ដោយ សុជីវី
2021-04-14 rfa
រូប៖ បុគ្គលិកផ្ដល់ឱ្យ
តំណាងសហជីពបារម្ភថាក្រុមហ៊ុនបនល្បែងណាហ្គា វើលដ៍ (Naga World) រំលោភច្បាប់ការងារក្នុងគម្រោងកាត់បន្ថយបុគ្គលិក ដោយសំអាងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ក្ដីបារម្ភនេះបន្ទាប់ពីភាគីក្រុមហ៊ុនបានជូនដំណឹងថានឹងកាត់ឈ្មោះបុគ្គលិកចេញពីការងារចំនួនជាង១ ៣០០នាក់នៅចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ដោយក្រុមហ៊ុនគ្រោងនឹងជូនដំណឹងទៅឈ្មោះ ដែលត្រូវកាត់ម្នាក់ម្តងៗ។
សហជីពសំអាងថាតាមវិធី ដែលភាគីក្រុមហ៊ុននឹងប្រើប្រាស់ ដើម្បីកាត់បុគ្គលិកនោះអាចនឹងធ្វើឱ្យបុគ្គលិកបាត់បង់អត្ថប្រយោជន៍ទាំងឡាយ ដែលជាការអនុវត្តខុសពីច្បាប់ស្ដីពីការងារ។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើល អ្នកស្រី ឈុន សុខា ប្រាប់អាស៊ីសរីថា ក្រុមហ៊ុនគ្រោងកាត់ឈ្មោះបុគ្គលិកចេញពីការងារជាង ១.៣០០នាក់ នៅពាក់កណ្ដាលខែមេសានេះ ដោយមានលក្ខខ័ណ្ឌចំនួន២ ក្នុងនោះទី១ ចំពោះអ្នកដែលស្ម័គ្រចិត្តលាឈប់នឹងទទួលបានប្រាក់បំណាច់ចំនួន ៥ចំណុច ប៉ុន្តែចំពោះអ្នកដែលមិនស័គ្រចិត្ត ប៉ុន្តែត្រូវក្រុមហ៊ុនបង្ខំកាត់នោះនឹងមិនទទួលបានប្រាក់បំណាច់ពេញដូចអ្នកស្ម័គ្រចិត្តឡើយ។ អ្នកស្រីថាលក្ខខណ្ឌនេះអាចបង្កប់ចំណុចលាក់បាំងនៅពីក្រោយ ដែលអាចឱ្យក្រុមហ៊ុនធ្វើល្មើសនឹងអ្វី ដែលមានចែងក្នុងច្បាប់ការងារ ធ្វើឱ្យបុគ្គលិកខាតបង់ប្រាក់អត្ថប្រយោជន៍។ ម្យ៉ាងទៀតក្រុមហ៊ុនអាចប្រើវិធីនេះ ដើម្បីកាត់អ្នកដែលក្រុមហ៊ុនមិនពេញចិត្ត ជាពិសេស ក្រុមសហជីព ដែលបង្ហាញឱ្យឃើញរូបភាពនៃការរើសអើង៖ «គេបានប្រកាសហើយនិយាយថា បើសិនជាមានករណីបញ្ឈប់ប្រតិភូបុគ្គលិក ក្រុមសហជីពគេនឹងជូនដំណឹងទៅក្រសួងការងារឱ្យបានដឹងផងដែរ។ អ៊ីចឹងកន្លែងហ្នឹងពួកខ្ញុំអាចមើលឃើញថា ជារឿងមួយមិនប្រក្រតី ពីព្រោះជាក់ស្ដែងក្រុមប្រតិភូបុគ្គលិក ក្រុមថ្នាក់ដឹកនាំសហជីពភាគច្រើនបានធ្វើការរាប់ឆ្នាំមកហើយ ហើយដល់តែពេលខាងក្រុមហ៊ុនគេលើកសម្ដីបែបហ្នឹងមក គឺលក្ខណៈថា ក្រុមហ៊ុនអត់បានធ្វើតាមច្បាប់ស្ដីពីការងារ»។
មាត្រា៩៥ នៃច្បាប់ស្ដីពីការងារចែងថា ការបញ្ឈប់ការងាររួមគ្នា និយោជកត្រូវរៀបចំលំដាប់ដោយគិតតាមគុណសម្បត្តិនៃវិជ្ជាជីវៈ អតីតភាព និងបន្ទុកគ្រួសារ។ ដំបូងគឺត្រូវបញ្ឈប់អ្នកមានសម្បទាវិជ្ជាជីវៈអន់ជាងគេ បន្ទាប់មកអ្នកមានអតីតភាពតិចជាងគេ ហើយអតីតភាពនេះត្រូវបន្ថែមមួយឆ្នាំទៅឱ្យអ្នកមានគូស្រករ និងមួយឆ្នាំទៀតក្នុងកូននីមួយៗ ក្នុងបន្ទុក។
សេចក្ដីថ្លែងការណ៍របស់សហជីពតំណាងកម្មករនិយោជិតចេញនៅថ្ងៃទី១៤ ខែមេសានេះ ឱ្យដឹងថា ផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនបានជួបប្រជុំជាមួយតំណាងបុគ្គលិកកាលពីថ្ងៃទី១២ មេសា ដោយប្រកាសថាក្រុមហ៊ុននឹងកាត់បុគ្គលិកប្រមាណ ១.៣២៩នាក់ក្នុងអំឡុងខែមេសាក្រោមហេតុផលចូលរួមទប់ស្កាត់ការឆ្លងរាលដាល និងរក្សាស្ថេរភាពអាជីវកម្មនៅពេលវិបត្តិជំងឺកូវីដ-១៩ ដែលធ្វើឱ្យក្រុមហ៊ុនធ្លាក់ចុះប្រាក់ចំណូល។ ក្នុងសេចក្ដីថ្លែងការណ៍ដដែលលើកឡើងថា តាមជាក់ស្ដែងក្រុមហ៊ុនមិនបានជួបវិបត្តិធ្ងន់ធ្ងរឡើយគ្រាន់តែចំណេញតិចជាងមុន។ ជាមួយគ្នានេះសហជីពក៏បារម្ភពីរបៀបគិតប្រាក់អោយបុគ្គលិក ដែលក្រុមហ៊ុននឹងយកមកប្រើប្រាស់នោះអាចកេងចំណេញលើបុគ្គលិកដែរ។
អនុប្រធានសហជីព អ្នកស្រី ឈុន សុខា ស្នើឱ្យភាគីក្រុមហ៊ុនប្រើរបៀបគិតប្រាក់ឈ្នួលមានចែងក្នុងច្បាប់ស្ដីពីការងារ៖ «ពាក់ព័ន្ធការទូទាត់លុយអតីតភាពការងារ ក៏ដូចជាលុយសោហ៊ុយជំងឺចិត្ត តែកាលណាលុយអតីតភាពខុសហើយ លុយសោហ៊ុយជំងឺចិត្តក៏ខុសទៅរួមគ្នាផងដែរ អ៊ីចឹងអត្ថប្រយោជន៍របស់បុគ្គលិកត្រៀមនឹងទទួលបាននឹងបាត់បង់រហូតដល់៤០ភាគរយនៃកញ្ចប់ថវិកាគាត់ត្រូវទទួលបាន»។
អាស៊ីសេរីបានព្យាយាមទូរស័ព្ទសុំការឆ្លើយតបរឿងនេះពីប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងបុគ្គលិករបស់ក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) កញ្ញា ឌី សីហា ជាច្រើនដងកាលពីយប់ថ្ងៃទី១៣ មេសា តែទូរស័ព្ទចូលគ្មានអ្នកទទួល។
បើតាមសហជីពកម្មករមានបុគ្គលិកមួយចំនួនក៏ចង់ឈប់ពីការងារ ហើយទទួលប្រាក់បំណាច់ដែលក្រុមហ៊ុនផ្ដល់ឱ្យទៅតាមច្បាប់ការងារ តែក៏មានបុគ្គលិកភាគច្រើនមិនចង់បាត់បង់ការងារនៅក្នុងពេលកំពុងជួបវិបត្តិជំងឺកូវីដ-១៩ នេះទេ។
តំណាងសហជីពបញ្ជាក់ថា នឹងតាមដានគម្រោងកាត់បុគ្គលិកនេះ នៅពេលក្រុមហ៊ុនចាប់ផ្ដើមអនុវត្តនៅប៉ុន្មានថ្ងៃខាងមុខ។ ប្រសិនបើរកឃើញថា ក្រុមហ៊ុនរំលោភច្បាប់មែននោះ សហជីពនឹងចាប់ផ្ដើមយុទ្ធនាការតាមបណ្ដាញសង្គមទាំងឡាយមានហ្វេសប៊ុក WhatsApp ជាដើម ដើម្បីបង្ហាញឱ្យសាធារណជន និងក្រុមហ៊ុនបានដឹងថា បុគ្គលិកមិនទទួលយកការបញ្ឈប់ការងារពួកគាត់ ដោយរើសអើង និងរំលោភច្បាប់ការងារនោះបានឡើយ។
សហជីពប្រចាំនៅក្រុមហ៊ុនបនល្បែងណាហ្គា វើលដ៍ឱ្យដឹងថា បុគ្គលិកដែលកំពុងធ្វើការនៅទីនោះមានចំនួនប្រហែល ៨.០០០នាក់៕
No comments:
Post a Comment