ដោយ ខែ សុណង
2021-03-07
(ឆ្វេង) អ្នកវិភាគបញ្ហាសង្គម និងនយោបាយបណ្ឌិត ឡៅ ម៉ុងហៃ និងលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ។
រូប៖ ហ្វេសប៊ុក
ក្រោយពីរបបក្រុងភ្នំពេញរំលាយគណបក្សសង្គ្រោះជាតិ ហើយក្រសោបយកអំណាចផ្តាច់មុខរួចមក របបក្រុងភ្នំពេញចាប់ផ្តើមប្រើគ្រប់គ្រប់វិធីដើម្បីដាក់ទោសទណ្ឌ និងបំបិទសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិថ្លែងថា របបប្រជាធិបតេយ្យសេរីពហុបក្ស គឺប្រជាពលរដ្ឋគ្រប់រូបមិនត្រឹមតែមានសិទ្ធិសេរីភាពប៉ុណ្ណោះទេ ពួកគេថែមទាំងមានកាតព្វកិច្ចទៀតផងក្នុងការចូលរួមកសាងប្រជាធិបតេយ្យឲ្យប្រសើរឡើង និងសហការចូលរួមអភិវឌ្ឍសង្គមជាតិ។ ទោះជាយ៉ាងណា លោក សោកស្តាយដែលរបបក្រុងភ្នំពេញតែងតែបំភិតបំភ័យ វាយប្រហារ និងឃុំឃាំងលើប្រជាពលរដ្ឋដែលមាននិន្នាការប្រឆាំងដោយគ្រាន់តែអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួនដែលមានចែងក្នុងច្បាប់កំពូលរបស់ជាតិ។ លោកបន្តថា នៅពេលដែលសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋកាន់តែរួមតូចបែបនេះ គឺឆ្លុះបញ្ចាំងថាលោក ហ៊ុន សែន កំពុងគ្រប់គ្រងប្រទេសតាមបែបផ្តាច់ការ ដែលធ្វើឲ្យប៉ះពាល់ធំធេងដល់ផលប្រយោជន៍សាធារណៈ៖ «បើរបបលោកនៅតែបំបាត់សំឡេងប្រឆាំងនៅតែគាប់សង្កត់បិទសិទ្ធិសេរីភាពប្រជាពលរដ្ឋ គឺប្រទេសលោកខាងលិច ប្រទេសសេរីហ្នឹងគេដាក់ទណ្ឌកម្មធ្វើឲ្យប្រទេសកម្ពុជាជួបផលវិបាកផ្នែកសេដ្ឋកិច្ច ហើយមួយទៀតការបំបិទ្ធិសេរីភាពនេះ វាក៏ជាការរំលោភរដ្ឋធម្មនុញ្ញដែរ ព្រោះរដ្ឋធម្មនុញ្ញផ្តល់សិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋខ្មែរ»។
លោក អេង ឆៃអ៊ាង អះអាងថា កត្តាជំរុញឲ្យរបបលោក ហ៊ុន សែន ប្រើគ្រប់វិធីដើម្បីកម្ទេចគណបក្សប្រឆាំង និងបង្ក្រាបលើអ្នកប្រើប្រាស់សិទ្ធិសេរីភាពដោយសន្តិវិធីជាបន្តបន្ទាប់នេះ ព្រោះលោក ហ៊ុន សែន ដឹងថាអំណាចរបស់លោកមិនរឹងមាំ ហើយប្រជាប្រិយភាពរបស់លោកក៏ធ្លាក់ចុះ ដែលនឹងចាញ់ឆ្នោតបាត់បង់អំណាច។ លោកយល់ថា វិធីដែលធ្វើឲ្យរបបលោក ហ៊ុន សែន ប្រគល់សិទ្ធិសេរីភាពជូនប្រជាពលរដ្ឋឡើងវិញ គឺមានតែប្រជាពលរដ្ឋខ្មែរសាមគ្គីគ្នា និងតស៊ូមតិឲ្យសកម្មព្រមគ្នាដូចនៅប្រទេសថៃ និងប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar) ជាដើម៖ «ប៉ុន្តែខ្ញុំមើលឃើញថា អាភាពខ្លាចរបស់ប្រជាពលរដ្ឋហ្នឹង វានឹងដល់ពេលមួយ បើកាលណាការគាប់សង្កត់ ការជិះជាន់ វានៅតែខ្លាំងទៅៗ ប្រជាពលរដ្ឋខ្មែរ នឹងអស់ភាពអត់ធ្មត់ ហើយគាត់ត្រូវតែចេញហើយ ប៉ុន្តែឥឡូវនេះ គឺមានតែយើងទាំងអស់គ្នា យើងរួមគ្នា យើងសាមគ្គីគ្នា ងើបឡើងស្រុះគ្នាទៅយើងនឹងឈ្នះហើយ»។
ស្ត្រីជាភរិយារបស់មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិចូលរួមតវ៉ានៅមុខតុលាការក្រុងភ្នំពេញ ដើម្បីទាមទារឱ្យតុលាការដោះលែងស្វាមីរបស់ខ្លួននាពេលកន្លងមក ប៉ុន្តែតែងតែរងការបង្ក្រាបនិងរារាំង។
ក្រៅពីអ្នកនយោបាយបក្សប្រឆាំងនេះ អ្នកឃ្លាំមើលបញ្ហាសង្គមក៏ពិនិត្យឃើញថា សិទ្ធិអំណាចរបស់ប្រជាពលរដ្ឋកម្ពុជាកាន់តែរួមតូច និងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដែរ។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា របបណាក៏ដោយដែលបង្ក្រាប និងដាក់ទោសទណ្ឌប្រជាពលរដ្ឋមិនឲ្យប្រើប្រាស់ដោយសិទ្ធិសេរីភាពដោយសន្តិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គេអាចនិយាយបានថា របបនោះកំពុងធ្វើសង្គ្រាមប្រឆាំងនឹងប្រជាពលរដ្ឋខ្លួនឯង ដូចតួយ៉ាងនៅប្រទេសភូមាជាដើម។ អ្នកវិភាគចាស់វស្សារូបនេះកត់សម្គាល់ថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកម្ពុជា បានធ្លាក់ចុះដុនដាបធ្ងន់ធ្ងរបន្តិចម្តងៗគួរឲ្យព្រួយបារម្ភបំផុតចាប់តាំងក្រោយសម័យអ៊ុនតាក់ ឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ននេះ៖ «រឿងគោរពច្បាប់ហ្នឹង ក៏ដូចជាធ្វើតែច្បាប់ដើម្បីតែគោលបំណងមួយគឺដើម្បីបង្ក្រាបមិនឲ្យប្រើប្រាស់សិទ្ធិសេរីភាពមានចែងក្នុងរដ្ឋធម្មនុញ្ញហ្នឹង ហើយឃើញថ្មីៗនេះ ស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ។ តែកាលណាយើងរឹតត្បិតសិទ្ធិសេរីភាពកាន់តែច្រើនៗទៅ គឺប្រជាពលរដ្ឋជាពិសេសអ្នកសារព័ត៌មាន មិនអាចយកការពិតទៅផ្សព្វផ្សាយហើយជូនជាព័ត៌មានដល់ថ្នាក់ដឹកនាំទេ ម្លោះហើយយើងបាត់បង់ការពិត ព្រោះកាលណាគ្រប់គ្រងប្រទេសមិនចាប់អារម្មណ៍មិនឲ្យតម្លៃហើយ ការពិតជាមូលដ្ឋានយើងពិបាកហើយវានឹងច្របូកច្របល់ដូចសព្វថ្ងៃ»។
អង្គការជាតិនិងអន្តរជាតិវាយតម្លៃថា លំហសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានធ្លាក់ដាំក្បាលចុះ ចាប់តាំងពីរបបក្រុងភ្នំពេញរំលាយគណបក្សសង្គ្រោះជាតិ ហើយចាប់ប្រធានបក្សនេះគឺលោក កឹម សុខា ដាក់គុកចោទថា ក្បត់ជាតិ។ គិតចាប់ពីដើម ឆ្នាំ២០២០ មកដល់ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធររបបក្រុងភ្នំពេញ បានចាប់ឃុំខ្លួនសកម្មជននយោបាយ សកម្មជនសង្គម ព្រះសង្ឃ និងយុវជន សរុបជិត ៨០នាក់ ហើយដាក់ក្នុងពន្ធគារ ដោយចោទពីបទ' 'រួមគំនិតក្បត់'' ''ញុះញង់'' និងបទ ''ប្រមាថថ្នាក់ដឹកនាំ''។
លោកបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ ហើយតុលាការមានករណីយកិច្ចធានាការពារសិទ្ធិសេរីភាពពលរដ្ឋគ្រប់រូប។ ប៉ុន្តែលោកសោកស្តាយដែលតុលាការមិនឯករាជ្យ និងក្លាយជាឧបករណ៍របស់រដ្ឋាភិបាលក្នុងការបង្ក្រាប គាបសង្កត់ និងដាក់ទោសទណ្ឌប្រជាពលរដ្ឋមិនឲ្យប្រើប្រាស់សិទ្ធិនិងសេរីភាពរបស់ពួកគេទៅវិញ។ លោកជំរុញឲ្យជនជាប់ចោទពីបទញុះញង់ដោយសារការបញ្ចេញមតិដោយសន្តិវិធីកន្លងមក គួរតែប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញអំពីច្បាប់អធម្មនុញ្ញភាព និងតុលាការមិនឯករាជ្យដើម្បីសុំឲ្យដកហូតការចោទប្រកាន់ និងប្រគល់សិទ្ធិសេរីភាពជូនពួកគេឡើងវិញ៖ «អាហ្នឹងស៊ីសងសាមីខ្លួនជនជាប់ចោទហ្នឹង តើយល់ថា គ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិឬក៏ជួបជុំគ្នាឬក៏បោះពុម្ភផ្សាយមួយចំនួន ហ្នឹងវាអត់សមថា ទៅបង្កើតភាពវឹកវរអីផងទេ ហើយយើងមានស្តង់ដារទៅទៀត តើភាពវឹងវរអី ចុះបោះឆ្នោត ឆ្នាំ២០១៣ មើលវិភាគមើលត្រឹមណា ហើយឥឡូវនេះតែពីរបីនាក់ថា បួនដប់នាក់ចុះហើយ តើបង្កើតភាពវឹកវរអីធ្ងន់ធ្ងរស្អី វាទៅរួចទេ? អាហ្នឹងត្រូវតែតតាំងអំពីធម្មនុញ្ញភាពហ្នឹង»។
ទាក់ទងនឹងការលើកឡើងនេះអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន ឆ្លើយតបថា ប្រជាពលរដ្ឋកំពុងតែប្រើប្រាស់សិទ្ធិសេរីភាពយ៉ាងពេញលេញ និងទូលំទូលាយជាងបណ្តាប្រទេសផ្សេងៗនៅលើសកលលោក ប៉ុន្តែលោកមិនបញ្ជាក់ថា ល្អជាងប្រទេសណាខ្លះនោះទេ។ លោកការពារទង្វើរបស់រដ្ឋាភិបាលកន្លងមកថា ជាការអនុវត្តច្បាប់ទៅលើជនដែលបំពានច្បាប់តែប៉ុណ្ណោះ។ លើសពីនេះលោកថែមទាំងចោទក្រុមអ្នកដែលរងគ្រោះពីការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលថា ជាក្រុមអ្នកបំផ្លាញប្រជាធិបតេយ្យទៅវិញ៖ «អ្នកដែលត្រឹមត្រូវគោរពច្បាប់ គឺមិនមានបញ្ហាចំពោះមុខច្បាប់ទេ ដូច្នេះហើយប្រជាជនកម្ពុជារាប់លាននាក់ដែលគេអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនត្រឹមត្រូវតាមច្បាប់ គេពេញចិត្តចំពោះការប្រើប្រាស់សិទ្ធិសេរីភាពនៅកម្ពុជាបច្ចុប្បន្ននេះ។ ឯបុគ្គលមួយចំនួនតូចដែលជាជនល្មើសដែលជាអ្នកប្រព្រឹត្តរំលោភច្បាប់ រំលោភសិទ្ធិអ្នកដទៃ គឺគាត់ប្រឈមមុខចំពោះមុខច្បាប់ហើយគាត់ស្រែកហៅ និងទទូចអញ្ចេះទទូចអញ្ចុះពីគំនាបរដ្ឋាភិបាលដូច្នេះជាការមិនត្រឹមត្រូវទេ។ ទាំងអស់គ្នាត្រូវយល់ថា ច្បាប់និងសិទ្ធិសេរីភាព គឺដើម្បីសង្គមដើម្បីប្រយោជន៍សាធាណៈ»។
ថ្មីៗនេះ អង្គការឃ្លាំមើលសេរីភាពពិភពលោក (Freedom House) បានដាក់ពិន្ទុសេរីភាពនៅកម្ពុជាធ្លាក់ចុះមួយពិន្ទុទៀតនៅឆ្នាំ ២០២១ នេះ ដោយធ្លាក់មកលេខ ២៤ លើ ១០០ពិន្ទុ។ ពិន្ទុ ១០០ មានន័យថា មានសេរីភាពពេញលេញ។ សេរីភាពដែលអង្គការឃ្លាំមើលសេរីភាពពិភពលោកវាយតម្លៃនេះ ផ្តោតជាពិសេសនោះ គឺសំដៅដល់សិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។ បើតាមអង្គការនេះ សិទ្ធិនយោបាយរបស់កម្ពុជាធ្លាក់ចុះខ្លាំងស្ទើតែដល់កម្រិតសូន្យ។ រីឯសិទ្ធិពលរដ្ឋវិញ ក៏ស្ថិតក្នុងភាពរឹតត្បិតដែរ ដែលកម្ពុជាទទួលបានពិន្ទុមិនដល់ពាក់កណ្តាលផងនៃពិន្ទុសិទ្ធិពលរដ្ឋពេញលេញ។ ពិន្ទុសេរីភាពរបស់កម្ពុជានេះ គ្រាន់បើតែជាងប្រទេសកុម្មុយនិស្តឡាវ និងវៀតណាមតែប៉ុណ្ណោះ។
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលព្រួយបារម្ភថា នៅពេលសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋកាន់តែរួមតូច មិនអាចចូលរួមកិច្ចការងារសង្គមដោយទូលំទូលាយបែបនេះ នឹងធ្វើឲ្យមន្ត្រី ឬក្រុមមនុស្ស ដែលជាប់ឆ្នោតកាន់តែមានអំណាចធំធេង និងប្រើអំណាចខុសច្បាប់ដូចជាប្រព្រឹត្តអំពើពុករលួយជាដើម ដែលពិបាកក្នុងការត្រួតពិនិត្យ និងទប់ស្កាត់
1 comment:
Ah Kwack Hun Shit's dictatorship emerged since he got out of his motherfucker "hole".
This monster Hun Sen was born to serve the evil Yuon to make Cambodia a province of the evil Vietnam. And Yuon's plan is almost fully materialized.
Post a Comment