ដោយ សុជីវី
2021-03-07
អ្នកនាង ឈឿន ដារ៉ាវី ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី១ ៤នាក់ កំពុងជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ដោយគ្រាន់តែពូកគេធ្វើសកម្មភាពនយោបាយ បរិស្ថាន និងជួយសង្គមជាដើម។
រូប៖ ហ្វេសប៊ុក
អង្គការសង្គមស៊ីវិលធ្វើការងារផ្នែកសិទ្ធិមនុស្ស និងគណបក្សប្រឆាំងយល់ឃើញស្រដៀងគ្នាថា ក្រុមស្ត្រីដែលជាប់ឃុំដោយសារការបញ្ចេញមតិទាក់ទងការងារបរិស្ថាន នយោបាយ និងការងារសង្គមជាដើមគួរត្រូវទទួលបានសេរីភាពឡើងវិញក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ។ សេចក្តីថ្លែងការណ៍របស់គណបក្សសង្រ្គោះជាតិចោទថា រដ្ឋាភិបាលលោក ហ៊ុន សែន បានរំលោភបំពានសិទ្ធិមនុស្ស ជាពិសេស លើសិទ្ធិស្ត្រីជាហូរហែរ និងបានធ្វើទុក្ខបុកម្នេញគ្រប់រូបភាពមិនឱ្យស្ត្រីធ្វើសកម្មភាពជួយសង្គមជាតិបាន។
ប្រពន្ធសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិលោក ស៊ុន ធន់ គឺលោកស្រី សេង ចាន់ថន ដែលត្រូវសន្តិសុខសាលាក្រុងភ្នំពេញប្រព្រឹត្តហិង្សាខណៈកំពុងទាមទារឱ្យដោះលែងប្ដីលោកស្រី ប្រាប់អាស៊ីសេរីថា លោកស្រីចង់ឃើញរដ្ឋាភិបាល ជាពិសេស ក្រសួងកិច្ចការនារីគោរព និងផ្ដល់តម្លៃដល់ស្ត្រីដូចដែលច្បាប់ជាតិ និងច្បាប់អន្តរជាតិបានចែង៖ «ខ្ញុំសូមឱ្យគាត់ (រដ្ឋាភិបាល) មានវិធានការបែបនេះជួយដល់ស្ត្រីដែលគាត់រងគ្រោះគ្រប់បញ្ហាទាំងអស់ក្នុងសង្គមយើងក្នុងស្រុកខ្មែរយើងទាំងមូលនេះ»។
ទាក់ទងការរំលោភសិទ្ធិនារីនេះដែរ អង្គការសិទ្ធិមនុស្សលីកាដូបានធ្វើវីដេអូខ្លីៗ សម្ភាសតាមសាច់ញាតិសកម្មជនបរិស្ថាន និងសង្គម ជាស្ត្រីដែលកំពុងជាប់ឃុំនៅពន្ធនាគារ។ វីដេអូនោះលោកស្រីសាន សារ៉ន ម្ដាយសកម្មជនបរិស្ថានកញ្ញា ឡុង គន្ធា ស្នើឱ្យដោះលែងកូនលោកស្រី៖ «ខ្ញុំជួបប្រទះការពិបាកណាស់ណាមួយកូនរៀនដល់ទៅបីនាក់ អត់មានលុយឱ្យកូនរៀនអត់ គន្ធា ទៅខ្ញុំពិបាក។ ទាមទារឱ្យដោះលែងហ្នឹងកូនខ្ញុំធ្វើការនេះមិនមែនខុសច្បាប់ទេ កូនខ្ញុំធ្វើការត្រូវច្បាប់ហើយព្រោះកូនខ្ញុំការពារធនធានធម្មជាតិ»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សលីកាដូលោក អំ សំអាត យល់ថា តុលាការគួរពិចារណាលើស្ត្រីជាប់ទោសស្រាលៗឱ្យនៅក្រៅឃុំ។ មន្រ្តីសិទ្ធិមនុស្សរូបនេះរម្លឹកថា ចំណាត់ការផ្លូវច្បាប់លើយុវជនដែលធ្វើការងារសង្គមនិងបរិស្ថានកន្លងមករងការរិះគន់ពីអង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិថា ជាការបំពានសេរីភាពជាមូលដ្ឋាននិងសិទ្ធិបញ្ចេញមតិ៖ «យើងឃើញថា ក្រុមគ្រួសារថាដូចជាមិនមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការចោទប្រកាន់ គឺសូមឱ្យពិចារណាមានការដោះលែងនៅក្រៅឃុំបណ្ដោះអាសន្ន ឬក៏ទម្លាក់បទចោទប្រកាន់ ឬក៏ជំរុញទៅតុលការពន្លឿននីតិវិធីឱ្យបានឆាប់»។
ទោះមានការលើកឡើងបែបនេះក្តី សមាជិកនិងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន ថ្លែងការពារចំណាត់ការរដ្ឋាភិបាលដោយអះអាងថា នៅកម្ពុជាគ្មានការរំលោភសិទ្ធិ ឬការរំលោភសិទ្ធិនារីនោះទេ។ លោកចោទប្រកាន់ថា គណបក្សប្រឆាំងនិងអង្គការសង្គមស៊ីវិល ដែលទាមទារឱ្យដោះលែងស្ត្រីកំពុងជាប់ឃុំដោយអយុត្តិធម៌ថា ជាសមត្ថកិច្ចការរបស់តុលាការ រដ្ឋាភិបាលគ្មានសិទ្ធិអំណាចទៅបង្គាប់បញ្ជាតុលាការឡើយ៖ «ដូចខ្ញុំបានជម្រាបអញ្ចឹងថា សំណុំរឿងទាំងឡាយណា សំណុំរឿងព្រហ្មទណ្ឌទាំងឡាយណា ដែលដល់ដៃចៅក្រមស៊ើបសួរគឺហួសសមត្ថកិច្ចរដ្ឋាភិបាលហើយ។ បើគាត់ពួកចង់បានពួកគាត់ទៅតវ៉ាទៅតតាំងតាមរយៈមេធាវី តាមរយៈនីតិវិធីតុលាការចុះ នេះជារឿងត្រឹមត្រូវជាង»។
មន្ត្រីសិទ្ធិមនុស្សឆ្លើយតបថា សំណុំរឿងខ្លះត្រូវតុលាការពន្យារពេលញឹកញាប់ទើបអង្គការសង្គមស៊ីវិលជំរុញតុលាការគួរពន្លឿននីតិវិធីក្នុងការជំនុំជម្រះ ឬក៏ដោះលែងពួកគេវិញ។
គណបក្សសង្គ្រោះជាតិឱ្យដឹងថា យ៉ាងហោចណាស់មានស្ត្រី ១៤នាក់ កំពុងជាប់ពន្ធនាគារយ៉ាងអយុត្តិធម៌ដោយគ្រាន់តែពូកគេធ្វើសកម្មភាពនយោបាយ បរិស្ថាន និងជួយសង្គមជាដើម។ សហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រទេសនិយមលទ្ធិប្រជាធិបតេយ្យ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិតែងលើកឡើងជាញឹកញាប់ដោយបារម្ភអំពីបញ្ហារំលោភបំពានសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរនៅកម្ពុជា។ បញ្ហានេះធ្វើឲ្យសហគមន៍អន្តរជាតិទាំងនោះដាក់ទណ្ឌលើរដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់៕
No comments:
Post a Comment