Friday, 2 April 2021

ស្ថាប័ន​អន្តរជាតិ​រក​ឃើញ​កម្ពុជា​បាត់បង់​ព្រៃ​ការពារ​ជាង ៥​សែន​ហិកតារ


ដោយ ម៉ៅ សុធានី
2021-04-01
ស្ថាប័ន​អន្តរជាតិ​រក​ឃើញ​កម្ពុជា​បាត់បង់​ព្រៃ​ការពារ​ជាង ៥​សែន​ហិកតារ 

ទិដ្ឋភាព​រោងអារឈើ​របស់​ក្រុមហ៊ុន​អង្គរ​ប្លាយវូដ (Angkor Plywood ) និង​ក្រុមហ៊ុន​ស៊ីងបាយអូថេក (Think Biotech (Cambodia) Co., Ltd ) នៅ​តំបន់​ព្រៃឡង់។
Photo courtesy of Global Initiative


អង្គការ​គំនិត​ផ្ដួចផ្ដើម​សាកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ ថ្មី​មួយ​រកឃើញ​ថា កម្ពុជា​បាត់បង់​គម្រប​ដើមឈើ​ក្នុង​តំបន់ការពារធម្មជាតិ​ជាង ៥​សែន​ហិកតារ ( ៥៥៧.០០០) ឬ​ស្មើនឹង​ជិត ១២% (១១,៧%) ក្នុង​ចន្លោះ​ឆ្នាំ២០០១ ដល់​ឆ្នាំ២០១៨​។ អង្គការ​នេះ​ថា ការ​ថយចុះ​ទំហំ​ព្រៃឈើ​នេះ បង្ក​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច ជនជាតិ​ដើម​ភាគតិច​ដែល​ពឹង​ផ្អែកលើ​ការ​ប្រមូល​អនុផល​ព្រៃឈើ។

អង្គការ​គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland ) រកឃើញ​ថា ដើមឈើ​រាប់ពាន់​ដើម​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ដោយ​ខុសច្បាប់ ក្នុង​ដែនជម្រកសត្វព្រៃ​ឡង់ និង​ដែនជម្រកសត្វព្រៃ​ព្រះ​រកា ក្នុង​ខេត្តព្រះវិហារ ដើម្បី​កែច្នៃ​សម្រាប់​នាំចេញ​លក់​នៅ​ក្រៅ​ប្រទេស។


របាយការណ៍​កម្រាស់ ៤៣ទំព័រ ដែល​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន (២៦ មីនា​) បង្ហាញថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា មាន​អត្រា​ខ្ពស់​បំផុត ក្នុង​រយៈពេល​ជិត ១ទសវត្ស​ចុងក្រោយ​នេះ​។ អង្គការ​នេះ រកឃើញ​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នេះ គឺ​ដោយសារ​រដ្ឋាភិបាល វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ​ក្រុមហ៊ុន​ឯកជន ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច និង​គម្រោង​ស្ដារ​ព្រៃឈើ​ឡើងវិញ​។ លើស​ពី​នេះ​ទៀត សកម្មភាព​កាប់​ឈើ​ខុសច្បាប់ ត្រូវ​បាន​ដឹកជញ្ជូន​ដោយ​សម្ងាត់ ចូល​រោង​អារឈើ​ក្នុង​ដី​សម្បទាន ដែល​ជា​កន្លែង​កែច្នៃ​ឈើ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្រៅ​ស្រុក​។ ទន្ទឹម​នឹង​នេះ ការ​ប្រមូល​ទិញ​ឈើ​ប្រណីតៗ ដោយ​ប្រើ​លិខិត​មិន​ប្រក្រតី ដឹកជញ្ជូន​ឈើ​ទៅ​ប្រទេស​វៀតណាម គឺជា​ក្តី​បារម្ភ​ទាក់ទិន​ការ​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ឆ្លងដែន​ដោយ​ខុសច្បាប់។

សកម្មជន​ការពារ​ព្រៃឈើ លោក សាន់ ម៉ាឡា យល់​ថា របាយការណ៍​នេះ​ឆ្លុះបញ្ចាំង​ពី​ការពិត ដែល​រដ្ឋាភិបាល​គួរ​ទទួលយក នឹង​កែតម្រូវ​ចំណុច​ខ្វះចន្លោះ ឡើងវិញ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព ការពារ​ព្រៃឈើ​បន្សល់​ចុងក្រោយ​ឱ្យ​គង់វង្ស​។ លោក​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជាប់​ព្រៃ​អភិរក្ស គឺជា​ប្រភព​នៃ​វិនាសកម្ម​ព្រៃឈើ ព្រោះ​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល នៅតែ​បន្តសកម្មភាព​កាប់​ឈើ​ខុសច្បាប់​ចេញពី​ព្រៃ​ឡង់៖ «រដ្ឋាភិបាល​គួរតែ​ទទួល​យក ដើម្បី​សិក្សា​ស្រាវជ្រាវ និង​វាយតម្លៃ​ឡើងវិញ អំពី​គម្រោង ឬក៏​អភិវឌ្ឍន៍​ខ្លួនឯង​កន្លងមក​ថា តើ​មាន​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​កន្លែង​ណាខ្លះ​? ដែល​គួរតែ​កែ​លម្អ​ពង្រឹង​បន្ថែម ឬ​ត្រូវ​អនុវត្ត​បន្ថែម​ទៀត»។

របាយការណ៍​បន្ថែម​ថា ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០២០ ក្រសួង​បរិស្ថាន បាន​ហាម​ប្រាម​ប្រជា​សហគមន៍​មិន​ឱ្យ​ល្បាត​ព្រៃ ក៏ប៉ុន្តែ​អ្នក​កាប់​ឈើ​ខុសច្បាប់ នៅតែ​អាច​ចូល​ព្រៃ​បាន បើ​ទោះ​បី​ជា​ច្បាប់​ព្រហ្មទណ្ឌ ចែង​ពី​ការ​ផ្តន្ទាទោស ចំពោះ​អ្នក​កាប់​ឈើ​ខុសច្បាប់​ក្តី​។ ក្រុមហ៊ុន​អង្គរ​ប្លាយវូដ (Angkor Plywood ) និង​ក្រុមហ៊ុន​ស៊ីងបាយអូថេក (Think Biotech (Cambodia) Co., Ltd ) បាន​នាំ​ឈើ​ចេញទៅ​ប្រទេស​ចិន តាម​កំពង់ផែ​ភ្នំពេញ​។ រីឯ ក្រុមហ៊ុន សំអឿន សុវណ្ណ បាន​កាប់​ឈើ​ចេញពី​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ដើម្បី​កែច្នៃ​លក់​ចេញ​មានតម្លៃ ៣៩ លាន​ដុល្លារ​។ ក្រុមហ៊ុន​នេះ មាន​រោងចក្រ​អារឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ទទួល​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី និង​អ្នកនាំពាក្យ​ក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង តែ​គ្មាន​អ្នក​លើក នៅ​ថ្ងៃទី​៣១ ខែ​មីនា។

ចំណែក អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ប្រាប់​អាស៊ីសេរី​តាម​បណ្តេញ​សង្គម​សិកណល​ថា (Signal) ក្រសួង​បរិស្ថាន​គ្មាន​ភាព​ចាំបាច់​ត្រូវ​អធិប្បាយ​ឆ្លើយតប​នឹង​របាយការណ៍​នេះ​ទេ​។ លោក​ថា ក្រសួងបរិស្ថាន​នៅតែ​បន្ត​ពង្រឹង​អនុវត្ត​ច្បាប់ និង​អនុវត្ត​ផែនការ​សកម្មភាព​នានា សហការ​ជាមួយ​អង្គការ​ដៃគូ សហគមន៍​តំបន់​ការពារ​ធម្មជាតិ ក្នុង​បំណង​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ ព្រៃឈើ និង​សត្វព្រៃ​នៅ​កម្ពុជា។

របាយការណ៍​ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ធីង៉ា (THY NGA CO., LTD. DEVELOPMENT AND INVESTMENT) និង​ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ដែល​ទទួល​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃ ១​ម៉ឺន ៦​ពាន់​ហិកតារ បាន​ប្រមូល​ឈើ​ក្នុង​ផ្ទៃដី​សម្បទាន ហើយ​ទទួល​បាន​ប្រាក់​ចំណូល​យ៉ាង​ហោចណាស់ ៨០០ រយ​លាន​ដុល្លារ​។ ក្រុមហ៊ុន​ទាំងនេះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​ការ​ប្រមូល​ឈើ​ខុសច្បាប់ ចេញ​ពី​ដែន​ជម្រក​សត្វព្រៃ​ឡង់​ដែរ។

អង្គការ​អន្តរជាតិ​មួយ​នេះ​ផ្តល់​អនុសាសន៍​ថា ការអនុវត្ត​ច្បាប់​មាន​សារៈសំខាន់​ណាស់ ក្នុង​ការ​ដោះស្រាយ​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​មាន​ភាព​ស្មុគស្មាញ ដែល​ទាមទារ​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ រួម​ទាំង​សហគមន៍​អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល និង​ពលរដ្ឋ​មូលដ្ឋាន។អង្គការ គ្លូបល អ៊ីននីហ្សីអេធីវ ជា​បណ្ដាញ​របស់​ក្រុម​អ្នកឯកទេស​លើស​ពី ៥​០០​នាក់ នៅ​ជុំវិញ​ពិភពលោក បាន​រួម​គ្នា​ស៊ើប​អង្ក​ត និង​ស្រាវជ្រាវ​ករណីនេះ ក្នុង​ចន្លោះ​ឆ្នាំ២០១៨ រហូត​ដល់​ឆ្នាំ២០២០​។ ពួកគេ​បាន​ចុះ​មូលដ្ឋាន​ស្នាក់នៅ​ក្នុង​ព្រៃ​ជាច្រើន​សប្តាហ៍​។ ក្រុម​អ្នក​ស្រាវជ្រាវ​ទាំងនេះ មាន​ភាព​ឈ្លាសវៃ ក្នុង​ការ​ពិភាក្សា​ជាមួយ​អ្នកស្រុក និង​អ្នក​កាប់​ឈើ ដើម្បី​ស្វែងរក​ទីតាំង​កាប់​ឈើ​ខុស​ច្បាប់​។ ពួកគេ​បាន​ប្រើ​ឧបករណ៍​តាមដាន ប្រព័ន្ធ​កំណត់​ទីតាំង​សកល ឬ​ GPS ម៉ាស៊ីន​ថត និង​ស្វាត​ហ្វូន ដើម្បី​កត់ត្រា ពី​សកម្មភាព​កាប់​ឈើ​ខុសច្បាប់​។ លើស​ពី​នេះ​ទៀត ពួកគេ​មាន​យន្តហោះ​ដ្រូន (Drone) សម្រាប់​ថត​ពីលើ​អាកាស ដើម្បី​ចងក្រង​ឯកសារ បង្ហាញ​ពី​ការ​កាប់​ឈើ​ធំៗ ក្នុង​ព្រៃ​អភិរក្ស។

របាយការណ៍​បន្ថែម​ថា ធនាគារ​ពិភពលោក (Word Bank) ប៉ាន់​ប្រមាណ​ថា ការ​កាប់​ឈើ​ខុសច្បាប់​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ខាតបង់​ថវិកាជាតិ ចន្លោះ​ពី ៦ពាន់ ទៅ ៩ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បង់ពន្ធ​ចូល​រដ្ឋ​ក្នុង​មួយឆ្នាំ​។ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​រង​ការ​រិះគន់​ថា គ្មាន​តម្លាភាព​នោះ​ទេ ដោយសារ អំពើ​ពុករលួយ ហើយ​ផ្ទៃដី​សម្បទាន ដែល​រដ្ឋាភិបាល​វិនិយោគ​ឱ្យ​ក្រុមហ៊ុន ប៉ះចំ​ព្រៃឈើ និង​ព្រៃស្រោង​បាន​ក្លាយជា​ឧបករណ៍​សម្រាប់​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខ្នាត​ធំ៕

1 comment:

Anonymous said...

It is unbearable to see the devastation of the forest by the regime of Ah Lngi Lngeu Yuon's slave Hun Sen.

Hell must come out to take him. Let Ah Hun Sen to go to hell by himself will take a long time.