ដោយ ម៉ៅ សុធានី
2021-03-30
សកម្មជននយោបាយថៃលោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit) ដែលត្រូវបានគេអះអាងថា មានលិខិតឆ្លងដែនខ្មែរ។
រូប៖ hrw
បងស្រីរបស់សកម្មជនថៃលោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ (Wanchalerm Satsaksit)គឺលោកស្រី ស៊ីតាណាន់ សាត់ស័ក្ដិសិទ្ធិ (Sitanun Satsaksit) បានដាក់ភ័ស្តុតាងថ្មីទៅមន្រ្តីថៃ ដែលមានទាំងលិខិតឆ្លងដែនខ្មែររបស់លោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ ផង។ នេះបើតាមការចុះផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA កាលពីថ្ងៃទី៣០ ខែមីនា។
ប្រភពដដែលបញ្ជាក់ថា លិខិតឆ្លងដែនខ្មែររបស់សកម្មជនថៃរូបនោះ ធ្វើនៅខែសីហា ឆ្នាំ២០១៥ និងមានសុពលភាពរហូតដល់ឆ្នាំ២០២៥។ លោកស្រី ស៊ីតាណាន់ សាតស័ក្ដិសិទ្ធិ ថាលិខិតឆ្លងដែននេះ គឺជាតឹកតាងមួយបញ្ជាក់ថា ប្អូនប្រុសលោកស្រី ពិតជារស់នៅកម្ពុជាមុនបាត់ខ្លួនមែន គឺមិនដូចការអះអាងរបស់មន្រ្តីខ្មែរ ដែលថាលោក វ៉ាន់ឆាឡឺម សាតស័ក្ដិសិទ្ធិ មិនដែលរស់នៅស្រុកខ្មែរនោះទេ។
លិខិតឆ្លងដែនខ្មែរដែលមានរូបថតលោក វ៉ាន់ឆាឡឺម ប៉ុន្តែដាក់ឈ្មោះជាភាសាខ្មែរថា សុខ ហេង ភេទប្រុស កើតនៅឆ្នាំ១៩៨២ នៅខេត្តកោះកុង។
បងស្រីរបស់លោក វ៉ាន់ឆាឡឺម គឺលោកស្រី ស៊ីតាណាន់ បន្តថា លោកវ៉ាន់ឆាឡឺម បានប្រើលិខិតឆ្លងដែនខ្មែរនេះ ធ្វើដំណើរទៅប្រទេសចិន ជប៉ុន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម អារ៉ាប់រួម (United Arab Emirates) កេនយ៉ា និងយូហ្កេនដា (Uganda)។ លោកស្រីបានស្នើឲ្យរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ បើកការស៊ើបអង្កេតបន្ទាន់មួយ ដើម្បីស្វែងរកប្អូនប្រុសលោកស្រី។
លោក វ៉ាន់ឆាឡឺម សាត់ឥស័ក្តិសិទ្ធ មានវ័យ ៣៧ឆ្នាំ ត្រូវបានជនប្រដាប់អាវុធមួយក្រុមចាប់ពង្រត់ កាលពីថ្ងៃទី៤ ខែមិថុនា ក្នុងពេលដែលលោកកំពុងដើរតាមផ្លូវទៅទិញម្ហូបអាហារនៅមុខខន់ដូរបស់លោកឈ្មោះ មេគ្គងហ្កាដិន (Mekong Garden) នៅក្នុងទីក្រុងភ្នំពេញ។ អ្នករិះគន់រដ្ឋាភិបាលថៃរូបនេះ បានរត់គេចចេញពីប្រទេសកំណើតរបស់ខ្លួន បន្ទាប់ពីរដ្ឋប្រហារយោធា ឆ្នាំ២០១៤ និងបានរស់នៅនិរទេសខ្លួនក្នុងប្រទេសកម្ពុជា ហើយលោកនៅតែបន្តរិះគន់រដ្ឋាភិបាលថៃនៅលើទំព័របណ្ដាញសង្គមរបស់គាត់។ កន្លងទៅអាជ្ញាធរថៃបានបដិសេធថា ពួកគេមិនមានជាប់ពាក់ព័ន្ធនឹងការបាត់ខ្លួនសកម្មជននយោបាយថៃនេះទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេថា កម្ពុជាមិនបានចេញលិខិតឆ្លងដែនខ្មែរឱ្យលោក វ៉ាន់ឆាឡឺម សាត់ឥស័ក្តិសិទ្ធ នោះទេ៕
No comments:
Post a Comment