Monday, 29 March 2021

អ្នក​ឃ្លាំមើល​​សង្គម​​សង្ស័យ​​លុយ​​ក្រុម​​​ឈ្មួញ​​ឱ្យ​រដ្ឋាភិបាល​​ជា​ការ​​លាង​​លុយ​​កខ្វក់​​ច្រើន​ជាង​​​សប្បុរស​ធម៌​​


ដោយ ទីន ហ្សាការីយ៉ា
2021-03-28 rfa
អ្នក​ឃ្លាំមើល​​សង្គម​​សង្ស័យ​​លុយ​​ក្រុម​​​ឈ្មួញ​​ឱ្យ​រដ្ឋាភិបាល​​ជា​ការ​​លាង​​លុយ​​កខ្វក់​​ច្រើន​ជាង​​​សប្បុរស​ធម៌​​ 

(ឆ្វេង) លោកឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា និងលោកឧកញ៉ា ​ពុង​ ​ឃា​វ​សែ​ ស្ថិតនៅក្នុងចំណោមមហាសេដ្ឋីកំពូលៗ ដែលបាន​ជួយ​លុយ​ទិញ​មន្ទីរពេទ្យ​ស្ត្រី ​«​នគរ​ទេព​»​ ព្យាបាលអ្នកជំងឺកូវីដ១៩។
រូប៖ ហ្វេសប៊ុក ឡេង ណាវ៉ាត្រា, SHSP



អ្នកឃ្លាំមើល​សង្គម​ថា​ ​ការឧបត្ថម្ភ​រ​ថវិកា​របស់​ក្រុម​ឧកញ៉ា​ក្នុង​ស្ថានភាព​កម្ពុជា​ជួប​វិបត្តិ​គឺជា​រឿង​ល្អ​ ​ប៉ុន្តែ​អ្វី​គួរ​ឱ្យ​សង្ស័យ​ក្រុម​ឧកញ៉ា​មុខ​ដដែល​ទាំងនោះ​នៅ​ពេល​លោក​ ​ហ៊ុន​ ​សែន​ ​ត្រូវការ​លុយ​ពួកគេ​តែង​ចេញមុខ​ឧបត្ថម្ភ​ជូន​សម្តេច​តាម​បំណង​ប្រាថ្នា​។​

អ្នកវិភាគ​នយោបាយ​ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក​ ​គឹម​ ​សុខ​ ​និយាយ​ថា​ ​ជំនួយ​ថវិកា​របស់​ក្រុម​ឧកញ៉ា​ទាំងនេះ​គួរ​ឱ្យ​សង្ស័យ​ថា​ ​អាច​នឹងជា​ប់​ពាក់ព័ន្ធ​អំពើពុករលួយ​ ​ឬ​ការ​លាង​លុយ​កខ្វក់​។​ ​លោក​យល់ថា​ ​បើ​អង្គភាព​ប្រឆាំង​ពុករលួយ​ពិតជា​ឯករាជ្យ​មែន​នោះ​ ​គឺ​ត្រូវ​មាន​ការស៊ើបអង្កេត​ពី​ប្រភព​លុយ​របស់​ក្រុម​ឧកញ៉ា​ទាំងនោះ​៖ «ភាព​មិន​ប្រក្រតី​បែប​នេះ​គឺ​ត្រូវ​ស្រាវជ្រាវ​ស៊ើប​អង្កេត​ឱ្យ​បានហើយ​គឺជា​ការសង្ស័យ​ក្នុង​បទ​ឧក​ក្រិដ្ឋ​ពុករលួយ​ក​ម្រិ​ត​ធំ​»។


រីឯ​អនុប្រធាន​គណបក្ស​ស​ង្រ្គោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ​លោក​ ​ដួង​ ​ច​ន្ត្រា ​យល់ថា​ ​ក្រុម​ឈ្មួញ​ទាំងនេះ​ប្រឹងប្រែង​ជួយ​លុយ​លោក​ ​ហ៊ុន​ ​សែន​ ​គ្រប់ពេល​បែប​នេះ​ដើម្បី​អាច​ឱ្យ​ពួកគេ​រស់នៅ​បានសុខ​និង​បន្ត​ការងារ​រកស៊ី​របស់​ខ្លួន​ទៅ​ពេល​មុខ​ទៀត​បាន​។​ ​ទោះ​យ៉ាងណា​ លោក​សង្កេតឃើញ​ថា​ ​លោក​ ​ហ៊ុន​ ​សែន​ ​មិនបាន​យក​លុយ​ជំនួយ​នោះ​ជួយ​ពលរដ្ឋ​បាន​ដិតដល់​នោះ​ទេ​៖ «អ្នក​ទាំងនោះ​រឹបអូស​ដីធ្លី​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​យ៉ាងណាក៏ដោយ​ក៏​របប​ក្រុងភ្នំពេញ​មិនដែល​ចាប់ទោស​អូស​ដំណើរ​ឧកញ៉ា​ទាំងអស់​នោះ​ដែរ​»។

នៅ​ពេល​រដ្ឋាភិបាល​កំពុង​រង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ ​ហើយ​ពេលនេះ​កម្ពុជា​កំពុង​រងគ្រោះ​ព្រោះ​វិបត្តិ​ជំងឺ​កូ​វី​ដ​១​៩​ ​ក្រុម​ឈ្មួញ​ឧកញ៉ា​មហាសេដ្ឋី​ធំ​ៗ​បាន​ចាប់ផ្តើម​ផ្តល់​លុយ​រាប់​លាន​ដុល្លារ​ជាថ្មី​ម្តងទៀត​ដល់​រដ្ឋាភិបាល​ដើម្បី​ចូលរួម​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​ ​និង​ជួយ​លុយ​ទិញ​មន្ទីរពេទ្យ​មួយ​កន្លែង​ ​បើ​ទោះបីជា​លោក​ ​ហ៊ុន​ ​សែន​ ​មិនបាន​ប្រកាស​កៀរគរ​ជា​ចំហ​រ​ក៏ដោយ​។​

នៅ​រយៈ​ចុងក្រោយ​នេះ ​ក្រុម​ឧកញ៉ា​ទាំងនោះ​បាន​ជួយ​លុយ​ទិញ​មន្ទីរពេទ្យ​ស្ត្រី ​«​នគរ​ទេព​»​ ​ដែល​នឹង​ប្តូរ​ឈ្មោះ​ទៅជា​មន្ទីរពេទ្យ​ ​«​ហ្លួង​ម៉ែ​»​ ​ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១​៩​។​ ​ក្រុម​ឈ្មួញ​ទាំងនោះ​រួម​មាន​៖​ ​លោក​ ​ពុង​ ​ឃា​វ​សែ​ ​ជួយ​លុយ​ ២លាន​ដុល្លារ​ ​លោក​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​៣​លាន​៥​សែន​ដុល្លារ​ ​ក្រុមហ៊ុន​ ​ជីប​ម៉ុង​ ហ្គ្រុ​ប​ ​បរិច្ចាគ​ថវិកា​២​លាន​ដុល្លារ​ ​និង​លោក​ ​លី​ យ៉ុ​ង​ផាត់​ ​បរិច្ចាគ​ ២លាន​ដុល្លារ​ ជាដើម​។​ ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​សម្រេច​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​ចំពោះ​កិច្ច ដើម្បី​វាយ​តម្លៃ​ចរចា​និង​រៀបចំ​កិច្ចសន្យា​ទិញ​-​លក់​មន្ទីរពេទ្យ​ស្ត្រី​ ​«​នគរ​ទេព​»​។

Former_Nokor_Tep_hospital_28_03_2021.jpg
                        នេះជាមន្ទីរពេទ្យស្ត្រី​ ​«​នគរ​ទេព​»​ ​ដែល​រដ្ឋាភិបាលបានទិញ នឹង​ប្តូរ​ឈ្មោះ​ទៅជា​មន្ទីរពេទ្យ​ ​«​ហ្លួង​ម៉ែ​»​ ​ដើម្បី​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១​៩​។

 

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រ​វ៉េស​លោក​ ​ម៉ែន​ ​ណា​ត​ ​សង្កេតឃើញ​ថា​ ​ក្រុម​ឈ្មួញ​ដែល​បរិច្ចាគ​លុយ​ទាំងនោះ​ ​ភាគច្រើន​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បំពានច្បាប់​ ​និង​រំលោភ​សិទ្ធិមនុស្ស​ ​ដោយសារ​ពួកគេ​​រកស៊ី​លុប​បឹង​ ​លុប​ទន្លេ​ ​រំលោភ​ដីធ្លី​ ​កាប់​បំផ្លាញ​ព្រៃឈើ​​ជាដើម​។​ ​លោក​យល់ថា​ ​នេះ​ជា​យុទ្ធ​សា​ស្រ្ត​ «អញ​ជួយ​ឯង​ ​ឯង​ជួយ​អញ» ដែល​មានន័យ​ថា​ ​ពួកគេ​ជួយ​លុយ​ឱ្យ​លោក​ ​ហ៊ុន​ ​សែន​ ​ចំណែក​លោក​ ​ហ៊ុន​ ​សែន​ ​វិញ​ធ្វើមិនដឹង​មិន​ឮ​នូវ​ទង្វើ​ខុសច្បាប់​របស់​ឈ្មួញ​ទាំងនោះ​៖ «អ៊ីចឹងបានហើយ​លោក​ ​ហ៊ុន​ ​សែន​ ​ត្រូវតែ​រក​វិធី​ជួយពួក​មាន​ព្រទ្យ​ទាំង​អស់ហ្នឹង​បង្វិល​លុយ​ចូល​ទៅ​គាត់​ខ្លះ​ ព្រោះ​ពួក​ហ្នឹង​រកស៊ី​មានបាន​ដោយបទ​ឧក​ក្រិដ្ឋ​»។

ទាក់ទង​រឿង​នេះ​ អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក​ ​ឱម​ ​យិន​ទៀង​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​លោក​ ​ផៃ​ ​ស៊ី​ផា​ន​ ​និង​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក​ ​សុខ​ ​ឥ​សាន​ ​បានទេ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែ​មីនា​ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល​។​
​ទោះ​យ៉ាងណា​ ​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​លោក​ ​សុខ​ ​ឥ​សាន​ ​ធ្លាប់​អះអាង​ប្រាប់​អាស៊ី​សេរី​ថា​ ​ក្រុម​ឧកញ៉ា​ពួកគេ​រកស៊ី​មានបាន​ដោយសារ​គណបក្សប្រជាជន​កម្ពុជា​ ​ហើយ​ការ​ជួយឧបត្ថម្ភ​ថវិកា​មក​រដ្ឋាភិបាល ​គឺជា​ការ​ដឹងគុណ​ និង​ទឹក​ចិត្តសប្បុរស​ធម៌​របស់​ក្រុម​ឈ្មួញ​ទាំងនោះ​។​

តែ​ទោះ​យ៉ាងណា​ ​តាម​ការស្រាវជ្រាវ​របស់​អង្គការ​អន្តរជាតិ​នានា​រក​ឃើញ​ថា​ ​ប្រទេស​កម្ពុជា​ជា​កន្លែង​លាង​លុយ​សម្រាប់​ឈ្មួញ​ខិលខូច​។​ ​កាលពី​ឆ្នាំ​២​០​២​០​គណៈកម្មការ​អឺរ៉ុប​សម្រេច​ជា​ផ្លូវការ​ដាក់បញ្ចូល​កម្ពុជា​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​លាង​លុយ​កខ្វក់​ដែល​បង្ក​ការ​គំរាមកំហែង​ខ្លាំង​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អឺរ៉ុប​៕

No comments: