Monday, 1 March 2021

បណ្ដាញ​សហគមន៍​​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លុបចោល​បម្រាម​ល្បាត​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់


ដោយ មាន ឫទ្ធិ
2021-02-28
បណ្ដាញ​សហគមន៍​​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លុបចោល​បម្រាម​ល្បាត​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ 

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ​ សំអាល់ (ឆ្វេ្ងង) ពេល​ចុះ​មើល​ព្រៃឡង់ នា​ពេល​កន្លង​ទៅ។
រូប​ពី​ហ្វេសប៊ុក

 

បណ្ដាញ​សហគមន៍​ព្រៃឡង់ (​ហៅ​កាត់​ថា PLCN) ជំរុញ​ឱ្យ​រដ្ឋាភិបាល ជាពិសេស​ក្រសួង​បរិស្ថាន ទទួលស្គាល់​នូវ​តួនាទី​ដ៏​សំខាន់​របស់​សហគមន៍​នេះ​ក្នុង​ការ​ការពារ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់។ បណ្ដាញ​សហគមន៍​ព្រៃឡង់​ចង់​ឃើញ​រដ្ឋាភិបាល​លុបចោល​បម្រាម​មិន​ឱ្យ​សហគមន៍ និង​ក្រុម​អ្នកការពារ​ព្រៃឈើ​ដទៃ​ទៀត អាច​ចុះ​ល្បាត​ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​បាន។ លើស​ពី​នេះ​ទៀត បណ្ដាញ​សហគមន៍​ព្រៃឡង់ ក៏​ជំរុញ​ឱ្យ​រដ្ឋាភិបាល បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃឡង់ និង​សកម្មជន​ដទៃ​ទៀត​។ បណ្ដាញ​សហគមន៍​ព្រៃឡង់​ដដែល គូស​បញ្ជាក់​ថា សមាជិក​សហគមន៍​មូលដ្ឋាន និង​ជនជាតិ​ដើម​ភាគតិច គឺជា​ដៃគូ​ពាក់ព័ន្ធ​ដ៏​សំខាន់ ក្នុង​ការ​ចូលរួម​ចំណែក​ការពារ​ព្រៃឈើ។


ការ​ជំរុញ​នេះ ធ្វើឡើង​នៅ​ក្នុង​របាយការណ៍​តាមដាន​ស្ថានភាព​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់ លើក​ទី​៩ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ​។ របាយការណ៍​ពិនិត្យមើល​ឡើងវិញ​ពី​ស្ថានភាព​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ ក្នុង​រយៈពេល ១​ឆ្នាំ គិត​ចាប់ពី​ខែ​មិថុនា ឆ្នាំ​២០១៩ រហូតដល់​ខែ​មិថុនា ឆ្នាំ​២០២០​។

របាយការណ៍​រក​ឃើញ​ថា បម្រាម​របស់​ក្រសួង​បរិស្ថាន ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២០ មិន​ឱ្យ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ចុះ​ល្បាត​ព្រៃ បាន​បណ្ដាល​ឱ្យ​កើន​ឡើង​ការ​បាត់បង់​ព្រៃឈើ​បន្ថែម​ទៀត​។ វត្តមាន​នៃ​ការ​ចុះ​ល្បាត​ព្រៃ​របស់​សហគមន៍​ពិតជា​បាន​ចូលរួម​ចំណែក​បង្អាក់​កុំ​ឱ្យ​មាន​អ្នក​កាប់​ឈើ​ខុសច្បាប់​។ ទិន្នន័យ​ពី​ផ្កាយរណប​បង្ហាញ​ថា មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នូវ​ការបាត់បង់​ព្រៃឈើ​ធៀប​នឹង​ឆ្នាំ​មុនៗ។

បណ្ដាញ​សហគមន៍​ព្រៃឡង់​ក៏​ជំរុញ​ឱ្យ​ក្រសួងបរិស្ថាន​ធ្វើការ​សិក្សា​វាយតម្លៃ​ជា​បន្ទាន់​ពី​ផល​ប៉ះពាល់​បរិស្ថាន និង​ពិគ្រោះ​យោបល់​ជា​សាធារណៈ មុន​នឹង​អនុញ្ញាត​ឱ្យ​មាន​គម្រោង​សាងសង់​ត​ភ្ជាប់​ខ្សែ​បណ្ដាញ​អគ្គិសនី​ប្រវែង ៣០០​គីឡូម៉ែត្រ ពី​ប្រទេស​ឡាវ​ចូល​មក​កម្ពុជា កាត់​តាម​តំបន់​ស្នូល​នៃ​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់។ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​គូស​បញ្ជាក់​ថា គម្រោង​នេះ​នឹង​បណ្ដាល​ឱ្យ​បាត់បង់​ព្រៃឈើ​នៅ​តំបន់​ស្នូល និង​ធនធាន​ធម្មជាតិ ព្រមទាំង​ការបាត់បង់​ទីជម្រក​របស់​សត្វព្រៃ​ក្នុង​តំបន់​នេះ​ទៀត​ផង។

គិត​ចាប់ពី​ឆ្នាំ​២០០០​មក កម្ពុជា​បាន​បាត់បង់​គម្រប​ព្រៃឈើ​ដល់​ទៅ ២៦% ស្មើនឹង ២​លាន​៣​សែន​ហិកតារ។ ដោយឡែក គ្រាន់តែ​ក្នុង​ឆ្នាំ​២០១៩​មួយ ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់ បាន​បាត់បង់​ព្រៃ​រហូត​ដល់​ទៅ ៧​ពាន់​៥​រយ​ហិកតារ​។ ការបាត់បង់​នេះ កើន​ឡើង​រហូតដល់​ទៅ ៧៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែល​មាន​ន័យថា ក្នុង​១​ម៉ោង ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​នេះ បាត់បង់​ព្រៃ​ស្មើ​នឹង​ទំហំ​ធំ​ជាង​តារាង​បាល់ទាត់​មួយ​ទៅទៀត​។ តួលេខ​នេះ ធ្វើ​ឱ្យ​កម្ពុជា ក្លាយ​ជា​ប្រទេស​ទី​១០ ក្នុង​ពិភពលោក​ដែល​រង​ការបាត់បង់​ព្រៃឈើ​ខ្លាំង​ជាងគេ​បំផុត​កាលពី​ឆ្នាំ​២០១៩៕

No comments: