ដោយ ជិវីតា
2021-03-28
អាជ្ញាធររាជធានីភ្នំពេញចុះចែកម៉ាស់ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរនៅក្នុងទីក្រុងភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ។
ពលរដ្ឋចង់ឲ្យអាជ្ញាធរបង្កើនការផ្សព្វផ្សាយពីការពាក់ម៉ាស់ និងព្រមាន ជាជាងពិន័យ ព្រោះបច្ចុប្បន្នពលរដ្ឋភាគច្រើនបាត់បង់ប្រាក់ចំណូលធ្ងន់ធ្ងរ ឯពលរដ្ឋខ្លះ បាត់បង់ប្រាក់ចំណូលទាំងស្រុងដោយសារតែវិបត្តិជំងឺកូវីដ១៩។
តំណាងសហគមន៍ក្រីក្រមួយកន្លែងនៅម្ដុំផ្លូវរទេះភ្លើង ខណ្ឌទួលគោក រាជធានីភ្នំពេញ លោកស្រី នី សន្ដោស ឲ្យដឹងថា អ្នកភ្នំពេញភាគច្រើន មិនហ៊ានចេញក្រៅផ្ទះ ដោយមិនពាក់ម៉ាស់ទេ ព្រោះបារម្ភពីការឆ្លងជំងឺផ្ទាល់ខ្លួន។ តែយ៉ាងណា លោកស្រីបារម្ភថា ពលរដ្ឋក្រីក្រក្នុងសហគមន៍ នឹងប្រឈមការពិន័យដោយសារពួកគាត់មិនសូវយល់ដឹងពីការពាក់ម៉ាស់ និងភ្លេចភ្លាំងច្រើន ព្រោះភ័យព្រួយពីបញ្ហាជីវភាពជាងសុខភាព។
តំណាងសហគមន៍រូបនេះ ស្នើសុំឲ្យអាជ្ញាធរបង្កើនការផ្សព្វផ្សាយ ការចែកម៉ាស់ សាប៊ូ និងអាល់កុលលាងសំអាតដៃ ក្នុងសហគមន៍ក្រីក្រឲ្យបានច្រើន និងស្នើសុំឲ្យអប់រំពលរដ្ឋក្រីក្រ ជាជាងផាកពិន័យ ព្រោះអ្នករស់ក្នុងសហគមន៍ក្រីក្រជាច្រើន បានបាត់បង់ការងារ និងប្រាក់ចំណូលទាំងស្រុង ក្នុងវិបត្តិជំងឺកូវីដ១៩ លើកនេះ៖ «ការពិតចំណេះដឹងហ្នឹង អ្នកខ្លះគាត់អត់ទាន់ចេះប្រើប្រាស់ម៉ាស់ល្អប្រសើរទេ។ ជួនកាលគាត់ប្រើអាឆ្អឹងម៉ាស់ហ្នឹង គេប្រើលើខ្ទង់ច្រមុះ តែពេលខ្លះ គាត់ពាក់បញ្ច្រាសអ្វីដែរ។ ភាគច្រើន សហគមន៍គាត់គិតថា ពាក់ត្រឹមត្រូវ ឬមិនត្រឹមត្រូវទេ សំខាន់គាត់បានពាក់ហើយអ៊ីចឹងណា។ មួយទៀត ម៉ាស់ខ្លះ គាត់ប្រើមិនគិតទេ ម៉ាស់គាត់ប្រើយូរពេក គុណភាពម៉ាស់ហ្នឹងអស់។ ពេលខ្លះ ម៉ាស់គេប្រើតែមួយថ្ងៃទេ តែគាត់ខ្វះលទ្ធភាព គាត់ប្រើ ២ ឬ៣ថ្ងៃ ប៉ះពាល់ដល់សុខភាពគាត់ខ្លះដែរ។ តែយើងមិនដឹងធ្វើយ៉ាងម្ដេច?»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង កាលពីថ្ងៃទី២៧ ខែមីនា បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានសហការជាមួយអាជ្ញាធរសុខាភិបាល ដើម្បីអនុវត្តការផាកពិន័យប្រាក់ ចំពោះបុគ្គលដែលមិនពាក់ម៉ាស់ និងមិនរក្សាគម្លាតសុវត្ថិភាព (១ម៉ែត្រកន្លះ) នៅតាមភូមិសាស្ត្រ ដែលក្រសួងសុខាភិបាលបានកំណត់។ ប៉ុន្តែអាជ្ញាធរ បានលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះ ចំពោះក្មេងអាយុក្រោម ៦ឆ្នាំ បុគ្គលដែលមានបញ្ហាសុខភាពដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យថា មិនអាចពាក់ម៉ាស់បានជាដើម។
ការកំណត់អនុវត្តវិធានការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពក្នុងរាជធានីខេត្តទាំង ៥ នេះ ដោយសារភូមិសាស្ត្រទាំងនេះបានឆ្លងជំងឺកូវីដ១៩ច្រើនជាងគេ។ ចំណែកខេត្តផ្សេងទៀត អាជ្ញាធរ មិនទាន់ដាក់កាតព្វកិច្ចទេ តែអំពាវនាវឲ្យពលរដ្ឋពាក់ម៉ាស់ និងអនុវត្តវិធានការបង្ការរបស់ក្រសួងសុខាភិបាល។
ជុំវិញករណីនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន និងអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន បានទេនៅថ្ងៃទី២៨ ខែមីនា។
ទោះយ៉ាងណា ក្រសួងសុខាភិបាល ធ្លាប់បញ្ជាក់ថា ជំហានដំបូងអាជ្ញាធរ នឹងមិនទាន់ពិន័យភ្លាមៗទេ តែមន្ត្រីសុខាភិបាល ឬ អាជ្ញាធរមានសមត្ថកិច្ច នឹងអប់រំ ណែនាំ ព្រមានដល់បុគ្គលដែលមិនអនុវត្តតាមកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព។ ប៉ុន្តែក្នុងករណីនៅតែមិនអនុវត្តទៀត អាជ្ញាធរមានសមត្ថកិច្ចនឹងពិន័យជាទឹកប្រាក់ចន្លោះពីពីរសែន (២០០.០០០) រៀល ទៅ មួយលាន (១.០០០.០០០)រៀល ជាកំហិត គឺស្របតាមច្បាប់ស្ដីពីការទប់ស្កាត់ជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវផ្សេងៗ។
សង្គមស៊ីវិលស្វាគមន៍ការតម្រូវឲ្យពាក់ម៉ាស់នៅទីសាធារណៈ និងវិធានការអប់រំ ណែនាំពលរដ្ឋ តែមិនយល់ស្របនឹងវិធានការពិន័យទេ ព្រោះជាបន្ទុកធ្ងន់ធ្ងរសម្រាប់ពលរដ្ឋក្រីក្រ។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វ៉ន់ ពៅ យល់ថា ស្ថានភាពនេះ អាជ្ញាធរគួរតែបង្កើនការអប់រំផ្សព្វផ្សាយឲ្យទូលាយ និងជួយឧបត្ថម្ភទាំងសម្ភារៈ និងថវិកា ដើម្បីឲ្យពលរដ្ឋក្រីក្រ មានលទ្ធភាពអនុវត្តច្បាប់បាន។ លោកនៅតែជំរុញឲ្យរដ្ឋាភិបាល ជួយអន្តរាគមន៍ឲ្យមានការពន្យារពេលសងបំណុលធនាគារទាំងស្រុង ដើម្បីពលរដ្ឋក្រីក្រមានលទ្ធភាពកាត់បន្ថយការចេញក្រៅផ្ទះ តាមការអំពាវនាវរបស់រដ្ឋាភិបាល៖ «ក្រៅពីការពិន័យ ខ្ញុំគិតថា គួរតែជួយចែកម៉ាស់ ចែកអាកុល ចែកជែកលាងដៃឲ្យគាត់បន្ថែមទៀតឲ្យបានច្រើន ទី១។ ទី២ ត្រូវគិតអំពីសេដ្ឋកិច្ចរស់នៅប្រចាំថ្ងៃ របស់គាត់ផង។ មានន័យថា រដ្ឋអាចផ្ដល់ជាអាហារូបត្ថម្ភ ឬក៏អាហារហូបចុកប្រចាំថ្ងៃ ជាអង្ករ ជាអ្វី ប្រចាំខែ ឬអ្វី ជាសាច់ប្រាក់ សម្ភារៈ ដើម្បីឲ្យគាត់បាននៅសម្ងំនៅក្នុងផ្ទះដូចអ្នកមានគេដទៃផង។ ម្យ៉ាងទៀត ក៏គួរតែអន្តរាគមន៍ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីឲ្យគាត់មានឱកាសបានស្នាក់នៅផ្ទះ ដើម្បីការពារជំងឺកូវីដ១៩។ ដូច្នេះទន្ទឹមនឹងការពិន័យ រដ្ឋត្រូវគិតគូរពីសេដ្ឋកិច្ចពលរដ្ឋជាធំ»។
មួយរយៈចុងក្រោយនេះ អាជ្ញាធររដ្ឋាភិបាល តែងអំពាវនាវជារឿយៗឲ្យពលរដ្ឋ ចូលរួមពាក់ម៉ាស់ និងរក្សាគម្លាត ឲ្យបានត្រឹមត្រូវទាំងអស់គ្នា ដើម្បីបញ្ចៀសការផាកពិន័យ និងបញ្ចៀសការឆ្លងជំងឺកូវីដ១៩។ ទោះជាយ៉ាងណា មន្រ្តីសង្គមស៊ីវិល និងមេដឹកនាំសហជីព ព្រួយបារម្ភថា ពលរដ្ឋមិនសូវយល់ដឹងនិងមិនសូវទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងវិធានការទប់ស្កាត់កូវីដ-១៩ របស់រដ្ឋាភិបាល ហើយបណ្តាលឲ្យពួកគាត់អាចប្រឈមនឹងការពិន័យ ឬដាក់ទោសទណ្ឌ៕
No comments:
Post a Comment