ដោយ សេក បណ្ឌិត
2021-03-08
គ្រួសារសកម្មជនគណបក្សសង្គ្រោះជាតិលោក ឈុន វាន ដែលកំពុងភៀសខ្លួននៅប្រទេសថៃ។ រូបថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១។
Photo: RFA
សកម្មជនគណបក្សសង្គ្រោះជាតិមួយគ្រួសារបានភៀសខ្លួនយ៉ាងលំបាកនៅក្រៅប្រទេស ដើម្បីធ្វើនយោបាយចូលរួមស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។ គ្រួសារនេះមានសមាជិក៤នាក់ ក្នុងនោះមានកុមារអាយុក្រោម ១០ឆ្នាំ ២នាក់ផង បានភៀសខ្លួនទៅជាមួយឪពុកម្ដាយ ដោយមិនបានចូលសាលារៀនដូចកូនអ្នកស្រុកទូទៅឡើយ។ តើពួកគេរស់នៅក្រៅប្រទេសជួបការលំបាកបែបណាខ្លះ?
សកម្មជនគណបក្សសង្គ្រោះជាតិមួយគ្រួសារនេះ បានចាកចេញពីស្រុកកំណើតក្នុងខេត្តសៀមរាបតាំងពីចុងឆ្នាំ២០១៧ជាបន្តបន្ទាប់មក ដោយប្ដីបានគេចខ្លួនទៅមុនតាំងតែប្រពន្ធទើបតែកូនខ្ចីបានជិត ១ខែ។
សម្បុរស្រអែមរាងស្គមអង្គុយពែនភ្នែនក្នុងបន្ទប់ជួល នៅទីក្រុងបាងកក ជំទប់ទី២ឃុំក្ដីរុនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិនៅស្រុកពួក លោក ឈុន វាន រៀបរាប់ប្រាប់អាស៊ីសេរីថា មូលហេតុដែលលោកភៀសខ្លួន ដោយសារចង់បន្តជីវភាពនយោបាយជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំង ដើម្បីឱ្យមានប្រជាធិបតេយ្យពេញលេញនៅកម្ពុជា។ បុរសវ័យ៣២ឆ្នាំរូបនេះ បានភៀសខ្លួនចេញពីផ្ទះតាមគោយន្តដឹកគ្រឿងសង្ហារិមលក់តាមផ្លូវពីខេត្តសៀមរាបឆ្ពោះទៅខេត្តបាត់ដំបង។ លោកបានដេកលើគោយន្តតាមចិញ្ចើមផ្លូវអស់រយៈពេល៤ថ្ងៃ ទើបឆ្លងដែនចូលទៅប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីចុងខែវិច្ឆិកាឆ្នាំ២០១៧។ លោក ឈុន វាន បន្តដោយសំដីម៉ឺងម៉ាត់ថា លោកចេញពីផ្ទះដោយគ្មានប្រាក់មួយរៀលជាប់ខ្លួនឡើយ ដោយសារអាជ្ញាធររបបក្រុងភ្នំពេញតាមចាប់លោកដល់ផ្ទះ។ លោកថា អ្នកលក់គ្រឿងសង្ហារិមតាមគោយន្តឱ្យប្រាក់លោក ២០ដុល្លារ ហើយលោកបានទូរស័ព្ទឱ្យប្រពន្ធរបស់លោកខ្ចីប្រាក់ពីអ្នកភូមិ ១០ម៉ឺនរៀលដើម្បីធ្វើដំណើរទៅប្រទេសថៃ៖ «ខ្ញុំស្រក់ទឹកភ្នែក គឺថាស្រណោះប្រពន្ធ និងកូនតូចនៅក្នុងផ្ទះ ព្រោះយើង ដឹងស្រាប់ហើយ ការដែលមានកូនខ្ចី ហើយប្រពន្ធនៅផ្ទះនៅម្នាក់ឯងជាមួយកូនហ្នឹងគឺវាលំបាក។ ខ្ញុំអាណិតមែនទែន គឺអត់ចង់ចូលមកទឹកដីថៃទេ ប៉ុន្តែបងប្អូននិងសកម្មជនដែលពួកគាត់គេចមកមុនគាត់ចេះតែប្រាប់ថា ឱ្យចូលមកមុនសិនមក ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ អ៊ីចឹងទៅខ្ញុំក៏សម្រេចចិត្តមក ហើយលិខិតឆ្លងដែនរយៈពេល ២ម៉ឺនគេធ្វើឱ្យរួច»។
អំឡុងពេលទៅដល់ប្រទេសថៃ ៦ខែដំបូងលោកស្នាក់នៅតំបន់ព្រំដែន ហើយបន្តធ្វើដំណើរទៅខេត្តឈុនបូរី (Chunbori) និងទៅទីក្រុងបាងកក ដើម្បីបន្តជីវភាពនយោបាយជាមួយសកម្មជនគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស។
ចាប់តាំងពីភៀសខ្លួនមកលោក ឈុន វាន ទទួលបានដីកាពីតុលាការខេត្តសៀមរាប ចំនួន២ដងរួចមកហើយ ដោយដីកាទីមួយ តុលាការបានចោទប្រកាន់ពីបទរួមគំនិតក្បត់ ពាក់ព័ន្ធនឹងគម្រោងវិលចូលស្រុកវិញរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលចុងឆ្នាំ២០១៩ និង ដីកាចុងក្រោយ គឺតុលាការបញ្ជាឱ្យលោកចូលខ្លួនបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពាក់ព័ន្ធនឹងការបង្ហោះសារតាមហ្វេសប៊ុក (Facebook) រឿងជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងរបស់ចិនស៊ីណូហ្វាម (Sinopharm) កាលពីថ្ងៃទី១ មីនា។
ក្នុងពេលភៀសខ្លួននៅក្រៅប្រទេស លោកតែងចូលរួមផ្សព្វផ្សាយសកម្មភាពនយោបាយ និងពន្យល់ពីសិទ្ធិសេរីភាពរបស់ពលរដ្ឋតាមបណ្ដាញសង្គមហ្វេសប៊ុក។ បន្ថែមពីនេះ លោកតែងដើរកៀរគរពលករខ្មែរឱ្យចាប់អារម្មណ៍រឿងជាតិ និងរួមកម្លាំងគ្នាស្ដារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
បច្ចុប្បន្នលោក ឈុន វាន និងក្រុមគ្រួសារ ស្នាក់នៅក្នុងបន្ទប់ជួលមួយនៅទីក្រុងបាងកក ។ នៅក្នុងបន្ទប់នេះមានចានឆ្នាំងអង្ករ និងសំលៀកបំពាក់បានរៀបចំយ៉ាងមានរៀប។ គ្រួសារសកម្មជនបក្សប្រឆាំងរូបនេះហូបចុកខ្វះមុខខ្វះក្រោយ ដោយសារពួកគេមិនបានធ្វើការរកប្រាក់ចំណូលអ្វីឡើយ៖ «ព្រោះអីខ្ញុំគិតថា បើសិនថាអ្នកនៅក្រៅហើយមិនមានការតស៊ូប្រឆាំងជាមួយលោក ហ៊ុន សែន ទេ បញ្ហានៅក្នុងប្រទេសយើងកាន់តែធ្ងន់ធ្ងរទៀត ព្រោះយើងឃើញថា នៅក្នុងប្រទេសហ្នឹងប្រព័ន្ធផ្សព្វផ្សាយហ្នឹងត្រូវបានបិទអស់ហើយ មិនថាតែបណ្ដាញសង្គមហ្វេសប៊ុកទេ សូម្បីតែអ៊ីនធឺណិតក៏បិទច្រកចេញចូលតែមួយទៀត។ អីចឹងអានេះជាការរឹតត្បិតខ្លាំងមែនទែនពាក់ព័ន្ធនឹងបណ្ដាញព័ត៌មាននៅកម្ពុជាហ្នឹង ។ លោក ហ៊ុន សែន បិទបណ្ដាញព័ត៌មានទាំងអស់ ប៉ុន្តែបើកប្រព័ន្ធរបស់គាត់តែមួយមុខទេ»។
គ្រួសារមួយនេះមានកូនពីរនាក់។ កូនស្រីបងអាយុ៧ឆ្នាំ និងកូនប្រុសពៅអាយុជាង ៣ឆ្នាំ។ ពួកគេអង្គុយ និងរត់ដេញប្រឡែងគ្នានៅក្នុងបន្ទប់ហាក់ពុំដឹងថា ឪពុកម្ដាយរបស់ពួកគេជាជនភៀសខ្លួនឡើយ។ ម្យ៉ាងទៀត កុមារទាំងពីរនេះ ក៏មិនបានចូលរៀនសាលាត្រឹមត្រូវដូចកូនរបស់ពលរដ្ឋស្រុកទូទៅឡើយ ដោយពួកគេរៀនភាសាថៃ និងអង់គ្លេសនៅសាលារបស់អង្គការជួយជនភៀសខ្លួនបានបន្តបន្តួចប៉ុណ្ណោះ។
ប្រពន្ធលោក ឈុន វាន គឺលោកស្រី ប៉ាន់ ឡិប ប្រាប់ថា លោកស្រីបាននាំកូនទាំងពីរភៀសខ្លួនតាមប្ដី ដោយសារស្រលាញ់ប្រជាធិបតេយ្យ និងចង់ឱ្យកម្ពុជាអភិវឌ្ឍន៍រីកចំរើនដូចប្រទេសសេរីលោកខាងលិច។ ស្ត្រីវ័យ ៣១ឆ្នាំរូបនេះ យល់ថា សកម្មភាពរបស់ប្ដីគឺជារឿងត្រឹមត្រូវ ហើយលោកស្រីបន្តគាំទ្រការងាររបស់ប្ដីទៅមុខទៀតដោយមិនមានការស្ដាយក្រោយឡើយ៖ «ខ្ញុំមានអារម្មណ៍ថា នៅម្នាក់ឯងស៊ូទាំងការលំបាកជួនកាលខ្ញុំមានប្រាក់មិនគ្រាន់ ជូនកាលកូនឈឺ ។ ម្យ៉ាងទៀត ខ្ញុំក៏រស់នៅម្នាក់ឯងអត់មានប្ដី ហើយឪពុកម្ដាយក៏ចាស់ គេក៏តាមស៊ើបរកប្ដី ដល់ហើយខ្ញុំក៏សម្រេចថា មិនដឹងធ្វើយ៉ាងណាដេកគិត សូម្បីតែលុយមួយរៀលក៏ខ្ញុំអត់មាន ហើយឈឺពេលយប់ក្ដៅខ្លួន អត់ដឹងទៅណាខលមកប្ដី គាត់ប្រាប់ថា អត់មានលុយ ហើយសម្រេចទៅខ្ចីលុយគេយកកូនទៅពេទ្យ»។
ក្រុមគ្រួសារនេះប្រកាន់ជំហរបន្តខាំស្មៅនៅក្រៅប្រទេស ដើម្បីធ្វើសកម្មភាពនយោបាយទៅមុខទៀតដោយមិនរាថយឡើយ និងបន្តធ្វើសកម្មភាពរហូតរបបលោកហ៊ុន សែន បើកផ្លូវឱ្យគណបក្សប្រឆាំងចូលរួមប្រកួតប្រជែងឡើងវិញ។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា ក្រុមគ្រួសារសកម្មជនបក្សប្រឆាំងភៀសខ្លួននេះមិនបានប្រយោជន៍អ្វីដល់សង្គមជាតិឡើយ។ លោក ផ្ដល់យោបល់ឱ្យសកម្មជននយោបាយទាំងនោះឈប់ធ្វើគាំទ្រគណបក្សសង្គ្រោះជាតិ ហើយនាំប្រពន្ធកូនត្រឡប់មកកម្ពុជាវិញ៖ «បើថាគាត់មកខ្ញុំចេញមុខធានាគាត់ថា ខ្ញុំខុសហើយឥឡូវខ្ញុំមកចូលមករួមរស់ជាមួយប្រជាជននៅតាមភូមិឃុំហើយ ខ្ញុំអត់ធ្វើអីទេ។ អាហ្នឹងបានមានអីខ្ញុំទូរស័ព្ទទៅមេឃុំ និងចៅហ្វាយស្រុកឱ្យគេជួយមើលគាត់បាន តែកុំឱ្យលួចមានល្បិចដើម្បីតាមការញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់។ វាទៅជាភ្លើអី គេដេកម៉ាស៊ីនត្រជាក់នៅស្រុកបារាំងស៊ីឆ្ងាញ់ ឯងមករត់ចោលស្រុកអត់បាយ អត់អង្ករវាពូកែអីអាហ្នឹង»។
ទោះជាយ៉ាងណាប្រធានប្រធានផ្នែកការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា យល់ថា សកម្មជនគណបក្សប្រឆាំងភៀសខ្លួនទៅក្រៅប្រទេសជារឿងត្រឹមត្រូវ ដោយសារអាជ្ញាធររបបក្រុងភ្នំពេញតាមយាមយីពួកគេ។ មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា ការចូលរួមក្នុងជីវភាពនយោបាយជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ។ លោក នី សុខា អំពាវនាវឱ្យរដ្ឋាភិបាលឈប់ធ្វើទុក្ខបុកម្នេញមកលើសកម្មជនគណបក្សប្រឆាំង និងពលរដ្ឋដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាច។ បន្ថែមពីនេះមេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងគួរតែងាកមកដោះស្រាយវិបត្តិនយោបាយនៅកម្ពុជាឡើងវិញ ដើម្បីសេចក្ដីសុខរបស់ពលរដ្ឋ។
កន្លងមកប្រទេសមហាអំណាចធំៗ រួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអូស្ត្រាលី បានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ដោយបង្ហាញពីការខកចិត្ត និងព្រួយបារម្ភចំពោះការធ្វើទុក្ខបុកម្នេញមកលើសកម្មជនបក្សប្រឆាំង៕
1 comment:
Thank You for your spirit of nationalism.
Post a Comment