ដោយ ខែ សុណង
2021-02-13
លោក នាង សុឃុន សកម្មជននយោបាយគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅភៀសខ្លួននៅឯប្រទេសថៃ។
RFA
យុវជនគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញម្នាក់ ដែលធ្លាប់ប្តឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីរឿងធ្វើឱ្យបាត់កោះត្រល់ទៅវៀតណាមនោះ កំពុងបន្តធ្វើសកម្មភាពនយោបាយពីក្រៅប្រទេសប្រឆាំងនឹងរបបលោក ហ៊ុន សែន ដដែល។ លោក នាង សុឃុន បញ្ជាក់ថា មូលហេតុដែលលោកបន្តធ្វើនយោបាយ ដោយមិនខ្លាចការធ្វើទុក្ខបុកម្នេញនេះ ព្រោះលោកចង់ឱ្យប្រទេសកម្ពុជា មានមេដឹកនាំដែលបម្រើការពារប្រជាពលរដ្ឋ និងប្រទេសជាតិពិតប្រាកដ។
លោក នាង សុឃុន គឺជាសកម្មជននយោបាយប្រឆាំងម្នាក់ក្នុងចំណោមសកម្មជននយោបាយប្រឆាំងលេចធ្លោជាច្រើនទៀត ដែលកំពុងរស់នៅភៀសខ្លួននៅឯប្រទេសថៃ ដើម្បីគេចចេញពីការតាមចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរក្រុងភ្នំពេញ។ បើទោះបីជាលោក មានជីវភាពលំបាក និងប្រឈមការចាប់ខ្លួនបញ្ជូនមកស្រុកខ្មែរវិញក្តី ក៏នៅតែប្រើប្រាស់សិទ្ធិធ្វើសកម្មភាពនយោបាយយ៉ាងសកម្មដដែល។ លោកតែងចុះជួបពលករខ្មែរស្ទើររៀងរាល់ចុងសប្ដាហ៍ ដើម្បីពន្យល់អំពីបញ្ហាសង្គមជាតិ និងតែងប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក(Facebook)ធ្វើជាវេទិកាជជែកពិភាក្សាអំពីបញ្ហានយោបាយ និងបញ្ហាអយុត្តិធម៌ក្នុងសង្គមនិងបញ្ហាសំខាន់ៗមួយចំនួនទៀត៖ «វិលមកជួបគ្នាម្តងទៀត ក្នុងកម្មវិធីជនភៀសខ្លួន ផ្សាយ នៅក្នុងហ្វេសប៊ុកផេក(Facebook page)អ្នកប្រយុទ្ធCNRP ក្រោម ប្រធានបទរបប ហ៊ុន សែន ជួបគ្រោះយ៉ាងធំទាល់តែរត់ទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស២៣ តុលា ១៩៩១ ទើបរួចខ្លួន»។
លោក នាង សុឃុន បញ្ជាក់ថា មូលហេតុដែលលោកបន្តធ្វើសកម្មភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិនេះ ព្រោះលោក ចង់ឃើញប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដ ហើយផ្លាស់ប្ដូរមេដឹកនាំសព្វថ្ងៃ ដាក់មេដឹកនាំដែលគិតដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ៖ «យើងមើលឃើញស្រាប់ហើយពលរដ្ឋខ្មែរយើងនេះ ទោះបីជាថៃ បិទច្រកព្រំដែនម៉េចក៏ដោយ ក៏ពួកគាត់នៅតែលូនក្រាបមកធ្វើការទាំងប្រថុយគ្រោះថ្នាក់ដែរ ដូច្នេះបើ សិនជាលោកប្រធាន សម រង្ស៊ី ក្លាយជាមេដឹកនាំកម្ពុជា គាត់នឹងមិនក្លាយជាអ្នកដើរសុំទានប្រទេសគេជិតខាងទេ គឺគាត់នឹងពង្រីកការងារនៅក្នុងប្រទេស ហើយគាត់នឹងផ្ដល់ក្តីសុខដល់ប្រជាជន ហើយ ការពារបូរណភាពទឹកដីរបស់កម្ពុជាពិតប្រាកដ»។
នាង សុឃុន ជាកូនកសិករ មានស្រុកកំណើតនៅស្រុកស្ទោង ខេត្តកំពង់ធំ។ អ្នកកម្លោះ វ័យ៣៧ ឆ្នាំដែលមានរាងខ្ពស់ និងមាឌធំរឹងមាំក្រអាញម្នាក់នេះ រៀបរាប់ពីជីវិតកម្សត់របស់ខ្លួនថា លោកបានចូលទៅរស់នៅក្នុងវត្តតាំងពីតូច និងបានបួសជាព្រះសង្ឃរយៈពេល៧ឆ្នាំ ដើម្បីបន្តការសិក្សានៅភ្នំពេញ។ លោកបានសឹកពីភេទជាព្រះសង្ឃនៅឆ្នាំ២០០៧ ប៉ុន្តែនៅតែបន្តស្នាក់អាស្រ័យក្នុងវត្តដដែល ហើយបានបន្តការសិក្សារហូតបញ្ចប់បរិញ្ញាបត្រច្បាប់៖ «រៀនច្បាប់នេះ ខ្ញុំចង់ការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ ប៉ុន្តែនៅ ពេលរៀនយូរៗទៅ ខ្ញុំមើលឃើញភាពឈឺចាប់របស់ប្រជាពលរដ្ឋ និងអំពើអយុត្តិធម៌នៅក្នុងសង្គម ដូច្នេះបានជំរុញឱ្យខ្ញុំលះបង់គោលបំណងដែលចង់ធ្វើកិច្ចការងារនៅក្នុងប្រព័ន្ធតុលាការ ហើយខ្ញុំ បានចូលប្រឡូកនយោបាយជាមួយគណបក្ស សម រង្ស៊ី ចាប់ពីឆ្នាំ២០០៩»។
ក្នុងពេលជានិស្សិតនោះ លោក បានចាប់ផ្ដើមចូលប្រឡូកនយោបាយ ហើយគេចាប់ផ្ដើមស្គាល់ច្រើន បន្ទាប់ពីលោកជាយុវជនដំបូងគេ ដែលហ៊ានប្ដឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ ពីបទកាត់ដីកោះត្រល់ និងកោះក្រចកសេះ ទៅឱ្យវៀតណាម ប៉ុន្តែតុលាការ មិនចាត់ការចំពោះបណ្ដឹងរបស់លោកនោះទេ ។ ផ្ទុយទៅវិញ លោកបែរជាទទួលរងការធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ និងត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនពីរលើក។ តុលាការ បានផ្ដន្ទាទោសលោករួមជាមួយមន្ត្រី និងសកម្មជនបក្សប្រឆាំង១៣នាក់ផ្សេងទៀតឱ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំ ពាក់ព័ន្ធនឹងការតវ៉ារំដោះទីលានប្រជាធិបតេយ្យចាស់ ក្បែរវត្តភ្នំ ក្នុងអំឡុងខែកក្កដា ឆ្នាំ២០១៤៖ «ពេលអាជ្ញាធរគេចុះទៅចាប់ខ្ញុំ គឺព្រីនរូបខ្ញុំកន្លះម៉ែត្រ៤ជ្រុង ហើយ គេសួរខ្ញុំថា ធ្លាប់សម្ដេចហ៊ុន សែន អត់ ? ខ្ញុំឆ្លើយធ្វើមិនដឹងថា ប្ដឹងរឿងអី ព្រោះ ខ្ញុំចង់ដឹងថា គេចាប់ខ្ញុំរឿងអីដែរ ពេលនោះគេថា បណ្ដឹងសម្ដេចរឿងកាត់កោះត្រល់ឱ្យយួន ដូច្នេះខ្ញុំឆ្លើយភ្លាមថា ត្រូវហើយគឺខ្ញុំជាអ្នកប្តឹង ព្រោះ ហ៊ុន សែន ក្បត់ប្រទេសជាតិទើបខ្ញុំដាក់បណ្ដឹង ហើយមិនមែនផលប្រយោជន៍ខ្ញុំទេ គឺដើម្បីផលប្រយោជន៍ប្រទេសជាតិ ខ្ញុំចង់រកយុត្តិធម៌ជូនប្រទេសជាតិរបស់ខ្ញុំ។ ពេលនោះគេវាយខ្នោះខ្ញុំហើយរុញចូលឡានភ្លាម»។
ក្រោយជាប់ឃុំឃាំងជិត៤ឆ្នាំ លោក នាង សុឃុន រួមជាមួយមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀត ត្រូវបានរបបក្រុងភ្នំពេញ ដោះលែងវិញ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពីមានសម្ពាធពីសហគមន៍អន្តរជាតិនៅពេលនោះ។ អតីតអ្នកទោសនយោបាយរូបនេះ ថ្លែងថា លោកមិនដែលរាងចោល និងមិនដែលសោកស្ដាយនោះទេ ព្រោះលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។ ក្រោយការដោះលែងនោះ លោកបានសម្រេចចិត្តរត់ភៀសខ្លួនទៅប្រទេសថៃ ដើម្បីបន្តជីវិតនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ហើយគំនិតដែលលោកចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិតច្បាប់ ក៏បានបោះបង់ចោលវិញ។
សកម្មជនគណបក្សសង្គ្រោះជាតិមួយរូបដែលរស់នៅភៀសខ្លួនក្នុងប្រទេសថៃដែរនោះ លោក វឿន វាសនា មើលឃើញថា លោក នាង សុឃុន គឺជាមនុស្សចិត្តទូលាយ មិនគិតផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន ហើយចូលចិត្តនិយាយអ្វីនិងធ្វើអ្វីដែលមានប្រយោជន៍សម្រាប់សង្គមជាតិ៖ «ខ្ញុំមើលឃើញថា ទឹក ចិត្តរបស់គាត់គឺមានការលះបង់ខ្ពស់សម្រាប់ជាតិហើយក៏ស្មោះត្រង់ ចំពោះគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិ ហើយក៏មានជំហររឹងមាំដែរ»។
បើទោះបីជាលោក នាង សុឃុន បានចាកចេញពីប្រទេសហើយក្ដី ប៉ុន្តែអាជ្ញាធររបបក្រុងភ្នំពេញ នៅតែបន្តតាមធ្វើទុក្ខបុកម្នេញដដែល។ អាជ្ញាធរកម្ពុជា បានលុបលិខិតឆ្លងដែនរបស់លោក និងថែមទាំងបិទរូបថតតាមចាប់ខ្លួននៅតាមច្រកព្រំដែនខ្មែរ-ថៃទៀតផង។ លើសពីនេះ លោកក៏ជាជនជាប់ចោទម្នាក់ក្នុងចំណោមមន្ត្រី និងសកម្មជន ជនជាប់ចោទជាង១រយនាក់ផ្សេងទៀត ដែលតុលាការបានចេញដីកាកោះហៅឱ្យចូលរួមសវនាការក្នុងសំណុំរឿង''រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ប៉ុន្តែការគេចចេញពីការធ្វើទុក្ខបុកម្នេញ របស់មន្ត្រីបក្សប្រឆាំងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់បានចោទប្រកាន់ថា សកម្មជនគណបក្សសង្គ្រោះជាតិដែលរត់ទៅប្រទេសថៃ គឺដើម្បីសុំសិទ្ធិជ្រកកោនបានទៅរស់នៅប្រទេសទី៣។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គកាលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ពលរដ្ឋគ្រប់រូបមានសិទ្ធិធ្វើនយោបាយ និងបញ្ចេញមតិ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ហើយរដ្ឋាភិបាលមិនត្រូវនិរទេស ឬដាក់ទណ្ឌកម្មពួកគាត់នោះទេ៖ «អ្នកនយោបាយទាំងអស់ យើងឃើញថាបានឆ្លងគាត់ជំនាន់ៗដ៏ពិបាកៗកន្លងមកច្រើនហើយ ដូច្នេះល្មមដល់ពេលអ្នកនយោបាយ ទាំងអស់ហ្នឹង រកវិធីដើម្បីចរចាគ្នាបញ្ចប់ទៅនូវវិបត្តិនយោបាយ ហើយរួមគ្នាដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិ ជាពិសេសដើម្បីកុំឱ្យអ្នកគាំទ្រគណបក្ស នយោបាយណាមួយអាចរងគ្រោះ ឬក៏ភៀសខ្លួនបន្តទៀត»។
លោក នាង សុឃុន ប្ដេជ្ញាថា លោកនឹងបន្តចូលរួមកិច្ចការនយោបាយឱ្យកាន់តែសកម្មថែមទៀត ដើម្បីទាមទារឱ្យមានដំណោះស្រាយនយោបាយឆាប់ៗ និងស្ដារសិទ្ធិមនុស្ស ព្រមទាំងលទ្ធិប្រជាធិបតេយ្យឡើងវិញ ។ លោកក៏បញ្ជាក់ជំហរថា លោកត្រៀមខ្លួនជានិច្ចក្នុងការវិលត្រឡប់ទៅប្រទេសកម្ពុជាវិញជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ៕
No comments:
Post a Comment