ដោយ៖ មាន ឫទ្ធិ
2021-03-19
ស្ថាប័នពង្រឹងការអនុវត្តច្បាប់ប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់អាមេរិក ហៅកាត់ថា FinCEN (រូបលើ) និងធនាជាតិនៃកម្ពុជា (រូបក្រោម)។
រូប៖ គេហទំព័រ FinCEN និងទំព័រហ្វេសប៊ុកធនាគារជាតិនៃកម្ពុជា
ស្ថាប័នពង្រឹងការអនុវត្តច្បាប់ប្រឆាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ហៅកាត់ថា FinCEN របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ជូនដំណឹងដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅអាមេរិក ឲ្យបង្កើនការឃ្លាំមើលអំពើលាងលុយកខ្វក់មានប្រភពចេញពីកម្ពុជា។ ការជូនដំណឹងរបស់ស្ថាប័នដ៏មានឥទ្ធិពលនៃរដ្ឋាភិបាលអាមេរិកនេះ ធ្វើឡើងកាលពីថ្ងៃទី១១ ខែមីនា ស្របតាមការសម្រេចចុងក្រោយរបស់អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់ពិភពលោក ឈ្មោះ FATF (ក្រុមការងារហិរញ្ញវត្ថុ)។ ផ្អែកតាមសេចក្តីសម្រេចរបស់អង្គការពិភពលោកមួយនេះកាលពីថ្ងៃទី២៥ ខែកុម្ភៈ កម្ពុជានៅតែបន្តជាប់ឈ្មោះអស់រយៈពេល ៣ឆ្នាំ ជាប់គ្នាមកហើយ ថាជាប្រទេសដែលពិភពលោកត្រូវបង្កើនការឃ្លាំមើលពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់។
ស្ថាប័ន FinCEN ក្រើនរំឮកដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នៅអាមេរិក ឲ្យពិចារណាអំពីហានិភ័យនានាពាក់ព័ន្ធនឹងអំពើលាងលុយកខ្វក់ និងភេវរកម្មហិរញ្ញវត្ថុ មានប្រភពចេញមកពីកម្ពុជា និងប្រទេស ១៨ ផ្សេងទៀតនៅលើពិភពលោក។ ស្ថាប័ននេះថា គ្រឹះស្ថានហិរញ្ញវត្ថុអាមេរិកមានកាតព្វកិច្ចត្រូវអនុលោមតាមសេចក្តីសម្រេចរបស់អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់ពិភពលោក ដោយស៊ើបអង្កេតឲ្យបានហ្មត់ចត់ពីប្រភពហិរញ្ញវត្ថុដែលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងសកម្មភាពលាងលុយកខ្វក់ចេញមកពីប្រទេសទាំងនេះ។
កាលពីចុងឆ្នាំ២០២០ សហភាពអឺរ៉ុប ក៏បានដាក់បញ្ចូលកម្ពុជាក្នុងបញ្ជីផ្លូវការនៃក្រុមប្រទេសដែលងាយរងគ្រោះខ្លាំងខាងអំពើលាងលុយកខ្វក់ និងហិរញ្ញប្បទានភេវរកម្ម ស្របតាមសេចក្តីសម្រេចរបស់អង្គការឃ្លាំមើលអំពើលាងលុយកខ្វក់របស់ពិភពលោកនេះដែរ។ ឆ្លើយតបនឹងបញ្ហានេះ របបលោក ហ៊ុន សែន បានប្រញាប់ប្រញាល់បង្កើតច្បាប់ចំនួនបី (៣) ប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ។ ក៏ប៉ុន្តែ ការបង្កើតច្បាប់ទាំងនេះ មិនបានធ្វើឲ្យស្ថាប័នអន្តរជាតិទាំងនេះ យល់ព្រមលុបឈ្មោះកម្ពុជា ចេញពីក្រុមប្រទេសមានហានិភ័យខ្ពស់ខាងអំពើលាងលុយកខ្វក់នោះឡើយ។
អាស៊ីសេរី មិនទាន់អាចទាក់ទងអ្នកនាំពាក្យធនាគារជាតិនៃកម្ពុជាអ្នកស្រី ជា សិរី ដើម្បីសុំប្រតិកម្មជុំវិញចំណាត់ការចុងក្រោយរបស់អាមេរិក និងអង្គការឃ្លាំមើលអំពើលាងលុយកខ្វក់ពិភពលោកនេះបាននៅឡើយទេ កាលពីយប់ថ្ងៃទី១៨ ខែមីនា។
យ៉ាងណាកន្លងទៅ ក្រុមអ្នកជំនាញធ្លាប់លើកឡើងថា ពួកគេពុំមានជំនឿទាល់តែសោះថា រដ្ឋាភិបាលកម្ពុជាអាចកែខ្លួន ឲ្យពិភពលោកលុបឈ្មោះចេញពីបញ្ជីនៃក្រុមប្រទេសលាងលុយកខ្វក់នោះឡើយ ព្រោះអំពើលួចលុយជាតិពីសំណាក់ក្រុមអ្នកមានលុយមានអំណាចខ្មែរ រួចលាងលុយយកទៅលាក់ទុកនៅបរទេស នៅតែបន្តកើតមានដដែល៕
No comments:
Post a Comment