ដោយ មួង ណារ៉េត
2021-03-15
កម្មកររោងចក្រកាត់ដេរ ចេញពីធ្វើការនៅរោងចក្រមួយក្បែរក្រុងភ្នំពេញ ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២០។
AP Photo
តំណាងសហជីពថា កម្មកររោងចក្រទាំងអស់នៅទូទាំងប្រទេស គ្មានជម្រើសអ្វីក្រៅពីប្រថុយវាសនាតាមយថាកម្ម ក្នុងសម័យកូវីដ-១៩នេះ។ តំណាងសហជីពយល់ឃើញបែបនេះ ដោយសារកម្មកររោងចក្រ គ្មានជម្រើសអ្វី ក្រៅពីត្រូវទៅធ្វើការ ដោយជិះរថយន្តប្រជ្រៀតគ្នាដូចម្រាមដៃ ទោះបីស្ថានភាពចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកទីបី កំពុងរីករាលដាលខ្លាំង។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពប្រឈមរបស់កម្មកររោងចក្រកាត់ដេរ ដែលត្រូវទៅធ្វើការរាល់ថ្ងៃ ទាំងជិះរថយន្ត ឬមធ្យោបាយធ្វើដំណើរផ្សេងទៀត ដោយប្រជ្រៀតគ្នាចង្អៀតណែនតាន់តាប់ មិនអាចរក្សាគម្លាតសុវត្ថិភាពបាន ហើយភាគច្រើនគ្មានពាក់ម៉ាស់ការពារ។
ជាងនេះទៅទៀត លោក ថារោងចក្រទាំងអស់ នៅតែត្រូវបើកដំណើរការដូចធម្មតា ក្នុងស្ថានភាពដែលប្រទេសកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន ក្រោយអ្នកឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានប្រមាណ ៣៣ករណី ជាមធ្យមប្រចាំថ្ងៃ។ លោក អាត់ ធន់ សង្ស័យ ថាអាចមកពីបញ្ហាខ្លាចបាត់ការងារកម្មករ និងដើម្បីធានាសង្វាក់ផលិតកម្មតាមរោងចក្រ ទើបរដ្ឋាភិបាល មិនឲ្យបិទរោងចក្រសហគ្រាសបែបនេះ៖ «ដោយសារតែរឿងសេដ្ឋកិច្ច រឿងការងារ រឿងប្រាក់ចំណូលហ្នឹងច្រើនជាងហើយតាមមើល បាននៅបន្ត។ អារឿងថា ពពាក់ពពូនកម្មករនៅជុំគ្នាអីហ្នឹង អាហ្នឹងដោះស្រាយមិនបានទេ។ គាត់ជិះឡាន គាត់ធ្វើការអីហ្នឹង វាមិនអាចមានអាគម្លាតសង្គមនោះទេ ព្រោះទោះបីច្បាប់ហ្នឹងចេញហើយក៏ដោយ ប៉ុន្តែមិនដឹងអនុវត្តយ៉ាងម៉េចទេសម្រាប់ពួកគាត់ ទាល់ពួកគាត់ឈប់ធ្វើការ។ ប្រសិនបើពួកគាត់នៅតែធ្វើការ គាត់ធ្វើម៉េចបើគាត់នៅតែជិះឡានជាមួយគ្នា គាត់ធ្វើការជាមួយគ្នា កន្លែងដែលគាត់ចូលធ្វើការ កន្លែងបន្ទប់ទឹកអីនៅតែដដែលហ្នឹង»។
ស្របពេលដែលរដ្ឋាភិបាលលោក ហ៊ុន សែន ហាក់ដូចជាប្រថុយអាយុជីវិតកម្មកររោងចក្រ ដោយឲ្យពួកគាត់បន្តទៅធ្វើការ ទាំងក្នុងស្ថានភាពគ្រោះថ្នាក់នេះក៏ដោយ ក៏រដ្ឋាភិបាលនេះ ដូចជាធ្វើជាយកចិត្តទុកដាក់ខ្ពស់លើមន្ត្រីរាជការទូទៅ ដោយលោក ហ៊ុន សែន ចេញបញ្ជាឲ្យមន្ត្រីរាជការ ៩០% ធ្វើការពីផ្ទះ ទុកតែ ១០% ប៉ុណ្ណោះ ដែលត្រូវទៅធ្វើការនៅការិយាល័យ។
រូបភាពកម្មករប្រជ្រៀតគ្នាដូចម្រាមដៃ ជិះលើរថយន្ត និងរ៉ឺម៉កម៉ូតូទៅធ្វើការ កាលពីថ្ងៃទី១៣ និង ១៤ ខែ មីនា ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ចែកចាយតគ្នាតាមហ្វេសប៊ុក ដោយសរសេរជាសារថា៖ «សាលារៀនបិទព្រោះខ្លាចឆ្លងទៅក្មេង ខារ៉ាអូខេ និងក្លឹបបិទ ព្រោះខ្លាចឆ្លងពីម្នាក់ទៅម្នាក់។ អនុក្រឹត្យថ្មីតម្រូវឱ្យពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព បើមិនអនុវត្តតាម គឺត្រូវពិន័យ ២សែនរៀល ទៅ១លានរៀល។ ចុះកម្មកររោងចក្រ បើជិះរបៀបនេះ វាមិនឆ្លង? តើឱ្យពួកគាត់ជាកម្មករដោះស្រាយដោយវិធីណា? ហើយបើឧបមា ថាមានឆ្លងមែន សួរថាតើទំហំរាលដាល វាឈានដល់កម្រិតណា?»។
សំណួរនេះ គ្មានចម្លើយនៅឡើយទេ។ អាស៊ីសេរី បានព្យាយាមសុំការបំភ្លឺជុំវិញរឿងនេះ ពីមន្ត្រីនាំពាក្យបីស្ថាប័ន គឺមន្ត្រីនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ ប៉ុន្តែ ពួកគាត់មិនលើកទូរស័ព្ទ។ទោះជាយ៉ាងនេះក្ដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមីនា បានលើកដៃសំពះអង្វរឲ្យពលរដ្ឋ៖ «ដេកផ្ទះឈ្នះកូវីដ»។ ប៉ុន្តែរដ្ឋាភិបាលរបស់លោក មិនបានបង្ហាញអំពីវិធានការជួយសង្គ្រោះប្រជាពលរដ្ឋ ដែលមិនអាចចេញទៅធ្វើការបាននោះទេ ដូចជាបញ្ហាជំពាក់បំណុលធនាគារវ័ណ្ឌក គ្មាននរណាជួយដោះស្រាយ បញ្ហាទឹកភ្លើងឡើងថ្លៃ គ្មាននរណាជួយបញ្ចុះ បញ្ហាកូនរៀនតាមអនឡាញ តែត្រូវបង់ប្រាក់ពេញៗ ក៏គ្មាននរណាជួយគិតគូរដោះស្រាយជាដើម។
រីឯមន្ត្រីក្រសួងសេដ្ឋកិច្ច បានប្រកាសថា ថវិកាជួយដោះស្រាយបញ្ហាកូវីដ-១៩ ជាង ១ពាន់លានដុល្លារ ចាយជិតអស់ហើយ។ ប៉ុន្តែពលរដ្ឋជាច្រើន ជាពិសេសកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកជាចម្ងល់ថា តើលុយទាំងនោះបាត់ទៅណាអស់ បើពួកគាត់មិនដែលទទួលបានការជួយឧបត្ថម្ភអ្វី តាំងពីកើតកូវីដ-១៩មក?
លោក អាត់ ធន់ ថា អាចមកពីមូលហេតុនៃបញ្ហារដ្ឋខ្វះថវិកា ដោយសារវិបត្តិសេដ្ឋកិច្ច និងការណ៍ដែលមិនអាចដោះស្រាយជីវភាពកម្មករបាន បើឲ្យបិទរោងចក្រនេះហើយ ទើបរដ្ឋត្រូវប្រថុយឲ្យកម្មករ បន្តទៅធ្វើការ ទោះក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងផ្នែកសុខភាពសាធារណៈក្ដី៖ «កាលណាបិទទៅ កាលណាប៉ះពាល់ គឺវាធ្ងន់ធ្ងរ។ អ៊ីចឹងឥឡូវហ្នឹងមានតែរង់ចាំ បើមានរឿងកន្លែងណាអាចថាបិទកន្លែងហ្នឹង ឬក៏ពេលណាពេលហ្នឹងតាមមើល ប្រហែលជាអ៊ីចឹងហើយតាមមើល»។
ស្របពេលដែលរដ្ឋាភិបាល ទំនងជាផ្ដេកផ្ដួលទៅតាមរបៀបក្របីរួចទើបធ្វើរបង ពាក់ព័ន្ធនឹងការប្រថុយអាយុជីវិត និងសុវត្ថិភាពរបស់កម្មកររោងចក្រនេះ ដំណឹងថ្មីអំពីអ្នកស្លាប់ ក្នុងពេលសម្រាកព្យាបាលជំងឺកូវីដ-១៩ បានកើនឡើងដល់ ៤ នាក់ហើយ រួមទាំងបុរសចិនម្នាក់ទៀត អាយុ ២៧ ឆ្នាំ ដែលបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅម៉ោង ២ ជិតភ្លឺ ថ្ងៃទី ១៥ ខែមីនានេះ៕
No comments:
Post a Comment