ដោយ មាន ឫទ្ធិ
2021-01-29
![]() |
តំណាងរាស្ត្រអាមេរិកាំងនៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា (California) លោក អាលែន ឡូវែនថល (Alan Lowenthal) រូប៖ សន ចាន់រដ្ឋា/RFA |
តំណាងរាស្ត្រអាមេរិកាំង គ្រោងដាក់សេចក្ដីព្រាងច្បាប់ ស្នើកុំឲ្យរដ្ឋាភិបាលអាមេរិកបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដល់កម្ពុជា។ ចំណាត់ការនេះធ្វើឡើងស្របពេលដែលរដ្ឋសភាអាមេរិក នៅមិនទាន់បន្តផ្តល់សុពលភាពនៃការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនេះដល់កម្ពុជានៅឡើយ ក្រោយពីបានផុតសុពលភាពទៅកាលពីចុងឆ្នាំ២០២០។ អ្នកនាំពាក្យគណបក្សកាន់អំណាចប្រតិកម្មថា ចំណាត់ការរបស់តំណាងរាស្ត្រអាមេរិកាំងរូបនេះ ហាក់ដូចជាកំពុងមាន «គំនុំ» ជាមួយនឹងរដ្ឋាភិបាលកម្ពុជា។
តំណាងរាស្ត្រអាមេរិកាំងនៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័រញ៉ា (California) លោក អាលែន ឡូវែនថល (Alan Lowenthal) គូសបញ្ជាក់ថា រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានប្រវត្តិគ្រប់គ្រងប្រទេសដោយការគៀបសង្កត់ និងអំពើហិង្សា បានជាប់ពាក់ព័ន្ធនឹងអំពើរំលោភសិទ្ធិការងារ និងសិទ្ធិមនុស្សធ្ងន់ធ្ងរ ព្រមទាំងការរម្លាយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផង។ លោកប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកកាលពីថ្ងៃទី២៨ មករាថា លោកកំពុងត្រៀមរៀបចំឡើងវិញ ដាក់សេចក្ដីស្នើច្បាប់ស្ដីពី «ពាណិជ្ជកម្មកម្ពុជា» ឲ្យរដ្ឋសភាអាមេរិកបច្ចុប្បន្ន ពិនិត្យសើរើមើលឡើងវិញ ដើម្បីកុំឲ្យសហរដ្ឋអាមេរិកបន្តផ្តល់ប្រព័ន្ធពន្ធទូទៅ GSP ដល់កម្ពុជា។
លោក អាលែន ឡូវែនថល (Alan Lowenthal) គឺជាសមាជិកមួយរូបនៃក្រុមសភាតំណាងរាស្ត្រអាមេរិកស្ដីពីបញ្ហាកម្ពុជា (Congressional Cambodia Caucus-CCC)។ លោកអះអាងដូច្នេះស្របពេលដែលប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដែលអាមេរិកផ្តល់ឲ្យកម្ពុជា បានផុតសុពលភាពកាលពីចុងឆ្នាំ២០២០។ គិតរហូតមកទល់ពេលនេះ រដ្ឋសភាអាមេរិកបច្ចុប្បន្ននៅពុំទាន់បន្តឲ្យនៅឡើយ។ ប្រព័ន្ធអនុគ្រោះពន្ធនេះ អាចឲ្យកម្ពុជាដែលជាប្រទេសក្រីក្រ អាចនាំចេញទំនិញមួយចំនួនទៅកាន់សហរដ្ឋអាមេរិកដោយពុំចាំបាច់បង់ពន្ធ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកគម្រោងរបស់លោក អាលែន ឡូវែនថល ថា ជា «គំនុំ» ជាមួយរដ្ឋាភិបាលកម្ពុជា។ លោកថា ផែនការស្នើច្បាប់នេះ នឹងត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនទៀតមុននឹងត្រូវអនុម័ត៖ «ការណ៍ដែលតំណាងរាស្ត្រម្នាក់គាត់លើកឡើងពីបញ្ហាហ្នុង ខ្ញុំយល់ថា វានៅឆ្លងនីតិវិធីច្រើនតទៅមុខទៀត។ ខ្ញុំយល់ថា លោកប្រធានាធិបតី បៃឌិន លោកមិនធ្វើតាមការចង់បានរបស់សមាជិកសភាណាមួយនោះទេ»។
យ៉ាងណា លោក សុខ ឥសាន បញ្ជាក់ថា គណបក្សកាន់អំណាចមិនចង់ឲ្យបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិកនេះទេ ព្រោះលោកថា វានឹងធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កម្មករនិយោជិតខ្មែរមួយចំនួន។
ផ្ទុយពីការយល់ឃើញរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ ប្រធានគណបក្សសង្គ្រោះជាតិប្រចាំទ្វីបអាមេរិកខាងជើង លោក អ៊ុង ឬទ្ធី សាទរចំពោះជំហររបស់តំណាងរាស្ត្រអាមេរិកាំង លោក អាលែន ឡូវែនថល នេះ។ លោកជឿជាក់ថាសេចក្ដីព្រាងច្បាប់នេះ នឹងប្រាកដជាទទួលបានការអនុម័តដោយរដ្ឋសភាអាមេរិកនាពេលខាងមុខ៖ «ចំពោះរឿងដែលលោកសភា អាលែន ឡូវែនថល បម្រុងនឹងដាក់សំណើច្បាប់ឡើងវិញទៅសភា ខ្ញុំថា គឺជាកិច្ចការល្អ។ ជាពិសេស កិច្ចការហ្នុងបានជាប់នៅក្នុងសភាម្តងហើយ ប៉ុន្តែដោយសារថា មានកិច្ចការមួយចំនួននៅទូទាំងពិភពលោកទៅ គេផ្ដោតអារម្មណ៍ទៅលើរឿងផ្សេង។ ក៏ប៉ុន្តែ ឥឡូវនេះ ស្ថានភាពបាននឹង ហើយការដំណើរលើកនេះ គឺជាការត្រឹមត្រូវ។ ខ្ញុំសង្ឃឹម និងជឿជាក់ថា លើកនេះប្រាកដជានឹងបានជាប់ដោយរលូន ដោយសុវត្ថិភាពនៅក្រោមការដឹកនាំថ្មីរបស់ប្រធានាធិបតី ចូ បៃឌិន»។
កាលពីថ្ងៃទី២៧ មករា មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច លោក វង្ស៊ី វិសុទ្ធ បានថ្លែងទទួលស្គាល់ពីកំណើននៃការនាំចេញទំនិញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ ក្រោយសហភាពអឺរ៉ុបបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជាចំនួន ២០%។ លោកគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានក្លាយជាទីផ្សារដ៏ធំរបស់កម្ពុជា។ លោកអះអាងថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់អាមេរិកនេះ នឹងមិនមានបញ្ហាដល់កម្ពុជាឡើយ៖ «GSP នេះមិនមែនឲ្យតែកម្ពុជាមួយទេ គឺឲ្យប្រទេស ៩០ជាងឯណោះ។ ដូច្នេះ បើអត់យើង អត់ទាំងអស់គ្នាទេ។ ដូច្នេះគូប្រជែងយើងក៏បង់ដូចយើងដែរ។ ដូច្នេះ បង់ទាំងអស់គ្នា។ អ្នកណាអ្នកបង់ថ្លៃចុងក្រោយ? គឺប្រជាជនអាមេរិកទេ។ ឡើងថ្លៃទៅ! បើយើងបង់ គេអត់បង់ អាហ្នុងយើងងាប់ រឿងនាំចេញនេះ។ ប៉ុន្តែ បើបង់ទាំងអស់គ្នាទេ ខ្ញុំថា ដូចជាមិនអីប៉ុន្មានទេ»។
ផ្ទុយពីការបកស្រាយរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ ការស្នើច្បាប់សើរើការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដោយតំណាងរាស្ត្រអាមេរិក លោក អាលែន ឡូវែនថល នេះ ធ្វើឡើងសំដៅដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មជាក់លាក់តែទៅលើប្រទេសកម្ពុជាប៉ុណ្ណោះ។ កន្លងទៅ បើទោះជាមន្ត្រីកម្ពុជារួមទាំងលោក ហ៊ុន សែន ផងបានអួតអាងពីការមិនព្រួយបារម្ភ ក្រោយតំណាងរាស្ត្រអាមេរិកនាំគ្នាស្នើច្បាប់ដាក់ទណ្ឌកម្មជាក់លាក់លើមន្ត្រីកម្ពុជា រដ្ឋាភិបាលលោក ហ៊ុន សែន ពីក្រោយឆាកឯណោះវិញ បានលួចចំណាយលុយដល់ទៅជាង ១,២២ លានដុល្លារក្នុងមួយឆ្នាំ ទៅជួលក្រុមហ៊ុនអាមេរិក ឲ្យជួយបញ្ចុះបញ្ចូលរដ្ឋាភិបាល និងសភាអាមេរិកកុំឲ្យអនុម័តច្បាប់ទាំងនោះ។
អ្នកជំនាញវិស័យសិទ្ធិការងារ និងជានាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ព្រមានថា សេដ្ឋកិច្ចកម្ពុជា ពិបាកនឹងរស់បានក្នុងកាលៈទេសៈបច្ចុប្បន្ននេះ នៅពេលដែលបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិកនេះមួយទៀត៖ «អ៊ីចឹង ក្នុងពេលដែលកម្ពុជាកំពុងតែរងគ្រោះ រងវិបត្តិដោយសារករណីកូវីដ-១៩ ផង ហើយនឹងរងនូវការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% ផង បើសិនជាកម្ពុជាបាត់បង់ GSP មួយទៀត ខ្ញុំមើលទៅសេដ្ឋកិច្ចកម្ពុជាពិបាកណាស់ ពិបាកនឹងលោត។ ហើយបើងាកទៅពឹងរឿងប្រេងកាតវិញ ខ្ញុំអត់មានសង្ឃឹមថា កម្ពុជាអាចយកចំណូលពីប្រេងមកគ្រប់គ្រងមកទប់នូវសេដ្ឋកិច្ចរបស់ខ្លួនបានទេ»។
ជុំវិញនឹងលទ្ធភាពដែលសហរដ្ឋអាមេរិកអាចនឹងមិនបន្ត ឬលុបចោលការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ដល់កម្ពុជានេះ លោក អាលែន ឡូវែនថល មានប្រសាសន៍ថា លោកពុំមានជំនឿថា «របបពុករលួយ និងផ្ដាច់ការ» របស់លោក ហ៊ុន សែន អនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌដែលប្រព័ន្ធ GSP បានផ្តល់ឲ្យនោះទេ។ លោកបន្តថា សហគមន៍អន្តរជាតិ ត្រូវតែពិនិត្យមើលឲ្យបានល្អិតល្អន់ពីប្រវត្តិរំលោភសិទ្ធិការងារ និងសិទ្ធិមនុស្សនារយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ដែលប្រព្រឹត្តិដោយរដ្ឋាភិបាលកម្ពុជា។ ក្រៅពីសាទរសហភាពអឺរ៉ុបដែលបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា តំណាងរាស្ត្រអាមេរិករូបនេះសង្កត់ធ្ងន់ថា ទាំងអស់គ្នា សហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិ ត្រូវដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មជាក់លាក់ដទៃទៀតមកលើរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីឲ្យលោក ហ៊ុន សែន ងាកមកគោរពតាមគោលការណ៍ប្រជាធិបតេយ្យស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP របស់សហរដ្ឋអាមេរិកនេះ បង្កើតឡើងក្នុងគោលដៅជួយអភិវឌ្ឍន៍ និងពង្រឹងការលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសក្រីក្រ។ សហរដ្ឋអាមេរិកផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនេះឲ្យក្រោមលក្ខខណ្ឌដែលប្រទេសទទួល ត្រូវធានាគោរពសិទ្ធិការងារ និងលប់បំបាត់នូវគ្រប់ទម្រង់នៃពលកម្មកុមារ ព្រមទាំងលក្ខខណ្ឌមួយចំនួនទៀត។ បច្ចុប្បន្ន មានប្រទេសអភិវឌ្ឍន៍តិចតួច ៤៤ប្រទេស រួមទាំងកម្ពុជាផង ក្នុងចំណោម ១១៩ប្រទេស ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិកនេះ ចំពោះមុខទំនិញ ៥ពាន់ (៥.០០០) មុខដោយឥតបង់ពន្ធ៕
1 comment:
A draconian measure needs to be applied to Ah Yuon's slave Hun Sen regime in order to force him to reinstate the CNRP.
Post a Comment