ដោយ មាន ឫទ្ធិ
2021-02-12
លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ
រូប៖ ហ្វេសប៊ុក
ប្រពន្ធប្រធានគណបក្សខ្មែរឈ្នះលោក សួង សុភ័ណ្ឌ សោកស្ដាយដែលតុលាការផ្ដន្ទាទោស និងបង្គាប់ឱ្យប្ដីលោកស្រីសងកន្លះលានដុល្លារទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា។អ្នកឃ្លាំមើលព្រំដែនចាត់ទុកសំណុំរឿងនេះ ជាការកាច់បំបាក់ទស្សនៈជាតិនិយមរបស់ពលរដ្ឋយ៉ាងអយុត្តិធម៌។
ប្រពន្ធប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ គឺលោកស្រី ហង្ស ផាវី ប្រាប់អាស៊ីសេរី នៅថ្ងៃទី១២ កុម្ភៈថា គ្រួសារលោកស្រីពុំមានលទ្ធភាពផ្តល់សំណង ៥សែនដុល្លារអាមេរិកជូនទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ដែលមានលោក វ៉ា គឹមហុង ជាប្រធាននោះទេ។ លោកស្រីចាត់ទុកសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ គឺជារឿងអយុត្តិធម៌ និងធ្វើបាបគ្រួសារលោកស្រី ព្រោះប្ដីរបស់លោកស្រីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ៖ «ទោះបីជាអ្នកនយោបាយវ័យក្មេង អត់មានបានទៅរកស៊ីអ្វីឱ្យមានប្រាក់រាប់លាន ដើម្បីទៅសងជំងឺចិត្តអ៊ីចឹងទេ ខ្ញុំអត់មានទេ។ ខ្ញុំសូមឱ្យលោក វ៉ា គឹមហុង និងតុលាការ ទម្លាក់ចោលការចោទប្រកាន់នេះ និងទម្លាក់ចោលផាកពិន័យសងជំងឺចិត្តនេះ ព្រោះគាត់អត់បានទៅបង្កចលាចលឱ្យប្រទេសមានបញ្ហាអីទេ»។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ បានកាត់ទោសប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ឱ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ៨ខែ (២០ខែ) និងបង្គាប់ឱ្យសងជំងឺចិត្តគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ដែលជាដើមបណ្ដឹងចំនួន ២ពាន់លានរៀល ឬស្មើនឹង ៥សែនដុល្លារ ក្រោមបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
អាស៊ីសេរីបានព្យាយាមសុំការបកស្រាយរឿងនេះពីប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង ក៏ប៉ុន្តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកលើកនៅថ្ងៃទី១២ កុម្ភៈ។
ប៉ុន្តែអនុប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា អ្នកស្រី កុយ ពិសី បានប្រាប់កាសែតក្នុងស្រុកថា អ្នកស្រីមិនធ្វើអត្ថាធិប្បាយជុំវិញសេចក្ដីសម្រេចរបស់តុលាការក្នុងសំណុំរឿងនេះទេ ដោយស្ថាប័នជំនាញមួយនេះផ្ដោតតែលើការងារបម្រើជាតិ។
ទោះជាយ៉ាងណា មុនពេលចាប់ខ្លួនលោក រ៉ុង ឈុន និងលោក សួង សោភ័ណ្ឌ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងសារព្រមានជាសាធារណៈថា នឹងចាប់ខ្លួននរណាដែលហ៊ានចេញមុខរិះគន់រដ្ឋាភិបាលក្នុងរឿងបញ្ហាព្រំដែន។ លោកថា កុំយករឿងព្រំដែនទៅនិយាយញុះញង់ ព្រោះអាចនឹងកើតសង្គ្រាមជាមួយប្រទេសជិតខាង។
មន្ត្រីសង្គមស៊ីវិលចាត់ទុកសេចក្ដីសម្រេចរបស់តុលាការបែបនេះ គឺធ្វើឡើងតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលកំពុងរស់នៅប្រទេសន័រវេ (Norway) លោក ម៉ែន ណាត ជំរុញឱ្យរដ្ឋាភិបាលបញ្ឈប់ការយកបញ្ហាបូរណភាពទឹកដី ដើម្បីគំរាមកំហែង និងចាប់ចងអ្នករិះគន់៖ «សាលក្រមរបស់តុលាការកម្ពុជាទីក្រុងភ្នំពេញនេះ គឺជាការសម្រេចចិត្តមួយ ដ៏វង្វេងចំពោះស្មារតីជាតិ គឺជាការបង្ក្រាបទស្សនៈជាតិនិយមរបស់ពលរដ្ឋ។ យើងអំពាវនាវឱ្យតុលាការទម្លាក់បទចោទ និងសើរើបញ្ហានេះឡើងវិញ ផ្តល់យុត្តិធម៌ឱ្យលោក សួង សោភ័ណ្ឌ លោក រ៉ុង ឈុន ព្រមទាំងយុវជនទាំងអស់»។
សំណុំរឿងទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា និងវៀតណាមនេះ អាជ្ញាធរបានចាប់ខ្លួន ប្រធានសហភាពសហជីពកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បន្ទាប់មកបានចាប់ខ្លួនប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ។
ចាប់តាំងពីដើមឆ្នាំ២០២០ មកដល់ថ្ងៃទី១០ កុម្ភៈ អាជ្ញាធរបានចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសង្គមព្រះសង្ឃខ្មែរថាវរៈ សកម្មជនបរិស្ថាន និងក្រុមយុវជន ជិត ៧០នាក់ ដាក់ពន្ធនាគារ។ តុលាការបានចោទប្រកាន់ពួកគេពីបទរួមគំនិតក្បត់ ញុះញង់ និងប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាលជាដើម។
ប្រទេសប្រជាធិបតេយ្យ សង្គមស៊ីវិលជាតិ អន្តរជាតិ និងក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានស្នើយ៉ាងទទូចឱ្យរបបលោក ហ៊ុន សែន ដោះលែងអ្នកទោសមនសិការទាំងនេះ ហើយងាកមកគោរពសិទ្ធិពលរដ្ឋវិញ ព្រោះមានតែធ្វើបែបនេះ ទើបកម្ពុជាអាចចៀសផុតពីទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ៕
1 comment:
Why only $500,000.00 ? Ask for $50,000,000.00 would be better because he is Ah Norouk Yuon's slave Hun Sen. The more he tortures Khmer people, the better for his stay in power.
Post a Comment