ដោយ សន ចាន់រដ្ឋា
2021-01-25
អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គម ជំរុញទៅប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ថា គួរធ្វើសកម្មភាពបន្ថែម ដើម្បីឱ្យមានដំណោះស្រាយនយោបាយ។ ឆ្លើយតបការលើកឡើងនេះ មន្ត្រីជំនិតលោក កឹម សុខា អះអាងថា លោក កឹម សុខា កំពុងមមាញឹកធ្វើការងារការទូត ដើម្បីឱ្យគណបក្សប្រឆាំង អាចចូលរួមការបោះឆ្នោតឆ្នាំ២០២២ ខាងមុខនេះ។
អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គមព្រួយបារម្ភថា បើប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា នៅតែគោរពបម្រាមនយោបាយរបស់តុលាការនឹងមិនអាចធ្វើឱ្យគណបក្សសង្គ្រោះជាតិអាចចូលរួមការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ បានទេ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណរ៉ា យល់ថា លោក កឹម សុខា គឺជាអ្នកនយោបាយ ដូច្នេះគួរតែសកម្មភាពនូវនយោបាយ។ លោកបញ្ចេញទស្សនៈថា អ្វីដែលលោក កឹម សុខា អាចធ្វើនៅពេលនេះគឺជំរុញទៅតុលាការឱ្យបន្តការជំនុំជម្រះក្ដីលើសំណុំរឿងរបស់លោក។ ទោះយ៉ាងណាលោកថា បើតុលាការមិនទាន់ដំណើរក្ដីនេះទេ លោក កឹម សុខា ក៏គួរធ្វើសកម្មភាពនយោបាយមួយចំនួនទៀត ដែលការពារដោយរដ្ឋធម្មនុញ្ញ និងត្រូវសកម្មក្នុងការជួបបណ្ដាទូតនានា។ អ្នកឃ្លាំមើលរូបនេះយល់ថា អ្នកនយោបាយបើមិនហ៊ានរើបម្រាសទេ នឹងត្រូវគូប្រជែងសង្កត់ថែមទៀត៖ «អ្នកនយោបាយគួរគិតនិងធ្វើសកម្មភាពនយោបាយខ្លះទៅដើម្បីកុំឱ្យបញ្ហាទុំជោមិនអាចធ្វើអីដល់ថ្ងៃកៀកថ្ងៃពេលវេលាមិនអំណោយផលដល់សកម្មភាពនយោបាយទេ។ ធម្មតាគូរប្រជែងគេសង្កត់គូរប្រជែងម្នាក់ទៀតបានហើយម្នាក់អត់រើគេសង្កត់ចឹងហើយ ប៉ុន្តែបើម្នាក់ទៀតរើមហាជន និងអន្តរជាតិគេឃើញពីសកម្មភាពការរើនិងទាមទារសេរីភាពរបស់ខ្លួនហើយបើអត់ទាមទារគ្មានអ្នកណាគេឈឺឆ្អាលទេ»។
ចំណែកអ្នកឃ្លាំមើលអភិវឌ្ឍន៍សង្គម បណ្ឌិត សេង សារី លោកយល់ថា បើលោក កឹម សុខា ចង់ចូលរួមការបោះឆ្នោតដោយគ្មានការចូលរួមពីលោក សម រង្ស៊ី គឺអាចធ្វើបានភ្លាម។ ទោះយ៉ាងណាលោកថា បើមេបក្សប្រឆាំងរូបនេះនៅតែរក្សាជំហររួបរួមគ្នាដដែល គឺគណបក្សកាន់អំណាចនឹងពិបាករៀបចំផែនការបំបែកលោក កឹម សុខា ចេញពីលោក សម រង្ស៊ី ដោយចំណាយពេលវេលា និងធនធានច្រើន។ លោកយល់ថា ពេលនេះលោក កឹម សុខា អាចជ្រើសរើសជម្រើសរង់ចាំក្រោយការបោះឆ្នោតឆ្នាំ២០២២ សិន។ លោកយល់ថា ប្រសិនបើការបោះឆ្នោតខាងមុខនេះគណបក្សកាន់អំណាចទទួលបានសំឡេងឆ្នោតខ្លាំងប្រហែលគណបក្សកាន់អំណាចហ៊ានឱ្យមានវត្តមានគណបក្សប្រឆាំងឡើងវិញ៖ «គឺមានន័យគាត់ (លោក កឹម សុខា) សងខាងបើសិនគាត់សម្រេចចិត្តបែកពីលោក សម រង្ស៊ី ក៏គាត់ស្លាប់នយោបាយ បើគាត់នៅរក្សាជំហរជាមួយលោក សម រង្ស៊ី ក៏គាត់មានលទ្ធភាពតិចតួចក្នុងការត្រឡប់មកសង្វៀននយោបាយវិញ កន្លងមកយើងឃើញថា សម្ដេចនាយករដ្ឋមន្ត្រីប្រកាសម្ដងហើយថា ករណីលោក កឹម សុខា ដល់ឆ្នាំ២០២៤ បានអាចដោះស្រាយគ្នាចេញ អ៊ីចឹងហើយលោក កឹម សុខា ដូចចុះទឹកប្រពើឡើងលើខ្លា»។
ជុំវិញវិបត្តិនយោបាយនេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវេ (Norway) លោក ម៉ែន ណាត យល់ថា ដើម្បីឱ្យគណបក្សសង្គ្រោះជាតិអាចូលរួមការបោះឆ្នោតនាពេលខាងមុខបាន អ្វីដែលគណបក្សនេះត្រូវធ្វើមុនគេ គឺការផ្សះផ្សាផ្ទៃក្នុងជាមុន។ លោកផ្តល់យោបល់ឱ្យលោក កឹម សុខា សរសេរលិខិតផ្លូវការទៅលោក ហ៊ុន សែន ដែលខ្លឹមសារលិខិតនោះយកបញ្ហាជាតិជាធំ និងស្នើចរចាជាមួយលោក ហ៊ុន សែន រួមគ្នាដោះស្រាយបញ្ហាជាតិ៖ «ដូច្នេះយើងត្រូវគិតអ៊ីចេះ លោក កឹម សុខា មិនត្រូវបង្ខំខ្លួនស្ថិតក្នុងបន្ទាត់ក្រហមរបស់គេទេ ព្រោះអីម៉ាត់ណាក៏និយាយពីច្បាប់ យើងសួរថា ច្បាប់អីគេ? បើតុលាការហ្នឹងជាតុលាការសូត្រទ្រឹស្ដីលោក ហ៊ុន សែន ហ្នឹង។ ភាពចាំបាច់យើងត្រូវធ្វើយុទ្ធនាការមួយថា ផ្ដល់សេរីភាពឱ្យខ្ញុំវិញមក ក្នុងនាមអ្នកនយោបាយរឿងនយោបាយត្រូវដោះស្រាយដោយនយោបាយ មិនបាច់ប្រើពាក្យចរចាក៏បានដែរ ប្រើតែពាក្យជជែកគ្នាដោះស្រាយបញ្ហាជាតិ»។
ជុំវិញការលើកឡើងរបស់អ្នកឃ្លាំមើលនយោបាយនេះមន្ត្រីជំនិតលោក កឹម សុខា លោក មាជ សុវណ្ណារ៉ា យល់ថា ស្ថានការណ៍នយោបាយសព្វថ្ងៃមិនចាំបាច់ឱ្យលោក កឹម សុខា បោះដៃសុំចរចាជាមួយលោក ហ៊ុន សែន ទេ គឺសហគមន៍អន្តរជាតិកំពុងធ្វើការងារនេះហើយ។ លោកឱ្យដឹងទៀតថា លោក កឹម សុខា កំពុងមមាញឹកធ្វើការងារការទូត ដើម្បីឱ្យគណបក្សប្រឆាំងអាចចូលរួមការបោះឆ្នោតឆ្នាំ២០២២ ខាងមុខនេះ៖«សប្ដាហ៍នេះនិងសប្ដាហ៍ក្រោយ លោក កឹម សុខា គាត់ជួបនឹងអគ្គរដ្ឋទូតប្រទេសមហាអំណាចជាច្រើន យើងឃើញថា នេះជានីតិវិធីដំណោះស្រាយនយោបាយដោយសន្តិវិធី។ ការមើលឃើញរបស់ខ្ញុំ កុំចង់ឱ្យមេបក្សមួយដែលមានសក្ដានុពលដែរទៅធ្វើលិខិតសុំគេ (បក្សកាន់អំណាច) ចរចាសុំឱ្យគេលើកលែងទោសអី មិនមែនជាគូរប្រកួតផ្នែកនយោបាយបង្ហាញតម្លាភាពសម្រាប់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតទេបាទ»។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី២៥ មករា ក៏បានបង្ហោះសារលើហ្វេសប៊ុកថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបអ្នកស្រី ខាមិន ម៉រីណូ (Carmen Moreno) បានមកសំណេះសំណាលជាមួយលោកដល់ផ្ទះ និងបានយល់ស្របគ្នាថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហគមន៍អឺរ៉ុបគួរតែពង្រឹងឱ្យកាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងសងខាង។ លោក កឹម សុខា អះអាងថា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបបានសរសើរលោក ដែលបានចុះជួយពលរដ្ឋតាមបណ្ដាខេត្ត និងការប្ដេជ្ញារបស់លោកដោយប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងដោយតម្កល់ផលប្រយោជន៍ខ្មែរជាធំ។
លោក កឹម សុខា ត្រូវសមត្ថកិច្ចចាប់ខ្លួន និងឃុំក្នុងផ្ទះក្រោយរងការចោទប្រកាន់ពីបទក្បត់ជាតិ កាលពីឆ្នាំ២០១៧ ប៉ុន្តែកាលពីចុងឆ្នាំ២០១៩ តុលាការបានបន្ធូរបន្ថយការត្រួតពិនិត្យដោយអនុញ្ញាតធ្វើដំណើរក្នុងប្រទេសតែហាមឃាត់ធ្វើសកម្មភាពនយោបាយ។ ខណៈសំណុំរឿងត្រូវបានតុលាការលើកពេលជំនុំជម្រះគ្មានកាលកំណត់។ លោក ហ៊ុន សែន ធ្លាប់ទម្លាយថា សំណុំរឿងរបស់លោក កឹម សុខា អាចពន្យារពេលរហូតដល់ឆ្នាំ២០២៤។
លោក ម៉ែន ណាត យល់ថា លោក កឹម សុខា ពេលនេះមិនគួររង់ចាំអង្គទូតមកជួបលោកនៅផ្ទះទៀតទេ គឺលោកត្រូវស្វះស្វែងទៅជួបបណ្ដាទូត ដើម្បីជំរុញឱ្យពួកគេអន្តរាគមន៍ឱ្យមានដំណោះស្រាយនយោបាយ៕
1 comment:
The movement that this sex maniac Kem Sokha knows how to do is movement on the bed with different female animals that have no tails.
This crazy man Kem Min Sok Kha really put his personal interest above Cambodia and Khmer people's interest.
His inaction is tantamount to act of treason.
Post a Comment