Tuesday, 16 February 2021

តុលាការ​កំពូល សម្រេច​​ឲ្យ​សកម្មជន​បរិស្ថាន​​ ៣នាក់ បន្ត​ជាប់​ឃុំ​​


ដោយ ទីន ហ្សាការីយ៉ា
2021-02-15 rfa
តុលាការ​កំពូល សម្រេច​​ឲ្យ​សកម្មជន​បរិស្ថាន​​ ៣នាក់ បន្ត​ជាប់​ឃុំ​​ 

(ឆ្វេង) លោក ថុន រដ្ឋា កញ្ញា ឡង គន្ធា និង​កញ្ញា ភួន កែវរស្មី ក្រុមយុវជនចលនាមាតាធម្មជាតិ។
រូបពីហ្វេសប៊ុករបស់ពួកគាត់ទាំង៣

 

ចៅក្រម​តុលាការ​កំពូល សម្រេចច្រានចោលសំណើរសុំនៅក្រៅឃុំបណ្តោះអាសន្ន របស់យុវជនចលនាមាតាធម្មជាតិ​​ ​​​៣នាក់ ​ដោយឲ្យ​បន្ត​ជាប់​ពន្ធនាគារ​ដដែល នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ។ ការ​ប្រកាស​សាល​ដីកា​បដិសេធ​នេះ តុលាការ​កំពូល លើក​ហេតុផល​ថា សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ និង​សាលាដំបូង​កន្លង​មក គឺ​ត្រឹមត្រូវ​តាម​ច្បាប់។ សាច់​ញាតិ និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​ សោកស្ដាយ ចំពោះ​ការ​សម្រេច​នេះ។

មេធាវី​ការពារ​ក្តី​ឲ្យយុវជនចលនាមាតាធម្មជាតិទាំង ៣នាក់ បាន​បរាជ័យ​ជា​ថ្មី​ទៀត ​ចំពោះ​ការ​ស្នើសុំ​ឲ្យ​កូន​ក្តី​របស់​ខ្លួន ​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​តុលាការកំពូល លោក ឃឹម ប៉ុណ្ណ ប្រកាសសាលដីកាថា តុលាការ​កំពូល​សម្រេច​បន្ត​ឃុំ​ខ្លួន​លោក គឺលោក ថុន រដ្ឋា កញ្ញា ភួន កែវ រស្មី និង​កញ្ញា ឡង គន្ធា នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ត​ទៅ​ទៀត  តាម​អំណាច​សាលក្រម​របស់​សាលា​ឧទ្ធរណ៍ ​ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​ជន​ត្រូវ​ចោទ និង​បង្ការ​កុំ​​ឲ្យ​កើត​មាន​​បទ​ល្មើស​ញុះញង់ ដែល​បង្ករ​ដោយ​សកម្មជន​បរិស្ថាន​ទាំង​៣​​។


​សាច់​ញាតិ​របស់​សកម្មជន​ទាំង​ ៣​នាក់ មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​ក្ដី​នេះ​ទេ។ ​ពួកគេ​ ហៅ​ការ​តម្កល់​សេចក្ដី​សម្រេច​របស់​សាលា​​ឧទ្ធរណ៍​ថា អយុត្តិធម៌ និងនៅតែ​ទាមទារឲ្យដោះលែងយុវជនទាំង ៣នាក់។ ម្ដាយ​របស់​សកម្មជន​បរិស្ថាន​​ម្នាក់​ កញ្ញា ឡុង គន្ធា គឺ លោកស្រី សាន សារ៉ន នៅ​តែ​ទទូច​ឲ្យ​តុលាការ​ដោះលែង​កូនស្រី។ លោកស្រី អះអាង​​​ថា សកម្មភាព​របស់​ កញ្ញា ឡុង គន្ធា ថា មិន​​ដែល​ធ្វើ​អំពើខុស​ច្បាប់​ តាំង​ពី​ដើម​មក។

រីឯ​ប្រពន្ធ​របស់ លោក ថុន រដ្ឋា វិញ គឺលោកស្រី ប៉ាត់ រស្មី រិះគន់ថា សេចក្តី​សម្រេច​របស់​តុលាការកំពូលនេះ មិន​សមស្រប​តាម​ច្បាប់ និង​មិន​មាន​ជំហរ​ឯករាជ្យ។ លោកស្រីថ្លែង​ការពារ​ទង្វើ​ប្ដី​ថា មិន​​ដែល​បាន​ធ្វើ​ខុស​ច្បាប់​ទេ គឺ​មាន​តែ​ជួយ​សង្គម​​ទៅ​វិញ​ទេ។ លោកស្រីចង់​ឲ្យ​តុលាការ​ដោះ​លែង​លោក ថុន រដ្ឋា ដោយ​ឥត​លក្ខខណ្ឌ​៖ «វា​ពិត​ជា​អយុត្តិធម៌​មែន​ទែន សម្រាប់​ប្ដី​ខ្ញុំ ដែល​គាត់​មិន​បាន​ប្រព្រឹត្តិ​កំហុស​អ្វី​សោះ។ នេះ​ស​បញ្ជាក់​​ឲ្យ​ឃើញ​ថា តុលាការ​មិន​ឯករាជ្យ មិន​មាន​តម្លាភាព​។ បើ​តុលាការ​ មាន​តម្លាភាព​ គាត់​ត្រូវ​តែ​ឲ្យ​ប្ដី​ខ្ញុំ​ នៅ​ក្រៅ​ឃុំ ពីព្រោះ​កន្លង​មក​វីដេអូ​​គាត់ គឺ​ជួយ​សង្គម​ទាំង​អស់​ អត់​មាន​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​អ្វី​ទេ»។

វា​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ ​ចំពោះ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​គេដឹង​ថា ភាគច្រើនឲ្យ​តែ​សាលា​ដំបូង​សម្រេច​យ៉ាង​ណា​ហើយ ពេល​ទៅ​ប្ដឹង​បន្ត​នៅ​សាលា​ឧទ្ធរណ៍ ឬ​តុលាការ​កំពូល​នោះ លទ្ធផល​ភាគច្រើន ​អាច​នៅ​ដដែលចំពោះសំណុំរឿងដែលរងការរិះគន់ថា មានចរិតនយោបាយ ។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្សនៃអង្គការ​លីកាដូថ្លែង​ថា ការលើកមូលហេតុរបស់ចៅក្រម​តុលាការ​កំពូល មិនសមហេតុផល។ លោក អំ សំអាត យល់​ថា ការ​​បដិសេធ​ដោះលែងសកម្មជន​​បរិស្ថាន​ទាំង​ ៣នាក់ បង្កើត​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច​ដល់​សកម្មជន​​បរិស្ថាន និង​សកម្មជន​​សង្គម​ផ្សេង​ទៀត៖ «គ្រាន់​តែ​ថា តុលាការ​ គេ​លើក​ជា​ការ​បដិសេធ​អ៊ីចឹង​ហើយ។ ប៉ុន្តែ​អ្វី​សំខាន់​ដែល​យើង​មើល​ឃើញ​ថា អា​សាល​ដីកា​ហ្នឹង ជា​សារ​មួយគំរាម​កំហែង​បំបិទ​បំភ័យ​សកម្មជន​បរិស្ថាន និង​សង្គម​ផ្សេង​ទៀត»។

នគរបាល​​រាជធានី​​ភ្នំពេញ បាន​ចាប់​ឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ ​ទាំង ​៣នាក់ កាល​ពី​ដើម​ខែ​កញ្ញា ឆ្នាំ​២០២០ ។ ការ​ចាប់ខ្លួន​នេះ កើតមានឡើង​បន្ទាប់ពី​កញ្ញា ឡុង គន្ធា បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​អំពី​គម្រោងស្លៀកស​​ដើរ​ពី​វត្តភ្នំ​ទៅកាន់​ភូមិគ្រឹះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​ជួប​ផ្ទាល់​ជាមួយ​លោក និយាយ​អំពី​រឿង​ការ​លុប​បឹង​តាមោក ដែល​ស្ថិតនៅ​ជាយ​រាជធានី​​ភ្នំពេញ។ បើទោះបីជាការប្រកាសរបស់កញ្ញា ឡុង គន្ធា មិនទាន់កើតចេញជាសកម្មភាព ​និងអ្នកសិទ្ធិមនុស្ស យល់ថា គ្មានពាក្យសម្តី​មួយណាខុសច្បាប់ក្តី ប៉ុន្តែ​នគរបាល និង​តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ​ពី​បទ​ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​​ប្រឈម​​ការ​ជាប់​ពន្ធនាគារ​​ ២ឆ្នាំ។ មក​ទល់​ពេល​នេះយុវជន​ទាំង ៣នាក់ បាន​ជាប់​ពន្ធនាគារ​ជាង ៥ខែ​ហើយ។ សំណុំ​រឿង​នេះ​ មាន​ជន​ជាប់​ចោទ ២នាក់​ទៀត កំពុង​​ស្ថិត​នៅ​ក្រៅ​ឃុំ គឺ​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិច ហាន់ដ្រូ​ ហ្គន់សាឡេស ដេវីដសុន​ (Alejandro Gonzalez Davidson) និង ​យុវជន​ខ្មែរ​ថាវរៈ កញ្ញា ជា គន្ធីន ដែល​ធ្លាប់​បង្ហាញ​មុខ ​ក្នុង​វីដេអូ​របស់​ក្រុម​មាតា​ធម្មជាតិទាក់ទង​នឹង​ការ​លុប​បឹង​តា​មោក។

​ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ  លោក​​ សុក សំអឿន សង្កេត​ឃើញជា​ទូទៅ​ថា ​ការ​អនុវត្ត​​​ច្បាប់​កន្លង​មក​អាជ្ញាធរ​​ និង​មន្ត្រី​តុលាការ​ បាន​​​បកស្រាយ​​បទ​​ល្មើស​ញុះញង់ធ្វើ​ឲ្យ​បាត់​សិទ្ធិ​សេរីភាព​​ពលរដ្ឋ។ លោក​មេធាវី បន្ត​ថា ការ​បកស្រាយក្នុង​ន័យ​នេះ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់​បង់​ជំនឿ​​​​លើ​ច្បាប់៖ «យើង​និយាយ​ពី​ច្បាប់​ជា​អាវុធ​មុខ​២ យល់​ឬ​នៅ? បើ​យើង​ពឹង​តែ​ច្បាប់​មួយ​មុខ គឺ​អត់​បាន​ទេ ទាល់​តែ​តុលាការ​ហ្នឹង វា​ឯករាជ្យ​មួយ​ទៀត ហើយ​មាន​សមត្ថភាព​រឹងប៉ឹង​។ អ៊ីចឹង វា​ពឹង​ពាក់​លើ​តុលាការ​មួយ​ទៀត បើ​កាល​ណា ច្បាប់​យើងសរសេរ​អត់​​សូវ​ច្បាស់​ញុះញង់ អ្វី​ក៏​ញុះញង់​ៗ ឲ្យ​តែ​ញុះញង់​ឃុំ​ខ្លួន​ៗ។ ដល់​អ៊ីចឹង​​ទៅ វា​ទៅ​ជា​ការ​អនុវត្ត​ច្បាប់​ញុះញង់​មួយ​ហ្នឹង​ ធ្វើ​ឲ្យ​មាន​ការ​បិទ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​។ ដូច្នេះ ក្នុង​បញ្ហា​ហ្នឹង វា​នៅ​លើ​សភា​ត្រូវ​ពិនិត្យ​មើល​តុលាការ​អនុវត្ត​បែប​ហ្នឹង អាជ្ញាធរ​អនុវត្ត​បែប​ហ្នឹង​​មក​ពី​ច្បាប់ យើង​សរសេរ​មិន​ច្បាស់ ឬ​យ៉ាង​ម្ដេច? អ៊ីចឹង​ណា។ ឥឡូវ​ពឹង​សភា​វិញ​ម្ដង តើ​ទុក​ច្បាប់​ហ្នឹង​នៅ​ដដែល ឲ្យ​ពលរដ្ឋ​កាន់​តែ​បាត់​បង់​ជំនឿ ​ទំនុក​ចិត្ត ពី​ប្រជាពលរដ្ឋ​ ឬ​ធ្វើ​​យ៉ាង​ម្ដេច​​? អ៊ីចឹង​ណា»។

​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​នេះ​ដែរ សាលា​ដំបូង​រាជធានី​ភ្នំពេញ គ្រោង​នឹង​បើក​សវនាការ​លើ​អង្គ​សេចក្ដី​នៃ​សំណុំ​រឿង​របស់​សកម្ម​ជន​​បរិស្ថាន​ទាំង​ ៥​នាក់​នេះ នៅ​ថ្ងៃ​ទី២៤ កុម្ភៈ​ខាង​មុខ។ រីឯយុវជនចំនួន ៣នាក់ កំពុងជាប់ឃុំវិញ សាច់​ញាតិ និង​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រំពឹង​ថា តុលាការនឹងដោះលែងពួកគេវិញ នៅ​​ពេល​សវនាការ​លើ​​អង្គ​សេចក្ដីនៅ​ថ្ងៃ​ខាង​មុខ៕

No comments: