ដោយ ជាតិ ចំណាន
2021-03-28 rfa
ប្រពន្ធរបស់សកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំបន្តទទូចសុំឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងប្តីរបស់ពួកគាត់ឲ្យមានសេរីភាពវិញ ក្រោយការឃុំខ្លួនរយៈពេល១ឆ្នាំ។
រូប៖ គេផ្ដល់ឱ្យ
សកម្មជនគណបក្សប្រឆាំងមួយចំនួនត្រូវបានរបបក្រុងភ្នំពេញចាប់ឃុំខ្លួនក្នុងពន្ធនាគារជាងមួយឆ្នាំហើយ គិតត្រឹមចុងខែមីនានេះ ប៉ុន្តែតុលាការមិនទាន់រកឃើញកំហុសរបស់ពួកគេបែបណានៅឡើយទេ ខណៈសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថា ជារឿងនយោបាយ។
ប្រពន្ធប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិនៅខេត្តកំពង់ឆ្នាំងលោក កែវ ថៃ គឺលោកស្រី សំ ចិន្តា ថ្លែងថា វាជារឿងអយុត្តិធម៌បំផុតសម្រាប់ប្ដីរបស់លោកស្រី ដែលអាជ្ញាធររដ្ឋាភិបាលចាប់ឃុំខ្លួនគាត់ក្នុងពន្ធនាគារព្រៃស (ម១) ទាំងគ្មានកំហុសអស់រយៈពេល ១ឆ្នាំ មកហើយ។ លោកស្រីទទូចស្នើសុំឲ្យរដ្ឋាភិបាលដោះលែងប្តីលោកស្រីនិងសកម្មជននយោបាយដែលកំពុងជាប់ឃុំទាំងអស់ឲ្យមានសេរីភាពឡើងវិញ៖ «ចង់ឲ្យដោះលែងគាត់ព្រោះគាត់អត់ខុសអីទេ ហើយការចាប់ខ្លួនគាត់នេះ ក៏អត់មានដីកាដែរ ឥឡូវនេះ ចាប់គាត់រយៈពេលជាង ១ឆ្នាំ ហើយ មិនទាន់រកយុត្តិធម៌ឲ្យគាត់ផង។ យកគាត់ទៅឃុំខ្លួននេះអត់មានភស្តុតាងអីផង។ ដោះលែងគាត់សិនទៅ។ គាត់អត់ខុសអីផង យកគាត់ទៅឃុំក្នុងពន្ធនាគារ វាអយុត្តិធម៌ហួសហេតុ»។
លោកស្រី សំ ចិន្តា រៀបរាប់បន្តថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយមក ប្តីលោកស្រី មិនបានធ្វើសកម្មភាពនយោបាយអ្វីឡើយ ពោលគឺគាត់នៅតែផ្ទះនិងធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសតាមអ៊នឡាញ(Online ) ប៉ុន្តែនៅព្រឹកថ្ងៃទី២៦ ខែមីនាឆ្នាំ២០២០ ស្រាប់តែមានប៉ូលិសខេត្តកំពង់ឆ្នាំងជាច្រើននាក់ បានឡោមព័ទ្ធចាប់ប្តីលោកស្រីដល់ក្នុងផ្ទះហើយយកទៅឃុំខ្លួនតែម្តង។ ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងរូបនេះត្អូញត្អែថា ចាប់តាំងពីអាជ្ញាធរចាប់ឃុំខ្លួនប្តីលោកស្រីមក បណ្តាលឲ្យគួ្រសារលោកស្រីជួបវិបត្តិផ្លូវចិត្ត និងវិបតិ្តសេដ្ឋកិច្ចក្នុងគ្រួសារធ្ងន់ធ្ងរ៖ «តាំងពីអត់ពីគាត់មក ជាធម្មតាទេ ត្រូវផ្តល់ថវិកាឲ្យគាត់ចាយក្នុងពន្ធនាគារផង ហើយក្រុមគ្រួសារនេះផង ហើយប្រាក់ខែគាត់ គេកាត់អស់ទៀត ដូច្នេះអត់មានលុយផ្តល់ឲ្យគាត់ ធ្វើឲ្យគ្រួសារនេះពិបាក។ សុខភាពគាត់នៅក្នុងពន្ធនាគារ ក៏អត់សូវស្រួលដែរ គាត់ឡើងឈាម និងអាស៊ីត។ ឥឡូវខ្ញុំក៏មិនបានសួរសុខទុក្ខគាត់ជាងមួយខែហើយ។ យើងមិនដឹងថា គាត់ខុសអីរឿងអី ស្រាប់តែយកគាត់ទៅឃុំខ្លួន។ នេះប៉ះលើគ្រួសារខ្ញុំ ចុះបើប៉ះលើគ្រួសារអស់លោកវិញ តើមានផលវិបាកម៉េចដែរ»។
មិនខុសគ្នាប៉ុន្មានឡើយ ប្រពន្ធរបស់សកម្មជនបក្សប្រឆាំងនៅខេត្តស្វាយរៀងលោក យឹម សារ៉េត គឺលោកស្រី អ៊ុក ចន្ធី រៀបរាប់ថា ការចាប់ឃុំខ្លួនប្តីលោកស្រី នៅក្នុងពន្ធនាគារទាំងគ្មានកំហុសជាង ១ឆ្នាំ មកនេះ ធ្វើឲ្យគ្រួសារលោកស្រីទទួលរងការឈឺចាប់ហួសប្រមាណ។ លោកស្រីបន្តថា ជាង ១ឆ្នាំ មកហើយតុលាការ មិនទាន់រកឃើញទោសកំហុសរបស់គាត់នៅឡើយ ដូច្នេះរដ្ឋាភិបាល និងតុលាការ គួរតែប្រគល់សេរីភាពជូនគាត់ឡើងវិញ មិនគួរពន្យាពេលឃុំខ្លួនបន្តទៀតនោះទេ៖ «ការឈឺចាប់នេះហួសថ្លែង គាត់ក៏ឈឺចាប់ យើងជាគ្រួសារនេះក៏ឈឺចាប់។ ឈឺចាប់ដោយសារគិតថា ប្តីមិនបានធ្វើអ្វីខុសគេចាប់យកទៅឃុំខ្លួនប៉ះពាល់ទាំងសុខភាព ប៉ះពាល់ទាំងជីវភាព សព្វបែបសព្វយ៉ាងទាំងអស់ ជំពាក់បំណុលធនាគារផង ឥឡូវនេះមិនដឹងរកអីសងគេវិញ។ ដីស្រែអីយើងបញ្ចាំអស់ហើយ។ ឥឡូវនេះ មានតែសំណូមពរហើយសំណូមពរទៀត សូមដោះលែងគាត់មកវិញមក ១ឆ្នាំ ហើយយកគាត់ទៅឃុំខ្លួននេះ គ្មានបានប្រយោជន៍អីទេ»។
ប្រពន្ធរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ បន្តទទូចសុំឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងប្តីរបស់ពួកគាត់ឲ្យមានសេរីភាពវិញនៅចំពេលការឃុំខ្លួនរយៈពេល១ឆ្នាំ។
លោក កែវ ថៃ និងលោក យឹម សារ៉េត គឺស្ថិតក្នុងចំណោមសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ទៀត ដែលត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនឃុំខ្លួនជាបន្តបន្ទាប់កាលពីដើមឆ្នាំ២០២០។ តុលាការបានចោទប្រកាន់ពួកគេដូចៗគ្នា គឺពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្តាប់បង្គាប់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ហើយដាក់ឃុំខ្លួនក្នុងពន្ធនាគាព្រៃស (ម១-ព្រៃស)។ សាលាដំបូងរាជធានីភ្នំពេញធ្លាប់បានបើកសវនាការជំនុំជម្រះសំណុំរឿងរបស់សកម្មជនបក្សប្រឆាំងទាំងនេះដែរ កាលពីដើមឆ្នាំ២០២១នេះ ប៉ុន្តែលើកពេលទៅវិញក្រោមហេតុផលនៃការរាតត្បាតជំងឺកូវីដ-១៩។
ទាក់ទងករណីនេះ អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផា និងអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បាននោះទេ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គកាលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា តុលាការមិនគួរពន្យាពេលឃុំខ្លួនសកម្មជននយោបាយទាំងនេះទៀតនោះទេ ព្រោះការឃុំខ្លួននេះបានបណ្តាលឱ្យសហគមន៍ជាតិនិងអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិរិះគន់ថា ជាការធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំងទាំងបំពានច្បាប់៖ «ករណីនេះ ខ្ញុំយល់ថា ទី១ គួរតែអនុវត្តតាមនីតិវិធីឲ្យបានលឿន កុំឲ្យមានការពន្យាពេលក្នុងការឃុំខ្លួន ដែលវាអាចជារឿងខុសច្បាប់។ ទី២ បើរកទៅមិនឃើញមានកំហុសដូចការចោទប្រកាន់ទេ គួរតែដោះលែងអ្នកទាំងអស់នេះឲ្យមានសេរីភាព ឬមួយក៏ដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដើម្បីឲ្យគាត់មានសេរីភាព ដោយសារទី១ វ័យ ទី២ ស្ថានភាពជំងឺកូវីដ»។
កាលពីថ្ងៃទី១១ ខែមីនា សភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចចំនួន ២៥ចំណុច ថ្កោលទោសអំពើរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ នៅក្នុងនោះ សហភាពអឺរ៉ុប ក៏ទាមទារឱ្យអាជ្ញាធរកម្ពុជា លុបចោលសាលក្រមផ្តន្ទាទោសមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង ដោះលែង និងទម្លាក់ចោលបទចោទប្រឆាំងនឹងសកម្មជនគណបក្សសង្គ្រោះជាតិជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ព្រមទាំងទាមទារឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញផងដែរ៕
No comments:
Post a Comment