ដោយ ម៉ៅ សុធានី
2021-03-30
(ឆ្វេង) លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ (កណ្ដាល) លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី
រូប៖ RFA ហ្វេសប៊ុកលោក ហ៊ុន សែន និងនាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អះអាងថា អាជ្ញាធរនៅក្នុងប្រទេសបារាំងអាចនឹងចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ហ៊ីង ប៊ុនហៀង ភ្លាមនៅពេលណា ដែលអ្នកទាំង២ជាន់ទឹកដីបារាំង។
លោកសម រង្ស៊ី អះអាងថា លោក ដែលជាជនរងគ្រោះម្នាក់នៃហេតុការណ៍គប់គ្រាប់បែកចូលក្នុងក្រុមបាតុករ កាលពី ២៤ឆ្នាំមុននោះ បានដាក់បណ្ដឹងរឿងនេះទៅតុលាការក្នុងប្រទេសបារាំង ហើយតុលាការបានស៊ើបអង្កេត និងសន្និដ្ឋានថា លោក ហ៊ុន សែន និងលោក ហ៊ីង ប៊ុនហៀង ជាប់ពាក់ព័ន្ធការរៀបចំបង្កើតហេតុការណ៍នៅថ្ងៃទី៣០ មីនា ឆ្នាំ១៩៩៧។ តែទោះជាយ៉ាងណាក្ដី លោក សម រង្ស៊ី មិនបានបញ្ជាក់អោយច្បាស់ទេថា នោះគ្រាន់តែលទ្ធផលស៊ើបអង្កេត ឬតុលាការប្រទេសបារាំងបានចេញដីកាជាស្រេច ដែលអាចអោយអាជ្ញាធរប្រទេសបារាំងឈានទៅឃាត់ខ្លួនមេដឹកនាំរបបក្រុងភ្នំពេញ និងមន្ត្រីជំនិតរបស់លោកនោះឡើយ៖ «ហើយខ្ញុំទន្ទឹមនឹងសញ្ជាតិខ្មែរ ខ្ញុំក៏មានសញ្ជាតិបារាំងដែរ អ៊ីចឹងតុលាការបារាំងត្រូវតែចាត់ការ។ ឥឡូវហ្នឹងឃើញថា ហ៊ីង ប៊ុនហៀង ពាក់ព័ន្ធមែន ហ៊ុន សែន ហ្នឹង គឺនៅពីក្រោយហ្នឹង។ បើសិន ហ៊ុន សែន និងហ៊ីង ប៊ុនហៀង ហ្នឹងហ៊ានតែមកស្រុកបារាំង គឺខ្នោះ។ បើកុំតែខ្ញុំបានធ្វើការងារជាច្រើនប៉ុន្មានថ្ងៃ ប៉ុន្មានខែ ប៉ុន្មានឆ្នាំចុងក្រោយនេះ បានខ្ញុំសន្និដ្ឋានអម្បាញ់មិញនេះ សូមឱ្យ ហ៊ុនសែន និងហ៊ីង ប៊ុនហៀង យកសម្ដីខ្ញុំ ហើយបើសឿងធ្វើតាមអ្វី ដែលខ្ញុំជំរុញឱ្យគាត់ធ្វើទៅ ហ៊ានទេ? ហ៊ានមកស្រុកបារាំងទេ? ហ៊ីង ប៊ុនហៀង ហ៊ានមកស្រុកបារាំងពេលណាខ្នោះពេលហ្នុង។ ហ៊ុន សែន មកស្រុកបារាំងពេលណាខ្នោះពេលហ្នុង»។
អាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាល និងពីមេបញ្ជាការកងអង្គរក្ស លោក ហ៊ីង ប៊ុនហៀង បាននៅឡើយទេនៅយប់ថ្ងៃទី៣០ ខែមីនា។
ជាមួយគ្នានេះលោក សម រង្ស៊ី ក៏មានគម្រោងថា នឹងប្រើប្រាស់មធ្យោបាយតាមផ្លូវច្បាប់អន្តរជាតិផ្សេងទៀត ពិសេសគឺតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ធ្វើយ៉ាងណារកយុត្តិធម៌សម្រាប់ជនរងគ្រោះ និងកៀរគរការគាំទ្រពីប្រទេសលោកសេរី ដើម្បីអោយមានអន្តរាគមន៍ដាក់ទណ្ឌកម្មទៅបន្ថែមទៀតលើបុគ្គល ដែលពាក់ព័ន្ធនឹងរៀងនេះ។
របាយការណ៍ស៊ើបអង្កេតរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់អាមេរិក (FBI) បញ្ជាក់ថា លោក ហ៊ីង ប៊ុនហៀង និងលោក ហ៊ុយ ពិសិដ្ឋ ដែលកាលនោះជាប្រធាន និងអនុប្រធានក្រុមកងអង្គរក្ស លោក ហ៊ុន សែន ជាអ្នករៀបចំ និងបញ្ជាផ្ទាល់ការគប់គ្រាប់បែកលើអ្នកតវ៉ាអហិង្សា បណ្ដាលឱ្យមានអ្នកស្លាប់មិនតិចជាង ១៦នាក់ និងអ្នករបួសជាង ១០០នាក់។ កាលពីឆ្នាំ២០១៨ រតនាគារអាមេរិកបានសម្រេចដាក់ទណ្ឌកម្ម បង្កកទ្រព្យសម្បត្តិ និងមិនឱ្យឧត្ដមសេនីយ៍ ដែលគេរកឃើញថាបានរំលោភសិទ្ធិមនុស្សរូបនេះបានជាន់ទឹកដីអាមេរិកឡើយ៕
1 comment:
Ah Hing Bun Heang looks like Hing.
Post a Comment