Thursday, 1 April 2021

របប​ក្រុង​ភ្នំពេញ​តប​នឹង​របាយការណ៍​ក្រសួង​ការ​បរទេស​អាមេរិក​ថា កម្ពុជា​គ្មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ឡើយ


ដោយ សុជីវី
2021-03-31
របប​ក្រុង​ភ្នំពេញ​តប​នឹង​របាយការណ៍​ក្រសួង​ការ​បរទេស​អាមេរិក​ថា កម្ពុជា​គ្មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ឡើយ 

រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក លោក អេនថូនី ប្ល៊ីងឃិន (Antony J. Blinken) ថ្លែង​ក្នុង​ពេល​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​លើក​ទី៤៥ ស្ដីពី​ការអនុវត្ត​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ២០២០ កាលពី​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០២១ នៅ​ក្រសួង​ការបរទេស​អាមេរិក។
រូប៖ Twitter Secretary Antony Blinken


 

មន្ត្រី​គណបក្ស​កាន់​អំណាច និង​រដ្ឋាភិបាល​នៅ​តែ​អះអាង​ថា ប្រទេស​កម្ពុជា​គ្មាន​ការ​រំលោភ​សិទ្ធិមនុស្ស និង​គ្មាន​អំពើ​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ដូច​ការ​លើក​ឡើង​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​ឡើយ។ ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថា របាយការណ៍​របស់​អាមេរិក​​​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​កម្ពុជា។

តំណាង​គណបក្ស​កាន់អំណាច​ខក​ចិត្ត​នឹង​របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដោយ​ចាត់​ទុក​ថា ​នោះ​ជា​ការ​មើល​ឃើញ​តែ​មួយ​ជ្រុង​តូច​ ហើយ​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​កម្ពុជា​ឡើយ។

​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ លោក​ សុខ ឥសាន​ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​មីនា​ថា​ រដ្ឋាភិបាល​កម្ពុជា​​​តែង​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​សេចក្ដី​សុខ​របស់​ប្រជាពលរដ្ឋ​​​ជា​ធំ​ ​និង​​បើក​ទូលាយ​សិទ្ធិ​សេរីភាព​​គ្រប់បែប​យ៉ាង​ដល់​ពលរដ្ឋ​ទៀត​ផង​។​បន្ថែម​ពី​នេះ លោក​ថា ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​កំពុង​​រស់​នៅ​ប្រកប​ដោយ​សេចក្ដី​សុខ​សប្បាយ។​​


មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច​រូប​នេះ បញ្ជាក់​ថា ​ការ​ចាប់​​​មនុស្ស​ដាក់​ពន្ធនាគារ​​ជា​បន្ត​បន្ទាប់​មក​នោះ​ គឺ​ពុំ​មែន​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នោះ​ទេ ប៉ុន្តែ​លោក​ថា ​គឺ​ដោយសារ​ពួកគេ​បាន​ប្រព្រឹត្ត​​ខុស​ច្បាប់៖ «ខ្ញុំ​យល់​ថា​ អាការ​ចោទ​ប្រកាន់​ហ្នឹង​មិន​មែន​ទើប​តែ​មាន​ក្នុង​ឆ្នាំ​២០២១​ហ្នឹង​ទេ​ ចោទ​ប្រកាន់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ មក​ម៉្លេះ​ ពីព្រោះ​គេ​មិន​ពេញ​នឹង​ការ​ដឹក​នាំ​កាន់​អំណាច​របស់​គណបក្ស​ប្រជាជន​ដែល​គេ​តែង​តែ​ចោទ​ថា​ជា​បក្ស​កុម្មុយនិស្ត អា​ហ្នឹង​រឿង​តែ​ប៉ុណ្ណឹង​ទេ​។​អីចឹង​ការ​ចោទ​ប្រកាន់​នេះ​វា​លំអៀង​ទៅ​តាម​និន្នាការ​នយោបាយ​ផង ហើយ​និន្នាការ​មនោគមន៍​វិជ្ជា​​លើ​ពិភព​លោក​ផង។ ដូច្នេះ អា​ហ្នឹង​វា​អីចឹង​ ប្រើ​ច្បាប់​​គេ​ថា​យើង​យក​ច្បាប់​ដើម្បី​ធ្វើ​ជា​លេស​​គាបសង្កត់​ប្រជាពលរដ្ឋ»។

ដូច​គ្នា​នេះ​ដែរ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ថា បញ្ហា​សិទ្ធិមនុស្ស​នេះ ​គ្មាន​ប្រទេស​ណា​មួយ​អនុវត្ត​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ដោយសារ​តែ​បរិបទ​ខុសគ្នា ហើយ​លោក​ថា សូម្បីតែ​អាមេរិក​ខ្លួន​ឯង ក៏​មាន​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​ដែរ។ លោក​ ចាត់​ទុក​របាយការណ៍​របស់​អាមេរិក​នេះ​ថា ​គ្មាន​មូលដ្ឋាន​បច្ចេកទេស​សិទ្ធិមនុស្ស ​ហើយ​ធ្វើ​ឡើង ដើម្បី​កេង​ចំណេញ​នយោបាយ​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។

ប្រតិកម្ម​របស់​មន្ត្រី​របប​ក្រុង​ភ្នំពេញ​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ក្រសួង​ការបរទេស​អាមេរិក បាន​រក​ឃើញ​ថា ក្នុង​ឆ្នាំ២០២០ កន្លងទៅ មាន​ករណី​រំលោភបំពាន​សិទ្ធិ​មនុស្ស​គួរ​ឲ្យ​កត់​សម្គាល់​នៅ​កម្ពុជា។ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ធ្វើ​ទារុណកម្ម ដាក់​ទោស​ទណ្ឌ ការ​ឃុំឃាំង​មនុស្ស​តាម​ទំនើងចិត្ត និង​ការ​ប្រព្រឹត្ត​ប្រឆាំង​នឹង​អ្នកទោស​នយោបាយ​ជា​ដើម។ ក្រសួង​ការ​បរទេស​អាមេរិក​រក​ឃើញ​ទៀត​ថា កម្ពុជា​នៅតែ​គ្មាន​ប្រព័ន្ធ​តុលាការ​ឯករាជ្យ មាន​ការ​ជ្រៀត​ជ្រែក​តាម​ទំនើងចិត្ត​ទៅលើ​ជីវិត​ឯកជន​របស់​ពលរដ្ឋ តាម​រយៈ​ការ​ឈ្លប​យក​ការណ៍​ពី​ការ​ប្រាស្រ័យ​ទាក់ទង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ព្រម​ទាំង​មាន​ការ​រឹតត្បិត​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៅ​លើ​អ៊ីនធឺណិត​ជា​ដើម។ រីឯ សិទ្ធិ​នយោបាយ​វិញ ក៏​ត្រូវ​រដ្ឋាភិបាល​រឹតត្បិត​យ៉ាង​ខ្លាំង ផង​ដែរ។ ក្រសួង​ការ​បរទេស​អាមេរិក​រក​ឃើញ​ថា រដ្ឋាភិបាល​បាន​​កាត់បន្ថយ​សមត្ថភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ដោយ​សន្តិវិធី​តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ទន្ទឹម​នឹង​នោះ អំពើពុករលួយ​ក៏​កំពុង​រីក​រាលដាល ជាពិសេស​ក្នុង​ប្រព័ន្ធ​តុលាការ​តែ​ម្ដង។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា ឯកភាព​ចំពោះ​របាយការណ៍​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​នេះ។ លោក​ថា របាយការណ៍​នេះ​បាន​ឆ្លុះ​បញ្ចាំ​ការ​ពិត​នៅ​កម្ពុជា ហើយ​ក៏​ដូចគ្នា​ទៅ​នឹង​អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​បាន​ចេញ​របាយការណ៍​ជា​បន្ត​បន្ទាប់​នោះ​ផង​ដែរ។មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​យល់​ថា រឿង​នេះ​រដ្ឋាភិបាល​គួរតែ​​ទទួល​យក​ការ​រិះគន់​របស់​អាមេរិក យក​មក​កែ​សម្រួល​ឱ្យ​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​កុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​បន្ថែម​មក​លើ​កម្ពុជា៖ «ការ​អនុវត្ត​រំលោភ​លើ​គោលការណ៍​សិទ្ធិមនុស្ស​មួយ​ចំនួន​ពី​សំណាក់​រដ្ឋាភិបាល និង​ស្ថាប័ន​អ្នក​កាន់​អំណាច​ហ្នឹង រដ្ឋាភិបាល​តែង​តែ​បដិសេធ​គ្រប់​ពេល​វេលា។ រដ្ឋាភិបាល​យើង​បច្ចុប្បន្ន​នេះ​ជា​ទូទៅ​គាត់​តែង​និយាយ ដើម្បី​ការពារ​នូវ​អ្វី​ដែល​ជា​ទង្វើ​របស់​សមត្ថកិច្ច ក៏​ដូច​ជា​របស់​អាជ្ញាធរ​រដ្ឋ​ហ្នឹង​ហើយ។ អីចឹង​ហើយ​បាន​ជា​យើង​ចង់​និយាយ​ថា អ្វី​ដែល​ការ​និយាយ ដើម្បី​គ្រាន់​តែ​ការ​ពារ​ឱ្យ​មាន​លក្ខណៈ​ការពារ​ហើយ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​អា​ហ្នឹង​ជា​រឿង​គ្រោះ​ថ្នាក់​ដល់​សង្គម​យើង​ទៅ​វិញ​ទេ»។
Ny_Sokha.jpg

លោក នី សុខា ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc)។ រូប៖ ADHOC

 

ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​នេះ មិន​មែន​ទើប​តែ​ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​នោះ​ទេ។ ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ហើយ​និង​សហភាព​អឺរ៉ុប សុទ្ធ​តែ​​បាន​រក​ឃើញ និង​ចេញផ្សាយ​ជា​បន្តបន្ទាប់​អំពី​របាយការណ៍​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ទាំងនោះ។ ដោយសារ​តែ​ករណី​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ​បែប​នេះ​ហើយ ទើប​សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​ជា​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% ពី​កម្ពុជា និង​មាន​ការ​ស្នើ​ឱ្យ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ក្រុម​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ចំពោះ​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​​ជ្រុល​ហួសហេតុ​របស់​ពួក​គេ។

មន្ត្រី​សិទ្ធិមនុស្ស​លោក នី សុខា ជឿ​ថា ការ​រឹង​ទទឹង​របស់​រដ្ឋាភិបាល​ខ្មែរ​នេះ នឹង​មិន​ផ្ដល់​ផល​ប្រយោជន៍​អ្វី​ដល់​សង្គម​ជាតិ​ឡើយ​ ផ្ទុយ​ទៅ​វិញ នឹង​ធ្វើ​កម្ពុជា​កាន់​តែ​មាន​ឈ្មោះ​អាក្រក់ ហើយ​សហគមន៍​អន្តរជាតិ​អាច​នឹង​ដាក់​ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​មក​លើ​កម្ពុជា​បន្ថែម​ទៀត រួម​ទាំង​ទណ្ឌកម្ម​ជា​លក្ខណៈ​បុគ្គល​ផង​ដែរ៕

1 comment:

Anonymous said...

In Cambodia there was no human right abuse, but there was only killing human life.

In addition if there was traffic accident, there was no injured human, but there was only backing up the car to kill the injured human.

Therefore, the EU must give back the EBA privilege to Cambodia, according to Ah Kantorb Sok Ey San aka Nguyen Van Shit.