Tuesday, 2 February 2021

លោក អ៊ូ ច័ន្ទរ័ត្ន នឹង​ស្វែង​រក​ការ​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស ដែល​ដឹកនាំ​ដោយ​អតីត​មន្ត្រី​បក្ស​ប្រឆាំង


ដោយ សន ចាន់រដ្ឋា
2021-01-31
លោក អ៊ូ ច័ន្ទរ័ត្ន នឹង​ស្វែង​រក​ការ​ចង​សម្ពន្ធភាព​ជាមួយ​គណបក្ស ដែល​ដឹកនាំ​ដោយ​អតីត​មន្ត្រី​បក្ស​ប្រឆាំង 

លោក អ៊ូ ច័ន្ទរ័ត្ន អតីត​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង
រូប៖ RFA


អតីត​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​ប្រឆាំង លោក អ៊ូ ច័ន្ទរ័ត្ន នឹង​ស្វែង​រក​ការ​ចង​សម្ពន្ធភាព​ ជាមួយ​គណបក្ស​ផ្សេងៗ ពិសេស គឺ​គណបក្ស​ដែល​ដឹក​នាំ​ដោយ​អតីត​មន្ត្រី​បក្ស​ប្រឆាំង។ អ្នក​វិភាគ​ ថា ទោះ​ជា ចង​សម្ពន្ធភាព​ជាមួយ​គ្រប់​គណបក្ស​ទាំង​អស់ ក៏​មិន​អាច​ប្រកួត​ប្រជែង​ជាមួយ​បក្ស​កាន់​អំណាច​បាន​ដែរ។

លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យ​ដឹង​ថា ក្រុម​ស្ថាបនិក​គណបក្ស​ថ្មី កំពុង​រក​ទីតាំង​ទីស្នាក់ការ​គណបក្ស​បណ្ដោះ​អាសន្ន នៅ​ភ្នំពេញ​ ហើយ​គ្រោង​នឹង​ដាក់​ពាក្យ​ស្នើសុំ​បង្កើត​គណបក្ស​ជា​ផ្លូវ​ការ ទៅ​ក្រសួង​មហាផ្ទៃ​ នៅ​ខែ​កុម្ភៈ​ខាង​មុខ។ គណបក្ស​ថ្មី​នេះ ឈ្មោះ​ថា គណបក្ស​កែទម្រង់​កម្ពុជា។


លោក​បន្ត​ថា ក្រោយ​ការ​បង្កើត​រួច លោក​គ្រោង​នឹង​ស្វែង​រក​ការ​ចង​សម្ពន្ធភាព ​ជាមួយ​គណបក្ស​ផ្សេងៗ ទៀត ពិសេស​ជាមួយ​គណបក្ស ដែល​ដឹកនាំ​ដោយ​អតីត​មន្ត្រី​បក្ស​ប្រឆាំង។ លោក អ៊ូ ច័ន្ទរ័ត្ន បន្ត​ថា លោក​មាន​បំណង​ឈាន​ទៅ​រក​ការ​ធ្វើ​សមាជ​បក្ស​បញ្ចូល​គ្នា ជា​គណបក្ស​តែ​មួយ​នៅ​ថ្ងៃ​អនាគត។ តែ​យ៉ាង​ណា លោក​បញ្ជាក់​ថា លោក​គ្មាន​បំណង​ចង់​ស្វែង​រក​ការ​ចង​សម្ពន្ធភាព​ជាមួយ​បក្ស​កាន់​អំណាច​ ឡើយ៖ «គណបក្ស​កាន់​អំណាច មិន​អាច​សម្ពន្ធ​ទេ។ ឈរ​លើ​បន្ទាត់ ជាមួយ​គ្នា ប្រហាក់ប្រហែល​គ្នា អា​ហ្នឹង យើង​អាច​នឹង​រួបរួម​គោលដៅ ទស្សនៈ​វិស័យ​ប្រហាក់​ប្រហែល​គ្នា អា​ហ្នឹង យើង​អាច​រួម​រួប​គ្នា​តែ​ម្ដង។ ប្រកាស​ធ្វើ​សមាជ​បញ្ចូល​គ្នា​តែ​ម្ដង»។

ទោះ​ជា​យ៉ាង​ណា លោក អ៊ូ ច័ន្ទរ័ត្ន មិន​ទាន់​អាច​បញ្ជាក់​ពី​សមាសភាព ថ្នាក់​ដឹក​នាំ​គណបក្ស​កែ​ទម្រង់​កម្ពុជា​ទេ តែ​អះអាង​ថា ជា​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ លោក​អះអាង​ថា លោក និង​មន្ត្រី​គណបក្ស​ប្រឆាំង​ខ្លះ​យល់​ថា មាន​តែ​ជម្រើស​បង្កើត​គណបក្ស​ថ្មី​ទេ ទើប​អាច​រក​វិធី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ នៅ​កម្ពុជា​បាន។

ប្រធាន​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ លោក ជីវ​ កត្តា ប្រាប់​ថា គណបក្ស​របស់​លោក នឹង​ពិចារណា ប្រសិន​បើ​មាន​សំណើ​ជា​ផ្លូវការ។ លោក បញ្ជាក់​ថា លោក មិន​បាន​ដឹង​បំណង នៃ​ការ​បង្កើត​គណ​បក្ស​ថ្មី​របស់​លោក អ៊ូ ច័ន្ទរ័ត្ន ទេ តែ​លោក ជីវ កត្តា អះអាង​ថា ខាង​គណបក្ស​លោក ក៏​មាន​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ខ្លះ ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ចង់​ចូលរួម​ជាមួយ​ដែរ៖ «គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ បាន​ប្រកាស​ជំហរ​ច្បាស់​ហើយ​ណា យើង​បង្កើត​បន្ត​នូវ​ទស្សនៈ​ស្មារតី​សង្គ្រោះ​ជាតិ បង្កើត​វប្បធម៌​នយោបាយ​ថ្មី បង្រួប​បង្រួម​អ្នក​ស្នេហា​ជាតិ អ្នក​ប្រជាធិបតេយ្យ​ យើង​ផ្សះផ្សា​ជាតិ តស៊ូ​មតិ តាម​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស តាម​ការ​បោះឆ្នោត​នេះ​ឯង។ ប៉ុន្មាន​ចំណុច​នេះ ជា​ជំហរ​របស់​គណបក្ស​ស្រលាញ់​ជាតិ។ បើ​យើង​មាន​ជំហរ​មាន​ទិស​ដៅ ដូច​គ្នា យើង​អាច​ដើរ​មក​ជុំ​គ្នា​បាន»។

ចំណែក​អតីត​មន្ត្រី​បក្ស​ប្រឆាំង​ម្នាក់​ទៀត គឺ​ជា​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ ម៉ូនីកា ក៏​មិន​ជំទាស់​នូវ​បំណង នៃ​ការ​ចង​សម្ពន្ធភាព​គណបក្ស​ដែរ។ លោក គង់ ម៉ូនីកា បញ្ជាក់​ថា គណបក្ស​របស់​លោក នឹង​ពិចារណា ពិនិត្យ​មើល​លក្ខខណ្ឌ នៃ​ការ​ចង​សម្ពន្ធភាព​នេះ នៅ​ពេល​មាន​សំណើ៖ «ហើយ​យើង​អាច​ជួប​ជជែក​គ្នា ចង​សម្ពន្ធភាព​នឹង​គ្នា​យ៉ាង​ម្ដេច? ធ្វើ​យ៉ាង​ណា រក​រូប​មន្ត​ ដែល​យើង​អាច​ធ្វើ​ការ​រួម​គ្នា ដើម្បី​កសាង​កម្លាំង​ប្រជាធិបតេយ្យ​ឡើង​វិញ។ ខ្ញុំ​មិន​បដិសេធ ហើយ​និង​សាទរ​នូវ​គំនិត​បែប​នេះ ព្រោះ​ថា ឪពុក​របស់​ខ្ញុំ គង់ គាំ ក៏​ដូច​ជា​ខ្ញុំ​ក៏​ដោយ គឺ​ថា យើង​បាន​ស្វះស្វែង​កន្លង​មក​ហើយ គឺ​ចង់​ឲ្យ​អ្នក​ប្រជាធិបតេយ្យ​បាន​ជួប​គ្នា»។

សមាជិក​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក ហេង ច័ន្ទ​រស្មី យល់​ថា ការ​បង្កើត​គណបក្ស​ថ្មីៗ និង​ការ​ចង​សម្ព័ន្ធ​ភាព​ជាមួយ​គ្នា គឺជា​ជម្រើស​ល្អ​ម្យ៉ាង ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​មាន​លទ្ធភាព​ចូល​រួម​ប្រកួត​ការ​បោះឆ្នោត ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​បាន​ទេ។ តែ​យ៉ាង​ណា លោក​យល់​ថា គណ​បក្ស​ថ្មីថ្មោង​ទាំង​អស់​នេះ នៅ​តែ​មិន​ទាន់​មាន​លទ្ធភាព​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​បាន​ទេ៖ «ទាមទារ​ឲ្យ​មាន​ការ​ចុះ​សម្រុង​គ្នា​រវាង​អតីត​មេ​ដឹក​នាំ​ជាន់​ខ្ពស់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ។ អ៊ីចឹង បើ​មិន​មាន​រូបភាព​ថ្មី​ណា​មួយ ឬ​ក៏​មិន​មាន​ការ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​មក​ធ្វើ​ការ​រួម​គ្នា​ទេ ខ្ញុំ​គិត​ថា លទ្ធភាព​នៃ​ការ​ចូលរួម​ប្រកួត​ប្រជែង ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ​នេះ វា​ហាក់​បី​ដូច​ជា​មាន​ភាព​មិន​ច្បាស់​លាស់ ឬ​ក៏​មើល​ឃើញ​ពី​ភាព​មិន​ជោគជ័យ​សម្រាប់​គណបក្ស​ប្រឆាំង គឺ​មិន​អាច​ទៅ​រួច​ទេ គឺ​មិន​អាច​ឈ្នះ​គណបក្ស​ប្រឆាំង​បាន​ទេ»។

គិត​ត្រឹម​ចុង​ឆ្នាំ២០២០ មាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ១៤នាក់ បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ក្នុង​ចំណោម ១១៨នាក់ ដែល​ត្រូវ​តុលាការ​កំពូល​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ។ ក្នុង​នោះ មាន​អតីតមន្ត្រី​បក្ស​ប្រឆាំង ៣ក្រុម បាន​នាំ​គ្នា​បង្កើត​គណបក្ស​ថ្មី គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​ខ្មែរ​អភិរក្ស​និយម និង​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ។

ក្រៅ​ពី​នេះ មាន​អ្នក​សុំ​សិទ្ធិ​នយោបាយ ៣នាក់ បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​នោះ មាន​លោក គង់ បូរ៉ា មាន​តួនាទី​ជា​អនុ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម ក្រោយ​ពេល​ចូលរួម​ជាមួយ​បក្ស​កាន់​អំណាច អ្នកស្រី លី ស្រីវីណា ចូលរួម​ក្រោយ​អាជ្ញាធរ​បិទ​គ្លីនិក​របស់​អ្នកស្រី និង​ លោក ស៊ុន សុភ័គ្រ មាន​តួនាទី​ជា​ទីប្រឹក្សា​រដ្ឋាភិបាល ឋានៈ​ស្មើ​រដ្ឋលេខាធិការ។

សកម្មជន​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​នយោបាយ​ខ្លះ​សង្កេត​ឃើញ​ថា អ្នក​នយោបាយ ដែល​បាន​បោះបង់​គណបក្ស​សង្គ្រោះ​ជាតិ ទទួលរង​នូវ​ការរិះគន់​ធ្ងន់ធ្ងរ ពី​ប្រជាពលរដ្ឋ ស្មើ​នឹង​ការ​សម្លាប់​ជីវិត​នយោបាយ​របស់​ខ្លួន៕

2 comments:

Anonymous said...

This asshole Ou Chan Roth looks like a cannibal.
This is a devil. I hope the sex maniac Kem Sokha will not join this devil Ou Chan Roth.

Anonymous said...

He works for Hun Sen splitting the support and votes from CNRP. There only can be one opposition party and only one leader, Sam Rainsy.