ដោយ មាន ឫទ្ធិ
2021-03-30 rfa
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនថូនី ប្ល៊ីងឃិន (Antony J. Blinken) ថ្លែងក្នុងពេលផ្សព្វផ្សាយរបាយការណ៍ប្រចាំឆ្នាំលើកទី៤៥ ស្តីពីការអនុវត្តសិទ្ធិមនុស្សនៅទូទាំងពិភពលោកក្នុងឆ្នាំ២០២០ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅក្រសួងការបរទេសអាមេរិក។
រូប៖ ហ្វេសប៊ុកក្រសួងការបរទេសអាមេរិក (U.S. Department of State)
ក្រសួងការបរទេសអាមេរិក រកឃើញថា អំពើនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅតែបន្តកើតមាន និងរីករាលដាលក្នុងសង្គមកម្ពុជាដដែល ខណៈរដ្ឋាភិបាលបន្តរំលោភ និងរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋាន និងសិទ្ធិនយោបាយរបស់ពលរដ្ឋ។ ការរកឃើញនេះ ត្រូវក្រសួងការបរទេសអាមេរិក លើកឡើងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំលើកទី៤៥ របស់ខ្លួន ស្តីពីការអនុវត្តសិទ្ធិមនុស្សនៅទូទាំងពិភពលោក សម្រាប់ឆ្នាំ២០២០ ទើបនឹងចេញផ្សាយកាលពីថ្ងៃទី៣០ ខែមីនា។
ស្រដៀងគ្នាទៅនឹងលើកមុនៗដែរ ក្រសួងការបរទេសអាមេរិកនៅតែប្រកាន់ជំហរថា មានរបាយការណ៍គួរឲ្យជឿទុកចិត្តបាន ដែលថាមន្ត្រីក្នុងជួររដ្ឋាភិបាល ក្នុងនោះរួមមានទាំងមន្ត្រីនគរបាលផង បានប្រព្រឹត្តិនូវអំពើរំលោភបំពាននានាដោយមិនជាប់ទោសពៃរ៍ ហើយករណីភាគច្រើន រដ្ឋាភិបាលពុំបានចាត់វិធានការទាល់តែសោះ។
ក្រសួងការបរទេសអាមេរិក រកឃើញថា ក្នុងឆ្នាំ២០២០ កន្លងទៅ មានករណីរំលោភបំពានសិទ្ធិមនុស្សគួរឲ្យកត់សម្គាល់ ដែលប្រព្រឹត្តិដោយរដ្ឋាភិបាល ពាក់ព័ន្ធទៅនឹងករណីធ្វើទារុណកម្ម ការដាក់ទោសទណ្ឌ ការឃុំឃាំងមនុស្សតាមទំនើងចិត្ត និងការប្រព្រឹត្តិប្រឆាំងនឹងអ្នកទោសនយោបាយ ជាដើម។ កម្ពុជានៅតែគ្មានប្រព័ន្ធតុលាការឯករាជ្យ មានការជ្រៀតជ្រែកតាមទំនើងចិត្តទៅលើជីវិតឯកជនរបស់ពលរដ្ឋ តាមរយៈការឈ្លបយកការណ៍ពីការប្រាស្រ័យទាក់ទងតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងមានការរឹតត្បិតយ៉ាងធ្ងន់ធ្ងរទៅលើសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសេរីភាពនៅលើអ៊ីនធឺណិត ជាដើម។ រីឯ សិទ្ធិនយោបាយវិញ ក៏ត្រូវរដ្ឋាភិបាលរឹតត្បិតយ៉ាងខ្លាំង ផងដែរ។ ក្រសួងការបរទេសអាមេរិក រកឃើញថា រដ្ឋាភិបាលកាត់បន្ថយសមត្ថភាពរបស់ពលរដ្ឋក្នុងការផ្លាស់ប្ដូររដ្ឋាភិបាលដោយសន្តិវិធីតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ទន្ទឹមនឹងនោះ អំពើពុករលួយក៏កំពុងរីករាលដាល ជាពិសេសក្នុងប្រព័ន្ធតុលាការតែម្តង។
របាយការណ៍បានកត់សម្គាល់ថា យ៉ាងហោចណាស់ក៏មានមួយករណី ដែលរដ្ឋាភិបាល ឬភ្នាក់ងាររបស់រដ្ឋាភិបាល បានប្រព្រឹត្តិអំពើសម្លាប់មនុស្សក្រៅច្បាប់ ឬតាមទំនើងចិត្ត។ នោះគឺករណីលោក ទុយ ស្រស់ ជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋ ៥នាក់ដែលត្រូវបានចាប់ខ្លួនក្នុងរឿងទំនាស់ដីធ្លីនៅខេត្តបន្ទាយមានជ័យ ហើយដែលលោកបានស្លាប់ក្នុងពេលឃុំឃាំង កាលពីខែមករា ឆ្នាំ២០២០។ ក្រៅពីនោះ របាយការណ៍ក៏បានលើកឡើងពីករណីដែលមន្ត្រីយោធា និងនគរបាល បានបំពានលើរាងកាយ និងផ្លូវចិត្ត ព្រមទាំងវាយដំធ្ងន់ធ្ងរលើអ្នកជាប់ឃុំពីបទឧក្រិដ្ឋ ជាពិសេសក្នុងពេលសួរចម្លើយ។ ចំណែកករណីចាប់ខ្លួនមនុស្សតាមទំនើងចិត្តវិញ ក្រសួងការបរទេសអាមេរិកថា គិតត្រឹមខែកក្កដា ឆ្នាំ២០២០ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បានកត់ត្រាថា មានករណីចាប់ខ្លួនមនុស្សតាមទំនើងចិត្ត ចំនួន ១៦ករណី ខណៈករណីជាក់ស្តែងអាចមានលើសពីនេះ ដោយសារតែជនរងគ្រោះភាគច្រើនរស់នៅតំបន់ជនបទ ហើយពួកគេពុំបានដាក់ពាក្យប្តឹង។
ក្រសួងការបរទេសអាមេរិក រកឃើញថា គិតត្រឹមខែសីហា ឆ្នាំ២០២០ អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បានប៉ាន់ស្មានថា យ៉ាងហោចណាស់មានអ្នកទោសនយោបាយ ៤០នាក់ ក្នុងនោះ ២៣នាក់ជាមន្ត្រី ឬក៏ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ អ្នកគាំទ្រ និងសកម្មជនគណបក្សនេះ សរុបជាង ៨០នាក់ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៩ កន្លងទៅ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំវិញ ក៏ប៉ុន្តែបទចោទប្រឆាំងនឹងពួកគេមិនត្រូវបានទម្លាក់ចោលនោះទេ ខណៈពួកគេទាំងនោះអាចប្រឈមនឹងការចាប់ខ្លួនវិញគ្រប់ពេល។
ពាក់ព័ន្ធនឹងការវាយតម្លៃចុងក្រោយរបស់ក្រសួងការបរទេសអាមេរិក អំពីការបន្តធ្លាក់ចុះដុនដាបនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជានេះ អាស៊ីសេរី មិនទាន់អាចសុំប្រតិកម្មពីអ្នកនាំពាក្យរដ្ឋាភិបាល និងគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនៅឡើយទេ គិតត្រឹមយប់ថ្ងៃទី៣០ ខែមីនា។ ក៏ប៉ុន្តែ កន្លងទៅ ទាំងមន្ត្រីរដ្ឋាភិបាល និងទាំងមន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល តែងច្រានចោលការរកឃើញនានាអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។ ជាជាងបើកការស្រាវជ្រាវ ពួកគេតែងហៅរបាយការណ៍ទាំងនោះ ថា ជារបាយការណ៍ដែលមានចរិតនយោបាយ មិនឆ្លុះបញ្ចាំងពីការពិត ដោយពិនិត្យមើលតែមួយជ្រុង ខ្វះអង្គហេតុ ឬអង្គច្បាប់ ឬក៏យកអំណះអំណាងថា អ្វីដែលបានកើតមាននៅកម្ពុជា គឺជាការ «អនុវត្តច្បាប់» ដើម្បីរក្សា «សន្តិភាព» ឬ «សណ្ដាប់ធ្នាប់សាធារណៈ ឬសន្តិសុខជាតិ» ជាដើម។
យ៉ាងណា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនថូនី ប្ល៊ីងឃិន (Antony J. Blinken) ថ្លែងក្នុងពេលផ្សព្វផ្សាយរបាយការណ៍ថា សហរដ្ឋអាមេរិក នឹងប្រើប្រាស់នូវឧបករណ៍ទាំងអស់ដែលខ្លួនមាន ដើម្បីការពារសិទ្ធិមនុស្ស និងតម្រូវឲ្យអ្នកប្រព្រឹត្តិអំពើរំលោភសិទ្ធិមនុស្សទទួលខុសត្រូវ៖ «លោកប្រធានាធិបតី បៃឌិន (Baiden) បានប្តេជ្ញាចិត្តយកបញ្ហាសិទ្ធិមនុស្សធ្វើជាចំណុចស្នូលនៃគោលនយោបាយការបរទេសរបស់អាមេរិក។ នេះក៏គឺជាការប្តេជ្ញាចិត្ត ដែលខ្ញុំ និងក្រសួងការបរទេសទាំងមូល យកចិត្តទុកដាក់ខ្ពស់បំផុត។ យើងនឹងប្រើប្រាស់នូវឧបករណ៍ទាំងអស់ដែលយើងមាននៅក្នុងការងារការទូតរបស់យើង ដើម្បីការពារសិទ្ធិមនុស្ស និងដើម្បីឲ្យមានការទទួលខុសត្រូវចំពោះជនដែលប្រព្រឹត្តិអំពើរំលោភសិទ្ធិមនុស្ស។ របាយការណ៍ដែលយើងចេញផ្សាយនៅថ្ងៃនេះ គឺគ្រាន់តែជាផ្នែកមួយនៃកិច្ចការងារទាំងនេះ។ គោលការណ៍មួយនៃសិទ្ធិមនុស្ស គឺថា វាមានតម្លៃជាសាកល។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការគោរពសិទ្ធិមនុស្សទាំងនេះ មិនថា ពួកគេកើតនៅទីណា ជឿលើអ្វី ស្រលាញ់អ្នកណា ឬមានចរិតលក្ខណៈដទៃទៀត យ៉ាងណានោះទេ»។
លោក អេនថូនី ប្ល៊ីនឃិន បន្តថា របាយការណ៍ប្រចាំឆ្នាំ២០២០នេះ ឆ្លុះបញ្ចាំងពីការពិត និងបញ្ហាប្រឈមជាក់លាក់ដែលបណ្ដាប្រទេសនានាត្រូវតែដោះស្រាយ ខណៈវីរុសកូវីដ១៩ កំពុងតែរីករាលដាលពាសពេញពិភពលោក។ លោកថា រដ្ឋាភិបាលមួយចំនួនបានប្រើប្រាស់វិបត្តិនេះ ធ្វើជាលេសក្នុងការរឹតត្បិតសិទ្ធិ និងពង្រឹងអំណាចផ្ដាច់ការរបស់ពួកគេ។ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ គូសបញ្ជាក់ថា សិទ្ធិមនុស្សគឺជាកាតព្វកិច្ចពាក់ព័ន្ធគ្នាជារួម និងថា ការដកហូតសិទ្ធិណាមួយ អាចបណ្ដាលឲ្យសង្គមទាំងមូលរងនូវការប៉ះពាល់ ឬខូចខាត។ លោកសង្កត់ធ្ងន់ថា អំពើរំលោភសិទ្ធិមនុស្សដែលកំពុងតែកើតមានឡើងទាំងនេះ បង្កឲ្យមានផលខូចខាតមិនអាចរៀបរាប់បាន ពោលគឺហួសពីព្រំដែនជាក់លាក់របស់ប្រទេសនីមួយៗទៅទៀត។ លោកព្រមានថា អំពើរំលោភសិទ្ធិមនុស្សនៅកន្លែងណាមួយ ដែលគ្មានការត្រួតពិនិត្យ អាចរួមចំណែកនាំឲ្យកើតមានអំពើនិទ្ទណ្ឌភាពនៅគ្រប់ទីកន្លែងបាន។
ការរកឃើញរបស់ក្រសួងការបរទេសអាមេរិក អំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជានេះ មិនខុសគ្នាពីការរកឃើញរបស់គណៈកម្មការអឺរ៉ុប មុននឹងឈានទៅសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% កាលពីពេលកន្លងទៅ ដែលថា មានការរំលោភសិទ្ធិមនុស្ស «ធ្ងន់ធ្ងរជាប្រព័ន្ធ» នៅកម្ពុជា៕
1 comment:
Impunity is a part of the Law of Kdor Ah Hun Sen.
This impunity will be vanished when Ah Kwack Hun Sen goes to hell later this year.
Post a Comment