Wednesday, 27 January 2021

មេឃុំ​ជាប់​ឆ្នោត​របស់​បក្ស​ប្រឆាំង​ម្នាក់ ត្រូវ​តុលាការ​កោះ​ហៅ​ចូលរួម​សវនាការ​ពី​បទ​ញុះញង់


ដោយ ជី វិតា
2021-01-25
រូបភាព​មន្ត្រី​នគរបាល​ស្រុក​ស្អាង យក​ដីកា​កោះ​ហៅលោក លឿង សារុន ​មេ​ឃុំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ផ្ទះ​របស់​លោក នៅ​ឃុំ​ទឹក​វិល​ ស្រុក​ស្អាង ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ២០២១។
រូបថត​ពី​ហ្វេសប៊ុក​លោក លឿង សារុន

មេ​ឃុំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​កណ្ដាល ចេញ​ដីកា​កោះ​ឲ្យ ចូលរួម​សវនាការ​លើ​អង្គ​សេចក្ដី​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​នៅដើម​ខែ​ក្រោយ ​ខណៈ​លោក ​មិន​ដែល​បាន​ដឹង​អំពី​ការ​ចោទប្រកាន់​កាលពី​មុន​មក​នោះ​ទេ។ មន្ត្រី​សិទ្ធិ​មនុស្ស មើល​ឃើញ​ថា ការ​ចេញ​ដីកា​កោះហៅ​សមាជិក​បក្ស​ប្រឆាំង​រូប​នេះ គឺ​ជា​រឿង​នយោបាយ​ដូច​ករណី​កន្លង​មក។

មេឃុំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឃុំ​ទឹក​វិល ស្រុក​ស្អាង ​លោក ​លឿង សារុន ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៤ មករា​ថា តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក ឯក ស៊ុនរស្មី បាន ចេញ​ដីកា​កោះ​លោក ឲ្យ​ចូលរួម​សវនាការ នៅ​ថ្ងៃ​ទី៩ ខែ​កុម្ភៈ​ខាងមុខ ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។ លោក ​លឿន សារុន បន្ត​ថា លោក​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​សុខៗ ស្រាប់តែ​ប៉ូលិស​ពីរ​នាក់​ជិះ​ម៉ូតូ​យក​ដីកា​កោះហៅ​នេះ​ឲ្យ​លោក​ដល់​ផ្ទះ ទាំង​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ទាល់​តែ​សោះ។ លោក​បញ្ជាក់​ថា ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​រំលាយ​មក​ លោក​មិន​ដែល​បាន​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ទេ ហើយ​ក៏​មិន​ដែល​បាន​ដឹង​ថា លោក​ជាប់ចោទ​ពី​បទ​ញុះញង់​នេះ​តាំង​ពី​មុន​ដែរ ព្រោះ​ប៉ូលិស និង​មន្ត្រី​តុលាការ ​មិន​ដែល​ហៅ​លោក​ទៅ​សាកសួរ​ឬ​បង្ហាញ​ភស្តុតាង​ម្ដង​ណា​ឡើយ៖ «ស្ងាត់ៗ ទៅ​ជា​អ៊ីចឹង ខ្ញុំ​មិន​យល់​សាច់​រឿង​ដែរ។ ឧទាហរណ៍​ថា បើ​ខ្លួន​ឯង កន្លង​មក បាន​ធ្វើ​សកម្មភាព​អី​ផ្សេងៗ បាន​ចុះ​ទៅ​តាម​ផ្ទះ​ប្រជា​ពលរដ្ឋ​កៀរគរ​ប្រមូល​ផ្ដុំ ថា​អ៊ីចេះ ថា​អ៊ីចុះ​អី អា​ហ្នឹង​វា​សកម្មភាព​របស់​យើង យើង​ដឹង​ខ្លួន​ឯង ប៉ុន្តែដោយឡែក៣ឆ្នាំជាងមកនេះ ពេល​ដែល​គេ​រំលាយ​បក្ស ហើយ​កៅអី​របស់​ខ្ញុំ​ត្រូវ​គេ​យក​បាត់​ទៅ ហើយ​ខ្ញុំ​ទៅ​ជា​ពលរដ្ឋ​ធម្មតា​មិន ដែល​ធ្វើ​សកម្មភាព​អី​សោះ ហើយ​ស្ងាត់ៗ ស្រាប់​តែ​មាន​ដីកា​កោះ​ហៅ​អ៊ីចឹង ឆ្ងល់​ដែរ។ ខ្ញុំ​មិន​យល់»។


មេឃុំ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ វ័យ៥៣ឆ្នាំ រូប​នេះ ឲ្យ​ដឹង​ថា លោក​កំពុង​ពិចារណា​ពឹង​ពាក់​មេធាវី​ជួយ​ការពារ​ក្ដី​ក្នុង​ថ្ងៃ​ឡើង​សវនាការ​នោះ៖ «ជា​មាស​ទឹក​ដប់​ដូច​ខ្ញុំ​អ៊ីចឹង ខ្ញុំ​មិន​ខ្លាច​ភ្លើង​ទេ ប៉ុន្តែ​ខ្លាច​គេ​មិន​ធ្វើ​ទៅ​តាម​នីតិវិធី ពាក់ព័ន្ធ​ច្បាប់ ដូចជា​ចៅក្រម​ស៊ើប​អី​នេះ មិន​ដឹង​ថា ខ្ញុំ ជា​នរណា​ពិត​ប្រាកដ​ផង ហើយ​ខ្ញុំ​ធ្វើ​អី​ខ្លះ​ផង ហើយ​ចេះ​តែ​ចោទ​អ៊ីចឹង ខ្ញុំ​គួរ​ឲ្យ​បារម្ភ​ដែរ អា​ហ្នឹង»។

អាស៊ី​សេរី ​មិន​អាច​ទាក់ទង​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល លោក ឯក ស៊ុនរស្មី និង​ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក ឈឿន សុចិត្ត ដើម្បី​សុំ​បំភ្លឺ​ករណី​នេះ​បានទេ ​ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​ទទួល។

នាយករង​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ប្រសិន​បើ​ដូច​ការ​លើកឡើង​របស់​សមាជិក​បក្ស​ប្រឆាំង​នេះ​មែន គឺ​តុលាការ ​កំពុង​រំលោភ​លើ​នីតិវិធី​ច្បាប់ ព្រោះ​គាត់​ត្រូវ​មាន​សិទ្ធិ​ឆ្លើយ​តប និង​បង្ហាញ​ភស្តុតាង​គ្រប់​ដំណាក់​កាល​រាប់​ចាប់​តាំង​ដំណាក់​កាល​ស៊ើបសួរ និង​ដំណាក់​កាល​កសាង​សំណុំរឿង​ពីសំណាក់​នគរបាល​យុត្តិធម៌ ព្រះរាជអាជ្ញា ចៅក្រម​ស៊ើប​សួរ និង​ដំណាក់​កាល​ចុងក្រោយ គឺ​សវនាការ​ជំនុំ​ជម្រះ​តទល់​គ្នា​នៅ​ក្នុង​តុលាការ។ ទោះ​យ៉ាង​ណា លោក​ពិនិត្យ​ឃើញ​ថា ករណី​នេះ គឺ​ជា​រឿង​នយោបាយ​ដែល​ធ្វើ​ឡើង​ជា​ប្រព័ន្ធ​តែ​ម្តង៖ «មតិ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន គេ​គិត​ថា សវនាការ ឬ​ការ​កោះ​ហៅ​អតីត​គណបក្ស​ប្រឆាំង​នេះ វា​ហាក់​បី​ដូច​ជា​ស៊េរី ឬ​ជា​ប្រព័ន្ធ ហាក់​ដូចជា​មិន​បង្ហាញ​ការ​ស្វែង​រក​យុត្តិធម៌ ព្រោះ​យើង​ឃើញ​ថា ការ​កោះ​ហៅ​ចូលរួម​សវនាការ​នេះ តាម​សាលា​ដំបូង​រាជធានី​ខេត្ត​ផ្សេងៗ កោះហៅ​បន្ត​បន្ទាប់​គ្នា​នេះ»។

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) និង​នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​អន្តរជាតិ យូមែន រ៉ៃត៍វ៉ច្ឆ  (Human Rights Watch) លោក ហ្វ៊ីល រ៉ូប៊ើតសុន (Phil Robertson) មើល​ឃើញ​ថា មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នេះ កំពុង​ត្រូវ​បាន​យាយី​ដោយ​ប្រព័ន្ធ​យុត្តិធម៌ ព្រោះ​ដំណើរ​ការ​កាត់​ក្ដី​ទាំងនេះ គ្មាន​ភាព​ជឿ​ទុកចិត្ត​បាន​ទាល់តែសោះ​ ដោយសារតែ​ផ្អែកលើ​បទ​ចោទ​បែប​ប្រឌិត​បង្កើត​ឡើង​ក្នុង​គោលដៅ​នយោបាយ ដើម្បី​កម្ចាត់​ចោល​ទាំងស្រុង​នូវ​អ្វី​ដែល​នៅ​សេសសល់​ចុងក្រោយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ប្រទេស។ លោក ហ្វ៊ីល រ៉ូប៊ើតសុន អំពាវនាវ​ដល់​រដ្ឋាភិបាល​បរទេស ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ និង​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ ទាមទារ​ឱ្យ​លោក ហ៊ុន សែន បញ្ឈប់​ការ​បង្ក្រាប​ឥត​ឈប់ឈរ​មក​លើ​ក្រុម​អ្នក​រិះគន់ និង​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​ប្រឆាំង​នឹង​ជន​ជាប់​ចោទ​ទាំង​នេះ៕

No comments: