ដោយ មួង ណារ៉េត
2021-02-04
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេស។
RFA/Chun Chanboth
អ្នកច្បាប់ហួសចិត្ត ដែលស្ថាប័នពាក់ព័ន្ធ មើលរំលងការគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋជាចម្បង។ ចំណែកឯមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សឯណោះវិញ លោកក៏យល់ស្របដែរ ថា ការអនុវត្តនីតិវិធីតុលាការ ក្នុងសំណុំរឿងដែលមានចរិតនយោបាយ ធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍យុត្តិធម៌ និងគោលការណ៍នីតិរដ្ឋ។
នីតិវិធីដែលរងការរិះគន់ ថា ធ្វើមិនត្រឹមត្រូវ និងនាំឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពប្រជាពលរដ្ឋ ប៉ះពាល់ដល់ប្រយោជន៍យុត្តិធម៌ និងគោលការណ៍នីតិរដ្ឋនោះ គឺភាពមិនស៊ីសង្វាក់គ្នា រវាងគោលបំណងរបស់រដ្ឋាភិបាល និងតុលាការកម្ពុជា ក្នុងការចោទប្រកាន់ពលរដ្ឋខ្មែរ ដែលរដ្ឋាភិបាលកម្ពុជាខ្លួនឯង បានដាក់ក្នុងបញ្ជីខ្មៅ នៃជនដែលត្រូវហាមចូលស្រុកទៅហើយនោះ។
អ្នកច្បាប់ស្រឡាំងកាំងទៅនឹងចំណាត់ការរបស់តុលាការ ដែលចេញដីកាចោទប្រកាន់លើជន ដែលរដ្ឋាភិបាលមិនឱ្យចូលស្រុកបែបនេះ។ លោកមេធាវី សុក សំអឿន នៃក្រុមមេធាវីអមរិន្ទ្រ ថា លោកមិនដែលជួបប្រទះនីតិវិធីបែបនេះនោះទេ៖ «ដល់តែតុលាការអ្នកហៅ ហើយរដ្ឋាភិបាលអ្នកបិទអ៊ីចឹងយើងអត់ដឹងដែរ អត់មានចែងក្នុងនីតិវិធីទេ»។
ជនគ្រប់រូបមានសិទ្ធិការពារខ្លួនតាមផ្លូវតុលាការ និងសិទ្ធិទទួលបានការជំនុំជម្រះ ដោយមានវត្តមានរបស់ខ្លួនក្នុងតុលាការ ស្របតាមការគោលការណ៍ចំពោះមុខ។ នេះបើតាមនីតិវិធី និងគោលការណ៍ត្រឹមត្រូវ និងយុត្តិធម៌នៃច្បាប់ ទាំងរដ្ឋធម្មនុញ្ញកម្ពុជា ត្រង់មាត្រា ៣៨ និងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ត្រង់មាត្រា ១៤(៣)(ឃ)។
សិទ្ធិមានវត្តមាននៅក្នុងពេលជំនុំជម្រះក្តីនេះ ក៏មានចែងច្បាស់នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ដែលតុលាការត្រូវសម្រួលគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាអាចស្ដាប់ចម្លើយរបស់ជនជាប់ចោទ ទោះក្នុងស្ថានភាពមានបញ្ហាសុខភាព។ មាត្រា ៣០៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជា ចែងថា បើជនជាប់ចោទ ដែលពុំអាចចូលបង្ហាញខ្លួន ដោយសារមូលហេតុស្ថានភាពសុខភាព ឬដោយសារមូលហេតុធ្ងន់ធ្ងរ ដែលធ្វើឱ្យជនជាប់ចោទមិនអាចចូលទៅបង្ហាញខ្លួន នៅចំពោះមុខតុលាការបានទេ ប្រធានសវនាការអាចបង្គាប់ឱ្យសួរជនជាប់ចោទ នៅទីកន្លែងដែលជននោះនៅ។
តាមគោលការណ៍ច្បាប់ តុលាការអាចបើកសវនាការកំបាំងមុខ ឬបើកសវនាការជំនុំជម្រះក្ដីដោយគ្មានវត្តមានជនជាប់ចោទ ប្រសិនបើជននោះរត់គេចខ្លួន ឬមិនអាចនាំខ្លួនមកតុលាការបាន។
ប៉ុន្តែ ក្នុងករណីដែលជនជាប់ចោទ មិនបានគេចខ្លួន តែរដ្ឋាភិបាលជាអ្នកហាមឃាត់ជននោះ មិនឱ្យចូលស្រុកវិញបែបនេះ បើតាមលោកមេធាវី សុក សំអឿន លោកថា មើលទៅដំណើរការក្ដីនេះ ស្ថាប័នពាក់ព័ន្ធហាក់ដូចជាមិនបានយកចិត្តទុកដាក់ឱ្យបានគ្រប់ជ្រុងជ្រោយ នៃភាពត្រឹមត្រូវនៃនីតិវិធីតុលាការ ដើម្បីពង្រឹងការគោរពសិទ្ធិហ្នឹងទេមើលទៅ៖ «គេដូចអត់បានគិតអារឿងសិទ្ធិសេរីភាពហ្នឹងផង! ប្រហែលជាច្បាប់យើងប្រហោងដែរត្រង់ហ្នឹង ដូច្នេះច្បាប់គួរតែកំណត់ឱ្យបានច្បាស់ ថាបើសិនជាសាមីខ្លួន មានមូលហេតុមិនអាចមកបាន គួរតែពន្យាររង់ចាំរហូតដល់គេមក»។
របបក្រុងភ្នំពេញ និងតុលាការនៃរបបនេះ រងការរិះគន់ជុំទិសពីអ្នកច្បាប់ និងមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ថាបានបំពាននីតិវិធីច្បាប់ និងរំលោភសិទ្ធិជនជាប់ចោទ ក្រោយតុលាការបានចោទប្រកាន់អតីតតំណាងរាស្ត្រខ្មែរអូស្ត្រាលី លោក ហុង លឹម និងមន្ត្រីជានខ្ពស់គណបក្សសង្គ្រោះជាតិជាច្រើនរូប ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ ប៉ុន្តែបែរជាដាក់អ្នកទាំងនោះ ក្នុងបញ្ជីខ្មៅ។ លោក ហុង លឹម កាលពីខែ សីហា ឆ្នាំ ២០១៦ ត្រូវបានរបបក្រុងភ្នំពេញ ដាក់ក្នុងបញ្ជីខ្មៅនៃជនដែលមិនត្រូវបានស្វាគមន៍ ពោលគឺជាជនដែលរបបនេះហាមចូលស្រុកខ្មែរ ក្រោយពេលលោកហៅរបបលោក ហ៊ុន សែន ថា ជារបបតិរច្ឆាន។
លោក ហុង លឹម ដែលតែងតែរិះគន់របបក្រុងភ្នំពេញឥតសំចៃមាត់ ចាត់ទុកនីតិវិធីចោទប្រកាន់លោកឱ្យចូលខ្លួនទៅបំភ្លឺនៅតុលាការ ប៉ុន្តែរបបនេះមិនឱ្យលោកចូលស្រុកខ្មែរបែបនេះ ថាជាល្បែងឡប់ឡែ បាយឡុកបាយឡ និងធ្វើឱ្យអាប់មុខមាត់តុលាការ និងរបបនេះកាន់តែខ្លាំងលើឆាកអន្តរជាតិ៖ «ជាការធ្វើផ្ដេសផ្ដាស ភ្លីភ្លើល្ងីល្ងើល្ងឹតល្ងង់ខ្លៅមិនដឹងខ្យល់អ្វីទេ។ ធ្វើហ្នឹងគឺធ្វើទាំងបំពាន ទាំងព្រៃផ្សៃ។ ប៉ុន្តែ ខ្ញុំមិនដឹងថា ពួកហ្នឹងមានការខ្មាសអៀន ឬឈឺក្បាល ឬក៏ខ្មាសគេ ឬអត់ផង មើលទៅដូចអត់ទេ ដឹងតែពីរឿងធ្វើម៉េចប្រមូលកើបលុយហ្នឹង ហើយចាំរត់ចោលស្រុកផងក៏មិនដឹង»។
លោក ហុង លឹម ថា អ្វីដែលគួរអស់សំណើចថែមទៀតនោះ គឺសូម្បីតែដីកាចោទប្រកាន់ ឬបទចោទប្រកាន់លើរូបលោក ក៏លោកមិនបានទទួលនោះដែរ។
ករណីរបស់លោក ហុង លឹម មានភាពស្រដៀងគ្នានឹងករណីរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិជាច្រើន រួមមានអនុប្រធានគណបក្សនេះ គឺអ្នកស្រី មូរ សុខហួរ ដែលត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញរារាំង មិនឱ្យធ្វើដំណើរទៅប្រទេសកម្ពុជា ដើម្បីចូលរួមតតាំងក្តីនៅចំពោះមុខតុលាការ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ថា ជាធម្មតា បើតុលាការចោទប្រកាន់ជនណាម្នាក់ តុលាការត្រូវតែចាត់វិធានការយ៉ាងណា សម្របសម្រួលឱ្យជននោះ អាចមានវត្តមាននៅក្នុងសវនាការ ដើម្បីតតាំងក្ដី។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ថា វត្តមានរបស់ជនជាប់ចោទ មានភាពសំខាន់ខ្លាំងណាស់ ដើម្បីប្រយោជន៍យុត្តិធម៌ នីតិវិធីត្រឹមត្រូវផ្នែកតុលាការ និងការអនុវត្តសិទ្ធិរបស់ជនជាប់ចោទ។ ជាងនេះទៅទៀត លោកថា ពេលជនជាប់ចោទ មានវត្តមានក្នុងតុលាការ ជនជាប់ចោទមានឱកាសពេញលេញ ក្នុងការបង្ហាញភស្តុតាង ដើម្បីដោះបន្ទុកដែលចោទប្រកាន់មកលើខ្លួន ដើម្បីឱ្យចៅក្រមមានព័ត៌មានគ្រប់គ្រាន់ មុននឹងសម្រេចសេចក្ដី៖ «តែបើសិនជាក្នុងលក្ខណៈ យើងចោទប្រកាន់ទៅលើបុគ្គលណាមួយ ហើយមិនផ្ដល់ឱកាសឱ្យគេមកធ្វើការបំភ្លឺអំពីរឿងរ៉ាវទាំងអស់ហ្នឹង វាជាការរំលោភទៅលើសិទ្ធិរបស់ខាងជនដែលជាប់ចោទហ្នឹងហើយ»។
រហូតមកដល់ពេលនេះ គ្មានសេចក្ដីរាយកាណ៍ណាមួយ ដែលថារបបក្រុងភ្នំពេញ និងតុលាការនៃរបបនេះ បានខិតខំប្រឹងប្រែង ដើម្បីសម្របសម្រួលឱ្យជនជាប់ចោទទាំងនោះ បានចូលរួមក្នុងសវនាការនោះឡើយ។ អាស៊ីសេរី បានសុំការបំភ្លឺជុំវិញរឿងនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ដែរ កាលពីថ្ងៃទី៣ ខែ កុម្ភៈ ប៉ុន្តែ នៅមិនទាន់ទទួលបានការឆ្លើយយ៉ាងណានៅឡើយទេ។ ប៉ុន្តែអ្នកនាំពាក្យនៃរបបក្រុងភ្នំពេញលោក ផៃ ស៊ីផាន ធ្លាប់ប្រាប់អាស៊ីសេរី ថា ជនជាប់ចោទត្រូវរិះរកមធ្យោបាយវិលត្រឡប់ទៅកម្ពុជាវិញ ដោយខ្លួនឯង។
ទោះជាយ៉ាងនេះក្ដីលោក ហុង លឹម ថា លោកនឹងតស៊ូមតិក្រៅផ្លូវតុលាការ ដើម្បីឱ្យពិភពលោកដឹងអំពីភាពមិនប្រក្រតីនៃប្រព័ន្ធច្បាប់កម្ពុជា និងតុលាការរបបក្រុងភ្នំពេញ ដែលជាឧបករណ៍បម្រើនយោបាយរបបនេះ ក្នុងការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង និងប្រជាពលរដ្ឋដែលហ៊ានរិះគន់ខ្លួន។ លោកសង្ឃឹមថា ការតស៊ូមតិនេះ នឹងអាចជាផ្នែកមួយ ដើម្បីជួយធ្វើឱ្យមានការផ្លាស់ប្ដូរ និងកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា៕
1 comment:
Chbab Ey ?
In Cambodia, they use the "Law of Kdor Ah Hun Sen".
Post a Comment