ដោយ ខែ សុណង
2021-01-21
កម្មករ-កម្មការិនីកាត់ជាង ៥ពាន់នាក់ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បន្តធ្វើបាតុកម្មនៅខាងមុខរោងចក្រ វ៉ាយ អ៊ែន ដាប់ប៊ែលយ៉ូ (Y&W) ដើម្បីទាមទារឲ្យថៅកែចិន បើកប្រាក់អតីតភាពការងារ ៥% សម្រាប់ឆ្នាំ២០២០ ឲ្យពួកគេនៅដើមឆ្នាំ២០២១។ សហជីពថា ការមិនព្រមបើកប្រាក់ឲ្យកម្មករ ដោយពន្យារពីមួយពេលទៅមួយពេលនេះ គឺជាចេតនាបង្ហាញឲ្យឃើញថា ថៅកែមិនចង់ដោះស្រាយបញ្ចប់បញ្ហាតាមច្បាប់ស្ដីពីការងារ។
កម្មការិនីម្នាក់ដែលធ្វើការផ្នែកដេរជាង ៤ឆ្នាំ លោកស្រី ចាប ស្រីមុំ ឲ្យដឹងនៅថ្ងៃទី២១ មករាថា ភាគីរោងចក្រ នៅតែមិនព្រមដោះស្រាយរឿងប្រាក់ ៥% ដែលត្រូវបើក ៦ខែម្ដងឲ្យកម្មករនោះទេ ទោះបីជាមានតំណាងក្រសួងការងារ និងអាជ្ញាធរខណ្ឌដង្កោ ចូលរួមក៏ដោយ។
លោកស្រីបន្តថា ភាគីថៅកែនៅតែប្រកាន់ជំហរមិនបើកប្រាក់ ៥% ឲ្យកម្មករក្នុងខែមករានេះបានទេ ដោយសាររោងចក្រជួបបញ្ហាហិរញ្ញវត្ថុ ក្នុងកំឡុងពេលមានជំងឺកូវីដ ហើយសុំលើកពេលទៅថ្ងៃទី២៣ ខែមីនាវិញ។
កម្មការិនីវ័យ ៣៣ឆ្នាំរូបនេះ បញ្ជាក់ថា អស់រយៈពេលជាង ១ឆ្នាំមកហើយ ដែលក្រុមកម្មករទទួលបានកិច្ចសន្យាការងារ ៦ខែម្ដង ជិត ២ពាន់នាក់ នៅមិនទាន់ទទួលប្រាក់ ៥% ពីថៅកែជនជាតិចិន៖ « ៤០ដុល្លារជាង ៣ខែ ហើយគុណទៅ ៦ខែ ៨០ដុល្លារ ចុះមួយឆ្នាំ។ ម្នាក់គឺតែ ១រយជាងបើគាត់ឲ្យ គឺមិនមែនគាត់អត់មានលទ្ធភាពបើកទេ ប៉ុន្តែពួកគាត់អត់ចង់ទូទាត់ឲ្យពួកខ្ញុំ ដោយសារគាត់ចង់បំបាត់ចោល ព្រោះបំណាច់ឆ្នាំក៏គាត់ធ្លាប់បំបាត់ចោលដែរ» ។
ប្រធានរដ្ឋបាលរោងចក្រ លោក ធី ប៊ុនថន ប្រាប់អាស៊ីសេរីថា ក្រុមកម្មករដែលនាំតវ៉ាប្រាក់ ៥% នេះ គឺមានការភ័ន្តច្រឡំ។ លោកបន្តថា កម្មករមួយចំនួន ដែលប្ដូរកិច្ចសន្យាការងារកំណត់ ទៅជាមិនកំណត់វិញ គឺទទួលប្រាក់រំលឹកអតីតភាពការងារ មិនមែនប្រាក់ ៥%នោះទេ។ លោក បញ្ជាក់ថា បើខាងកម្មករព្រមចូលធ្វើការវិញ ភាគីថៅកែនឹងបើកប្រាក់ឲ្យនៅចុងខែមករានេះ៖ «និយាយទៅគាត់ចង់ទាមទារប្រាក់រំលឹកអតីតភាពការងារហ្នឹង យើងឲ្យហើយ ប៉ុន្តែគាត់ចង់បានអីផ្សេងពីហ្នឹងទៀត គឺព្រមឲ្យហើយ។ ក្រសួងការងារ ក៏គេចេញប្រកាសថ្ងៃហ្នឹងដែរ។ យើងអនុវត្តល្អជាងក្រសួងទៅទៀត។ ១ឆមាស គឺទទួលបាន ៧ថ្ងៃកន្លះ។ អ៊ីចឹង ១ឆ្នាំ ទទួលបាន ២ឆមាស»។
ចំណែកករណីចាប់ខ្លួនកម្មករ២នាក់កាលពីថ្ងៃទី២០ មករាវិញ លោកស្រី ចាប ស្រីមុំ ឲ្យដឹងថា អាជ្ញាធរបានចេញបំភ្លឺមុខកម្មករ និងអ្នកសារព័ត៌មានថា អាជ្ញាធរបានដោះលែងពួកគេវិញហើយ ដោយមិនមានការវាយធ្វើបាបឡើយ៖ «ពេលចាប់ទៅអត់ទាន់ដោះលែង ប៉ុន្តែគាត់មកប្រាប់សារព័ត៌មានថា គាត់បានដោះលែងហើយ។ គាត់យកតួនាទីការងារគាត់មកទទួលមុខកម្មករ បើកម្មករដែលគាត់ចាប់ទៅមានរងរបួសស្នាម ឬក៏មានការឃុំឃាំង គាត់នឹងលាលែងពីតំណែងអ៊ីចឹង។ ហើយកម្មករក៏ជឿ ដូចជាអភិបាលខណ្ឌ»។
អភិបាលរងខណ្ឌដង្កោ លោក ជ គឹមស៊ បានអះអាងនៅចំពោះមុខកម្មករ នៅថ្ងៃទី២១ មករាថា អាជ្ញាធរមិនបានចាប់ខ្លួន ឬឃាត់ខ្លួនកម្មករណាម្នាក់នោះទេ។ លោកថា ប្រសិនបើកម្មករនៅតែមិនជឿការបកស្រាយនេះ កម្មករអាចផ្តល់ភស្តុតាង ដូចជា ឈ្មោះ និងទីតាំងចាប់ខ្លួនជាដើម នោះលោកនឹងសុខចិត្តលាលែងពីតំណែងភ្លាម។
កាលពីថ្ងៃទី២០ ខែមករា ក្រុមកម្មករផ្ទុះការតវ៉ាទាមទារភាគីក្រុមហ៊ុនឲ្យបើកប្រាក់បំណាច់អតីតភាពការងារ ៥% ឲ្យកម្មករមានកិច្ចសន្យារយៈពេល ៦ខែ ដែលធ្វើការច្រើនឆ្នាំមកហើយ។ ក្នុងពេលតវ៉ានោះ មានការប៉ះទង្គិចគ្នា ដោយខាងក្រុមប្រជាការពារខណ្ឌដង្កោ បានប្រើហិង្សាដាក់កម្មករ និងចាប់ខ្លួនកម្មករ ២នាក់ ដើម្បីឲ្យខាងកម្មករមានការបើកផ្លូវឡើងវិញ។
ប្រធានសហព័ន្ធសហជីពកម្មករកម្ពុជា លោក អាត់ ធន់ ឲ្យដឹងថា រោងចក្រ វ៉ាយ អ៊ែន ដាប់ប៊ែលយ៉ូ (Y&W) មិនមានតំណាងសហជីពឯករាជ្យទេ ហើយកម្មករទាំងអស់ សុទ្ធតែទទួលបានកិច្ចសន្យាកំណត់ការងាររយៈពេល ៣ខែម្ដង និង ៦ខែម្ដង បើទោះបីជាពួកគេធ្វើការបានពី ២ឆ្នាំ ៣ឆ្នាំ ឬ ៥ឆ្នាំក៏ដោយ។
លោកយល់ថា ការប្រើកិច្ចសន្យាការងារបែបនេះ និងមិនព្រមបើកប្រាក់ ៥% ឲ្យកម្មករ គឺភាគីថៅកែរោងចក្រ ចង់កេងចំណេញលើកម្លាំងពលកម្មកម្មករ ហើយអាចបញ្ឈប់កម្មករពេលណាក៏បាន ដោយមិនចាំបាច់ទូទាត់ប្រាក់សំណងឲ្យកម្មករតាមច្បាប់ស្ដីពីការងារ៖ «នៅក្នុងក្រុមហ៊ុន អាចនិយាយបានថា ដោយសារតែបច្ចេកទេសចង់ចំណេញរបស់ខ្លួន ធ្វើឲ្យមានភាពស្មុគស្មាញដល់ការងាររដ្ឋបាល ការងារបច្ចេកទេសហ្នឹងច្រើន។ ដល់ពេលមិនបើកតាមការកំណត់ កម្មករគាត់ទម្លាប់ថា ត្រូវបើកឲ្យគាត់។ គាត់មិនដឹងថាកិច្ចសន្យាវែងកិច្ចសន្យាខ្លីទេ គាត់មិនទុកចិត្ត ហើយពន្យារច្រើនដងពេក។ ខ្ញុំគិតថាបញ្ហាបច្ចេកទេសដែលក្រុមហ៊ុនហ្នឹង ព្យាយាមធ្វើមិនត្រឹមត្រូវតាមច្បាប់ច្រើនពេក ដល់អ៊ីចឹងទៅ ធ្វើឲ្យពិបាកដល់កម្មករ»។
លោក អាត់ ធន់ ស្នើដល់ក្រសួងការងារ គួរចុះធ្វើអធិការកិច្ចគ្រប់រោងចក្រ ដើម្បីបញ្ចប់ការផ្ដល់កិច្ចសន្យាការងាររយៈពេលមានកំណត់ ទៅជាកិច្ចសន្យាមិនកំណត់ ឬពេលសិទ្ធិឲ្យកម្មករណា ដែលធ្វើការបានចាប់ពី ២ឆ្នាំឡើង ដើម្បីឲ្យពួកគេទទួលបានអត្ថប្រយោជន៍ការងារ ដែលគាំពារដោយច្បាប់ស្ដីពីការងារ។
ក្រុមហ៊ុន វ៉ាយ អ៊ែន ដាប់ប៊ែលយ៉ូ (Y&W) ដែលមានកម្មករធ្វើការសរុបជាង ៥ពាន់ ៧រយនាក់ (៥,៧៥៥) គឺជារោងចក្រកាត់ដេរខោរអាវកូនក្មេង ដែលនាំទៅលក់នៅក្រៅប្រទេស ជាពិសេស នៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
ក្រុមកម្មករប្រកាន់ជំហរ ពួកគេនឹងបន្តបាតុកម្មនៅខាងមុខរោងចក្រ ហើយនាំគ្នាទៅមុខក្រសួងការងារទៀត លុះត្រាទទួលបានដំណោះស្រាយការងារពីថៅកែរោងចក្រ៕
No comments:
Post a Comment