ដោយ សុជីវី
2021-03-01
សកម្មជនគណបក្សសង្គ្រោះជាតិទាំង២រូប គឺ លោក ធន ចន្ទ័ថា (ឆ្វេង) និង លោកស្រី ម៉ី សុផន ដែលរងការចោទប្រកាន់ពីបទ «ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
រូបពីហ្វេសប៊ុក
តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួន សកម្មជនគណបក្សសង្គ្រោះជាតិ២រូប ពាក់ព័ន្ធនឹងការបង្ហោះសាររិះគន់លើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) រឿងជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងរបស់ចិន។ មន្ត្រីសិទ្ធិមនុស្សយល់ថា ការចាប់ឃុំខ្លួនសកម្មជននយោបាយជាបន្តបន្ទាប់នេះ គឺជាការគំរាមកំហែង បំភិតបំភ័យ មិនឱ្យពួកគេងើបឡើងតស៊ូសម្ដែងមតិ ឬចូលរួមសកម្មភាពសង្គម។
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក ធ្វាំ ប៊ុណ្ណា នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ សម្រេចចេញដីកាឃុំខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិទាំង២រូប គឺ លោក ធន ចន្ទ័ថា និង លោកស្រី ម៉ី សុផន នៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទ «ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ឱ្យដឹងថា អាជ្ញាធរបានចាប់ខ្លួនសកម្មជនបក្សប្រឆាំងទាំងពីរដោយសារ ពួកគេបង្ហោះខ្លឹមសារប្រមាថថ្នាក់ដឹកនាំ និងញុះញង់ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ លោកថា ពលរដ្ឋមានសិទ្ធិបញ្ចេញមតិរបស់ខ្លួនដែលមានការគាំពារដោយច្បាប់ ប៉ុន្តែអាជ្ញាធរអនុវត្តច្បាប់របស់ខ្លួនលើបុគ្គលដែលបញ្ចេញមតិចង់កេងចំណេញនយោបាយ៖ «គេកំពុងតែនាំគ្នាលើកទឹកចិត្តទូទាំងប្រទេសក្នុងការបង្ការទប់ស្កាត់ប្រឆាំងនឹងវីរុសកូវីដ-១៩ យើងទៅបង្កើតរឿងឱ្យចលាចលរឿងអញ្ចេះរឿងអញ្ចុះ រឿងចាក់វ៉ាក់សាំងនេះ រឿងងាប់ រឿងលក់វ៉ាក់សាំង រឿងអី ឧទាហរណ៍ ប្រមាថដល់ថ្នាក់ដឹកនាំ និងធ្វើឱ្យប្រជាពលរដ្ឋជ្រួលច្របល់ សួរអញ្ចេះ អាហ្នឹងសិទ្ធិសេរីភាពដែរឬអត់បើគាត់ដើរជេរគេ ហើយថា គាត់មានសិទ្ធិបញ្ចេញមតិ ឥឡូវគេអនុវត្តច្បាប់ គេក៏ត្រូវមានសិទ្ធអនុវត្តច្បាប់ដែរ»។
ទាក់ទងករណីនេះ អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
កូនស្រីរបស់សកម្មជនបក្សប្រឆាំង លោកស្រី ម៉ី សុផន គឺលោកស្រី ហឿង ណាត់ផាលី លើកឡើងថា អាជ្ញាធរចាប់ខ្លួនម្ដាយរបស់លោកស្រី ដោយមិនបានជូនដំណឹង ដល់លោកស្រី ឬបង្ហាញដីកានោះទេ។ លោកស្រីបន្តថា លោកស្រីបារម្ភពីសុវត្ថិភាពម្ដាយលោកស្រី និងទទូចឱ្យសមត្ថកិច្ចជួយផ្តល់ដំណឹងឱ្យលោកស្រី ដើម្បីបានសួរសុខទុក្ខគ្រួសារ៖ «ខ្ញុំកំពុងស្វះស្វែងរកគាត់ដែរហ្នឹង ព្រោះអីគាត់បាត់ដំណឹងសូន្យឈឹង អត់ដឹងរហូតតាំងពីល្ងាចពីម្សិល រហូតតាំងពីថ្មើរហ្នឹង ខ្ញុំស្វះស្វែងរកគាត់ គឺអត់ដឹងដំណឹងគាត់នៅខាងណាអ៊ីចឹង។ អត់ចង់បានអីទេ គ្រាន់តែចង់ឱ្យខាងដែលចុះទៅចាប់ម្ដាយខ្ញុំហ្នឹង សូមផ្ដល់ព័ត៌មានឱ្យខ្ញុំផង ហើយខ្ញុំគ្រាន់តែចង់យកបាយ យកទឹកឱ្យគាត់ យកសំលៀកបំពាក់ឱ្យគាត់ទេ»។
អាជ្ញាធរបានចាប់ខ្លួនសកម្មជនទាំង២ បន្ទាប់ពីពួកគាត់ បានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ ដោយរិះគន់រដ្ឋាភិបាល ពាក់ព័ន្ធនឹងយុទ្ធនាការចាក់វ៉ាក់សាំងរបស់ចិនស៊ីណូហ្វាម (Sinopharm) ដែលពុំមានការទទួលស្គាល់ត្រឹមត្រូវពីអង្គការសុខភាពពិភពលោក។ សកម្មជនទាំងពីរ តែងតែចូលរួមតវ៉ាដោយសន្តិវិធីជាមួយក្រុមស្ត្រីថ្ងៃសុក្រ ដើម្បីទាមទារឱ្យរបបក្រុងភ្នំពេញ ដោះលែងសកម្មជននយោបាយ និងសកម្មជនសង្គមជាដើម។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរគួរជូនដំណឹងឱ្យសាមីខ្លួន និងក្រុមគ្រួសារពួកគេបានដឹងជាមុន ដើម្បីឱ្យពួកគេបានដឹងពីមូលហេតុច្បាស់លាស់នៃការចាប់ខ្លួននេះ។ លោកទទូចឱ្យអាជ្ញាធរ គួរពិចារណាឡើងវិញ ថាតើអ្វីជាសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ? និងអ្វីជាការអនុវត្តផ្ទុយពីច្បាប់? ដើម្បីធានាថា សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋមិនត្រូវបានរំលោភបំពាន៖ «យើងឃើញហើយកន្លងមកការជួបជុំ ការប្រមូលផ្តុំដោយសន្តិវិធីនោះ តែងតែមានបម្រាម ដោយចោទថា ការប្រមូលផ្តុំហ្នឹងមិនមានការជូនដំណឹង មិនមានអីជាដើម។ អ៊ីចឹងការដែលចាប់ខ្លួន ដោយសារការប្រមូលផ្តុំហ្នឹងគឺវាជាការគំរាមកំហែង ការបំភិតបំភ័យមួយចំពោះការជួបជុំ និងការប្រមូលផ្តុំដោយសន្តិវិធី»។
ចាប់តាំងពីអំឡុងឆ្នាំ២០២០ រហូតដល់ខែចុងខែកុម្ភៈឆ្នាំ២០២១នេះ របបលោក ហ៊ុន សែន បានចាប់ខ្លួនមន្ត្រីបក្សសង្គ្រោះជាតិ អ្នកនយោបាយ សកម្មជន យុវជន ព្រះសង្ឃ និងមន្ត្រីអង្គការសង្គមស៊ីវិលជាង ៧០នាក់ហើយ ដោយសារការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន។ តុលាការ បានចោទ ប្រកាន់ពួកគេពីបទ រួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
សង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមទាំងក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានស្នើយ៉ាងទទូចឱ្យរបបលោក ហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងសកម្មជនទាំងនេះ ហើយងាកមកគោរពសិទ្ធិពលរដ្ឋឡើងវិញ ដើម្បីអាចចៀសផុតពីការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ៕
No comments:
Post a Comment