ដោយ សេក បណ្ឌិត
2021-03-18
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ នាពេលកន្លងទៅ។
Photo: RFA
ជនភៀសខ្លួននយោបាយ និងប្រជាពលរដ្ឋមួយចំនួនគាំទ្រសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុបដើម្បីស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ សង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ពិចារណាពីបញ្ហាលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីទទួលបានការគាំទ្រ សហគមន៍អឺរ៉ុប និងបណ្តាលប្រទេសផ្សេងៗទៀត។
ជនភៀសខ្លួនកំពុងរស់នៅប្រទេសថៃ គាំទ្រសេចក្តីសម្រេចសភាអឺរ៉ុប ដែលរក្សាគោលជំហរច្បាស់លាស់ដាក់សម្ពាធលើរបបឯកបក្ស លោក ហ៊ុន សែន ដែលងាកចេញពីផ្លូវប្រជាធិបតេយ្យ ដើរទៅរករបបផ្ដាច់ការ។ លោក ស៊ុម សីហា ថា លោក ហ៊ុន សែន និងបក្ខពួកតែងតែងប្រើប្រាស់អំពើហិង្សាលើស្ត្រី រំលោភសិទ្ធិពលរដ្ឋ ជាពិសេសសំឡេងគណបក្សប្រឆាំង។ លោកស្នើរដ្ឋាភិបាលគណបក្សប្រជាជន ត្រូវងាកមកគន្លងប្រជាធិបតេយ្យវិញ ដោយលុបចោលច្បាប់ទាំងឡាយណា ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងទំលាក់ចោលបទចោទប្រកាន់មកលើ មន្ត្រីនិងសកម្មជនបក្សប្រឆាំង សហជីព សកម្មជនបរិស្ថាន ព្រះសង្ឃជាដើម ព្រមទាំងបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីយកលេសបំបិទសម្លេងប្រឆាំង៖ «សូមឱ្យសភាអឺរ៉ុបហ្នឹង ដាក់ទណ្ឌកម្មលើលោក ហ៊ុន សែន ឱ្យគាត់ងាកមកប្រទេសកម្ពុជា ឱ្យក្លាយជាប្រជាធិបតេយ្យពិតវិញ កុំធ្វើបាបប្រជាពលរដ្ឋតទៅទៀត ហើយសុំសភាអឺរ៉ុបធ្វើឱ្យប្រញាប់ ជៀសវាងឱ្យលោក ហ៊ុន សែន ធ្វើកាន់តែជ្រៅ ប្រទេសកម្ពុជាបាត់បង់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដែលប្រជាពលរដ្ឋកំពុងទន្ទឹងស្រែករង់ចាំ»។
ស្រដៀងគ្នានេះដែរ ជនភៀសខ្លួនកំពុងរស់នៅប្រទេសម៉ាឡេស៊ី លោក តេស ម៉ាត់លី លើកឡើងថា សេចក្តីសម្រេចរបស់សភាអឺរ៉ុបនេះ ជាលើកទីមួយហើយ ដែលលោកមានសេចក្តីត្រេកអរ នឹងរំភើប ដើម្បីស្តារប្រជាធិបតេយ្យនៅកម្ពុជា។ ហើយលោកសង្ឃឹមថា សភាអឺរ៉ុបជួយសម្របសម្រួល ជំរុញប្រជាធិបតេយ្យរហូតបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា។ លោកថា រដ្ឋាភិបាលឯកបក្សលោក ហ៊ុន សែន តែងតែប្រើប្រាស់គ្រប់មធ្យោបាយ គាបសង្កត់សិទ្ធិពលរដ្ឋដែលមានទស្សនផ្ទុយ៖ «នេះជាលើកទីមួយហើយ ដែលខ្ញុំមានការត្រេកអរ សេចក្តីរំភើប ចំពោះខ្លួនខ្ញុំដែលសភាអឺរ៉ុបចំនួន៦រយនាក់គាំទ្រ ក្នុងធាតុពិតជាក់ស្តែងដើម្បីប្រជាធិបតេយ្យនេះ ក៏ប៉ុន្តែខ្ញុំសង្ឃឹមថាសភាអឺរ៉ុបនឹងជួយឱ្យបានចប់ចុងចប់ដើម»។
ចំណែក ពលរដ្ឋរស់នៅក្នុងស្រុក ក៏គាំទ្រសេចក្តីសម្រេចរបស់ សភាអឺរ៉ុបដែរ។ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប លោក ព្រហ្ម សុព្រឹក្ស រង់ចាំសេចក្តីសម្រេចរបស់សភាអឺរ៉ុបយូរណាស់មកហើយ ដើម្បីបើកលំហប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជូនប្រជាពលរដ្ឋខ្មែរ។ លោកស្នើឱ្យសភាអឺរ៉ុបឆាប់ ជំរុញឱ្យលឿននូវសេចក្តីសម្រេចទាំងឡាយ ដើម្បីឱ្យមានដំណោះស្រាយនយោបាយ និងបើកឱ្យមានគណបក្សប្រឆាំងឡើងវិញ ចូលរួមដោះស្រាយបញ្ហាជាតិរួមគ្នា។ លោកក៏អំពាវនាវទៅក្រុមប្រឹក្សាអឺរ៉ុប ធ្វើសេចក្តីសម្រេចឱ្យបានឆាប់រហ័ស ស្របតាមបំណងរបស់ប្រពលរដ្ឋខ្មែរកំពុងទន្ទឹងរង់ចាំ៖ «ខ្ញុំយល់ថាក្រោមការដឹងនាំគណបក្សតែមួយ ឬក៏ឯកបក្ស រយៈកាលកន្លងមកនេះ ប៉ះពាល់ដល់សេដ្ឋកិច្ចធំបំផុតទៅដល់ប្រជាពលរដ្ឋ តាមមតិយោបល់ខ្ញុំចង់ឱ្យឆាប់សម្រេចអ្វីលឿនៗ ដើម្បីឱ្យមានដំណោះស្រាយ»។
ការគាំទ្រនេះកើតឡើងក្រោយពីសភាអឺរ៉ុបកាលពីថ្ងៃទី១១ មីនា បានទាមទារឱ្យអាជ្ញាធរកម្ពុជា លុបចោលសាលក្រមផ្ដន្ទាទោសមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ដោះលែង និងទម្លាក់ចោលបទចោទប្រឆាំងនឹងសកម្មជនគណបក្សសង្គ្រោះជាតិជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ព្រមទាំងទាមទារឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ។ ជាមួយគ្នានេះ សភាអឺរ៉ុបបានជំរុញឱ្យក្រុមប្រឹក្សាអឺរ៉ុបដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមមេដឹកនាំនយោបាយ និងកងកម្លាំងប្រដាប់អាវុធនៃរបបក្រុងភ្នំពេញ ដែលជាអ្នកទទួលខុសត្រូវចំពោះទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។
ឆ្លើយតបជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថាប្រជាពលរដ្ឋដែលបានលើកឡើង មិនយល់ពីសភាពការណ៍ពិត ជាក់ស្តែងនៅកម្ពុជា ហើយប្រពលរដ្ឋ និងសភាអឺរ៉ុបដែលលើកឡើងថា រដ្ឋាភិបាលគណបបក្សប្រជាជនដើរថយក្រោយ និងរំលោភសិទ្ធិមនុស្ស គ្រាន់តែបន្ទរតាមក្រុមមេដឹកនាំគណបក្សប្រឆាំងប៉ុណ្ណោះ។ លោកអះអាងថា ប្រទេសកម្ពុជាកំពុងរស់នៅដោយស្ថិរភាព សុខក្សេមក្សាន្ត ប្រពលរដ្ឋខ្មែរកំពុងអបអរសាទរដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋ របស់រដ្ឋាភិបាលគណបក្សប្រជាជន។
លោក សុខ ឥសាន្ត បន្តថា សេចក្តីសម្រេចរបស់សភាអឺរ៉ុប មិនមែនការអនុវត្តជាក់ស្តែងនោះទេ ព្រោះសភាអឺរ៉ុបមិនមែនសភានៅកម្ពុជា។ លោកថា រដ្ឋាភិបាលគណបក្សប្រជាជន មិនខ្វល់ចំពោះសម្រេចរបស់សភាអឺរ៉ុប ហើយកម្ពុជាមិនខ្វះទីផ្សារនោះទេក្រៅពីអឺរ៉ុប៖ «សភាកម្ពុជាគេអនុម័តច្បាប់ប៉ុន្មានថ្ងៃ អនុម័តភ្លាមបានភ្លាម ហើយប្រសិទ្ធភាពនៃការអនុវត្តបានភ្លាម គាត់ជាសភាអឺរ៉ុប គាត់មកធ្វើអីការងារកម្ពុជា គាត់អត់យល់រដ្ឋធម្មនុញ្ញរបស់គាត់ថា ម៉េចផង គាត់មិនយល់ពីច្បាប់យ៉ាងម៉េចផង ហើយគាត់ធ្វើសភាអឺរ៉ុបទាំងមូល អ៊ីចឹងអត់មានប្រសិទ្ធភាពអីមកឱ្យកម្ពុជាអនុវត្តតាមសេចក្តីសម្រេចរបស់សភាអឺរ៉ុបនោះទេ គាត់ថានឹងជាសិទ្ធិរបស់គាត់ថា ទេនៅអឺរ៉ុប កម្ពុជាអត់ឈឺក្បាលវិលមុខ អ្នកឯងចង់ថាមិចថាទៅ អ្នកឯងចេះច្បាប់អ្នកឯងអត់យល់ច្បាប់ផង»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា ការគាំទ្រលើសេចក្តីសម្រេចសភាអឺរ៉ុប ជាសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ។ លោកមើលឃើញថា កម្ពុជា និងសហគមន៍អឺរ៉ុប ចាប់ផ្តើមធ្លាក់ចុះការទំនាក់ទំនងនៅពេលក្រោយពេលរំលាយគណបក្សប្រឆាំង ដែលសហគមន៍អឺរ៉ុបចាប់ទុកថាជាការបោះជំហានដើរថយក្រោយនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លោកបន្ថែមទៀតថាសង្គមស៊ីវិលមិនចង់ឃើញសហគមន៍អឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះព័ន្ធ EBA ពីកម្ពុជាឡើយ ហើយសង្គមស៊ីវិលទទូចឱ្យរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ពិនិត្យ និងពិចារណាពីបញ្ហាលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីឱ្យកម្ពុជាឈរលើជំហរដែលសហគមន៍អឺរ៉ុប និងបណ្តាលប្រទេសផ្សេងៗទៀត អាចទទួលយកបាន និងមានការគាំទ្រដូចពីមុន។ លោកថាសហគមន៍អឺរ៉ុប បានចូលរួមចំណែកជួយគាំទ្រប្រជាពលរដ្ឋខ្មែរជាច្រើន៖ «អង្គការសង្គមស៊ីវិលដែលធ្វើការលើបញ្ហាសិទ្ធិមនុស្ស លើកកម្ពស់ទៅលើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គឺយើងមានការព្រួយបារម្ភ ព្រោះចាប់តាំងសហគមន៍អឺរ៉ុបក្តី សហរដ្ឋអាមេរិកក្តី ដែលគេទាមទារ ឱ្យមានការស្តារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សគឺជាដាស់តឿនមួយហើយ ការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធម្ភៃភាគរយនេះ ជាការដាស់តឿន ហើយជាបន្តបន្ទាប់សហគមន៍អឺរ៉ុបហ្នឹង មានសេចក្តីសម្រេចទៅទៀតសម្រាប់កម្ពុជា សហរដ្ឋអាមេរិកក៏ទាមទារស្រដៀងគ្នាផងដែរ»។
សភាអឺរ៉ុបអនុម័តសេចក្តីសម្រេចថ្មីចុងក្រោយនេះ បន្ទាប់ពីតុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសក្រុមមេដឹកនាំបក្សប្រឆាំង ៩នាក់ ក្នុងនោះ ក៏រួមទាំងលោក សម រង្ស៊ី ផង ឱ្យជាប់ពន្ធនាគារពី ២០ឆ្នាំដល់ ២៥ឆ្នាំ ពីបទឧបឃាត។ ក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជាវាយតម្លៃថា សាលក្រមនេះធ្វើឡើងក្នុងទិសដៅបិទផ្លូវក្រុមមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសនៅក្រៅប្រទេស មិនឱ្យវិលត្រឡប់មកធ្វើនយោបាយនៅកម្ពុជាវិញ៕
No comments:
Post a Comment