Monday, 1 March 2021

វ៉ាក់សាំង AstraZeneca ជាង​បី​សែន​ដូស​នឹង​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី២ មីនា


ដោយ មួង ណារ៉េត
2021-02-28
វ៉ាក់សាំង AstraZeneca ជាង​បី​សែន​ដូស​នឹង​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី២ មីនា 

រូបដបវ៉ាក់សាំង អាស្រ្តាហ្សេណេកា (AstraZeneca) របស់អង់គ្លេស និង​ស្លាកសញ្ញា​ក្រុមហ៊ុននេះ។
WHO/AstraZeneca Websites

រដ្ឋាភិបាល​ប្រកាស​ថា វ៉ាក់សាំង​ផ្លូវការ​របស់​អង្គការ​សុខភាព​ពិភពលោក ឈ្មោះ អាស្ត្រា ហ្សេណេកា (Astra zeneca) នឹង​ត្រូវ​ដឹក​មកដល់​កម្ពុជា នៅ​ព្រលប់​ថ្ងៃ​ទី​០២ មីនា ខាងមុខ តាមរយៈ​មូលនិធិ​សប្បុរសធម៌ (COVAX Facility)។

ស្រប​ពេល​គ្នា​នេះ រដ្ឋាភិបាល សម្រេច​ឲ្យ​កម្មករ​ប្រមូល​សំរាម និង​អ្នក​ប្រកប​របរ​ក្រៅ​ប្រព័ន្ធ អាច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ (covid-19) បាន ដូច​មន្ត្រីរាជការ​ដែរ តែ​មិន​បញ្ជាក់​ថា ជា​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​អង់គ្លេស ឬ​វ៉ាក់សាំង​របស់​ចិន (Shinopham) ទេ។


វ៉ាក់សាំង​អាស្ត្រា ហ្សេណេកា (Astra zeneca) ជើង​ទី​១ ជាង​បី​សែន (៣២៤.០០០)​ដូស នឹង​ដឹក​មក​ដល់​ព្រះ​លាន​យន្តហោះ កម្ពុជា នៅ​ថ្ងៃ​ទី​០២ មីនា ខាងមុខនេះ ដែល​ជា​ជំនួស​ពី​មជ្ឈមណ្ឌល​កូវ៉ាក់ (COVAX Facility)​។ អង្គការ​សុខភាព​ពិភពលោក អង្គការ​យូនីសេហ្វ (unicef) និង​ក្រសួង​សុខាភិបាល បាន​ជូនដំណឹង​រួមគ្នា​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ថា នៅ​ពេល​ខាងមុខ មជ្ឈមណ្ឌល​កូរ៉ាក់ (COVAX Facility) នឹង​បន្ត​ជួយ​កម្ពុជា​ទៀត ជា​ដំណាក់ៗ​។

ទន្ទឹម​នឹង​នេះ លោកនាយក​រដ្ឋមន្ត្រី ក៏​ប្រកាស​ឲ្យ​ក្រសួងសុខាភិបាល ត្រៀម​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​កម្មករ​ប្រមូល​សំរាម អ្នក​រត់​តាក់ស៊ី អ្នក​បើក​ម៉ូតូ​រ៉ឺម៉ក​កង់​បី និង​អ្នក​រត់​ម៉ូតូ​ឌុប​។ ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី មិនបាន​បញ្ជាក់​ថា នឹង​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម របស់​ចិន ឬ វ៉ាក់សាំង អា​ស្ត្រាហ្សេណេកា ដែល​នឹង​ត្រូវ​ដឹក​មកដល់​លើកដំបូង ឲ្យ​កម្មករ​ក្រៅ​ប្រព័ន្ធ​ទេ​។ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន បាន​ទេ នៅ​ថ្ងៃទី​២៨ កុម្ភៈ។

ប្រធាន​សហជីព​វិស័យ​ទេសចរ​នៃ​ក្រុមហ៊ុន​ស៊ីនទ្រី លោក កៅ សាវ៉ាត ឲ្យ​ដឹង​ថា កម្មករ​ប្រមូល​សំរាម​ភាគច្រើន មាន​កាយសម្បទា​មាំមួន តែ​មិន​សូវ​មាន​ចំណេះដឹង​ទូលាយ អំពី​វ៉ាក់សាំង​ទេ។ លោក​រំពឹង​ថា​ កម្មករ​ប្រមូល​សំរាម នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង ដែល​មាន​ប្រសិទ្ធភាព និង​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក៖ «ខ្លះ​គាត់​និយាយ ចចាមអារ៉ាម​ដែរ​ថា វ៉ាក់សាំង​(Shinopham)​ហ្នឹង វា​មិន​សូវ​មាន​គុណភាព ដូច​វ៉ាក់សាំង​មកពី​អាមេរិក មកពី​អឺរ៉ុប ឬ​ប៉ែក​ខាងលិច​។ រឿង​ហ្នឹង​ខ្ញុំ​វា​អត់​បាន​ដឹង​ច្បាស់​ទេ ព្រោះ​ខ្ញុំ​វា​មិនមែន​ជា​អ្នក​ជំនាញ ហើយ​ខាង​ពួក​ខ្ញុំ​នេះ ម្នាក់ៗ ដូច​ថា ចំណេះដឹង​វា​មាន​កម្រិត​ទាប​។ ឯ​ការ​ភ័យព្រួយ​បារម្ភ​ហ្នឹង វា​តែងតែ​មាន​ហើយ​។ តែ​វា​មិន​ដឹង​ធ្វើ​ម្ដេច អា​ជំងឺ​ហ្នឹង ក៏​ខ្លាច អា​(​គុណភាព​វ៉ាក់សាំង​)​ហ្នឹង ក៏​ខ្លាច តែ​មិន​ដឹង​ធ្វើ​ម្ដេច វា​ត្រូវតែ​ការពារ​ហើយ​បង»។

ចំណែក​ក្រុម​កម្មករ​ក្រៅ​ប្រព័ន្ធ ដូចជា អ្នក​រត់​ម៉ូតូឌុប រ៉ឺម៉ក​កង់​បី ក៏​សង្ឃឹមថា ពួក​គាត់​អាច​ទទួល​បាន​វ៉ាក់សាំង ដែល​មាន​គុណភាព​ល្អ និង​មានការ​ទទួលស្គាល់ ដូចគ្នា​ដែរ​។ ប្រធាន​សមាគម​កម្មករ​កម្ពុជា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (CIWA) លោក សុខ ឈុនអឿង សង្ឃឹម​ថា រដ្ឋាភិបាល នឹង​ផ្ដល់​វ៉ាក់សាំង ដែល​មាន​ការ​ទទួលស្គាល់​គុណភាព​ត្រឹមត្រូវ ឲ្យ​កម្មករ​ក្រៅ​ប្រព័ន្ធ​។ លោក​បញ្ជាក់​ថា កម្មករ​ក្រៅ​ប្រព័ន្ធ នឹង​ស្ទាក់ស្ទើរ បើ​សិន រដ្ឋាភិបាល តម្រូវ​ឲ្យ​ចាក់​តែ​វ៉ាក់សាំង ដែល​មិន​ទាន់​ទទួលស្គាល់​គុណភាព​ត្រឹមត្រូវ៖ «សម្រាប់​រដ្ឋាភិបាល គឺ​មានការ​ខ្វាយខ្វល់​។ ប៉ុន្តែ​ការ​ខ្វាយខ្វល់ គួរតែ​មានការ​ដូច​ខ្ញុំ​ជម្រាប​ពី​ខាងដើម​អ៊ីចឹង គឺថា វ៉ាក់សាំង​ហ្នឹង មានការ​ឆ្លងកាត់​អង្គការ​សុខភាព​ពិភពលោក​សិន​ទៅ ព្រោះថា​បច្ចុប្បន្ន​ហ្នឹង ខ្ញុំ​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​មកដល់​សម័យនេះ គាត់​មាន​ចំណេះដឹង​ខ្ពស់ ដូចជា មានការ​តាមដាន​នូវ​ព័ត៌មាន​ផ្សេងៗ ពាក់ព័ន្ធ​នឹង​កូវីដ​នេះ​។ ជាពិសេស គឺ​ថ្នាំ​ការពារ​កូវីដ​នេះ តែម្ដង ខ្ញុំ​មើល​ឃើញ​ថា គាត់​យល់ដឹង​ច្រើន ពី​វ៉ាក់សាំង​កូវីដ​នេះ»។

យោង​តាម​ក្រសួងសុខាភិបាល តួលេខ​ចុងក្រោយ គិត​ត្រឹម​ថ្ងៃ​ទី​២៦ កុម្ភៈ អ្នក​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វា​ មាន​ចំនួន ជិត​ពីរម៉ឺន (១៦.៣៩០) នាក់ ហើយ ។ ដោយឡែក ខាង​កងទ័ព​វិញ ចាក់​បាន​ជិត​ប្រាំ​ម៉ឺន (៤៨.០០០)​នាក់។ ចំនួន​នេះ នៅ​ទាប​នៅ​ឡើង បើ​ធៀប​នឹង​វ៉ាក់សាំង ដែល​កងទ័ព​ចិន បាន​ផ្ដល់​ឲ្យ​ចំនួន​ប្រាំមួយ​សែន (៦០០ ០០០)​ដូស​។ រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​អំពាវនាវ​ឲ្យ​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ស៊ីណ​ហ្វា​ម លើក​ទី​១​រួច សូម​បន្ត​ទៅ​ចាក់​លើក​ទី​២ ឲ្យ​បាន​គ្រប់​ចំនួន​២​ដូស។

ជាមួយ​នេះ ក្រសួងសុខាភិបាល ប្រកាស​ថា នឹង​ពង្រីក​ទីតាំង​ចាក់​វ៉ាក់សាំង បន្ថែម​ទៀត ឲ្យ​គ្រប់​២៥​រាជធានី​ខេត្ត និង​ចាក់ ទាំង​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និង​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​បន្ថែម​ទៀត​។ បច្ចុប្បន្ន កម្ពុជា មាន​មន្ទីរពេទ្យ​ថ្នាក់​ជាតិ និង​មន្ទីរពេទ្យ​បង្អែក​រាជធានី ខេត្ត ស្រុក ៣៨ នៃ ១០​រាជធានី ខេត្ត កំពុង​ធ្វើ​សកម្មភាព​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩។

នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ​ដដែល កម្ពុជា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ចំនួន​៣៩​នាក់​បន្ថែម​ទៀត​។ ក្នុង​នោះ មាន ៣៥​ករណី បាន​ឆ្លង​ក្នុង​សហគមន៍ នៃ​ព្រឹត្តិការណ៍​២០ កុម្ភៈ​។ ឯ​៤​នាក់​ទៀត គឺជា​នាយទាហាន បម្រើការ​នៅ​អង្គការសហប្រជាជាតិ ដែល​ទើប​ធ្វើដំណើរ​វិល​ចូល​មក​ប្រទេស​កម្ពុជា។

ជនជាតិ​ចិន នៅតែ​បន្ត​ឆ្លង​ច្រើន​ជាង​គេ​ដដែល ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ គឺ​មាន​ជាង​ម្ភៃ (២៤)​នាក់ ជនជាតិ​វៀតណាម ៦​នាក់ និង​ជនជាតិ​ខ្មែរ ៥​នាក់​។ ពួកគេ​ទាំងអស់​គ្នា បច្ចុប្បន្ន​កំពុង​ដាក់​ឲ្យ​សម្រាក​ព្យាបាល ក្នុង​មន្ទីរពេទ្យ​នានា ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។

ដោយឡែក ករណី​ជាសះស្បើយ​ពី​ជំងឺ​កូវីដ​១៩ មិន​មាន​ទេ នៅ​ក្នុង​ថ្ងៃ​២៨ កុម្ភៈ នេះ ។ បច្ចុប្បន្ន កម្ពុជា រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ៨០២នាក់​។ ជា​សះស្បើយ​ជាង​ពាក់កណ្ដាល (៤៧៧)​នាក់ និង​កំពុង​សម្រាក​ព្យាបាល៣២៨នាក់៕

No comments: