ដោយ មួង ណារ៉េត
2021-03-01
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រូបពីហ្វេសប៊ុក
ប្រជាពលរដ្ឋខ្មែរជាច្រើន នៅតែចង់ចាក់វ៉ាក់សាំង ដែលទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក (WHO) ជាងចាក់វ៉ាក់សាំងចិន ដែលគ្មានការទទួលស្គាល់។ ជំហររបស់ប្រជាពលរដ្ឋទាំងនេះ ធ្វើឡើងស្របពេលដែល ក្រសួងសុខាភិបាល ថាកម្ពុជានឹងទទួលបានវ៉ាក់សាំងអង់គ្លេសជាង ៣សែនដូស នៅថ្ងៃអង្គារស្អែកនេះ ហើយលោក ហ៊ុន សែន ប្រកាសភ្លាមៗ ថាលោកនឹងចាក់វ៉ាក់សាំងអង់គ្លេសនេះ នៅថ្ងៃទី៤ ខែមីនា។
ក្រសួងសុខាភិបាល បានប្រកាសកាលពីថ្ងៃទី២៨ ខែ កុម្ភៈ ថាយុទ្ធនាការចាក់វ៉ាក់សាំងចិន ស៊ីណូហ្វាម (Sinopharm) បានផ្ដើមទៅដល់គ្រប់ខេត្តក្រុង នៅទូទាំងប្រទេសកម្ពុជាហើយ។ ដំណាក់កាលនេះ ដល់ពេលចាក់វ៉ាក់សាំងចិននេះ ជូនដល់កម្មករប្រមូលសំរាម អ្នករត់តាក់ស៊ីម៉ូតូរ៉ឺម៉កកង់បី និងម៉ូតូឌុប។
ប៉ុន្តែតំណាងសហជីព នៅតែបង្ហាញភាពអល់អែក រឿងចាក់វ៉ាក់សាំងចិននេះ។ ប្រធានសហជីពវិស័យទេសចរនៃក្រុមហ៊ុនស៊ីនទ្រី លោក កៅ សាវ៉ាត ឱ្យដឹងថា កម្មករប្រមូលសំរាមភាគច្រើន មានកាយសម្បទាមាំមួន តែមិនសូវមានចំណេះដឹងទូលំទូលាយ អំពីវ៉ាក់សាំងទេ។ លោករំពឹងថា កម្មករទាំងនេះ នឹងទទួលបានការចាក់វ៉ាក់សាំង ដែលមានប្រសិទ្ធភាព និងទទួលស្គាល់ពីអង្គការសុខភាពពិភពលោក៖ «ខ្លះគាត់និយាយចចាមអារ៉ាមដែរថា វ៉ាក់សាំង(Shinopham)ហ្នឹង វាមិនសូវមានគុណភាព ដូចវ៉ាក់សាំងមកពីអាមេរិក មកពីអឺរ៉ុប ឬប៉ែកខាងលិច។ រឿងហ្នឹងខ្ញុំវាអត់បានដឹងច្បាស់ទេ ព្រោះខ្ញុំវាមិនមែនជាអ្នកជំនាញ ហើយខាងពួកខ្ញុំនេះម្នាក់ៗ ដូចថាចំណេះដឹងវាមានកម្រិតទាប។ ឯការភ័យព្រួយបារម្ភហ្នឹង វាតែងតែមានហើយ។ តែវាមិនដឹងធ្វើម្ដេច អាជំងឺហ្នឹង ក៏ខ្លាច អា(គុណភាពវ៉ាក់សាំង)ហ្នឹង ក៏ខ្លាច តែមិនដឹងធ្វើម្ដេច វាត្រូវតែការពារហើយបង»។
ដូចគ្នានេះដែរ ក្រុមកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជា អ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី ក៏សង្ឃឹមថា ពូកគាត់អាចទទួលបានវ៉ាក់សាំង ដែលមានគុណភាពល្អ និងមានការទទួលស្គាល់ ពីស្ថាប័នអន្តរជាតិដែរ។ ប្រធានសមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA) លោក សុខ ឈុនអឿង សង្ឃឹមថា រដ្ឋាភិបាលនឹងផ្ដល់វ៉ាក់សាំង ដែលមានការទទួលស្គាល់គុណភាពត្រឹមត្រូវ ទៅដល់កម្មករក្រៅប្រព័ន្ធទាំងនេះ។
លោកបញ្ជាក់ថា កម្មករក្រៅប្រព័ន្ធនឹងស្ទាក់ស្ទើរ បើសិនរដ្ឋាភិបាល តម្រូវឱ្យចាក់តែវ៉ាក់សាំង ដែលមិនទាន់ទទួលស្គាល់គុណភាពត្រឹមត្រូវនោះ «សម្រាប់រដ្ឋាភិបាល គឺមានការខ្វាយខ្វល់។ ប៉ុន្តែការខ្វាយខ្វល់ គួរតែមានការដូចខ្ញុំជម្រាបពីខាងដើមអ៊ីចឹង គឺថា វ៉ាក់សាំងហ្នឹងមានការឆ្លងកាត់អង្គការសុខភាពពិភពលោកសិនទៅ ព្រោះថាបច្ចុប្បន្នហ្នឹងខ្ញុំមើលឃើញថា ប្រជាពលរដ្ឋមកដល់សម័យនេះ គាត់មានចំណេះដឹងខ្ពស់ដូចជា មានការតាមដាននូវព័ត៌មានផ្សេងៗ ពាក់ព័ន្ធនឹងកូវីដនេះ។ ជាពិសេស គឺថ្នាំការពារកូវីដនេះតែម្ដង ខ្ញុំមើលឃើញថា គាត់យល់ដឹងច្រើន ពីវ៉ាក់សាំងកូវីដនេះ»។
ក្រសួងសុខាភិបាល អះអាងថា វ៉ាក់សាំងចិននេះ ចាក់ជូនប្រជាពលរដ្ឋ តាមគោលការណ៍ស្ម័គ្រចិត្ត។ ប៉ុន្តែក្នុងរយៈពេល ១៦ ថ្ងៃ គិតចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី២៦ ខែ កុម្ភៈ កន្លងទៅ ក្រសួងសុខាភិបាល ទើបតែចាក់វ៉ាក់សាំងចិន ដល់មន្ត្រីរាជការ បានជាង ១ម៉ឺន៦ពាន់ (១៦,៣៩០) ដូស ឬមិនដល់ ៣ភាគរយ (២,៧%) នៃចំនួនវ៉ាក់សាំង ៦សែនដូសរបស់ចិននោះនៅឡើយទេ។ ដោយឡែកក្រសួងការពារជាតិឯណោះ ថាក្រសួងនេះ បានសម្រុកចាក់វ៉ាក់សាំងចិន ឱ្យកងទ័ពបានជាង ៥ ម៉ឺនដូសទៅហើយ សម្រាប់ការចាក់វ៉ាក់សាំងទាំងពីរលើក គិតត្រឹមថ្ងៃទី២៨ ខែ កុម្ភៈ។
ស្របពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងចិន កាន់តែរុលទៅមុខ វ៉ាក់សាំងអង់គ្លេស ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ចំនួនជាង ៣សែនដូស (៣៤២,០០០) នឹងមកដល់កម្ពុជានៅថ្ងៃ អង្គារស្អែកនេះ។ ក្រសួងសុខាភិបាល ថា វ៉ាក់សាំង អាស្ត្រាហ្ស៊េណេកា (AstraZeneca) របស់សកលវិទ្យាល័យ អក់ស្វើដ (Oxford University) នឹងត្រូវដឹកទៅកម្ពុជា តាមយន្តការចែកវ៉ាក់សាំងស្មើគ្នា ដល់ប្រទេសទាំងអស់នៅលើពិភពលោក ក្នុងក្របខ័ណ្ឌគម្រោងកូវ៉ាក់ (Covax) របស់អង្គការសុខភាពពិភពលោក (WHO)។
មុននេះអង្គការសុខភាពពិភពលោក អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងអង់គ្លេសនេះ និងរំពឹងថា បានវ៉ាក់សាំងនេះ ១៥០លានដូស ដើម្បីចែកចាយទៅទូទាំងពិភពលោក សម្រាប់ត្រីមាសទីមួយនេះ។ ប្រទេសពីរដែលអង្គការនេះ ផ្ដល់សិទ្ធិឱ្យផលិតវ៉ាក់សាំងនេះ គឺប្រទេសកូរ៉េខាងត្បូង (South Krea) និងប្រទេសឥណ្ឌា (India)។ វ៉ាក់សាំងដែលត្រូវបញ្ជូនទៅកម្ពុជានោះ គឺផលិតនៅប្រទេសឥណ្ឌា។
បើតាមការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៨ ខែកុម្ភៈ លោកថា កម្ពុជានឹងទទួលបានវ៉ាក់សាំង ពីអង្គការសុខភាពពិភពលោក តាមយន្តការកូវ៉ាក់នេះ ចំនួនសរុបជាង ១លាន ១សែន (១,១០៤,០០០) ដូស។
លោក ហ៊ុន សែន ថា រូបលោកនឹងចាក់វ៉ាក់សាំងអង់គ្លេសនេះមុនគេ។ លោកបញ្ជាក់ថា បើគ្មានការប្រែប្រួលអ្វីនោះទេ លោកនឹងឱ្យគ្រូពេទ្យចាក់វ៉ាក់សាំង ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនេះ នៅម៉ោង ៨កន្លះ ព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផង។
កាលពីដើមខែកុម្ភៈ លោក ហ៊ុន សែន បានគេចពីការចាក់វ៉ាក់សាំងស៊ីណូហ្វាម ដោយលោកអះអាងថា វ៉ាក់សាំងចិននេះ មិនអាចយកមកចាក់លើមនុស្ស ដែលមានវ័យលើស ៥៩ ឆ្នាំបានទេ។ លោក ហ៊ុន សែន មានអាយុ ៦៨ ឆ្នាំ។ ការអះអាងរបស់លោក ហ៊ុន សែន មានភាពស៊ីសង្វាក់គ្នាជាមួយសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ប៉ុន្តែវាផ្ទុយគ្នាស្រឡះ ទៅនឹងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ ដែលមានវ័យ ៧៥ ឆ្នាំ ហើយថាលោកបានចាក់វ៉ាក់សាំងចិននេះដែរ តាំងពីខែ មករា មកម្ល៉េះ។ លោក ទៀ បាញ់ ថែមទាំងបញ្ជាក់ថា វ៉ាក់សាំងនេះ ចាក់មិនហួសអាយុនោះឡើយ គឺអ្នកអាយុ ១២០ ឆ្នាំក៏ចាក់បានដែរ៖ «មន្ទីរពេទ្យម៉ារ៉ុក (Moroco) បានបញ្ជាក់ហើយគឺអាយុលើសពី ៦០ ឆ្នាំទៅ គឺកាន់តែមានប្រសិទ្ធភាព កាន់តែល្អ សុវត្ថិភាពកាន់តែល្អ។ ហ្នឹងគឺរឿងពិត វាអ៊ីចឹង ដូច្នេះគឺមិនពាក់ព័ន្ធអ្វីទេរឿងអាយុហ្នឹងនោះ»។
បើទោះបីលោក ហ៊ុន សែន គេចពីចាក់វ៉ាក់សាំងចិន តែលោកជំរុញឱ្យមន្ត្រីរាជការ កងទ័ព និងពលរដ្ឋទូទៅ នាំគ្នាទៅចាក់វ៉ាក់សាំងចិននេះ។
មន្ត្រីរាជការ និងពលរដ្ឋទូទៅ នៅតែបង្ហាញភាពអល់អែក និងខ្លាចវ៉ាក់សាំងចិននេះ។ ប៉ុន្តែ ពួកគាត់មិនហ៊ាននិយាយរឿងនេះជាចំហទេ។ តែក្នុងចិត្ត ពួកគាត់ចង់បានវ៉ាក់សាំងដែលមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។
ឥឡូវនៅពេលវ៉ាក់សាំងអង់គ្លេស ដែលមានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២ ខែមីនា ប្រជាពលរដ្ឋចាប់ផ្ដើមបញ្ចេញមតិព្រោងព្រាតតាមបណ្ដាញសង្គមហ្វេសប៊ុក ដោយបង្ហាញពីការព្រួយបារម្ភ រឿងបែងចែកវ៉ាក់សាំងនេះមិនស្មើគ្នា ព្រោះវ៉ាក់សាំងអង់គ្លេសមានតែជាង ៣សែនដូស ឯវ៉ាក់សាំងចិន ដែលចាក់មិនទាន់អស់ នៅជាង ៥សែនដូសទៀតឯណោះ៕
No comments:
Post a Comment