ដោយ យន់ សាមៀន
2021-02-15 rfa
សាច់ញាតិសកម្មជនគណបក្សសង្គ្រោះជាតិ ចូលរួមឃ្លាំមើលសវនាការតុលាការកំពូល នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។
Photo Provided
មន្ត្រីសិទ្ធិមនុស្ស និងសាច់ញាតិសកម្មជនបក្សប្រឆាំងដែលត្រូវអាជ្ញាធរចាប់ខ្លួនក្នុងព្រឹត្តិការណ៍មាតុភូមិនិវត្តន៍មេដឹកនាំគណបក្សសង្គ្រោះជាតិកាលពីដើមខែធ្នូលើកឡើងថា ការចាប់ខ្លួននិងការចោទប្រកាន់នេះ មានចរិតនយោបាយជាងការអនុវត្តច្បាប់។ ទោះយ៉ាងណាអ្នកនាំពាក្យនគរបាលជាតិនិយាយថា មុនសមត្ថកិច្ចចាប់ខ្លួនជនណាម្នាក់គឺគេមានភស្តុតាងគ្រប់គ្រាន់ និងមានដីកាត្រឹមត្រូវ។
មន្ត្រីសិទ្ធិមនុស្សនិងសាច់ញាតិរបស់សកម្មជនបក្សប្រឆាំងដែលត្រូវអាជ្ញាធរចាប់ខ្លួននៅរយៈពេលចុងក្រោយចំនួន១១នាក់ ជំរុញឱ្យមានការដោះលែងអ្នកនទាំងនោះវិញ។ ពួកគេថា សកម្មជនគណបក្សសង្គ្រោះជាតិទាំងនោះមិនបានប្រព្រឹត្តល្មើសដូចការចោទប្រកាន់ឡើយ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលនៃសិទ្ធិមនុស្ស អង្គការលីកាដូ (Licadho) លោក អំ សំអាត ដែលតាមដានដំណើររឿងនេះឱ្យអាស៊ីសេរីដឹងថា មេធាវីរបស់ជនជាប់ឃុំទាំងនោះបានប្ដឹងសុំឱ្យកូនក្ដីនៅក្រៅឃុំ ប៉ុន្តែតុលាការមិនអនុញ្ញាតនោះទេ។ លោកទទូចថា អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ នៅតែចង់ឃើញតុលាការ ទម្លាក់ចោលការចោទប្រកាន់ប្រឆាំងនឹងសកម្មជនបក្សប្រឆាំង៖ «អាជ្ញាធរលោកលើកឡើងថា ការចាប់ខ្លួននេះទាក់ទងនឹងបទល្មើសមានចែងក្នុងក្រមព្រហ្មទណ្ឌ ប៉ុន្តែសហគមន៍អន្តរជាតិ និងជំនាញសិទ្ធិមនុស្សរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សគេថា ការចាប់ខ្លួនហ្នឹងជាការបំពានសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ»។
អាជ្ញាធរនៃរដ្ឋាភិបាលលោក ហ៊ុន សែន បានចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិយ៉ាងហោចណាស់១១នាក់ កាលពីចុងខែធ្នូ ស្របពេលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដឹកនាំដោយអ្នកស្រី មូរ សុខហួរ គ្រោងវិលចូលស្រុកវិញកាលពីថ្ងៃទី៤ មករា។ បើគិតរួមទាំងការចាប់ខ្លួន តាំងពីចុងឆ្នាំ២០១៩មក សកម្មជនបក្សប្រឆាំងជាង៧០នាក់ហើយ ត្រូវអាជ្ញាធរចាប់ខ្លួន ដោយចោទប្រកាន់អ្នកទាំងនោះពីបទញុះញង់ និងរួមគំនិតក្បត់។
សកម្មជនសង្គ្រោះជាតិកំពុងភៀសខ្លួននៅប្រទេសម៉ាឡេស៊ី លោកស្រី យ៉ែម វណ្ណណែត ដែលឪពុករបស់លោកស្រីជាអនុប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិក្រុងសួង ខេត្តត្បូងឃ្មុំ ត្រូវបានអាជ្ញាធរខេត្តត្បូងឃ្មុំចាប់ខ្លួនកាលពីចុងខែធ្នូ ប្រាប់អាស៊ីសេរីថា តុលាការគ្រោងជម្រះក្ដីឪពុកលោកស្រីនៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ។ លោកស្រីនៅតែអះអាងថា ឪពុកលោកស្រីមិនបានប្រព្រឹត្តល្មើសដូចការចោទប្រកាន់ទេ។ សកម្មជនគណបក្សសង្គ្រោះជាតិរូបនេះ ស្នើទៅអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិជួយតាមដានដានដំណើរសវនាការនេះផង៖ «គាត់មិនមានកំហុសអីទេ ព្រោះអ្វីដែលគាត់ធ្វើជាការសំដែងមតិ ឬក៏ចូលរួមក្នុងនាមជាពលរដ្ឋ»។
អាស៊ីសេរីមិនទាន់អាចសុំប្រតិកម្មរឿងនេះពីអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានទេនៅថ្ងៃទី១៥ ខែកុម្ភៈ។ ប៉ុន្តែអ្នកនាំពាក្យនគរបាលជាតិ លោក ឆាយ គឹមខឿន ធ្លាប់ប្រាប់អាស៊ីសេរីថា មុនពេលសមត្ថកិច្ចចាប់ខ្លួនជនណាម្នាក់គឺគេមានភស្តុតាងគ្រប់គ្រាន់និងមានដីកាត្រឹមត្រូវ។ លោកថា សកម្មជនទាំងនោះបានប្រើប្រាស់សិទ្ធិសេរីភាពរទៅដល់បំពានសិទ្ធិអ្នកដទៃ។
ទោះបីជាយ៉ាងណាមន្ត្រីសង្គមស៊ីវិលលើកឡើងផ្ទុយពីការះអាងរបស់ មន្ត្រីប៉ូលិសថា ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងជារឿងនយោបាយ មិនមែនជាការអនុវត្តច្បាប់។ គេសង្កេតឃើញថា នៅពេលមេដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេសថ្លែងសារនយោបាយ ឬប្រកាសវិលចូលស្រុកតែងមានការចោទប្រកាន់លើសកម្មជនគណបក្សនេះនៅតាមមូលដ្ឋាន។ អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា បារម្ភថា បើស្ថានភាពនយោបាយនៅតានតឹងដូចសព្វថ្ងៃនេះ គេមិនរំពឹងថា សកម្មជនទាំងនោះត្រូវតុលាការដោះលែង ឬទម្លាក់ចោលការប្រកាន់នោះទេ៖ «យើងគួរមានការបញ្ឈប់ទៅហើយគួរតែរកវិធីការប្រែយុទ្ធសាស្ត្រដែលយកឈ្នះចាញ់គ្នាដោយការធ្វើទុក្ខម្នេញធ្វើឱ្យមានការឈឺចាប់អ្នកដែលគាត់រងគ្រោះដោយភាពអយុត្តិធម៌»។
លោក ស៊ឹង សែនករុណា ព្រួយបារម្ភថា សមត្ថកិច្ចអាចនឹងចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋានបន្តទៀត បើស្ថានភាពនយោបាយនៅតែតានតឹងដូចរាល់ថ្ងៃនេះ៕
No comments:
Post a Comment