដងមកហើយដោយចាប់ផ្ដើមកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ក្រោយបញ្ចប់ការសួរដោលថ្ងៃទី២៩ ខែមករា តុលាការគ្រោងបន្តជំនុំជម្រះសំណុំរឿងនេះនៅថ្ងៃទី៩ ខែកុម្ភៈខាងមុខទៀត។
ក្រៅពីសំណុំរឿងឧបឃាតនេះ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួនទៀត ក៏រងការចោទប្រកាន់ក្នុងសំណុំរឿងផ្សេងទៀតដែរ ដូចជា បទរួមគំនិតក្បត់ ញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់កុំឱ្យយោធិនស្ដាប់បង្គាប់ជាដើម។ សំណុំរឿងនេះមានជនជាប់ចោទជាង ១៣០នាក់ ហើយតុលាការបានលើកយកមកជំនុំជម្រះទាំងដុំៗ ជាបន្តបន្ទាប់ ដោយមិនខ្វល់អំពីភាពត្រឹមត្រូវនៃនីតិវិធី និងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌របស់ពួកគេឡើយ៕
1 comment:
The financial crisis has pushed Ah Kwack Hun Sen regime to nowhere but hell.
It is apparent that his friend China is fed up with his incompetence and reluctant to offer anymore assistance to Ah Kwack Hun Sen.
Post a Comment