ដោយ ខែ សុណង
2021-03-19
សកម្មភាពលើកស្លាករបស់គណបក្សឆន្ទៈខ្មែរ នាពេលកន្លងទៅ។
រូបពីហ្វេសប៊ុក
គណបក្សនយោបាយមួយចំនួន ត្អូញត្អែរថា ពួកគេពិបាកធ្វើសកម្មភាពនយោបាយ ដោយសារអាជ្ញាធររដ្ឋាភិបាល បន្តរឹតត្បិតសិទ្ធិសេរីភាព។ ពួកគេថា ការរឹតត្បិតលំហសេរីភាពនយោបាយនេះ ព្រោះគណបក្សកាន់អំណាច មិនចង់ឲ្យគណបក្សដទៃ មានឱកាសកសាងកម្លាំងគាំទ្រឲ្យបានខ្លាំងនោះទេ ព្រោះខ្លាចបាត់បង់អំណាច។ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច អះអាងថា កម្ពុជា មានលំហសេរីភាពនយោបាយពេញលេញមិនដូចការលើកឡើងនោះទេ។
គណបក្សនយោបាយមួយចំនួន លើកឡើងថា បើទោះបីជារដ្ឋាភិបាល លោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិទៅហើយក្តី ក៏រដ្ឋាភិបាល នៅតែមិនព្រមបើកលំហសេរីភាពនយោបាយឲ្យបានស្មើភាពគ្នានោះទេ។
អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) លោក អ៊ី សាំងឡេង ថ្លែងថា មកទល់ពេលនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនមានសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពនយោបាយដូចមានចែងក្នុងច្បាប់នោះទេ។ លោកអះអាងថា អាជ្ញាធរតែងតែរារាំងគណបក្សលោកមិនឲ្យជួលទីស្នាក់ការ និងលើកស្លាកគណបក្សស្ទើរគ្រប់ខេត្តក្រុង ប៉ុន្តែអាជ្ញាធរ តែងតែអនុញ្ញាតឲ្យគណបក្សកាន់អំណាច និងក្រុមហ៊ុនស្រាបៀរលើកស្លាកដោយសេរីទៅវិញ។ លោក អ៊ី សាំងឡេង ថ្លែងទៀតថា សូម្បីរូបលោកផ្ទាល់ ក៏ត្រូវបានមន្ត្រីជាន់ខ្ពស់គ.ជ.ប ប្តឹងទៅតុលាការដែរ បន្ទាប់ពីលោក រិះគន់ស្ថាប័នគ.ជ.ប ថា ជាចោរ ពាក់ព័ន្ធនឹងដំណើរការចុះឈ្មោះបោះឆ្នោត និងអ្នកសង្កេតការណ៍បោះឆ្នោត កាលពីចុងឆ្នាំ២០២០ កន្លងទៅនេះ៖ «គេ (អាជ្ញាធររដ្ឋាភិបាល )មិនចង់ឲ្យប្រជាពលរដ្ឋខ្មែរឃើញគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាជម្រើសរបស់គាត់ជាផ្លូវចេញក្នុងការដោះស្រាយប្រទេសទេ មករួមគ្នាជាមួយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដើម្បីរំដោះប្រទេសខ្លួនទេ គេមិនចង់ធ្វើដូច្នេះទេ ចង់ឲ្យគេកែម៉េច ។ បើឲ្យយើងធ្វើត្រឹមត្រូវស្របច្បាប់ទាំងអស់គ្នាមានតែគេរបូតអំណាច និយាយឲ្យចំអ៊ីចឹងហ្មង។ ដូច្នេះគេមិនចង់ទេ យើងអោយគេកែមិនកើតទេ។ មានតែពលរដ្ឋខ្មែរគាត់សម្លឹងឃើញថា គណបក្សណា ខូច គណបក្សណាជួយពិតប្រាកដ គណបក្សណាបោក គណបក្សជារបស់ខ្មែរពិតប្រាកដ ហើយគាត់ចូលរួមធ្វើទៅ»។
ស្រដៀងគ្នានេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) លោក ឡឹក សុធារ ថ្លែងថា ថ្វីដ្បិតតែគណបក្សរបស់លោក មិនទាន់ត្រូវបានគាបសង្កត់ ឬធ្វើទុក្ខបុកម្នេញធ្ងន់ធ្ងរតាមប្រព័ន្ធតុលាការដូចគណបក្សសង្គ្រោះជាតិក្តី ប៉ុន្តែការបំពេញការងាររបស់គណបក្សតែងត្រូវបានអាជ្ញាធរ រារាំង គំរាមកំហែង បំភិតបំភ័យ តាមដានសកម្មភាព និងរើសអើងជាដើម។ លោកបន្តថា ការគាបសង្កត់បែបនេះ បានធ្វើឱ្យសមាជិកមួយចំនួនរឹតត្បិតសិទ្ធិសេរីភាពនយោបាយខ្លួនឯង ដើម្បីសន្សំសុខ៖ «រូបភាពទាំងអស់នេះ វាធ្វើឲ្យប៉ះពាល់ដល់ដំណើរការរបស់ពួកយើង ជាពិសេស សកម្មភាពរបស់គណបក្សក្នុងការចុះជួបសកម្មជន ចុះពន្យល់អំពីគោលនយោបាយ ក៏ដូចជាទៅត្រួតពិនិត្យភាពឆកល្វែងនៃការអនុវត្តការរបស់មន្ត្រីរដ្ឋាភិបាល ក៏ដូចជាអ្នកតំណាងរាស្ត្រ គឺមានការលំបាក ហើយរឿងលំបាកទៀតនោះគឺបញ្ហារសើប។ ខ្ញុំទាហរណ៍ ដូចជាបឹងតាមោកអីជាដើមជាបញ្ហារសើប គឺយើងចុះទៅពិនិត្យពីស្ថានភាពទីនោះ សុទ្ធតែលាក់អត្តសញ្ញាណ ឬលួចទៅ»។
ករណីខ្លះទៀត ប្រធានគណបក្សនយោបាយ ត្រូវអាជ្ញាធរចាប់ខ្លួន និងផ្ដន្ទាទោស ដោយសារតែការបញ្ចេញមតិរបស់ពួកគេ។ ឧទាហរណ៍ ប្រធានគណបក្សខ្មែរឈ្នះលោក សួង សុភ័ណ្ឌ ត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះ និងបង្គាប់ឱ្យសងប្រាក់ជំងឺចិត្តទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា និងបង់ពិន័យចូលរដ្ឋ សរុបចំនួន ២ពាន់លានរៀល ឬស្មើនឹង ៥សែនដុល្លារ ក្រោមបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ដោយសារតែការរិះគន់រឿងព្រំដែន។ ការបង្ក្រាប និងការគាបសង្កត់លើសិទ្ធិនយោបាយនេះ ក៏កើតឡើងទៅលើគណបក្សដែលចូលរួមធ្វើការជាមួយរដ្ឋាភិបាលដែរ ទោះជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ណែនាំឱ្យមន្ត្រីថ្នាក់ក្រោមជួយសម្របសម្រួលដល់សកម្មភាពរបស់ពួកគេនៅមូលដ្ឋានយ៉ាងណាក្តី។
ប្រធានគណបក្សឆន្ទៈខ្មែរ និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់របស់រដ្ឋាភិបាល គឺលោក គង់ មុនីកា ថ្លែងថា លោកព្រួយបារម្ភខ្លាំង និងតែងប្រុងប្រយ័ត្នជានិច្ចក្នុងការអនុវត្តសិទ្ធិនយោបាយទាំងការធ្វើសកម្មភាពជាក់ស្តែង និងការនិយាយស្តី ដោយសារតែលំហសេរីភាពនយោបាយ នៅតែរឹតត្បិតខ្លាំងដដែល។ លោក បន្តថា ការរឹតត្បិតសិទ្ធិសេរីភាពនយោបាយនេះ ធ្វើឲ្យគណបក្សរបស់លោក ពិបាករកសំឡេងគាំទ្រពីប្រជាពលរដ្ឋ។ លោកស្នើសុំឲ្យរដ្ឋាភិបាល បើកលំហប្រជាធិបតេយ្យឡើងវិញ ដើម្បីឲ្យគណបក្សនយោបាយទាំងអស់ មានសេរីភាពនិងឱកាសស្មើគ្នាក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខ៖ «កម្ពុជា ពុំទាន់ជាប្រទេសមានប្រជាធិបតេយ្យពេញលេញ ដូច្នេះហើយធម្មតាទេ ការដែលរារាំង ការមិនយល់ពីច្បាប់របស់អាជ្ញាធរមូលដ្ឋាន គឺតែងតែកើតមាន ជាពិសេសការព្យាយាមរឹតត្បិតនូវសិទ្ធិសេរីភាពរបស់អ្នកនយោបាយនិងពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ កន្លងមកយើងបានធ្វើសកម្មភាពច្រើនពាក់ព័ន្ធនឹងបញ្ហាព្រំដែន គឺថាយើងគ្រាន់តែទៅមើលចង់ដឹងចង់លឺចង់ឃើញផ្ទាល់ភ្នែកនៅតំបន់ដែលថា វៀតណាមបោះតង់ និងបានដកទៅវិញ គឺថា អាជ្ញាធរហាក់ដូចជាសកម្មណាស់ក្នុងការរារាំង»។
ជាមួយគ្នានេះ របប លោក ហ៊ុន សែន បានបណ្តេញប្រធាន និងមន្ត្រីគណបក្សនយោបាយចំនួន ៤ នាក់ ចេញពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ដោយសារពួកគេ ចូលរួមទាមទារឲ្យមានដំណោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ។ ក្នុងនោះ ប្រធានគណបក្សនគរប្រជាធិបតេយ្យ លោក ចាន់ យ៉េត ថែមទាំងត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនដាក់ក្នុងពន្ធនាគារទៀតផង កាលពីដើមខែមករា កន្លងទៅ។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឆ្លើយតបថា កម្ពុជា មានលំហសេរីភាពនយោបាយពេញលេញ ដោយសារបច្ចុប្បន្ន មានគណបក្សកើនដល់ចំនួន៤៧ គណបក្ស។ លោក បន្តថា ការលើកឡើងរបស់គណបក្សទាំងនេះអំពីការរឹតត្បិតសិទ្ធិសេរីភាពនយោបាយ គ្មានមូលដ្ឋានត្រឹមត្រូវនោះទេ ហើយលោកអះអាងថា វិធានការរបស់អាជ្ញាធរ កន្លងមក គឺជាអនុវត្តច្បាប់៖ «ទៅលើកស្លាកអី ជូនកាលអីអត់ទៅទាក់ទងមូលដ្ឋានគេ គឺអាហ្នឹងគេមិនអោយធ្វើទេ ជាឧទាហរណ៍។ មានច្បាប់បង្កើតគណបក្សហើយ ត្រូវតែទាក់ទងជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីកុំឲ្យវាប្រទាំងនឹងគោលការណ៍ច្បាប់ ។ លើកកន្លែងណា ក៏បានដែរ ប៉ុន្តែកុំឲ្យប៉ះពាល់សិទ្ធិបុគ្គល មុខផ្ទះគេ ឬទីកន្លែងដែលគេរសាធារណៈកុំឲ្យរំខានឬមួយកុំឲ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ ដូច្នេះអាហ្នឹងត្រូវតែចាំបាច់ទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន»។
ផ្ទុយពីការលើកឡើងនេះ អនុប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក អ៊ី សាំងឡេង ប្រតិកម្មថា លោក សុខ ឥសាន ទៅវិញទេ ដែលនិយាយទាំងគ្មានមូលដ្ឋាន ហើយចេះតែការពារទង្វើមិនត្រឹមត្រូវរបស់រដ្ឋាភិបាល៖ «ឥឡូវបើលោក សុខ ឥសាន គ្រាន់បើមកជួបមុខគ្នាមក ផ្សាយផ្ទាល់នៅណាក៏បានដែរ។ បើយើងលើកស្លាកហើយ លិខិតដាក់ត្រឹមត្រូវ មានទាំងអាជ្ញាធរយល់ព្រមទៀតផង ហើយមកវាយបង្គោលស្លាកយើងចោល នៅផ្លូវលូប្រាំ ស្ទឹងមានជ័យ ។ នៅផ្លូវ៦០នោះ ក៏យើងដាក់ពាក្យស្នើសុំលើកដែរ គេមិនឲ្យយើងលើកទេ រួចហើយកន្លែងដែលយើងស្នើសុំនោះ គឺគណបក្សប្រជាជនទៅលើកតែម្តង ហើយគេថាផ្លូវហ្នឹងមិនឲ្យលើក សាលាក្រុងភ្នំពេញវាអីចឹង»។
ទាក់ទងករណីនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនកុរណា ទទួលស្គាល់ថា សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ពិតជាត្រូវបានរឹតត្បិតដូចការលើករបស់ក្រុមគណបក្សនយោបាយទាំងអស់នេះ។ លោកជំរុញឲ្យគណបក្សនយោបាយទាំងនេះ គួរតែមានភាពក្លាហាននិងសកម្មក្នុងការទាមទារឲ្យរដ្ឋាភិបាល បើកលំហប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងកែលម្អអភិបាលកិច្ចឡើងវិញ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ យល់ថា ប្រសិនបើគណបក្សនយោបាយទាំងនេះ នៅសម្ងំ ឬសន្សំសុខ គឺមិនអាចធ្វើឲ្យមានភាពល្អប្រសើរសម្រាប់ស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជានោះទេ ហើយពួកគេក៏មិនអាចទទួលបានទំនុកចិត្តពីពលរដ្ឋ ដើម្បីដឹកនាំរដ្ឋាភិបាលដែរ៕
No comments:
Post a Comment