Saturday, 13 March 2021

បទ​វិភាគ៖ អ្វី​ខ្លះ​ជា​ដើម​ហេតុ​នាំ​ឱ្យ​លោក ហ៊ុន សែន ប្រកាស​ធ្វើ​នាយក​រដ្ឋមន្ត្រី​រហូត​លែង​ចង់?


ដោយ ជុន ច័ន្ទបុត្រ
2021-03-11 rfa
បទ​វិភាគ៖ អ្វី​ខ្លះ​ជា​ដើម​ហេតុ​នាំ​ឱ្យ​លោក ហ៊ុន សែន ប្រកាស​ធ្វើ​នាយក​រដ្ឋមន្ត្រី​រហូត​លែង​ចង់? 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប៖ ហ្វេសប៊ុក​នាយកដ្ឋានសោតទស្សន៍

 

លោក ហ៊ុន សែន​ តែង​ដូរ​ចិត្ត​ជា​រឿយៗ​ អំពី​ការ​គ្រោង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក។ ម្ដង​លោក​ថា​នឹង​បន្ត​ធ្វើ​តែ​ពីរ​អាណត្តិ​ទៀត។ ម្ដង​លោក​ថា​នឹង​ធ្វើ​រហូត​បើ​គេ​នៅ​តែ​បោះ​ឆ្នោត​ឱ្យ​លោក។ ថ្មីៗ នេះ លោក​ក្រឡះ​សំដី​ម្ដង​ទៀត។ លោក​ថា​នឹង​ធ្វើ​រហូត​ទាល់​តែ​លោក​លែង​ចង់​ធ្វើ​ខ្លួន​ឯង។

លោក​បញ្ជាក់​ទៀត​ថា សេចក្ដី​ប្រកាស​ចុង​ក្រោយ​នេះ គឺ​​​ជា​ការ​បញ្ចប់​ការ​​ប៉ាន់ស្មាន​ទាំង​ឡាយ​ថា​លោក​មាន​គម្រោង​ផ្ទេរ​តំណែង​នេះ​ទៅ​កូន​របស់​លោក។

តើ​អ្វី​ខ្លះ​អាច​ជា​ដើម​ហេតុ​នាំ​ឱ្យ​លោក ហ៊ុន សែន​ ប្រកាស​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​រហូត​លែង​ចង់​បែប​នេះ?

បន្ទាប់ពី​ចាក់​វ៉ាក់សាំង​អាស្ត្រា ហ្សនិកា (AstraZeneca) ហើយ​សើមៗ ភ្លាម ​លោក ហ៊ុន សែន ប្រកាស​នៅ​នឹង​មន្ទីរ​ពេទ្យ​តែ​ម្ដង​ អំពី​ផែន​ការ​ក្រាញ​អំណាច​របស់​លោក៖ «ខ្ញុំ​នៅ​បន្ត​នៅ​ហ្នឹង​ងាយ​ងាប់​ទៅ​ណា?​ឥលូវ​មាន​វ៉ាក់សាំង​ទៀត ​អត់​ងាយ​ងាប់​សោះ ឥលូវ​ឈប់​​ប្រកាស​ពី​រឿង​១០​ឆ្នាំ​២០ឆ្នាំ ធើ​ហ្អែង​ទាល់​តែ​ឈប់​ចង់​ធើ កុំ​ឱ្យ​វា​ពិបាក​ពេក។ បន្តិច​ថា​ផ្ទេរ​តំណែង​ឱ្យ​ហ៊ុន ម៉ាណែត បន្តិច​ថា​ផ្ទេរ​ឱ្យ​អ្នក​នេះ​អ្នក​នោះ។ ឥលូវ​មិន​បាច់​ផ្ទេរ​តែ​ម្ដង នៅ​អញ្ចឹង​តែ​ម្ដង​ទៅ»។​


ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៤ ខែ​មីនា នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ​នេះ ផ្ទុយ​ស្រលះ​ពី​សំដី​របស់​លោក កាល​ពី​ពេល​មុនៗ។ កាល​នោះ​លោក​ថា​នឹង​ឈប់​ធ្វើ​​នាយក​រដ្ឋ​មន្ត្រី​នៅ ២អាណត្តិ​ទៀត ឬ​នៅ​ត្រឹម​អាយុ ៧៨ឆ្នាំ។

បើ​ទោះ​ជា​លោក​ហ៊ុន សែន​ ធ្លាប់​ប្រើ​សំដី​បាត​ដៃ​ខ្នង​ដៃ​បែប​នេះ​ជា​រឿយៗ​ក្ដី​ ការ​ប្រកាស​លើក​នេះ​ អាច​មិន​មែន​ជា​រឿង​ចៃដន្យ​នោះ​ឡើយ។ លោក​ប្រហែល​ជា​មាន​បំណង​ផ្ញើ​សារ​នេះ ទៅ​កាន់​ក្រុម​មនុស្ស​មួយ​ចំនួន។ នោះ​គឺ​អ្នក​ទាំង​ឡាយ​ណា​ដែល​ខ្វល់​ខ្វាយ​ពី​តំណែង​នាយក​រដ្ឋ​មន្ត្រី​របស់ លោក ហ៊ុន សែន។

តើ​អ្នក​ណា​ខ្លះ ដែល​យក​ចិត្ត​ទុក​ដាក់​ពី​តំណែង​នាយក​រដ្ឋ​មន្ត្រី​របស់ លោក ហ៊ុន សែន?

ប្រាកដ​ណាស់ មិន​មែន​មាន​តែ​ក្រុម​អ្នក​ជំទាស់​នឹង​លោក ឬ​អ្នក​នយោបាយ​ប្រឆាំង​ទេ ដែល​ខ្វល់​ខ្វាយ​នឹង​តំណែង​របស់​លោក ហ៊ុន សែន តាម​ពិត​អ្នក​ដែល​នៅ​ក្បែរៗ ក្លៀក​របស់​លោក មាន​ពួក​អ្នក​ដែល​ទទួល​ផល​ប្រយោជន៍ ឬ​ក្រុម​រណប​លោក ​និង​ពួក​អ្នក​មាន​អំណាច​គ្រាក់ៗ ក្នុង CPP ក៏​ចាប់​អារម្មណ៍​នឹង​ការ​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន សម្បើម​ណាស់​ដែរ។

លោក ហ៊ុន សែន ទំនង​ជា​ចង់​ឌឺ​ដង​ឱ្យ​អ្នក​មាន​ជំហរ​ប្រឆាំង ចង់​លួង​លោម​ក្រុម​អ្នក​ទទួល​ផល​ប្រយោជន៍ និង​ជា​ពិសេស​អាច​ចង់​បង្ក្រាប​ចរន្ត​ដណ្ដើម​អំណាច​គ្នា​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​តែ​ម្ដង។

លោក ហ៊ុន សែន មិន​លាក់​បាំង​ឡើយ​ថា លោក​ចង់​ឱ្យ​ក្រុម​អ្នក​មាន​ជំហរ​ជំទាស់ ឬ​អ្នក​នយោបាយ​ប្រឆាំង​ដឹង​ពី​ថេរៈ​វេលា​កាន់​អំណាច​ដល់​ទី​បញ្ចប់​របស់​លោក៖ «អ្នក​ណា​ចង់​ឈ្នះ​មក​ឈរ​មក  ក្នុង​ក្រប​ខណ្ឌ​នៃ​ច្បាប់​កំណត់  ហើយ​បើ​អ្នក​ឯង​ចង់​ផ្ដួល​តាម​ផ្លូវ​ដូច​ដែល​អ្នក​ឯង​ប្រកាស​កន្លង​ទៅ​ឱ្យ​កម្លាំង​ប្រដាប់​អាវុធ​បែរ​ចុង​កាណុង​មក​ផ្ដួល​តាម​របៀប​ឧបឃាត អ្នក​ឯង​ត្រូវ​ទទួល​របៀប​ម៉េច​អា​ហ្នឹង​រឿង​របស់​អ្នក​ឯង»។

លោក ហ៊ុន សែន ចង់​ផ្លែ​ផ្កា​ឱ្យ​ក្រុម​អ្នក​រិះ​គន់​ដឹង​ថា ការ​កាន់​​តំណែង​យូរ​និង​ក្រាញ​អំណាច​របស់​ខ្លួន​នឹង​មិន​មាន​ឧបសគ្គ​អ្វី​សោះ​ឡើយ។ លោក​តែង​ឈ្នះ​គ្រប់​សមរភូមិ​បោះ​ឆ្នោត ​បើ​ទោះ​ជា​ចាញ់​ ក៏​លោក​នៅ​តែ​អាច​ប្រើ​ល្បិច​ឈ្នះ​វិញ​បាន​ដដែល ដូច​ករណី​ដណ្ដើម​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ទាប់​ពី​ចាញ់​ឆ្នោត​ឆ្នាំ១៩៩៣ ជា​ឧទាហរណ៍​ស្រាប់។

អ្នក​នយោបាយ​ជំទាស់​និង​អ្នក​មាន​ជំហរ​ឯករាជ្យ ​តែង​ស្រមៃ​ចង់​ឃើញ​ប្រទេស​កម្ពុជា​មាន​អ្នក​ដឹក​នាំ​ផ្សេង​ទៀត​ដែល​ល្អ​ជាង​លោក ​ហ៊ុន សែន  ព្រម​ទាំង​ទទូច​ចង់​ឱ្យ​កម្ពុជា ​គោរព​នីតិរដ្ឋ និង​លទ្ធិ​ប្រជាធិបតេយ្យ។ ប៉ុន្តែ​អ្នក​ដែល​ប្រឆាំង​ហ៊ុន សែន មួយ​ចំនួន​ត្រូវ​ជាប់​គុក ជាប់​បណ្ដឹង​នៅ​តុលាការ។ មួយ​ចំនួន​រត់​ចោល​ស្រុក និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​គេ​សម្លាប់​ ដូច​យ៉ាង​ព្រឹត្តិ​ការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ១៩៩៧ និង​ព្រឹត្តិការណ៍​​បាញ់​សម្លាប់​កម្មករ​នៅ​ផ្លូវ​ វេង​ ស្រេង ​នៅ​ឆ្នាំ២០១៤​ ជា​ដើម។

ក្រៅ​ពី​នោះ​មន្ត្រី​សង្គម​ស៊ីវិល មេ​សហជីព អ្នក​ការពារ​បរិស្ថាន អ្នក​សារ​ព័ត៌មាន និង​អ្នក​វិភាគសង្គម និង​នយោបាយ ត្រូវ​បាន​ឃាតក​សម្លាប់ ជា​បន្ត​បន្ទាប់។ លោក​ហ៊ុន សែន បាន​ផ្ដួល​គណបក្ស​ហ៊្វ៊ុនស៊ិនប៉ិច តាម​រយៈ​ទិញ​សមាជិក​សំខាន់ៗ​នៃ​គណបក្ស​នេះ អោយ​ធ្វើ​សង្គ្រាម​ដណ្ដើម​អំណាច បំបែក​បំបាក់​ផ្ទៃ​ក្នុង​ ព្រមទាំង​គំរាម​កំហែង និង​ប្រើ​ប្រព័ន្ធ​តុលាការ​គាប​សង្កត់​។

លោក​កម្ចាត់​គណ​បក្ស​សង្គ្រោះ​ជាតិ ដោយ​​បង្កើត​ច្បាប់​គណបក្ស​នយោបាយ​តាម​តែ​ទំនើង​ចិត្ត ទោះ​ជា​រំលោភ​រដ្ឋ​ធម្មនុញ្ញ​ក៏​ដោយ នៅ​ពេល​ដែល​លោក​ដឹង​ច្បាស់​ថា​បក្ស​ប្រឆាំង​មាន​សំឡេង​គាំទ្រ​ប្រដំ​ប្រសង​គ្នា ឬ​ក៏​អាច​មាន​ប្រៀប​ជាង​គណបក្ស​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក។

ចំពោះ​ក្រុម​អ្នក​ទទួល​ផល​ប្រយោជន៍ និង​ក្រុម​រណប​វិញ វាសនា​របស់​ពួក​គេ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​នឹង​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី របស់​លោក ហ៊ុន​ សែន។ អ្នក​ទាំង​នេះ​ប្រៀប​ដូច​ទៅ​នឹង​បរាសិត ឬ​ជា​បញ្ញើ​ក្អែក។ គឺ​ត្រូវ​តែ​ផ្ញើ​ខ្លួន​និង​អាច​រីក​ធំ​ធាត់​រាតត្បាត​បាន ដោយ​អាស្រ័យ​ទៅ​លើ​រាង​កាយ​អ្នក​ដទៃ​តែ​ប៉ុណ្ណោះ។ ដូច្នេះ​ពួក​គេ មិន​ចង់​អោយ​រាង​កាយ​នោះ​ចុះ​ថមថយ​នោះ​ទេ។ បើ​កាល​ណា​រាង​កាយ​ដែល​គេ​ពឹង​ផ្អែក​ទៅ​លើ​នោះ​អស់​ឥទ្ធិពល ពួក​គេ​ក៏​នឹង​ចុះ​ថមថយ​រលំ​រលាយ​ទៅ​តាម​នោះ​ដែរ។

ពួក​គេ​គឺ​ជា​ក្រុម​ឈ្មួញ​ឧកញ៉ា​មហាសេដ្ឋី​ធំៗ នៅ​ក្នុង​ស្រុក ដែល​បាន​ទទួល​ប្រយោជន៍​​យ៉ាង​ច្រើន​សម្បើម​ពី​របរ​រកស៊ី​បំផ្លាញ​ធន​ធាន​ធម្មជាតិ​ រក​ស៊ី​មិន​បង់​ពន្ធ ពុក​រលួយ រំលោភ​​សិទ្ធិ​មនុស្ស​ជា​ដើម ដោយ​មាន​ខ្នង​បង្អែក​ជា​ប្រមុខ​រដ្ឋាភិបាល។ ក្រុម​នេះ តែង​ចូល​រួម​បង់​វិភាគទាន​ជា​ប្រចាំ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា។ ផ្ដល់​លុយ​រាប់​លាន​ដុល្លារ​ក្នុង​មួយ​លើកៗ ទោះ​ជា​មាន​ការ​អំពាវនាវ ឬ​ដោយ​មិន​ចាំ​បាច់​មាន​ការ​កៀរគរ ពី​លោក ហ៊ុន សែន ក៏​ដោយ​ចុះ។

រី​ឯ​ក្រុម​រណប​ ពួក​គេ​ជា​ប្រភេទ​អ្នក​នយោបាយ​លក់​ខ្លួន​ដែល​ទទួល​តំណែង​ដោយ​ការ​សន្ដោស​ប្រោសប្រណី ឬ​អ្នក​ដែល​លោក​ហ៊ុន សែន ​ប្រើ​ប្រាស់​ដើម្បី​បំផ្លាញ​គូ​ប្រជែង​នយោបាយ​ជា​ដើម។

បើ​លោក​ហ៊ុន សែន បាត់​បង់​តំណែង​នាយក​រដ្ឋ​មន្ត្រី ​ក្រុម​អ្នក​ទទួល​ផលប្រយោជន៍​ នឹង​រៀប​ចំ​លុយ​កាក់​ប្រាក់​កាស​ចង​ស្ពាន​មាន​មេត្រី​ជា​មួយ​បេក្ខភាព​ផ្សេង ហើយ​ក្រុម​អ្នក​នយោបាយ​លក់​ខ្លួន​វិញ ​ក៏​រក​វិធី​​​​ដើម្បី​បន្ត​រស់​​ក្នុង​នាម​ជា​បញ្ញើ​ក្អែក​ជា​មួយ​អ្នក​ដទៃ​បន្ត​ទៅ​ដែរ។

ខុស​ពី​ដើម​ឈើ​ដែល​អាច​ឈរ​រឹង​មាំ​ដោយ​ខ្លួន​ឯង ដោយ​មិន​ត្រូវ​ការ​បញ្ញើ​ក្អែក លោក​ហ៊ុន សែន ក៏​ដូច​ជា​មេ​ដឹក​នាំ​ផ្ដាច់​ការ​ដទៃ​ទៀត​នៅ​លើ​ពិភព​លោក​ដែរ លោក​ត្រូវ​ការ​ប្រើ​ប្រាស់ ក្រុម​ទទួល​ផល​ប្រយោជន៍ និង​អ្នក​នយោបាយ​លក់ខ្លួន តាម​តម្រូវ​ការ​ជាក់​ស្ដែង ដូច​ជា​ការ​ជួយ​រក​លុយ ឬ​ក៏​ជួយ​ឈរ​លម្អ អោយ​សួន​ផ្ដាច់​ការ​របស់​លោក អោយ​មើល​ទៅ​ដូច​ជា​សួន​ប្រជាធិបតេយ្យ​ជាដើម​។ ហេតុ​ដូច្នេះ​ហើយ លោក​ក៏​ថែទាំ​ទ្រាំ​ធ្វើ​ជា​បង្អែក​អោយ​ពួក​គេ​ដែរ។ ធ្វើ​យ៉ាង​ណា​កុំ​អោយ​ក្រុម​​បរាសិត​បញ្ញើក្អែក​ទាំង​នេះ​ចាក​ចេញ​ពី​លោក។

ចំណែក​ទំនាស់​ដណ្ដើម​តំណែង​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា​វិញ ទំនង​ជា​អ្វី ដែល​លោក​ហ៊ុន សែន ព្រួយ​​ជា​ទី​បំផុត និង​ចង់​ប្រាប់​ថា កុំ​អាល​ឈ្លោះ​គ្នា​ទុក​មេ​ចាត់ចែង។ លោក​ប៉ិន​ប្រសប់​ខ្លាំង​ក្នុង​ការ​ប្រើ​យុទ្ធសាស្ត្រ​បំបែក​បំបាក់ ហេតុ​នេះ​លោក​ក៏​មិន​ធ្វេស​ប្រហែស​ចំពោះ​ខ្លួន​ឯង​ដែរ។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកល​វិទ្យាល័យ​មីស្ហីហ្គេន (University of Michigan) នៃ​សហរដ្ឋ​អាមេរិក និង​ជា​អ្នក​និពន្ធ​សៀវភៅ​មាន​ចំណង​ជើង​ថា «របប​ផ្ដាច់​ការ​និយម ឬ​ Authoritarianism» អ្នកស្រី អេរិកា ហ្វ្រាន់ស៍ (Erica Frantz) សរសេរ​ថា នៅ​ក្នុង​របប​ផ្ដាច់​ការ មេ​ដឹក​នាំ​ផ្ដាច់​ការ និង​មន្ត្រី​នៅ​ក្នុង​ជួរ​ផ្ទៃ​ក្នុង​បក្ស​តែង​ប្រកួត​ប្រជែង​គ្នា​ជា​និច្ច។ ពួក​គេ​មិន​ត្រឹម​តែ​ប្រកួត​ប្រជែង ជា​មួយ​អ្នក​កាន់​អំណាច​ផ្ដាច់​ការ​ទេ តែ​ប្រកួត​ប្រជែង​រវាង​គ្នា​ឯង​ផង​ដែរ។ អ្នក​ស្រី​បន្ត​ថា​មេ​ដឹក​នាំ​ផ្ដាច់​ការ តែង​វាយ​តម្លៃ​បាន​ថា អ្នក​ដែល​អាច​ដណ្ដើម​អំណាច​ពី​ដៃ​ខ្លួន​បាន​មុន​គេ គឺ​ជា​មនុស្ស​នៃ​ក្រុម​ផ្ទៃ​ក្នុង​តែ​ម្តង។ អ្នក​ស្រី​សន្និដ្ឋាន​ថា គឺ​ដោយ​ហេតុ​នេះ​ហើយ​បាន​ជា អ្នក​កាន់​អំណាច​ផ្ដាច់​ការ ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​បន្ថយ​ឥទ្ធិពល អ្នក​នៅ​ក្នុង​ជួរ​បក្ស​របស់​ខ្លួន​ឯង​ផង​ដែរ។

នៅ​កម្ពុជា ថ្វី​ត្បិត​តែ​សញ្ញា​នៃ​ការ​ប្រកួត​ប្រជែង​ដណ្ដើម​អំណាច​នៅ​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា ត្រូវ​គេ​ខំ​លាក់​មិន​អោយ​លេច​ធ្លាយ​ចេញ​មក​ក្រៅ និង​មើល​ទៅ​ហាក់​រឹង​មាំ​ពី​លើ​ដល់​ក្រោម នៅ​ក្នុង​បក្ស​នេះ​មាន​ប៉ូល​អំណាច​ផ្សេងៗ គ្នា និង​សម្លឹង​សម្លក់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។

បច្ចុប្បន្ន បក្ស​កាន់​អំណាច មាន​សែ​ធំៗ យ៉ាង​តិច​ណាស់៤ មាន​ជា​អាទិ៍ ក្រុម​លោក​សាយ ឈុំ ក្រុម លោក ទៀ បាញ់  ក្រុម​លោក ស ខេង និង​ក្រុម​បង​ធំ​ជាង​គេ​ គឺ​ក្រុម​លោក​ ហ៊ុន សែន។

ក្រុម​កូន​ចៅ​លោក សាយ ឈុំ អគ្គលេខាបក្ស កំពុង​កាន់​កាប់​ដឹក​នាំ​ព្រឹទ្ធសភា​ហើយ​តំណែង​ព្រឹទ្ធសភា​នេះ​សំខាន់​ណាស់ ព្រោះ​ជា​តំណែង​ប្រមុខ​រដ្ឋ​ស្ដីទី​នៅ​ពេល​ដែល​អវត្តមាន​ព្រះ​មហាក្សត្រ។ កូន​ប្រុស​លោក សាយ ឈុំ គឺ​លោក សាយ សំអាល់ ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជា​បុគ្គល​មាន​អំណាច​ម្នាក់​ក្នុង​ចំណោម​អ្នក​ជំនាន់​ថ្មី។ កាល​ពី​ឆ្នាំ​មុន ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​លោក សុខ សុវណ្ណ វឌ្ឍនាសាប៊ុង ត្រូវ​បាន​គេ​បណ្ដេញ​ចេញពី​សមាជិក​នៃ​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​ភ្លាម បន្ទាប់​ពី​មេ​បក្ស​រូប​នេះ​និយាយ​បរិហារ​ក្រុម​មន្ត្រី​បរិស្ថាន​បាន​ត្រឹម ២ថ្ងៃ​ប៉ុណ្ណោះ។ តំណែង​ទេស​រដ្ឋមន្ត្រី​មួយ​ទាំង​មូល​​ត្រូវ​គេ​ដក​ដូច​កូន​ស្ពៃ​នេះ ជា​សារ​មួយ​ប្រាប់​ថា​ប៉ះ​មិន​បាន​ទេ ហ៊ាន​ប៉ះ គឺ​រលាក។

ក្រុម​លោក ​ទៀ បាញ់ ជា​ប៉ូល​អំណាច​មួយ ​ដែល​ជា​មរតក​បន្សល់​ទុក​ពី​អតីត​សមាជិក​ការិយាល័យ​នយោបាយ​បក្ស លោក សាយ ភូថង។ ក្រុម​នេះ​ដឹក​នាំ​ដោយ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​ប្អូន​ប្រុស​របស់​គាត់​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​លោក ទៀ វិញ។ ក្រុម​នេះ​ដឹក​នាំ​មូលដ្ឋាន​ខេត្ត​សៀម​រាប​ និង​ខេត្ត​ជាប់​សមុទ្រ​ទាំង​អស់។ កូន​ប្រុស​របស់​លោក ទៀ បាញ់ ជា​ចៅហ្វាយ​ខេត្ត​សៀមរាប។ កូន​ប្រុស​លោក ទៀ វិញ ជា​មេបញ្ជាការ​រង​កង​ទ័ព​ជើង​ទឹក។ ក្រុម​នេះ​សម្បូរ​ទាំង​លុយ មាន​ទាំង​កាំភ្លើង​នៅ​ក្នុង​ដៃ ហើយ​កំពុង​គ្រប់​គ្រង​ដែន​លំហ​សមុទ្រ​របស់​កម្ពុជា​ទាំង​មូល​ផង។

ក្រុម​ធំ​មួយ​ទៀត​ជា​ក្រុម​របស់​លោក ស​ ខេង អនុប្រធាន​បក្ស​ និង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ដែល​ធំ​ជាង​គេ។ លោក ស ខេង មាន​អំណាច​ស្ទើរ​ប្រហែល​លោក ហ៊ុន ​សែន ដែរ ដោយ​ហេតុ​ថា លោក​គ្រប់​គ្រង​ចៅហ្វាយ​ស្រុក ចៅហ្វាយ​ខេត្ត​ទូទាំង​ប្រទេស។ លោក ស ខេង​ មាន​កម្លាំង​ប៉ូលិស​នៅ​ក្នុង​ដៃ មាន​ទាំង​ទ្រព្យសម្បត្តិ និង​មធ្យោបាយ​ស្ទើរ​គ្រប់​បែប​យ៉ាង រាប់​តាំង​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​ការងារ​ដ៏​រឹង​មាំ។ មូលដ្ឋាន​សំខាន់​របស់​ក្រុម​នេះ ​គឺ​នៅ​បន្ទាយ​មាន​ជ័យ បាត់​ដំបង ព្រៃវែង និង​រាជធានី​ភ្នំពេញ​ជា​ដើម។

ក្រុម​ចុង​ក្រោយ​គឺ​ក្រុម​លោក ហ៊ុន សែន តែ​ម្ដង។ លោក ហ៊ុន សែន ដណ្ដើម​តំណែង​បាន​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​ជួរ​បក្ស​និង​ក្នុង​ជួរ​រដ្ឋាភិបាល។ កូនៗ របស់​លោក​ក៏​កាន់​តំណែង​សំខាន់ៗ​ជាង​កូន​អ្នក​ផ្សេង​ដែរ។ លោក ហ៊ុន ម៉ាណែត ជា​មេ​បញ្ជាការ​ទ័ព​ជើង​គោក។ លោក ហ៊ុន ម៉ានិត កាន់​តំណែង​ជា​មេ​ចារកម្ម​យោធា។ លោក ហ៊ុន ម៉ានី ជា​ប្រធាន​យុវជន​ដែល​មាន​សមាជិក​ស្នូល ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​រដ្ឋបាល​នៅ​ទូទាំង​ប្រទេស ។ ក្រុម​គ្រួសារ​របស់​លោក​មាន​ទាំង​លុយ មាន​ទាំង​កម្លាំង​អាវុធ និង​បន្ទាយ​ទ័ព​នៅ​ក្នុង​ដៃ​ដាក់​នៅ​ក្បែរ​ផ្ទះ​ផង។ មិន​តែ​ប៉ុណ្ណោះ កូនៗ លោក ហ៊ុន សែន ​ក្រោម​ការ​ដឹក​នាំ​ដ៏​ភ្លឺ​ស្វាង​របស់​ឪ​ពុក​ខ្លួន​ខិត​ខំ​ពង្រីក​បណ្ដាញ​អ្នក​គាំ​ទ្រ​ខាង​ក្រុម​ខ្លួន ដើម្បី​អោយ​មាន​តុល្យភាព​ខាង​អំណាច​ផង និង​អោយ​មាន​ប្រៀប​ជាង​ក្រុម លោក សាយ ឈុំ លោក ទៀ បាញ់ ឬ ក្រុម លោក ស ខេង ផង។ មាន​ដៃ​ជើង​របស់​កូនៗ លោក ហ៊ុន សែន ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ក្រុម​ស្ទាវ​ដៃ​ឆៅ​មិន​តិច​ទេ ដែល​ត្រូវ​​លោក ហ៊ុន សែន ព្រមទាំង​កូន​លោក​ចាត់​ចែង​តែង​តាំង​អោយ​មាន​មុខ​តំណែង​ធំៗ ក្នុង​បក្ស និង​ក្នុង​ជួរ​រដ្ឋាភិបាល។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ធ្លាប់​ថ្លែង​កាល​ពី​ឆ្នាំ​មុន​ថា លោក អូន ព័ន្ធមុន្នីរ័ត្ន និង លោក ហ៊ុន​ ម៉ាណែត ជា​បេក្ខភាព​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី នៅ​ក្នុង​ចំណោម​បេក្ខជន​ដទៃ​ទៀត។ យ៉ាង​នេះ​ក្ដី មាន​តែ​លោក​ហ៊ុន ម៉ាណែត ​មួយ​ប៉ុណ្ណោះ​ដែល​ឡើង​តំណែង​សំខាន់​ក្នុង​បក្ស​ក្លាយ​ជា​ប្រធាន​យុវជន​គណៈ​មជ្ឈិម​បក្ស ខណៈ​ដែល​លោក​អូន ​ព័ន្ធមុន្នីរ័ត្ន ត្រឹម​ជា​សមាជិក​អចិន្ត្រៃយ៍​បក្ស​ប៉ុណ្ណោះ។

សរុប​សេចក្ដី​មក ​តំណែង​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​លោក ហ៊ុន សែន ជា​តំណែង​មួយ​ដែល​មាន​តែ​ក្រុម​កាន់​អំណាច​ធំៗ​ក្នុង​បក្ស​ប្រជាជន​ប៉ុណ្ណោះ​ ដែល​អាច​ចូល​រួម​ជជែក​ពិភាក្សា​គិត​គូរគ្នា​បាន។ ប្រការ​ដែល​លោក លោក​ហ៊ុន សែន ប្រកាស​ថា​នឹង​ធ្វើ​នាយក​រដ្ឋ​មន្ត្រី​រហូត​លែង​ចង់​ធ្វើ​នោះ អាច​ជា​សញ្ញា​បញ្ជាក់​ថា​ ស្ថានការណ៍​ទូទៅ រួម​និង​ស្ថានការណ៍​ផ្ទៃ​ក្នុង​បក្ស​ផង នៅ​មិន​ទាន់​អនុញ្ញាត​អោយ​លោក​អាច​ប្រកាស​ជា​ចំហ​នូវ​សមាសភាព​អ្នក​ស្នង​តំណែង ដូច​ដែល​លោក​ចិញ្ចឹម​ចិត្ត​ទុក​នោះ​បាន​នៅ​ឡើយ​ទេ។ បើ​វាយ​តម្លៃ​ថា មិន​ទាន់​មាន​សំឡេង​គាំទ្រ​គ្រប់​គ្រាន់ លើ​បេក្ខភាព​ដែល​លោក​ដៅ​ទុក​នោះ​បាន​នៅ​ឡើយ ជម្រើស​ដែល​ល្អ​បំផុត របស់​លោក​គឺ​នៅ​បន្ត​ក្អោប​អំណាច​ខ្លួន​ឯង​សិន ហើយ​ប្រកាស​ប្រាប់​គេ​ឯង​ថា លោក​នៅ​កាន់​តំណែង​នេះ​រហូត​លោក​លែង​ចង់។

នៅ​ពេល​ដែល​លោក​រិះ​រក​វិធី​ដើម្បី​សម្រេច​គោល​បំណង​ ផ្ទេរ​អំណាច​ទៅ​អោយ​បេក្ខជន​របស់​លោក​ដោយ​សុវត្ថិភាព​បាន​ហើយ លោក​អាច​នឹង​ប្រកាស​ភ្លាម​ថា​លោក​លែង​ចង់​ធ្វើ​នាយក​រដ្ឋមន្ត្រី​ត​ទៅ​ទៀត​ហើយ៕

2 comments:

Anonymous said...

Military dictatorship.

Anonymous said...

Ah Chker Chkuot Hun Sen can say whatever he wanted until Khmer people running out of patience, then he will " Seuch Sess, laughing horse".