Thursday, 18 March 2021

តុលាការ​ខេត្ត​សៀមរាប​​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង ​៣នាក់​ដាក់​គុក ​៥​ឆ្នាំ ​រឿង​រួមគំនិត​ក្បត់


ដោយ សុជីវី
2021-03-18

តុលាការ​ខេត្ត​សៀមរាប​​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង ​៣នាក់​ដាក់​គុក ​៥​ឆ្នាំ ​រឿង​រួមគំនិត​ក្បត់ 

 (ឆ្វេង) លោក ជិន សុខង៉េង ចៅសង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប និង​លោក ឈុន វាន ជំទប់​ទី​ពីរ​ជាប់​ឆ្នោត​ឃុំ​ក្ដី​រុន ស្រុក​ពួក ខេត្ត​សៀមរាប ដែល​កំពុង​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស។
រូប៖ ហ្វេសប៊ុក​លោក​ទាំង​ពីរ

 

សាលាដំបូង​ខេត្ត​សៀមរាប​បាន​​សម្រេច​​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៣នាក់ ដាក់​ពន្ធនាគារ ៥ឆ្នាំ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​រួម​គំនិត​ក្បត់​។ ​សកម្មជន​បក្ស​ប្រឆាំង​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​បំភិតបំភ័យ​ផ្នែក​នយោបាយ ដើម្បី​កុំ​ឱ្យ​ពួក​គេ​ចូល​រួម​សកម្មភាព​នយោបាយ​ជា​មួយ​ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​បន្ត​ទៀត។

ជំទប់​ទី​ពីរ​ជាប់​ឆ្នោត​ឃុំ​ក្ដី​រុន ស្រុក​ពួក​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ លោក ឈុន វាន ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៨ មីនា​ថា ពួក​លោក​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។ លោក​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​ធ្វើ​ឱ្យ​ពួក​លោក​ឈឺ​ចាប់​កាន់​តែ​ខ្លាំង។ ប៉ុន្តែ​លោក ឈុន វាន អះអាង​ថា សាលក្រម​ផ្ដន្ទាទោស​នេះ​នឹង​ជំរុញ​ឱ្យ​លោក​ហ៊ាន​លះបង់​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន ដើម្បី​បន្ត​ជីវភាព​នយោបាយ​ទាមទារ​ឱ្យ​របប​ឯក​បក្ស​ងាក​មក​ដើរ​តាម​កន្លង​ប្រជាធិបតេយ្យ​ឡើង​វិញ៖ «ខ្ញុំ​គិត​ថា​វា​ជា​រឿង​មួយ​គួរ​ឱ្យ​អស់​សំណើច​សម្រាប់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​ ជា​ពិសេស​ដែល​បញ្ជាក់​ឱ្យ​ពិភព​លោក​បាន​ឃើញ​ថា តុលាការ​​ហ្នឹង ​គឺ​ជា​ឧបករណ៍​របស់​របប​ក្រុង​ភ្នំពេញ ក្នុង​ការ​ធ្វើ​បាប ​និង​ធ្វើ​ទុក្ខបុកម្នេញ​​ដល់​រូប​ខ្ញុំ​ជា​សកម្មជន​បក្ស​ប្រឆាំង។ ​មួយ​វិញ​ទៀត​ វា​ជា​ចេតនា​ដើម្បី​រក្សា​អំណាច​​របស់​ខ្លួន​ឱ្យ​បាន​គង់វង្ស​នៅ​ជា​មួយ​របប​​លោក​ហ៊ុន សែន តែ​ប៉ុណ្ណឹង​ទេ»។


ប្រតិកម្ម​​របស់​​សកម្ម​ជន​បក្ស​ប្រឆាំង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​​​តុលាការ​ខេត្ត​សៀមរាប ប្រកាស​សាលក្រម​កាល​ពី​ថ្ងៃ​ទី១៧ មីនា ដោយ​ផ្ដន្ទាទោស​រូប​លោក និង​សកម្មជន​បក្ស​ប្រឆាំង ២នាក់​ទៀត ដាក់​ពន្ធនាគារ​ ៥​ឆ្នាំ ពី​បទ​រួម​គំនិត​ក្បត់ ពាក់ព័ន្ធ​នឹង​ការ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ សកម្មជន​ពីរ​នាក់​ទៀត​នោះ រួម​មាន​ចៅសង្កាត់​សាលា​កំរើក​ក្រុង​សៀមរាប លោក ជិន សុខង៉េង និង​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប លោក សំ វុទ្ធី។ តុលាការ​បាន​ចេញ​ដីកា​តាម​ចាប់​ខ្លួន​លោក ជិន សុខង៉េង និង​លោក ឈុន វាន ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស យក​មក​អនុវត្ត​ទោស។ ចំណែក​លោក​ សំ វុទ្ធី ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ស្រុក​វិញ តុលាការ​សម្រេច​អនុវត្ត​ទោស​រយៈ​ពេល ២៥ថ្ងៃ ដែល​លោក​បាន​ជាប់​ឃុំ​​បណ្ដោះ​អាសន្ន​​កន្លង​មក​ ហើយ​ទោស​នៅ​សល់​ត្រូវ​បាន​ព្យួរ។

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​បី​រូប គឺ​លោក សំ សុគង់ ប្រាប់​អាស៊ី​សេរី​ថា សេចក្ដី​សម្រេច​របស់​តុលាការ​នេះ​​មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​កូន​ក្ដី​របស់​លោក​នោះ​ទេ ពីព្រោះ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​អ្វី​ឡើយ។ លោក​បញ្ជាក់​ថា ពួកគេ​បាន​ប្រើ​ប្រាស់​សិទ្ធិ​​កន្លង​មក​ក្នុង​នាម​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ចូល​រួម​ក្នុង​ជីវភាព​នយោបាយ​ និង​សិទ្ធិ​សម្ដែង​មតិ​ដោយ​ស្រប​​តាម​រដ្ឋធម្មនុញ្ញ។ លោក មេធាវី សំ សុគង់ គ្រោង​ប្ដឹង​ឧទ្ធរណ៍ ចំពោះ​សេចក្ដី​សម្រេច​នេះ​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ។
Sam_Sokong_051116_TV_RFA.jpg
លោក សំ សុគង់ មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​បី​រូបគឺ លោក ជិន សុខង៉េង លោក ឈុន វាន និង​លោក សំ វុទ្ធី

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែន​ករុណា យល់​ថា រឿង​នេះ​​ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ ដើម្បី​កម្ទេច​ក្រុម​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ជឿ​ថា វិធានការ​នេះ​នឹង​មិន​ផ្ដល់​ប្រយោជន៍​ដល់​សង្គម​ជាតិ​នោះ​ទេ ប៉ុន្តែ​ធ្វើ​ឱ្យ​សង្គម​កាន់​តែ​បែក​បាក់​សាមគ្គី៖ «ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ការ​អនុវត្ត​ច្បាប់​លាយឡំ​បញ្ហា​វិវាទ​នយោបាយ​នេះ​គួរ​តែ​បញ្ឈប់ ដោយ​នាំ​គ្នា​រក​ដំណោះស្រាយ​ពី​វិវាទ​នយោបាយ​ហ្នឹង ឱ្យ​បាន​ប្រសើរ​ឡើង​វិញ​ទាំង​ការ​គោរព​សិទ្ធិ​ទៅ​លើ​អ្នក​នយោបាយ​បាយ​របស់​គួរ​ប្រកួតប្រជែង​ហ្នឹង ​ដោយ​បើក​លំហ​សេរីភាព​ទាំង​អស់​ហ្នឹង ដោយ​មិន​មាន​ការ​ផាត់ចេញ​នូវ​ភាគី​ណា​មួយ​ទេ ពីព្រោះ​យើង​ដឹង​ហើយ ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ពេល​ខាង​មុខ ​ក៏​ជិត​មក​ដល់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ក៏​ជិត​មក​ដល់​ដែរ»។

តុលាការ​របប​លោក ហ៊ុន សែន បាន​ដំណើរ​ការ​ក្តី និង​ផ្ដន្ទាទោស​ថ្នាក់​ដឹក​នាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់​ ចាប់​តាំង​ពី​ឆ្នាំ២០២០ មក។

ក្នុង​បទ​ចោទ​រួម​គំនិត​ក្បត់​នេះ តុលាការ​បាន​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ១១នាក់​ហើយ ក្នុង​នោះ ៧នាក់​​នៅ​ខេត្ត​ត្បូង​ឃ្មុំ ៣នាក់​នៅ​ខេត្ត​សៀម​រាប និង​ម្នាក់​ទៀត​នៅ​ខេត្ត​កំពត។ តុលាការ​បាន​ផ្ដន្ទាទោស​ពួក​គេ​ឱ្យ​ជាប់ពន្ធនាគារ​ពី ៥ឆ្នាំ​ដល់ ៧ឆ្នាំ។ ចំណែក​សំណុំ​រឿង​ឧបឃាត​វិញ តុលាការ​បាន​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ​បក្ស​ប្រឆាំង ៩រូប ក្នុង​នោះ​រួម​ទាំង​លោក សម រង្ស៊ី ផង ឱ្យ​ជាប់​ពន្ធនាគារ​ពី ២០ ដល់ ២៥ឆ្នាំ។

សហគមន៍​ជាតិ និង​អន្តរជាតិ បាន​ថ្កោល​ទោស​ដំណើរការ​ក្ដី និង​ការ​ផ្ដន្ទាទោស​ទាំង​នេះ ហើយ​បាន​ទាម​ទារ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​រាល់​បទ​ចោទ​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​វិញ។ ជា​ពិសេស សភា​អឺរ៉ុប​បាន​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​អឺរ៉ុប អនុម័ត​វិធានការ​រឹតត្បិត​នានា ប្រឆាំង​នឹង​ក្រុម​មេ​ដឹក​នាំ​នយោបាយ និង​មន្ត្រី​យោធា​នៅ​កម្ពុជា ដែល​ទទួល​ខុសត្រូវ ចំពោះ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​ការ​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា រួម​ទាំង​ការ​កាត់​ទោស​បែប​មិន​ត្រឹម​ត្រូវ​ទាំង​នេះ​ផង​ដែរ ដោយ​ប្រើ​ច្បាប់​ដាក់​ទណ្ឌកម្ម​ជា​សាកល​របស់​សហភាព​អឺរ៉ុប​ប្រឆាំង​នឹង​អំពើ​រំលោភ​សិទ្ធិមនុស្ស៕

No comments: