ដោយ ហេង រស្មី
2021-01-26
![]() |
លោកស្រី ខន ទន់ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ខេត្តត្បូងឃ្មុំ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកលោកស្រី ខន ទន់
អាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនស្ត្រីថ្ងៃសុក្រ និងជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ នៅខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៦ មករា ក្រោមបទចោទញុះញង់។ មន្ត្រីសង្គមស៊ីវិលចាត់ទុកការចាប់ខ្លួននេះ ថា ជាការធ្វើបំភិតបំភ័យ និងបិទសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋដោយខុសច្បាប់។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺលោកស្រី ខន ទន់ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ មករា។ តុលាការបានចោទប្រកាន់លោកស្រីពីបទញុះញង់បង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខសង្គម។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់អាស៊ីសេរីថា ការចាប់ខ្លួននេះធ្វើឡើងតាមដីការបស់តុលាការខេត្តត្បូងឃ្មុំ ប៉ុន្តែលោកមិនបញ្ជាក់អំពីសកម្មភាពដែលលោកស្រី ខន ទន់ បានប្រព្រឹត្តពាក់ព័ន្ធនឹងរឿងអ្វីនោះទេ៖ «គេចោទអីចឹង។ ខ្ញុំអនុវត្តតាមដីកាតុលាការ គេមាននីតិវិធីប៉ុន្មានរឿងមកហើយ។ គេចេញដីកាមកឱ្យអនុវត្ត យើងអនុវត្តដីកាទេ។ សួរបញ្ជាក់អីចឹង អត់ទទួលបានទេ»។
ទោះជាយ៉ាងណាកូនប្រុសរបស់លោកស្រី ខន ទន់ គឺលោក ស៊ាង ឆៃយ៉ា ចាត់ទុកការចាប់ខ្លួននេះថា ជារឿងអយុត្តិធម៌ធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ព្រោះម្ដាយរបស់លោកមិនបានប្រព្រឹត្តខុសច្បាប់អ្វីឡើយ។ លោកបន្ថែមថា ម្ដាយរបស់លោកបានរត់គេចខ្លួនពីការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរខេត្តត្បូងឃ្មុំ ហើយមកស្នាក់នៅបន្ទប់ជួលក្នុងរាជធានីភ្នំពេញជាមួយលោកប្រមាណ ២០ថ្ងៃមកហើយ៖ «ប្រហែលជាម៉ោង ១១ ម៉ែខ្ញុំគាត់ទាក់ទងមកខ្ញុំ។ បើតាមខ្ញុំដឹងប្រហែលជាទាក់ទងរឿងនយោបាយ ដោយសារតែគាត់ចេញមុខទាមទារដោះលែងមនុស្ស ដែលគេចាប់នោះ។ ខ្ញុំគិតថា មិនមែនជារឿងយុត្តិធម៌ទេ ព្រោះអីគាត់អត់មានកំហុសអីត្រូវជាប់ទោសទេ។ ខ្ញុំចង់គេជួយរកយុត្តិធម៌ ដើម្បីទាមទារឱ្យការដោះលែងម្ដាយខ្ញុំមកវិញ»។
លោក ស៊ាង ឆៃយ៉ា ឱ្យដឹងថា ភ្លាមៗ ក្រោយពេលចាប់ខ្លួនប៉ូលិសបានបញ្ជូនម្ដាយរបស់លោកទៅឃុំខ្លួននៅអគ្គស្នងការនគរបាលជាតិ ដោយមិនបានបានប្រាប់សាច់ញាតិឱ្យបានដឹងនោះឡើយ។
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ លោកស្រី ខន ទន់ ប្រាប់អាស៊ីសេរីនៅមុនពេលចាប់ខ្លួនថា ប៉ូលិសមូលដ្ឋានជាច្រើននាក់ តាមចាប់លោកស្រីដល់អស់ជាច្រើនថ្ងៃមកហើយ ដោយសារតែលោកស្រីបានចូលរួមតវ៉ាជាមួយក្រុមស្ត្រីថ្ងៃសុក្រ ទាមទារឱ្យមានយុត្តិធម៌សង្គមនៅក្រុងភ្នំពេញ៖ «ខ្ញុំនៅតែប្រកាន់ជំហរដដែល ពីព្រោះអ្វីដែលពួកខ្ញុំធ្វើ គឺទាមទាររកយុត្តិធម៌ និងឱ្យគោរពសិទ្ធិ និងប្រជាធិបតេយ្យ ពួកខ្ញុំអត់មានធ្វើអីខុសទេ។ អ្វីដែលធ្វើមកលើប្រជាពលរដ្ឋសាមញ្ញធម្មតាៗ ដូចជា ពួកខ្ញុំនេះ វាធ្វើឱ្យពួកខ្ញុំមានការឈឺចាប់ ហើយពួកខ្ញុំជាម្ចាស់ប្រទេស ជាប្រជាពលរដ្ឋសាមញ្ញអត់មានសិទ្ធនិយាយស្ដី អត់មានសិទ្ធតវ៉ា។ ចំណុចទាំងអស់នេះហើយដែលធ្វើឱ្យខ្ញុំមានការឈឺចាប់ និងមានជំហរកាន់តែរឹងមាំថែមទៀត»។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ប្រជាពលរដ្ឋចូលរួមសម្ដែងមតិទាមទារឱ្យមានយុត្តិធម៌សង្គមពុំមែនជាអំពើខុសច្បាប់ឡើយ ព្រោះជាសិទ្ធិសេរីភាពរបស់ពលរដ្ឋដោយស្របតាមរដ្ឋធម្មនុញ្ញ។ មន្ត្រីសង្គមស៊ីវិលរូបនេះ អំពាវនាវឱ្យអាជ្ញាធរបញ្ឈប់ការចាប់ចងពលរដ្ឋ ដែលមានទស្សនៈនយោបាយផ្ទុយ និងបើកលំហសិទ្ធិសេរីភាពដល់ពលរដ្ឋឡើងវិញ៖ «អីចឹងជារួមមកខ្ញុំយល់ថា ការចាប់ខ្លួនទៅលើកអ្នកគាំទ្រ ឬក៏សកម្មភាពទាមទារតវ៉ាជួបជុំប្រមូលផ្ដុំដោយអហិង្សានេះ គឺជារឿងមួយខុសច្បាប់ហើយ។ មិនមែនជាការអនុវត្តច្បាប់ទេ ហើយយើងកុំលើកយកបញ្ហានីតិរដ្ឋមកនិយាយមិនមែនជាអនុវត្តត្រឹមត្រូវទេ»។
ចាប់តាំងពីឆ្នាំ២០២០ មកដល់ថ្ងៃទី២៦ មករា មានសកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនសង្គម ព្រះសង្ឃខ្មែរថាវរៈ និងក្រុមយុវជន ជិត ៧០នាក់ហើយ ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញចាប់ខ្លួនដាក់ពន្ធនាគារ។ តុលាការបានចោទប្រកាន់ពួកគេពីបទ រួមគំនិតក្បត់ ញុះញង់ និងប្រមាថថ្នាក់ដឹកនាំជាដើម។
អ្នកតាមដានស្ថានការណ៍យល់ថា ការចាប់ខ្លួនពលរដ្ឋជាបន្តបន្ទាប់នេះ ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដើម្បីកម្ទេចសំឡេងប្រឆាំង ដែលនៅសេសសល់ចុងក្រោយរបស់គណបក្សសង្គ្រោះជាតិឱ្យអស់ពីកម្ពុជា៕
No comments:
Post a Comment