Friday, 22 January 2021

តុលាការ​កំពូល​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ខ្មែរ​ថាវរៈ​ពីរ​នាក់


ដោយ មាន ឫទ្ធិ
2021-01-21
សមាជិក​យុវជន​ខ្មែរ​ថាវរៈ​ លោក ហ៊ុន វណ្ណៈ (ឆ្វេង) និង​​កញ្ញា ឈឿន ដារ៉ាវី។
Photo courtesy



តុលាការ​កំពូល​សម្រេច​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​សមាជិក​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​ពីរ​នាក់ គឺ​លោក ហ៊ុន វណ្ណៈ និង​លោកស្រី ឈឿន ដារ៉ាវី។ សាច់ញាតិ និង​អ្នកការពារ​សិទ្ធិមនុស្ស​ថា ការ​សម្រេច​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ពួកគាត់​ទាំងពីរ​នាក់។

មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​ខ្មែរ​ថាវរៈ​ទាំងពីរ​នាក់ គឺ​លោក សំ ចំរើន ថ្លែង​ថា សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នេះ ជា​រឿង​មិន​អាច​ទទួលយក​បានទេ​សម្រាប់​កូន​ក្តី​របស់​លោក​។ ម្យ៉ាងវិញទៀត លោក​ថា តុលាការ​ដំណើរការ​ក្តី​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​នេះ ហាក់​មានការ​យឺតយ៉ាវ ដែល​ធ្វើ​ឲ្យ​បណ្ដឹង​សាទុក្ខ​របស់​កូន​ក្តី​លោក ពុំ​មាន​ផលប្រយោជន៍​ផ្លូវច្បាប់​ឲ្យ​បាន​ពេញ​លេញ​ឡើយ៖ «តុលាការ​កំពូល​ទទួល​ចាត់ការ​រាង​យឺត ហើយ​តុលាការ​ក្រុង​គេ​បាន​ចេញ​ដីកា​ដំណោះស្រាយ​ចេញ​អី​ទៀត លើ​បណ្ដឹង​សាទុក្ខ​របស់​យើង​ហ្នឹង​មិន​មាន​ផលប្រយោជន៍​ផ្លូវច្បាប់​បាន​ពេញលេញ​។ យើង​រង់ចាំ​សវនាការ​អង្គ​សេចក្ដី​ថ្ងៃ​ទី​១៦ ទាំងអស់​គ្នា​ហ្នឹង»។

តុលាការ​កំពូល​បាន​ប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃ​ទី​២១ មករា ដោយ​សម្រេច​បដិសេធ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោកស្រី ឈឿន ដារ៉ាវី និង​លោក ហ៊ុន វណ្ណៈ។ សេចក្តី​សម្រេច​នេះ ធ្វើឡើង​តាម​សំណើ​របស់​តំណាង​មហាអយ្យការ​អម​តុលាការ​កំពូល ដែល​ស្នើ​សុំ​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ បន្ត​ឃុំខ្លួន​សកម្មជន​ទាំង​ពីរ​រូប ក្រោម​ហេតុផល​ថា ដើម្បី​ការពារ​ជនជាប់ចោទ​មិន​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ជាថ្មី និង​ការពារ​សណ្ដាប់ធ្នាប់​សាធារណៈ។


ទោះជា​យ៉ាងណា ម្ដាយ​របស់​លោក ហ៊ុន វណ្ណៈ លោកស្រី ទី ម៉ារី ថ្លែង​ថា ការសម្រេច​នេះ គឺជា​រឿង​អយុត្តិធម៌​សម្រាប់​កូនប្រុស​លោកស្រី ព្រោះ​រូបគេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ​។ លោកស្រី​បន្ត​ថា ការសម្រេច​បែបនេះ គឺ​ពុំបាន​ផ្ដល់​យុត្តិធម៌​ដល់​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​នោះ​ទេ៖ «​ក្នុងនាម​ខ្ញុំ​ជា​ម្ដាយ​ខ្ញុំ​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល និង​តុលាការ​សូម​បើកសវនាការ​កាត់​ក្តី​ហ្នឹង សូម​ឲ្យ​មាន​ភាព​យុត្តិធម៌​នៅ​ក្នុង​សង្គមជាតិ​ខ្មែរ​យើង​ហ្នឹង ព្រោះ​អី​យុវជន​ខ្មែរ​គ្រប់រូប​មាន​សិទ្ធិ​បញ្ចេញមតិ​គ្រប់ៗ​ គ្នា ដល់​ពេល​ហើយ​ចាប់​គ្នា​ទាំង​អយុត្តិធម៌​អ៊ីចឹង ប្រជាជន​ខ្មែរ​រង​ទុក្ខវេទនា​ដោយ​អត់​មាន​ភាព​យុត្តិធម៌​អ៊ីចឹង»។

ចំណែក​នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត វិញ លោក​សោកស្ដាយ​ចំពោះ​តុលាការ​កំពូល​ដែល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ក្រុម​យុវជន​ទាំងនេះ​។ លោក​ជំរុញ​ឲ្យ​តុលាការ​ក្រុងភ្នំពេញ​ពន្លឿន​នីតិវិធី​លើ​អង្គ​សេចក្តី និង​ពិចារណា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ពួកគេ៖ «ការ​ចាប់ខ្លួន​យុវជន​ទាំងអស់​នេះ​កន្លង​មក​ឃើញ​មានការ​រិះគន់​ជាច្រើន​ពី​សហគមន៍​អន្តរជាតិ។ ជាពិសេស​ គឺ​អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​ ដែល​ចាត់​ទុក​ថា វា​ជា​ការ​បំពារបំពាន​ទៅ​លើ​សេរី​ភាពជា​មូលដ្ឋាន​របស់​ពួកគាត់ ជាពិសេស​ សេរីភាព​ក្នុង​ការ​ជួបជុំ ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី​។ អ៊ីចឹង ​បញ្ហា​នៃ​ការ​មិន​អនុញ្ញាត​នេះ វា​នាំ​ឲ្យ​មានការ​រិះគន់​បន្ថែម​ទៅទៀត អា​​ហ្នឹង​ទី​១។ ទី​២ គឺ​សោកស្ដាយ​ដែល​ការ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទាំងអស់​ហ្នឹង​បាន​នៅ​ក្រៅ​ឃុំ»។

សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​ជំនុំជម្រះ​សំណុំរឿង​ក្រុម​យុវជន​ខ្មែរ​ថាវរៈ និង​សមាជិក​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ សរុប​ចំនួន​ ៧នាក់ នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ​ខាងមុខ​។ តុលាការ​បាន​ចោទប្រកាន់​ពួកគេ​ពី​បទ​ផ្ដើម​គំនិត និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​យុវជន​ខ្មែរ​ថាវរៈ និង​សកម្មជន​សង្គម​ជាច្រើន​នាក់​ដាក់​ពន្ធនាគារ ដោយសារ​ពួកគេ​ចេញមុខ​តវ៉ា​ទាមទារ​ឱ្យ​តុលាការ​ដោះលែង មេដឹកនាំ​សហជីព​លោក រ៉ុង ឈុន ឱ្យ​មាន​សេរីភាព​វិញ។

សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជាពិសេស ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ បាន​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ដោះលែង​អ្នក​ទាំងនោះ​វិញ ព្រោះ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​ឡើយ​។ ក្រៅ​ពី​នេះ សហគមន៍​ជាតិ និង​អន្តរជាតិ​ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ បើក​លំហ​សេរីភាព និង​គោរព​សិទ្ធិ​ពលរដ្ឋ ដូច​មាន​ចែង​ក្នុង​ច្បាប់​ជាតិ និង​អន្តរជាតិ៕

1 comment:

Anonymous said...

Thank You Hun Vannak and Chhoeun Daravy for your sacrifice and your courage to protect Khmer natural resource.

Cambodia needs more people like you.