Khmer Circle: Positive message from one who told Khmer people to forget Koh Tral!
🔺🔺🔺
ដោយ សុជីវី
2021-02-15
បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ ថ្លែងក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។
RFA
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ ផ្ញើសារអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេស អ្នកនយោបាយ និងអ្នកដឹកនាំប្រទេស ត្រូវប្រឹងប្រែងទ្វេដង ដើម្បីធានាការពារឱ្យកម្ពុជានៅគង់វង្សជាប្រទេសឯករាជ្យ មានអធិបតេយ្យ និងមានបូរណភាពទឹកដីពេញលេញ។ អ្នកនាំពាក្យគណបក្សកាន់អំណាច ឆ្លើយតបថា សព្វថ្ងៃនេះ រដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីការពារឯករាជ្យជាតិ និងបូរណភាពទឹកដី ហើយគ្មានការបែកបាក់ជាតិដូចការចោទប្រកាន់នោះទេ។
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ បញ្ចេញទស្សនៈនៅលើហ្វេសប៊ុក(Facebook) របស់លោកនៅថ្ងៃទី១៤ កុម្ភៈថា ស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្ននេះ តម្រូវឱ្យពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយ រួមទាំងអ្នកដឹកនាំប្រទេសផង ត្រូវប្រឹងប្រែងទ្វេដងក្នុងការពង្រឹងសាមគ្គីជាតិ និងឯកភាពជាតិ ដោយរួមគ្នាគោរពអនុវត្តច្បាប់កំពូលរបស់ជាតិ ទើបធ្វើឱ្យកម្ពុជាមានឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីឋិតថេរជារៀងរហូត។ លោកលើកឧទាហរណ៍ពន្យល់ថា ប្រទេសខ្មែរ ដែលធ្លាប់ជាអាណាចក្រធំធេង បានចុះឱនថយដល់បាតដាលដោយត្រូវបានសៀម (Siam) និងអណ្ណាម ឬវៀតណាម (Annam) ចែកគ្នាត្រួតត្រា ប៉ុន្តែពេលនោះព្រះបាទអង្គឌួង បានចាប់ផ្តើមកសាងឯកភាពជាតិ និងបានពឹងមហាអំណាចបារាំងឱ្យមកការពារប្រទេស ដើម្បីរំដោះប្រទេសចេញពីការត្រួតត្រា របស់ប្រទេសជិតខាងទាំងពីរ។
អ្នកវិភាគចាស់វស្សារូបនេះ ប្រាប់អាស៊ីសេរីបន្ថែមថា ប្រសិនបើពលរដ្ឋខ្មែរ និងអ្នកនយោបាយគ្រប់រូប ជាពិសេសអ្នកដឹកនាំប្រទេស គោរព អនុវត្ត និងបំពេញករណីយកិច្ចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញឱ្យបានត្រឹមត្រូវនិងពេញលេញនោះ នឹងធ្វើឱ្យប្រជាជាតិខ្មែរមានការទុកចិត្តគ្នាខ្លាំង ស្រឡាញ់គ្នាខ្លាំង ជួយគ្នាទៅវិញទៅមកខ្លាំង សហការគ្នាខ្លាំង សាមគ្គីគ្នាខ្លាំង ហើយនឹងមានឯកភាពជាតិខ្លាំងរឹងមាំ។ បណ្ឌិត ឡៅ ម៉ុងហៃ បន្តថា ការបំពេញករណីយកិច្ចបែបនេះ នឹងបង្កើតសង្គមមួយមានសណ្ដាប់ធ្នាប់ សុខសន្តិភាព យុត្តិធម៌ និងសេរីភាព ដែលបង្កើតឱកាសជួយឱ្យពលរដ្ឋម្នាក់ៗបង្កើនកម្លាំងកាយ កម្លាំងបញ្ញាឱ្យបានច្រើនបំផុតដែលអាចធ្វើទៅបាន និងប្រើប្រាស់កម្លាំងទាំងនេះឱ្យអស់សម្រាប់កសាងជីវិតនិងសុភមង្គលរៀងៗខ្លួន និងកសាងជាតិឱ្យបានថ្កុំថ្កើងរុងរឿង រឹងមាំ និងខ្លាំងដែលការពារទឹកដី ឯករាជ្យ និងអធិបតេយ្យភាពដោយខ្លួនឯងបាន។
ឆ្លើយតបចំពោះការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា ព្រោះតែដើម្បីការពារឯករាជ្យ និងបូរណភាពទឹកដីឱ្យគង់វង្សនេះហើយទើបរដ្ឋាភិបាល ខិតខំពន្លឿនបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង។ ទន្ទឹមគ្នានេះ លោកអះអាងថា នៅកម្ពុជាបច្ចុប្បន្ននេះ គ្មានការបែកបាក់ជាតិ និងស្ថិតក្រោមឥទ្ធិពលបរទេសនោះទេ៖ «ប្រជាពលរដ្ឋ ១៦លាននាក់ដែលសព្វថ្ងៃនេះ កំពុងរស់នៅលើទឹកដីដែលមានក្រឡាផ្ទៃ ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មានបែកបាក់ឯណា បែកបាក់តែពួករត់ចោលស្រុកមួយចំនួន ភ័យខ្លួនដែលធ្វើរដ្ឋប្រហារអចិន្ត្រៃយ៍ចង់ដណ្ដើមយកអំណាចពីគណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោត វាអត់បានទៅ ដល់ភ័យខ្លួនរត់ចោលស្រុកទៅ»។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលបញ្ហាសង្គមនិងអ្នកនយោបាយបក្សប្រឆាំង វាយតម្លៃថា សម័យកាលបច្ចុប្បន្ននេះ ប្រជាជាតិខ្មែរ ជាពិសេសអ្នកនយោបាយខ្មែរ កំពុងបែកបាក់ធ្ងន់ធ្ងរ ហើយរបបឯកបក្សរបស់លោកនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន កំពុងដឹកនាំប្រទេសកម្ពុជា ឱ្យស្ថិតក្រោមឥទ្ធិពលបរទេសប្រទេសចិន និងប្រទេសវៀតណាម។
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន មានប្រសាសន៍ថា ការលើកឡើងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ នេះ គឺជារឿងត្រឹមត្រូវ។លោកបញ្ជាក់ថា ប្រទេសកម្ពុជាសព្វថ្ងៃនេះ កំពុងបែកបាក់សាមគ្គីជាតិធ្ងន់ធ្ងរ ក្រោយពីរំលាយគណបក្សសង្គ្រោះជាតិដែលមានអ្នកគាំទ្រស្ទើរពាក់កណ្ដាលប្រទេស ហើយរបបឯកបក្សរបស់លោក ហ៊ុន សែន បានពឹងផ្អែកប្រទេសចិន និងប្រទេសវៀតណាមឱ្យជួយជ្រោមជ្រែងការពារអំណាចរបស់ខ្លួន ដែលធ្វើឱ្យប៉ះពាល់ឯករាជ្យភាពនិងបូរណភាពទឹកដីកម្ពុជា៖ «សព្វថ្ងៃនេះ លោក ហ៊ុន សែន លម្អៀងទៅវៀតណាម ដូច្នេះគាត់កាត់ដីឱ្យវៀតណាម ដើម្បីសងគុណទៅវៀតណាម ព្រោះវៀតណាម បានជួយបន្តុបគាត់ តាំងពីទសវត្សរ៍ទី៨០ មក ហើយវៀតណាមជួយការពារអំណាចរបស់គាត់រហូតមកដល់ពេលនេះ ដូច្នេះគាត់ត្រូវកាត់ដីយើងតាមព្រំដែនដើម្បីសងគុណទៅវៀតណាម ដោយសារគាត់មិនឯកភាពជាតិ មិនបង្រួបបង្រួមជាតិ មិនផ្សះផ្សាជាតិមួយនឹងគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា ដើម្បីការពារបូរណភាពទឹកដីកុំឱ្យមានការឈ្លានពានពីសំណាក់ប្រទេសជិតខាង»។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះ បន្តថា ដើម្បីឱ្យប្រទេសកម្ពុជា មានឯករាជ្យជាតិរឹងមាំ និងការពារបូរណភាពទឹកដីបាន លុះត្រាតែគណបក្សកាន់អំណាច លះបង់មហិច្ឆតាផ្ទាល់ខ្លួន វិលមកផ្សះផ្សាជាតិ និងចាប់យកវប្បធម៌សន្ទនា ដោះស្រាយជម្លោះនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ហើយរៀបចំការបោះឆ្នោតឡើងវិញ ។ លោកថា ការធ្វើបែបនេះ ក៏ស្របតាមការអំពាវនាវជាច្រើនលើកច្រើនសារបស់សហគមន៍ជាតិ និងអន្តរជាតិផងដែរ៕
No comments:
Post a Comment