ដោយ មាន ឫទ្ធិ
2021-04-12
អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) (រូបឆ្វេង)
Photo courtesy
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជំរុញឱ្យរដ្ឋាភិបាលពិនិត្យ ឡើងវិញនូវវិធានការនានាឆ្លើយតបនឹងការរាលដាលនៃជំងឺកូវីដ១៩ ដែលរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ។ ការជំរុញនេះ គឺដោយសារតែពួកគេយល់ឃើញថា វិធានការទាំងនោះក្នុងនោះរួមមាន វិធានការច្បាប់ និងវិធានការរដ្ឋបាល មានលក្ខណៈតឹងរ៉ឹងហួសហេតុ មិនមានសមាមាត្រ និងមិនចាំបាច់។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនោះ រួមមាន អ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិជួបជុំដោយសន្តិវិធី និងសិទ្ធិសមាគម លោក ក្លេម៉ង់ត៍ នីយ៉ាលេតសូស្ស៊ី រ៉ូលេ (Clement Nyaletsossi Voule) និងអ្នករាយការណ៍ពិសេសពីររូបផ្សេងទៀត ទាក់ទងនឹងសិទ្ធិឯកជន និងសិទ្ធិជនគ្រប់រូបក្នុងការទទួលបានកម្រិតជីវភាពរស់នៅខ្ពស់បំផុតផ្នែកសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំង ៤រូបនៃអង្គការសហប្រជាជាតិនេះ បានសម្ដែងកង្វល់ជាខ្លាំងចំពោះការដាក់ចេញវិធានការរបស់រដ្ឋាភិបាលទាំងនេះក្នុងការឆ្លើយតបទៅនឹងការរាលដាលនៃជំងឺកូវីដ១៩ ដែលពួកគេថា ប៉ះពាល់ដល់សិទ្ធិជាមូលដ្ឋាន សេរីភាពក្នុងការដើរហើរ សិទ្ធិជួបប្រជុំដោយសន្តិវិធី និងសិទ្ធិការងារ។ ពួកគេរិះគន់ថា ការរឹតត្បិតលើសេរីភាព និងសិទ្ធិជាមូលដ្ឋានដោយផ្អែកលើហេតុផលសុខភាពសាធារណៈ មិនត្រូវរំលោភសិទ្ធិសេរីភាព ដែលត្រូវបានការពារដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិឡើយ។ ពួកគេស្នើថា រាល់វិធានការសំដៅប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺកូវីដ១៩ រួម ទាំងទោសទណ្ឌ គួរតែធ្វើក្នុងករណីចាំបាច់ និងមានលក្ខណៈសមាមាត្រ ហើយត្រូវប្រើប្រាស់ហួសហេតុឡើយ។
ទន្ទឹមគ្នានេះ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាំងនេះ ក៏បានរិះគន់រដ្ឋបាលរាជធានីភ្នំពេញដែលបានផ្សព្វផ្សាយព័ត៌មានឯកជនរបស់មនុស្សយ៉ាងហោចណាស់ជិត ១ពាន់នាក់ដែលកើតជំងឺកូវីដ១៩ ក្នុងមានការផ្សព្វផ្សាយជាសាធារណៈពីឈ្មោះ ភេទ អាយុ មុខរប កន្លែងធ្វើការ និងអាសយដ្ឋាន ជាដើម។ ពួកគេថា ទិន្នន័យសុខភាពបុគ្គលទាំងនេះ គួរតែស្ថិតក្នុងការការពារយ៉ាងតឹងរ៉ឹងនូវសិទ្ធិឯកជន ហើយថា ការលាតត្រដាងទិន្នន័យបុគ្គលទាំងនេះ គឺជាការបំពានធ្ងន់ធ្ងរលើសិទ្ធិឯកជន ដែលអាចនាំឱ្យមានការរើសអើង និងការម៉ាក់ងាយ។
ជាចុងក្រោយ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ជំរុញឱ្យរដ្ឋាភិបាលផ្តល់ជំនួយសេដ្ឋកិច្ចដល់ពលរដ្ឋដែលរងផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ១៩នេះ។ ពួកគេគូសបញ្ជាក់ថា រដ្ឋាភិបាលគួរតែធានាថា វិធានការសង្គ្រោះសេដ្ឋកិច្ច ផ្ដោតគោលដៅលើក្រុមពលរដ្ឋដែលងាយទទួលរងផលប៉ះពាល់បំផុត ជាពិសេសអ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានដូចជា អ្នករត់រ៉ឺម៉កម៉ូតូកង់បី និងអ្នកលក់ដូរតាមចិញ្ចើមផ្លូវជាដើម ហើយថា អ្នកដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះបំផុតទាំងនេះ គួរទទួលបាននូវការផ្តល់ការគាំទ្រគ្រប់គ្រាន់ ដើម្បីឱ្យពួកគេអាចដោះស្រាយការលំបាកក្នុងអំឡុងពេលមានវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ៕
1 comment:
COVID in Cambodia is a COVID of Ah Kwak Hun Sen worrying that Khmer people will emulate Myanmar people's courage and sacrifice.
Ah Kwak Hun Sen hasnever cared about Khmer people's welfare.
Post a Comment